គ្រូ​បង្វឹក​ដែលកំពុងមាន​ប្រជាប្រិយ​ខ្លាំង នៅ​ក្នុងពិភព​ប្រដាល់​គុនខ្មែរ លោក ពេជ្រ សុផាន់ បាន​អះអាង​ថា សិស្ស​សំណព្វ​របស់លោក ពេជ្រ សម្បត្តិ ត្រូវតែ​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​ឱ្យ​បាន​ខ្លាំង​ថែម​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ជាប្រវត្តិសាស្រ្ត នៅ​សង្វៀន Knockout របស់​ជប៉ុន ក្នុង​ព្រឹត្តិការណ៍ KO CLIMAX 2024 នា​ថ្ងៃទី​៣០ ខែធ្នូ ខាងមុខ​នេះ។

ការ​ដាក់ផែន​ការ​ពង្រឹង​សមត្ថ​ភាព​ដល់​ ពេជ្រ សម្បត្តិ នេះ គឺ​បន្ទាប់ពី​លទ្ធផល​ចាប់​ឆ្នោតនៃ​ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ក្នុងកម្មវិធី KO CLIMAX 2024 នេះ គឺ ពេជ្រ សម្បត្តិ ត្រូវ​ជួប​ដៃគូ​ចាស់ជា​ម្ចាស់​ខ្សែ​ក្រវាត់​របស់ជប៉ុន Taimu Hisai ​ក្នុងវគ្គ​ជម្រុះ​ជុំ​ទី​១ ស្របពេល​កីឡាករ​ជប៉ុន Kanato Shomoji ត្រូវ​ប៉ះ​​អ្នក​ប្រដាល់​ថៃ Lom Leesan Tiger Reon ហើយ​អ្នក​ឈ្នះ នៅ​ក្នុងវគ្គជម្រុះនេះ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើមយក​​ខ្សែ​ក្រវាត់តែម្តង។

លោក ពេជ្រ សុផាន់ ដែល​​​មើល​កម្មវិធីចាប់​ឆ្នោតនេះ តាមការផ្សាយ​ផ្ទាល់ ចេញ​ពីប្រទេសជប៉ុន កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ​បានឱ្យ​ដឹង​ថា ​លោក​បាន​​ត្រៀម​ចិត្ត​ត្រៀមកាយ​អស់​​ហើយ តាំង​ពី​របៀប​ថែ​សុខភាព និង​របៀប​នៃ​ការ​ហ្វឹក​ហាត់ដល់​ ពេជ្រ សម្បត្តិ ​ព្រោះ​នេះជាឱកាស​លើក​ទី​១ សម្រាប់ប្រដាល់​គុនខ្មែរ ដែល​បានចូលរួម​​​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់ នៅប្រទេ​សជប៉ុន។


លោក​បញ្ជាក់​ថា៖ ​«​ការ​ប្រកួតនេះ ជាឱកាស​លើកដំបូង ក្នុងពិភព​ប្រដាល់​គុនខ្មែរ​ គឺ​យើងអត់ដែល​មាន​ប្រវត្តិសាស្រ្ត​ទៅ​ប្រកួតម៉ារ៉ាតុង​​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍ Knockout នៅ​ប្រទេសជប៉ុន​ទេ អ៊ីចឹង​​ខ្ញុំ​ត្រូវ​បង្កើត​ការ​ហ្វឹក​ហាត់​ដល់ ពេជ្រ សម្បត្តិ ឱ្យ​បានពេញ​លក្ខណៈ​ ដើម្បី​បង្កើត​សមត្ថ​ភាព​របស់​គេ​ឱ្យ​កើន​ទ្វេ​ដង ត្រៀម​ការ​ប្រកួត​ដ៏សំខាន់នេះ»។

គួររំឭក​ថា សម្រាប់ការ​ជួបគ្នាជា​លើកទី​១ នៅ​ក្នុង​កម្មវិធី Ganzberg Kun Khmer របស់​សង្វៀន​ថោន កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ ពេជ្រ សម្បត្តិ បាន​យក​ឈ្នះ​លើកីឡាករ​វ័យ​១៨​ឆ្នាំ​ Taimu Hisai ដោយពិន្ទុ​ទាំង​លំបាក ព្រោះ​ការ​ប្រកួត​ត្រឹម​៣​ទឹក​នោះ អ្នកទាំង​២ បាន​វាយប្តូរ​គ្នាយ៉ាង​ស្វិតស្វាញ​បំផុត ប៉ុន្តែ សម្បត្តិ មាន​ភាព​ធន់ជាង និង​វាយ​ចូលគោលដៅពេញៗ​ល្អ​ជាង ហើយការ​វាយកែង​របស់​គេ ក៏បាន​ធ្វើ​ឱ្យ Taimu បែកចិញ្ចើម​ស្តាំ មានឈាម​ហូរស្រោច​ពីមុខ នៅទឹកទី​៣​ផងដែរ។


