អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានធ្វើការវាយតម្លៃខ្ពស់ ទៅលើក្រសួង និងរាជធានី-ខេត្តទាំង១១ ដែលបានបញ្ជូនក្រុមអត្តពលិករបស់ខ្លួន មកចូលរួមការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនធានកីឡាករ កីឡាការិនីល្អៗច្រើន ហើយដណ្តើមបានមេដាយច្រើនជាងគេ។
តាមរយៈការប្រកួតប្រជែងពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា នៅលើវិញ្ញាសាចំនួន២៤ ទាំងប្រភេទកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ដែលទើបដាក់ឱ្យមានការប្រកួតក្នុងកីឡាជាតិ លើកទី៤នេះ គឺក្រុមអត្តពលិកក្រសួងមហាផ្ទៃ បានឈរនៅលេខ១ ដោយឈ្នះមេដាយមាស៩ ប្រាក់២ សំរឹទ្ធ៦ រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ២ ដោយបានមាស៥ ប្រាក់៤ សំរឹទ្ធ៨ ហើយក្រសួងការពារជាតិ ឈ្នះបានមាស២ ប្រាក់៣ សំរឹទ្ធ៤។
ចំណែកក្រុមអត្តពលិកប្រកួតតំណាងឱ្យរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង និងខេត្តព្រៃវែង បានឈរនៅលេខរៀងជាបន្តបន្ទាប់គ្នា ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធរៀងៗខ្លួន រីឯក្រុមអត្តពលិករបស់ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ក៏ឈ្នះបានមេដាយប្រាក់ និងសំរឹទ្ធ ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤នេះផងដែរ។
សម្រាប់ការបង្ហាញភាពលេចធ្លោរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ លោក ហែម គីរី បាននិយាយថា៖ «ក្រសួងទាំង២នេះ មានធនធានកីឡាករ ដែលបានបណ្តុះបណ្តាល ក្រោមការរៀបចំជាមួយសហព័ន្ធ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ហើយធនធានកីឡាករទាំងអស់នេះហើយ ដែលជាសក្តានុពល ធ្វើឱ្យក្រសួងទាំង២នេះ ទទួលបានលទ្ធផលល្អ នៅថ្ងៃនេះ»។
ដោយឡែក ចំពោះក្រសួង និងបណ្តាខេត្តផ្សេងៗទៀត ដែលមានគោលបំណងបង្កើតឱ្យមានក្លិប ឬសមាគមកីឡាហែលទឹក ដើម្បីបណ្តុះបណ្តាលដល់កីឡាករ កីឡាការិនីនៅតាមខេត្ត សូមទាក់ទងមកខាងសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីធ្វើការងារនេះជាមួយគ្នា ព្រោះវាឱកាស ដែលសហព័ន្ធ អាចបង្កើតឱ្យមានធនធានកីឡាករ កីឡាការិនីជាអ្នកបន្តវេនកាន់តែច្រើន ប៉ុន្តែបើសិនជាយើងមិនមានទេ គឺអាចនឹងពិបាករកធនធានអត្តពលិកសម្រាប់ត្រៀមការប្រកួតធំៗ។
ជុំវិញការងារនេះ លោក គីរី បានឱ្យដឹងថា គិតមកដល់ពេលនេះ មានខេត្តចំនួន៣ប៉ុណ្ណោះ ដែលមានហេដ្ឋារចនាសម្ព័ន្ធកីឡាហែលទឹក គឺខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកណ្តាល ហើយលោកចង់ឃើញបណ្តាខេត្តផ្សេងៗទៀត មានហេដ្ឋរចនាសម្ព័ន្ធដែរ ដើម្បីបើកឱកាសឱ្យយុវជននៅតាមខេត្ត បានចូលរួមហ្វឹកហាត់កីឡាហែលទឹក ព្រមទាំងអាចអភិវឌ្ឍខ្លួនទៅជាកីឡាករ កីឡាការិនីប្រកួតតំណាងឱ្យខេត្ត និងប្រទេសជាតិ នាថ្ងៃអនាគត។
លោកបញ្ជាក់ថា៖ «វាសំខាន់ណាស់ ដែលគ្រប់បណ្តាខេត្តទាំងអស់ មានហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាល ហើយមានកម្មវិធីច្បាស់លាស់ ព្រោះយើងចង់បានធនធានមន្ថែម។ បើសិនជានៅតាមបណ្តាខេត្តដទៃទៀត មានហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីហ្វឹកហាត់ច្បាស់លាស់ គឺច្បាស់ណាស់ សហព័ន្ធយើង នឹងស្រូបបានធនធានអត្តពលិកច្រើនជាងនេះ»។
លោក ហែល គីរី បានបន្ថែមថា៖ «សព្វថ្ងៃនេះ យើងមានបណ្តាខេត្ត-រាធានី ៤ទៅ៥ទេ ដែលមានទីតាំងច្បាស់លាស់ អ៊ីចឹងយើងត្រូវការឱ្យបានច្រើន ដើម្បីយើងមានលទ្ធភាពទាញយកចំនួនកីឡាករ និងក្រុមកីឡាជម្រើសជាតិ ព្រោះនៅពេលណាយើងមានជម្រើសច្រើន គឺយើងនឹងចម្រាញ់បានអត្តពលិកមានគុណភាព តែបើមានជម្រើសតិច ច្បាស់ណាស់ ធនធានកីឡាករមានគុណភាព វានឹងមិនមានភាពទូលំទូលាយ ក្នុងការជ្រើសរើសនោះទេ។ នេះជាចំណុចសំខាន់»៕