ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off-Road អន្តរជាតិ ជាលើកដំបូង ក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមប្រកួតជាផ្លូវការ នៅលើទីលានប្រណាំងយានយន្ត ក្បែរឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ នាថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ ដោយមានអត្តពលិកមកពី៧ប្រទេសបានចូលរួម។
នៅក្នុងពិធីបើកការប្រកួត កាលពីថ្ងៃព្រហស្បតិ៍ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លិបកីឡាមហាគ្រួសារ Off-Road កម្ពុជា និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ដែលរួមគ្នាបង្កើតឱ្យមានការប្រណាំងរថយន្ត Off-Road អន្តរជាតិ ជាលើកដំបូង នៅលើទឹកដីខេត្តតំបន់ឆ្នេរមួយនេះ ដែលវាបានផ្តល់គុណប្រយោជន៍ទៅលើវិស័យកីឡាយានយន្ត និងវិស័យទេសចរណ៍នៅកម្ពុជា។
លោក ទៀ ស្យាម ថ្លែងថា៖ «ការប្រណាំងរថយន្ត Off Road នេះ យើងធ្លាប់ធ្វើតែនៅក្នុងព្រៃ ឬលើភ្នំ ដែលប្រជាពលរដ្ឋមិនបានចូលរួមទស្សនា ប៉ុន្តែពេលនេះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចចូលរួមទស្សនាដោយសេរី អ៊ីចឹងព្រឹត្តិការណ៍នេះ ផ្តល់អត្ថប្រយោជន៍ទាំងការផ្សព្វផ្សាយទីក្រុងព្រះសីហនុ ដោយផ្តោតលើវិស័យទេសចរណ៍ ព្រមទាំងជំរុញវិស័យយានយន្តនៅកម្ពុជា ឪ្យមានការរីកចម្រើន ដោយបង្កើតបានកីឡាករថ្មីៗ ដើម្បីឈានទៅប្រកួតជាលក្ខណអន្តរជាតិ»។
ចំណែកលោក សាមុត សុធារិទ្ធ បានអះអាងថា ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off-Road នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ជាព្រឹត្តិការណ៍ នៅលើទឹកដីខេត្តតំបន់ឆ្នេរ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណង ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡា ជាពិសេស «វិស័យកីឡាប្រណាំងរថយន្ត ចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ និងបង្កើនកិត្យានុភាពខេត្តព្រះសីហនុ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យមានសន្តិភាព និងជាស្ពានចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់គ្នាទៅវិញទៅមក។
អភិបាលរងខេត្តព្រះសីហនុរូបនេះ បញ្ជាក់ថា៖ «ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រតិភូកីឡានៃប្រទេសទាំងអស់ដែលបានចូលរួម»។
តាមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road អន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុនេះ មានប្រទេសចំនួន៧ បានចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា ចិន ថៃ វៀតណាម រុស្ស៊ី ឡាវ និងឥណ្ឌូនេស៊ី ចំណែកវិញ្ញាសាប្រណាំងចែកជា៣ គឺ Class A (Hard core) ឆ្លងកាត់ឧបសគ្គខ្លាំងបំផុត, Class B (Light core) និង Class C (Overland)។
លោក វង្ស គីមហួត ប្រធានគណៈកម្មការបច្ចេកទេសការប្រណាំងរថយន្ត Off-Road អន្តរជាតិ បានឱ្យដឹងទៀតថា កម្រិត Class A មាន២៦រថយន្តចូលរួម ដែលត្រូវប្រកួតលើផ្លូវចំនួន១០ រីឯ Class B និង Class C មានរថយន្តចូលរួម១៥គ្រឿងស្មើគ្នា ហើយត្រូវប្រកួតប្រជែងលើគន្លងផ្លូវចំនួន៦ដូចគ្នា ចំណែកផ្លូវត្រូវប្រកួត គឺមានឧបសគ្គ និងស្ថានភាពលំបាកខុសៗគ្នា ទៅតាមប្រភេទ Class ដែលបានកំណត់។
ជាមួយគ្នានេះ លោក គីមហួត បានចាត់ទុក ព្រឹត្តិការណ៍រថយន្ត Off-Road នេះ ជាការផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងរបស់កម្ពុជា បានសិក្សា រៀនសូត្រ និងបានប្រកួតសាកល្បងសមត្ថភាពបន្ថែមទៀត ដើម្បីពង្រឹងលើជំនាញនេះ សម្រាប់ឈានទៅប្រកួតនៅលើឆាកអន្តរជាតិ ដូចកីឡាករមានបទពិសោធន៍របស់កម្ពុជាមួយចំនួន ដែលធ្លាប់បានចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនលើករួចមកហើយ។
លោកបានបញ្ជាក់ថា៖ «កីឡាករបរទេស ដែលមកចូលរួមក្នុងកម្មវិធីនេះ ភាគច្រើនជាលំដាប់ជើងឯក អ៊ីចឹងកីឡាករកម្ពុជា នឹងអាចមើលឃើញពីទឹកដីបើកបររបស់ខ្លួនថា មានកម្រិតប៉ុនណា ហើយកម្រិតកែច្នៃរថយន្តរបស់ពួកគាត់យ៉ាងម៉េចដែរ? ទាំងអស់នេះ សុទ្ធតែជាបទពិសោធន៍ដ៏មានប្រយោជន៍ ជួយឱ្យពួកគាត់អាចអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ ដើម្បីឈានទៅកាន់ការប្រកួតផ្សេងៗទៀត ដែលមានកម្រិតខ្ពស់ជាងនេះ»៕