ជើងខ្លាំងមានរហស្សនាម «អ្នក​លេងពូថៅ​ដៃ» ធឿន ធារ៉ា បាន​ប្រើពេល​មិន​ដល់​២​ទឹក​ផង ដើម្បី​ផ្តួល​អ្នកប្រយុទ្ធ​មកពី​ម៉ុងហ្គោលី Namuung Erel ឱ្យ​សន្លប់ ក្រោមកណ្តាប់​ដៃ​ឆ្វេងរបស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ជំនួប​​រវាង​កម្ពុជា និងម៉ុងហ្គោលី មាន​ភាពកក្រើក និង​ភ្ញាក់ផ្អើល​ខ្លាំង ប៉ុន្តែ​​ចំពោះ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ IPCC Kun Khmer គឺ​ម្ចាស់​ខ្សែ​ក្រវាត់បាន​ទៅលើ​អ្នក​ប្រដាល់ Bat Erdene ក្រោយ​រូបគេ​បាន​យក​ឈ្នះ សាន់ គុនខ្មែរ។

សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors) ដែល​ធ្វើ​​នៅ​ក្បែរ​ផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​១៥ ខែធ្នូ​នេះ មានការប្រកួត​រវាង​កីឡាករ​កម្ពុជា និង​ម៉ុងហ្គោលី ចំនួន​៥គូ ហើយជា​លទ្ធផល​ កីឡាករ​កម្ពុជា បានឈ្នះ​៣ ស្មើ​១ និងចាញ់​១។

លោក គឹម ស្រ៊ុនកុសល ទី​ប្រឹក្សា​ស្ថានីយទូរទស្សន៍​ថោន និងជា​ប្រធាន ស្ថាប័ន International Professional Combat Council (IPCC) ប្រចាំ​នៅ​កម្ពុជា បានចាត់​ទុក​ការ​ប្រកួត​លក្ខណៈប្រទេស និង​ប្រទេស រវាង​កីឡាករ​កម្ពុជា និងម៉ុងហ្គោលី លើក​នេះថា ជាប្រព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជា​​ការ​ប្រកួត​​ដ៏ធំ​ប្រចាំ​ឆ្នាំ​២០២៤ របស់​សង្វៀន​ថោន ដែលបានវិវឌ្ឍ​ការ​ប្រកួត ពីការ​នាំ​យក​កីឡាករ​បរទេស​មក​ប្រកួត​ជា​លក្ខណៈ​បុគ្គលិក ទៅជា​លក្ខណៈ​ប្រទេស និង​ប្រទេស។


លោក​ ស្រ៊ុនកុសល ដែលមានឈ្មោះ​ក្រៅ Tommy Kim បាន​​បញ្ជាក់​ក្នុងសន្និសីទកាសែត មុនការ​ប្រកួត​​​​ថា៖ ​«នេះជា​ការ​ប្រកួត​ប្រវត្តិសាស្រ្ត ដើម្បី​បន្ត​រឹត​ចំណង​មិត្ត​ភាព​រវាង​កម្ពុជា និងម៉ុងហ្គោលី ១ពាន​ឆ្នាំទៅ​មុខ​ទៀត ហើយ​យើង​ក៏នឹង​បន្ត​រៀបចំ​ឱ្យមានការ​ប្រកួត​ជា​លក្ខណៈ​ប្រទេស និង​ប្រទេស​ ដើម្បី​ផ្សព្វផ្សាយ​គុនខ្មែរ​របស់​យើង ឱ្យកាន់តែ​មាន​ភាព​ល្បី​​ថែម​ទៀត»។​

តាម​រយៈការ​ប្រកួតទាំង​៥គូ​រវាង​កីឡាករ​កម្ពុជា និងម៉ុងហ្គោលី​នេះ ជើង​ខ្លាំង ធឿន ធារ៉ា ធ្វើ​បាន​ល្អជាង​គេ ដោយ​រូបគេ​បាន​ប្រើ​កណ្តាប់​ដៃ ផ្តួល​អ្នក​ប្រយុទ្ធ​របស់ម៉ុងហ្គោលី Namuung Erel ឱ្យ​សន្លប់​នៅដើម​ទឹក​ទី​២ តាម​រយៈការ​ប្រើ​កណ្តាប់ដៃ​ឆ្វេង​ដ៏​មានទម្ងន់របស់​គេ ដោយ​ក្នុង​នោះ ធារ៉ា បាន​ចូល​ផ្ទៃ​មុខ​ពេញៗ ធ្វើ​ឱ្យ​ Namuung Erel ស្រុតជំហរ​ចំនួន​២​លើក​នៅ​ក្នុងទឹកទី​១ និង​​ស្រុត​ជំហរ​ម្តង​ទៀត ​នៅដើម​ទឹក​ទី​២។


