អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡា​ហែលទឹក បានស្នើ​ដល់​សិក្ខាកាម​ទាំង​២៥​នាក់ ដែល​ទើប​បញ្ចប់​វគ្គ​​សាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហែលទឹក កម្រិត១ (Olympic Solidarity Coaching Course of Swimming in Level 1) ជាមួយគ្រូឧទ្ទេស​អន្តរជាតិ ឱ្យ​នាំ​យក​ចំណេះជំនាញ​នេះ ទៅ​​ជួយ​​បណ្តុះ​បណ្តាល​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ ដើម្បី​ឱ្យ​វិស័យ​ហែល​ទឹកកម្ពុជា អាច​មានឱកាស​ឈាន​ទៅបង្កើត​​ប្រវត្តិសាស្រ្ត ក្នុងការដណ្តើម​បានមេដាយណាមួយ នៅលើ​ឆាក​អន្តរជាតិ។

ជាមួយ​បទពិសោធន៍​ដ៏​​វែង​ឆ្ងាយ ក្នុងនាមជា​អ្នក​បន្ត​វេន​ពី​ព្រឹទ្ធាចារ្យ ហែម ថុន ដែលជាឪពុក លោក ហែម គីរី បាន​ទម្លាយ​ថា វិស័យ​កីឡា​ហែល​ទឹកកម្ពុជា នៅមិនទាន់​ដណ្តើម​បានមេដាយណា​មួយ ពីការ​ប្រកួតជា​អន្តរជាតិ​នោះ​ទេ ចាប់តាំង​ពី​រូប​លោក នៅជា​កីឡាករ ហើយ​បាន​​ឈ្នះ​​មេដាយ​សំរឹទ្ធ ក្នុងការ​ប្រកួត​សិស្សនិស្សិត​លើ​ប្រភេទ​កីឡា​ហែល​ទឹក​ កាលពី​ឆ្នាំ​១៩៩៩មក។

លោក ហែម គីរី បានថ្លែង​នៅ​ក្នុងពិធី​បិទវគ្គសិក្សា​គ្រូបង្វឹកកីឡាហែលទឹក កម្រិត១​ កាលពី​ថ្ងៃអាទិត្យ​ថា៖ ​«តាំងពី​ដើមទីរហូតដល់​ចុង​បញ្ចប់ ក្នុងនាមជា​កីឡករ​ហែល​ទឹក ខ្ញុំ​ធ្លាប់​បង្កើត​បានស្នាដៃមួយ​ជាមួយការ​ខិតខំប្រឹង​ប្រែង​របស់​ខ្ញុំ និង​​ឪពុក​​ខ្ញុំ គឺ​ការ​​ដណ្តើម​បាន​មេដាយសំរឹទ្ធ ពេល​​ប្រកួតសិស្ស​​​និស្សិត នៅប្រទេស​ថៃ ឆ្នាំ​១៩៩៩ ហើយ​ចាប់​តាំងពី​ពេល​នោះមក ប្រភេទកីឡា​ហែល​ទឹក​របស់​យើង នៅមិនទាន់​ធ្លាប់​បានដណ្តើម​បានមេដាយ ជាអន្តរជាតិ នៅឡើយ​ទេ»។


លោកបន្ថែម​ថា៖ «​យើង​ធ្លាប់​បាន​ត្រឹម​ចំណាត់ថ្នាក់លេខ​៤ ក្នុងការ​ប្រកួត​យុវជន ហើយ​ខ្ញុំ​ត្រូវតែ​លើក​ឡើងពីចំណុច​នេះ ព្រោះ​ចង់​ឱ្យ​សិក្ខាកាម​ទាំងអស់​ក្នុង​វគ្គ​នេះ ចាំ​ថា យើង​ចង់​ឃើញ​កីឡាករ​កម្ពុជា​ ឈាន​ជើងទៅ​​ជាន់​ឈ្នាន់​មេដាយ​ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ណាមួយ ហើយ​ដូចគ្រូ​ឧទ្ទេសអន្តរជាតិ បាន​លើកឡើង​អ៊ីចឹង​ថា កម្ពុជា ត្រូវ​ការការ​ចូលរួម​ឱ្យ​​បានច្រើន​ពី​​គ្រូ​បង្វឹក ដើម្បី​យើង​មាន​ធន​ធាន​កីឡាករឈាន​ទៅ​ដណ្តើម​មេដាយបាន»។

