គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Jose Munoz បានទម្លាយពីមូលហេតុចម្បង ដែលលោកនៅតែមិនទានអាចដាក់ខ្សែប្រយុទ្ធជើងចាស់ ប្រាក់ មុន្នីឧត្តម ឱ្យចូលលេង នៅក្នុងជម្រើស១១នាក់ដំបូង បើទោះបីជា មុន្នីឧត្តម ពេលនេះមានសុខភាពល្អ ហើយប្រឹងប្រែងហ្វឹកហាត់បានល្អ ស័ក្តិសមជាកីឡាករអាជីព។
ការលើកយកបញ្ហា ប្រាក់ មុន្នីឧត្តម មកនិយាយនេះ ក៏ព្រោះតែអ្នកសារព័ត៌មានបានសួរលោកចំៗ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ជុំវិញការមិនដាក់អតីតកីឡាករជម្រើសជាតិ ធ្លាប់មានឈ្មោះបោះសំឡេងរូបនេះ ឱ្យចូលលេង ហើយបញ្ហានេះ ក៏បានធ្វើឱ្យអ្នកគាំទ្រភាគច្រើន កើតជាចម្ងល់ផងដែរ ថាតើ មុន្នីឧត្តម មានរឿងអ្វីជាក្រុម ទើបលោក Jose Munoz មិនសូវផ្តល់ឱកាសឱ្យចូលលេងបែបនេះ។
ជុំវិញភាពមន្ទិលនេះ លោក Jose Munoz បានថ្លែងថា៖ «សម្រាប់ ប្រាក់ មន្នីឧត្តម អត់មានបញ្ហាអ្វីទេជាមួយនឹងក្រុមរបស់យយើង គឺពេលចាប់ផ្តើមគាត់មានបញ្ហារបួស ប៉ុន្តែបន្ទាប់ពីគាត់ជាសះស្បើយមកវិញ គាត់មានការហ្វឹកហាត់ដ៏ល្អ»។
តែទោះបីជាយ៉ាងណា គ្រូបង្វឹកអេស្ប៉ាញ Jose Munoz បានអះអាងថា ការប្រកួតប្រជែងនៅក្នុងក្រុម ដើម្បីស្វែងរកឱកាសជាប់ឈ្មោះសម្រាប់ការប្រកួតនីមួយៗ ជាពិសេសឱកាសបានលេងក្នុងជម្រើស១១នាក់ដំបូងសម្រាប់ ប្រាក់ មុន្នីឧត្តម គឺពិតជាមានការពិបាក។
លោកបញ្ជាក់ថា៖ «វាពិបាក ដែលអាចឱ្យ ប្រាក់ មុន្នីឧត្តម មានឱកាសលេងក្នុងរដូវកាលនេះ ដោយសារតែក្រុមមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តជាមួយអ្វីដែលរូបគេបានធ្វើកន្លងមក ជាពិសេសក្នុងការហ្វឹកហាត់ គាត់តែងតែធ្វើជាកីទ្បាករអាជីព ដែលខំប្រឹងក្នុងការហ្វឹកហាត់»។
យ៉ាងណាក៏ដោយ ដោយសារការប្រកួតប្រជែង ក្នុងរដូវកាល ឆ្នាំ២០២៤-២០២៥នេះ នៅសល់ពេលវេលាវែងឆ្ងាយទៀត គឺលោក Jose Munoz រំពឹងថា ប្រាក់ មុន្នីឧត្តម នឹងបានចូលលេងនៅក្នុងការប្រកួតណាមួយ ហើយនៅល្ងាចម៉ោង៦ ថ្ងៃពុធនេះ ក្រុមស្វាយរៀង នឹងបើកកីឡដ្ឋានខេត្តស្វាយរៀង ស្វាគមន៍ក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយពួកគេត្រូវការឈ្នះ៣ពិន្ទុបន្ថែម។
ចំពោះការប្រកួតនេះ លោក Jose Munoz និយាយថា៖ «ក្រុម Life FC កំពុងតែមានការប្រកួតប្រជែងខ្លាំងជាងមុន ដោយ២ប្រកួតចុងក្រោយ ពួកគេទទួលបាន៤ពិន្ទុ។ ពួកគេ កាន់តែបង្រួបបង្រួមក្រុមបានល្អ ហើយតែងតែបង្កើតឱកាសស៊ុតបញ្ចូលទី។ ពួកគេ មិនមែនជាក្រុម ដែលងាយស្រួលលេងជាមួយទេ តែយើងត្រូវតែធ្វើឱ្យបានល្អ សម្រាប់ការប្រកួតនេះ ដើម្បីទទួលបាន៣ពិន្ទុ»។
ក្រោមការដឹកនាំរបស់គ្រូបង្គោលថ្មី លោក Jorg Peter Steinebrunner បានជួយឱ្យក្រុម Life FC រកឃើញជ័យជម្នះជាលើកដំបូង តាមរយៈការយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី៩ ខែវិច្ឆិកា និងបានស្មើ ១-១ ជាមួយក្រុមក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ធ្វើឱ្យ១១ប្រកួតរបស់ក្រុមមួយនេះ មាន៦ពិន្ទុ ជាមួយការឈ្នះ១ ស្មើ៣ និងចាញ់៧ដង។
តែទោះបីជាយ៉ាងណា សម្រាប់ការធ្វើដំណើរទៅជួបក្រុមព្រះខ័នរាជស្វាយ លើកនេះ លោក Jorg Peter Steinebrunner បានមើលឃើញថា នឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់ក្រុម Life FC ព្រោះលោកមើលឃើញថា ស្វាយរៀង ជាក្រុមល្អ ដែលមានកម្រិតលេងខ្ពស់ ហើយបានឡើងទៅលេងដល់នៅវគ្គចែកពូលនៃពានរង្វាន់ AFC Challenge League 2024/2025 ដែលវាជាមោទនភាព សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «យើងត្រូវមានការគោរពទៅដល់ក្រុមព្រះខ័នរាជស្វាយរៀង ដែលមានកីឡាករល្អៗ និងមានការរៀបចំក្រុមបានយ៉ាងល្អ ប៉ុន្តែនៅក្នុងបាល់ទាត់យើងចង់បង្ហាញពីអ្វីដែលយើងចង់លេង និងចង់រកបានគ្រាប់បាល់ទៅលើពួកគេ ហេតុនេះយើងត្រូវតែមានភាពជឿជាក់ក្នុងការប្រកួតរហូតដល់៩០នាទី បានបញ្ចប់»៕