ទោះបីជា​លោកអាជ្ញាកណ្តាល​ មិនបាន​រាប់​ទៅលើ​កីឡាករ​ Namuung Erel ​ចំពោះ​កា​រ​​បាត់​បង់ជំហរ​ទាំង​​នេះ ជាពិសេស​នៅដើម​ទឹក​ទី​២ ប៉ុន្តែ​ ធឿន ធារ៉ា មិន​បាន​ទុក​ពេល​ឱ្យ​ម៉ុងហ្គោលី​ម្នាក់នេះ​ដក​ខ្យល់​ទាន់ពេល​​នោះ​ឡើយ គឺរូបគេ​បាន​ស្ទុះ​ចូល​វាយសម្រុក​​ដោកណ្តាប់​ដៃ និង​​​កែង ហើយ​ចុង​ក្រោយ​បាន​ម៉ាត់ឆ្វេង​ចូលថ្គាម​ពេញ បណ្តាល​ឱ្យ Namuung Erel ដួល​សន្លប់ នៅនាទីទី២ ក្នុង​ទឹក​ទី​២។

ជើង​ខ្លាំង ធឿន ធារ៉ា បានម៉ាត់​ឆ្វេង​ទៅលើ​ផ្ទៃ​មុខ​របស់​អ្នកប្រដាល់​ម៉ុងហ្គោលី Namuung Erel។ រូប​ថត Wurkz

​ការ​ប្រើ​ពេល​សរុបជាង​៤នាទី ដើម្បី​ផ្តួល​ម៉ុងហ្គោលី Namuung Erel ឱ្យ​សន្លប់​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់ មានការ​ភ្ញាក់ផ្អើល​​ខ្លាំង​​ពី​បច្ចេក​ទេស​ប្រើ​កណ្តាប់​ដៃ​ដ៏​អស្ចារ្យ​របស់ ធឿន ធារ៉ា គឺសូម្បីតែ​ លោក ហ៊ុន សែន អតីតនាយក​រដ្ឋមន្រ្តី​កម្ពុជា ដែល​បាន​ទស្សនា​ការ​ប្រកួត​នេះ តាម​ការ​ផ្សាយ​ផ្ទាល់ ក៏​​មានការ​ភ្ញាក់ផ្អើល​ ហើយ​លោក​បានឧបត្ថម្ភ​ដល់ ធឿន ធារ៉ា ​១០​លាន​រៀល ​ធ្វើ​ឱ្យទឹក​ប្រាក់​ឧបត្ថម្ភ​សរុប​របស់ ធារ៉ា បាន​កើន​ដល់​២៨លាន​រៀល ចំណែក​ក្រុម​អ្នក​​​រៀបចំការ​ប្រកួត​របស់​សង្វៀន​ថោន ក៏បាន​​១០​លាន​រៀល ពីលោក ហ៊ុន សែន ផងដែរ។

ចំណែក​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ​រវាងគុនខ្មែរ និងម៉ុងហ្គោលី ចំនួន៤គូ​ទៀត គឺ​កីឡាករ​កម្ពុជា ផានិត គុនខ្មែរ បាន​ឈ្នះ​​អ្នកប្រដាល់ ERDENEBAYR TUMINBILEG របស់ម៉ុងហ្គោលី ដោយ​ពិន្ទុ រីឯ ឡុង អាឆើត បាន​ឈ្នះកីឡាករ B.AMGALANBAYAR ដោយពិន្ទុ​ដូចគ្នា ហើយ ភក្តី គុនខ្មែរ  បាន​ប្រកួតស្មើជាមួយ GANTOGTOKH BAATARCHULUUS។