ជើង​ខ្លាំង​ជាម្ចាស់​ខ្សែ​ក្រវាត់​របស់ជប៉ុន Taimu Hisai និង ពេជ្រ សម្បត្តិ ​ត្រូវជួបគ្នា​ម្តង​ទៀត ក្នុងការ​ប្រកួតម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​ប្រទេស​ជប៉ុន នា​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៤។ រូប​ថត សហការី

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពីបានសម្រក់​ទឹក​ភ្នែក ព្រោះ​​ចាញ់​ ពេជ្រ សម្បត្តិ នៅលើ​ទឹក​ដី​កម្ពុជា​ កាលពី​ខែមេសា​នោះ Taimu Hisai បាន​ស្តា​កិត្តិយស​របស់​ខ្លួន​​ឱ្យ​ខ្ពស់​ត្រដែត​វិញ តាម​រយៈការប្រើ​ក្បាច់ពិសេស​ទាត់​បក​ក្រោយ​ដោយកែង​ជើង ចូល​ថ្គាម​ពេញ បណ្តាល​ឱ្យ​​ជើង​ខ្លាំង​របស់​កម្ពុជា ឈុត សេរីវ៉ាន់ថង ​សន្លប់បាត់​មាត់ឈឹង នៅ​ចុង​ទឹក​ទី​១ សម្រាប់ការជួបគ្នា ក្នុង​កម្ម​វិធី Knockout X Kun Khmer ដែល​ធ្វើ​នៅ​ប្រទេស​​ជប៉ុន កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៤។

តែទោះបីជា​យ៉ាង​ណា សម្រាប់​ការ​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍ KO CLIMAX 2024 នា​ថ្ងៃទី​៣០ ខែធ្នូ ខាង​មុខ​នេះ គឺ​ម្ចាស់​សង្វៀន Knockout របស់ជប៉ុន បាន​សម្រេច​ដាក់​ឱ្យ​បេក្ខភាព​ទាំង​៤នាក់ ប្រកួតគ្នា ដោយ​​ពាក់​ហ្គង់ចេញ​ម្រាម បែប MMA ដែលវា​ត្រូវ​នឹងជំនាញ​របស់ ពេជ្យ សម្បត្តិ តែម្តង។

លោក ពេជ្រ សុផាន់ បានបញ្ជាក់​ថា៖ «ការ​ប្រកួត​ហ្គង់​ចេញម្រាម​នេះ វាស្រប​ទៅនឹង​សមត្ថ​ភាពរបស់ ពេជ្រ សម្បត្តិ ព្រោះ​បច្ចុប្បន្ននេះ វាសឹង​តែគ្មាន​កីឡាករ​ខ្មែរ​រូបណា ហ៊ាន​វ៉ៃ​ហ្គង់ចេញ​ម្រាមនេះ​ជាមួយ សម្បត្តិ​ ទៅ​ហើយ ចំណែក​អ្នកគាំ​ទ្រ និងកីឡាករ​នៅ​ក្រៅ​ប្រទេស ក៏​ទទួលស្គាល់ពីសមត្ថ​ភាពវ៉ៃ​ហ្គង់ចេញ​ម្រាម​របស់ ពេជ្រ​ សម្បត្តិ ដែរ គឺ​វាចំជំនាញ​របស់​យើង​តែ​ម្តង»។

ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​​​ថា៖ «បន្ថែម​ទៅលើ​អ្វី​ដែល​មាន​នេះ យើង​ត្រូវ​ពង្រឹងសមត្ថ​ភាព​របស់​យើង​ទៀត ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​យើង​អាច​ធ្វើ​បាន​ល្អ​សម្រាប់​កម្មវិធី​នេះដែរ​ឬអត់?។ យើង​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​អស់ពី​សមត្ថ​ភាព ដើម្បីជា​កាដូមួយ​សម្រាប់ពុក​ម៉ែ​បងប្អូន​ជា​អ្នកគាំ​ទ្រ​ខ្មែរ​យើង និង​ធ្វើ​ឱ្យ​អ្នក​នៅ​ប្រទេសជប៉ុន ទទួល​ស្គាល់​​ថា ​ប្រដាល់​គុនខ្មែរ​យើង មាន​សមត្ថ​ភាពប៉ុនណា!»។

ចំណែក ពេជ្រ សម្បត្តិ ក៏បានអះអាង​ពី​ការ​​ត្រៀម​ចិត្ត​រួច​រាល់ សម្រាប់ការ​ប្រកួត​នេះ​ដូចគ្នា។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ បាន​និយាយ​ថា៖ ​«​ខ្ញុំសប្បាយ​ចិត្ត ដែលបានជួបដៃគូ​ចាស់ Taimu Hisai ម្តង​ទៀត ក្នុងការ​ប្រកួត​នៅ Knockout នាថ្ងៃទី​៣០ ខែធ្នូ​ ខាងមុខ​នេះ ហើយ​ការជួបគ្នា​លើកនេះ អាច​នឹង​មាន​អ្វី​ប្លែក​ជាង​លើកមុន»៕