សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​សម្រេច​ផ្លាស់ប្តូរ​លក្ខន្តិក​នៃ​ការ​ប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ រដូវកាល ឆ្នាំ​២០២៤ ដោយ​មិនអនុញ្ញាតិ​ឱ្យ​កីឡាករ​ជម្រើសជាតិ ឬ​​កីឡាករ​មាន​សមត្ថ​ភាព​​កម្រិត​A​ក្នុង​ក្រុម​តែមួយ ​ចូល​លេង​នៅលើ​ទី​លានលើសពី២នាក់​​នោះ​ទេ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បាន​ថ្លែង​ក្នុងពិធី​ចាប់​ពូល នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ថា លោក​មិនខ្វល់​ថា ក្រុមណាចុះបញ្ជី​​កីឡាករ​កម្រិត​A បាន​ប៉ុន្មាន​នាក់ និង​ផ្លាស់ប្តូរ​​ឱ្យ​ចូល​លេង​បែបណានោះ​ទេ ប៉ុន្តែ​សំខាន់​​ពេល​បាល់​វិល ​នៅលើ​ទី​លាន នៃ​ការ​ប្រកួត​​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​នេះ គឺ​ក្រុមនីមួយៗ​អាច​ដាក់​កីឡាករកម្រិតA ឱ្យ​ចូល​លេង​​បាន​ត្រឹម​២នាក់ប៉ុណ្ណោះ និង​​កីឡាករ​បរទេស​​១នាក់ ចំណែក​កីឡាករ​៣នាក់​ទៀត ត្រូវតែជាកីឡាករ​កម្រិត​B ឬជាយុវជន។

ចំពោះការ​កែ​ប្រែ​លក្ខន្តិក​ប្រកួត​នេះ លោក សិរីពិសិដ្ឋ បាន​បញ្ជាក់​ថា៖ ​«ជាទូទៅ​កីឡាករ​ជម្រើសជាតិភាគ​ច្រើនស្ថិត​នៅ​ក្នុង​ក្លិប​វិសាខា ហើយពាន​បង្កើត​មក គឺ​ភាគ​ច្រើន​ក្រុម​វិសាខា​យកអស់​ហើយ អ៊ីចឹង​យើង​មិនចង់​ឱ្យ​ទៅជាបែប​ហ្នឹង​​ទេ។ យើង​ចង់​បើក​ឱកាស​ឱ្យ​បានច្រើនទៅ​ដល់​បណ្តា​ក្លិប​ផ្សេង​ៗ​ទៀត ឱ្យគាត់​មានឱកាស​ឈោង​​ចាប់​យក​ពាន​រង្វាន់ហ្នឹង​បាន​ដែរ»។


ជាមួយការ​កែ​ប្រែ​លក្ខខណ្ឌ​ប្រកួត ដោយកំណត់​ចំនួន​កីឡាករ​កម្រិត​A ឱ្យ​ចូល​លេង​នៅលើ​ទី​លាន​បានតែ​២នាក់ក្នុង​១ក្រុម​នេះ ក៏ជា​ការ​កែ​ប្រែ​នូវ​​ផ្នត់គំនិត​របស់​ថ្នាក់​ដឹកនាំ ឬ​គ្រូ​បង្វឹក​នៅ​តាម​ក្លិប​មួយចំនួន​ផងដែរ ដែល​កន្លងមក ផ្តល់ឱកាស​ឱ្យ​តែ​កីឡាករ​មានបទពិសោធ​ន៍​ច្រើន ចូល​លេង ហើយ​មិន​បាន​មើល​ឃើញ​ពី​សម្ទុះ​ និងឆន្ទៈ​ចង់​បង្ហាញ​សមត្ថ​ភាព​របស់​​​កីឡាករ​វ័យ​ក្មេង ដែលជា​អ្នក​បន្តវេន។

នៅ​ត្រង់ចំណុចនេះ លោក អាំង សិរីពិសិដ្ឋ បានថ្លែង​ថា៖ ​«ចំពោះទំនោរ​ដឹកនាំ​វិស័យ​បាល់​ទះ កាលពីដើម​ គឺ​ទោះបីជា​កីឡាករ​ជើង​ចាស់​របស់​គាត់ មានគុណ​ផល​ធ្លាក់ចុះ​ទៅ​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​ទុក​ចិត្ត ដោយ​​មិន​ផ្តល់​ឱកាសឱ្យ​យុវជន​ចូល​លេង​ទេ អ៊ីចឹង​ក្រោយការ​កែ​ប្រែ​នៅ​ឆ្នាំ​នេះ ខ្ញុំ​ជាក់​ថា កីឡាករ​យុវជន​របស់​យើង នឹង​មានឱកាស​បាន​លេង​ច្រើន ដើម្បី​បង្កើន​សមត្ថភាព​​ថែម​ទៀត»។