ផ្ទុយពីនេះ ចំពោះការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ IPCC Kun Khmer ទម្ងន់​៦០គីឡូក្រាម​វិញ ​អ្នក​ប្រដាល់​វាយមិនដក​ថយ​របស់​កម្ពុជា សាន់ គុនខ្មែរ បានចាញ់​កីឡាករម៉ុងហ្គោលី Bat Erdene ដោយពិន្ទុ​មិនឯកច្ឆន្ទ បន្ទាប់ពី​​អ្នក​ទាំង​២នេះ បាន​ប្រកួត​គ្នា​យ៉ាងស្វិត​ស្វាញ​បំផុត ចំនួន​៣ទឹក​ពេញ។

ចំពោះលទ្ធផល​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​ការ​ប្រកួត​​ខ្សែ​ក្រវាត់​របស់ សាន់ គុនខ្មែរ នេះ លោក Tommy Kim បាន​​ប្រាប់​ភ្នំពេញប៉ុស្តិ៍​​ថា៖ ​«​ បើ​គិត​ក្នុង​រូប​ភាព​មួយ​ទៀត​ គឺការ​ចាញ់​ខ្សែ​ក្រវាត់​នេះ យើង​បាន​ផល​ចំណេញដែរ​ ព្រោះ​ខ្សែក្រវាត់យើង​​ បាន​ចេញ​ទៅ​ប្រទេស​គេ​ ចូល​រួម​ផ្សព្វផ្សាយ​គុនខ្មែរ ចំណែក ធឿន ធារ៉ា​ នៅតែ​អាច​លើក​ទង់ជាតិ​ខ្មែរ​បាន​ ដែល​គាត់​ជា​អ្នក​សម្រេច​លទ្ធផល​គូ​ចុងក្រោយ​ ដោយ​ផ្តួល​ដៃ​គូ​ដោយ​កណ្តាប់​ដៃ»។

ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​​រវាង​កីឡាករ​កម្ពុជា សាន់ គុនខ្មែរ និង​អ្នក​ប្រដាល់​ម៉ុងហ្គោលី Bat Erdene។ រូប​ថត Wurkz

ទន្ទឹម​នឹង​នេះ លោក Tommy បាន​មើល​ឃើញ​ថា  កីឡាករ​​របស់​ម៉ុងហ្គោលី ដែល​មក​ប្រកួត​នៅ​កម្ពុជា​លើក​នេះ សុទ្ធតែ​មាន​សមត្ថ​ភាព​ខ្លាំង ដោយ​គេ​បាន​ជម្រើស​យក​អ្នក​ល្អៗ​មក​ប្រកួត ដើម្បីដណ្តើម​យក​ជ័យ​ជម្នះ​ដូច​គ្នា ធ្វើ​ឱ្យ​ព្រឹត្តិការណ៍នេះ​មាន​ភាព​កក្រើក និង​​​ភ្ញាក់​ផ្អើលខ្លាំង គឺសូម្បី​អតីត​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ដល់​កីឡាករ ធឿន ធារ៉ា​ និង​ក្រុម​ការងារ​អ្នក​រៀបចំ​កម្មវិធី​របស់​ស្ថានីយទូរ​ទស្សន៍​ថោន។

លោក​បញ្ជាក់​​ថា៖ «​ជា​ការ​ភ្ញាក់​ផ្អើល​ និង​នឹក​ស្មាន​មិន​ដល់ ដែល​សម្តេចតេជោ​ បាន​គាំទ្រ និង​ចូល​រួម​ឧបត្ថម្ភ។ ​នេះ​ជា​ទឹក​ចិត្ត​របស់​លោក ដែល​បាន​បង្ហាញ​ពី​ការ​យក​ចិត្តទុក​ដាក់​គាំទ្រ​ដល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដ៏ចាស់​វស្សា​នៅ​អាស៊ី ហើយ​​ខ្ញុំ​តំណាង​ឱ្យ​ក្រុមការងារ​ទាំងអស់​ សូមគោរព​អរគុណ​ដល់​សម្តេចតេជោ​ ចំពោះ​ការ​តស៊ូ​របស់​លោក​ ក្នុង​ការ​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប​ប៉ុលពត​ និង​បង្កើ​ត​ឱ្យ​មានស្ថិរភាព​ សុខសន្តិភាព​​ក្នុង​ប្រទេស​ ទើប​ក្លិប និង​កីឡាករ​គុនខ្មែរ​ អាច​មាន​លទ្ធភាព​ងើប​ឈរ និង​បញ្ចេញ​នូវ​សមត្ថភាព​លើ​ឆាក​អន្តរ​ជាតិ​បាន»៕