ការ​ប្រកួតកីឡាបាល់​ទះពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤​នេះ មាន​ក្រុម​ចំនួន​៣១ បានដាក់ពាក្យ​ចូលរួម​ ដោយ​ចែក​ជា​៨ពូល ហើយការ​ប្រកួតជម្រុះ​តាមពូលនីមួយៗ នឹង​ចាប់ដំណើរ​ការ​ពី​ថ្ងៃទី១០ ខែធ្នូ​តទៅ ដើម្បី​ស្វែង​រក​ក្រុម​លេខ​១ និង​លេខ​២ តាមពូល​ទាំង​៨​ ឡើង​ទៅ​ប្រកួត​វគ្គ​​១៦​ក្រុម នៅ​ថ្ងៃទី​១៨ រួច​ទើប​យក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​វគ្គខ្វែង នៅ​ថ្ងៃទី២០ ហើយ​បន្ត​យក​ក្រុម​ឈ្នះ​ឡើង​ទៅវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅថ្ងៃទី​២១ និង​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី​២២ ខែធ្នូ។

សម្រាប់​​ការ​ចុះ​ឈ្មោះ​ចូល​រួម​របស់ក្រុមបាល់ទះ​ទាំង​៣១​នេះ ត្រូវបាន​លោក អាំង សិរីពិដ្ឋ ចាត់ទុក​ថា ជាចំនួន​ដ៏​ច្រើន មិន​ធ្លាប់​មាន ហេតុ​នេះការ​កែ​ប្រែ​លក្ខន្តិក​ប្រកួត ដើម្បី​ធ្វើឱ្យ​​គ្រប់​ក្រុម សុទ្ធតែ​មានឱកាស​​​ប្រជែង​យក​ពាន​នេះ វាជាការលើក​ទឹក​ចិត្ត​ដ៏សំខាន់ ក្នុងការជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ នៅតាម​ក្លិប​នីមួយៗ កាន់តែ​មាន​ទំនុក​ចិត្ត និងក្តីសង្ឃឹម ក្នុងការពង្រឹង​គុណផល​កីឡាករ​នៅ​ក្នុង​ក្លិបរបស់​ខ្លួន ដើម្បីជា​ប្រយោជន៍​ដល់​វិស័យ​កីឡាមួយនេះ ក្នុងការ​ជ្រើស​រើស​បាន​ធនធាន​កាន់តែ​ល្អ សម្រាប់​ប្រកួត​តំណាង​ឱ្យជាតិ។​

លោក សិរីពិសិដ្ឋ បានបញ្ជាក់​ថា៖ «​យើងចង់ឱ្យ​ក្លិបទាំងអស់ នៅតាម​២៥រាជធានី-ខេត្ត ​មានឱកាស​ស្មើៗ​គ្នា ក្នុងការ​ដណ្តើម​យក​ពាន​មួយនេះ ហើយ​នៅពេល​ក្លិប​មានឱកាស​កាន់តែ​ធំ ខ្ញុំជឿជាក់​ថា គាត់នឹង​កាន់តែ​ដាក់​ចិត្ត​ដាក់​កាយ​អភិវឌ្ឍ​ក្លិប​របស់​ខ្លួន ហើយនៅពេល​ណាក្លិប​ខ្លាំង ​យើងក៏​អាច​ជ្រើស​រើស​កីឡាករខ្លាំងៗមក​ថែម​ទៀត​»។

លោក​បន្ថែម​ថា៖ «នៅ​ពេល​​​យើងយក​កីឡាករ​ទាំង​នោះ មក​បំពាក់បំប៉ន​ចំណេះជំនាញ​បន្ថែម នៅ​ក្នុង​ជំរំហ្វឹក​ហាត់​ជម្រើសជាតិ គឺ​គុណផល​របស់​ពួកគាត់ នឹងមានការ​កើន​ឡើង​គុណនឹង​២ ហើយនេះជា​ទស្សនៈ​ដ៏​វែង​ឆ្ងាយ​របស់​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា ពាក់ព័ន្ធ​នឹង​យុវជន​បន្តវេន នៅ​ក្នុង​វិស័យ​បាល់​ទះ​របស់​យើង»៕