សិក្ខាកាមជាគ្រូបង្វឹក​កីឡាហែល​ទឹក ពេល​ថតជាមួយ​គ្រូឧទ្ទេស និង​ថ្នាក់ដឹកនាំ និង​ក្នុងពិធី បិទវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហែលទឹក កម្រិត១។ រូប​ថត សហព័ន្ធ


នៅ​ក្នុង​លក្ខខណ្ឌ​នេះ លោក ហែម គីរី បានលើកទឹក​ចិត្ត និង​​ជំរុញ​ឱ្យ​សិក្ខាកាមជា​គ្រូ​បង្វឹក​ទាំង​​២៥នាក់ ឱ្យ​យកចំណេះ​ជំនាញ​ ដែលខ្លួន​ទើប​ទទួល​បានពី​គ្រូឧទ្ទេស​​មកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ លោក Lopez Akvarado Miguel Angel ទៅជួយ​បង្ហាត់​បង្រៀន​ដល់​កីឡាករ កីឡាការិនី​ហែល​ទឹក​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​កាន់តែ​មានសមត្ថ​ភាព អាច​ឈាន​ទៅដណ្តើម​បានមេដាយកម្រិតអន្តរជាតិ​ណាមួយ ​គឺ​ចៀសវាង​មក​សិក្សា​យក​ត្រឹម​វិញ្ញាបនបត្រ​ទៅ​ព្យួរចោល។​​

លោក គីរី បានបញ្ជាក់​ថា៖ «វិញ្ញាបនបត្រ វាមិនមែនជា​តម្លៃ​មួយនៃការ​រីកចម្រើន​របស់​យើង​ទេ! ការរីកចម្រើនពិត​ប្រាកដ គឺស្ថិត​​នៅលើ​ឆន្ទៈ ការ​តាំងចិត្ត​របស់​យើង។ យើង​អាច​យក​វិញ្ញាបនបត្រ​ទៅ​ដាក់តាំង​នៅ​ផ្ទះ ឬបង្ហាញ​គេ​បាន ប៉ុន្តែ​ចំណេះ​ដឹង និង​ភាព​ឈ្លាស​វៃ​ក្នុងការ​បង្ហាត់សិស្ស យើង​មិនអាច​ទៅ​ដាក់​តាំង​ប្រាប់នរណា​បានឡើយ គឺ​ចេញ​ពី​ខ្លួន​យើង ដែល​ត្រូវ​ធ្វើវា​​ឱ្យ​បាន អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា សិក្ខាកាម​ទាំងអស់ នឹង​មានទឹក​ចិត្តស្រឡាញ់​កីឡា​ហែល​ទឹក ហើយនាំ​គ្នា​ជួយ​រុញ​កីឡា​នេះ ឱ្យ​ទទួល​បានជោគ​ជ័យ នៅលើឆាក​អន្តរជាតិ»។

លោក ណយ ផាណា ពេលប្រគល់វត្ថុអនុស្សាវរីយ៍​ជូន​ដល់​គ្រូឧទ្ទេស​អន្តរជាតិ លោក Lopez Akvarado Miguel Angel នៅក្នុងពិធីបិទ​វគ្គ។ រូប​ថត NOCC

ចំណែក​គ្រូឧទ្ទេសអន្តរជាតិ លោក Lopez Akvarado Miguel Angel បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សិក្ខាកាមជា​គ្រូ​បង្វឹក​កីឡា​ហែល​ទឹក​កម្ពុជាទាំង​២៥​នាក់ ដែលបាន​យកចិត្តទុក​ដាក់សិក្សា​រៀនសូត្រ ហើយ​តាម​រយៈ​​ការ​​សិក្សាទាំង​​លើផ្នែក​ទ្រឹស្តី និង​ការចុះ​ទៅ​បង្ហាត់​​ជាក់ស្តែងដល់​កីឡាករ កីឡាការិនី ចាប់​ពីថ្ងៃទី៩ ដល់​ទី​១៥ ខែធ្នូនេះ លោកបានបញ្ជាក់ថា សិក្ខាកាម​ជា​គ្រូ​បង្វឹក​កម្ពុជា គឺ​មាន​ទេពកោសល្យ និង​បច្ចេក​ទេស​ខ្ពស់ ក្នុងការ​បង្វឹកសិស្ស ដែលជា​ក្តី​សង្ឃឹម​សម្រាប់​កម្ពុជា ក្នុងការបណ្តុះ​ធនធាន​អត្តពលិកកីឡាហែល​ទឹក​ជំនាន់​ក្រោយបានច្រើន។

ជាមួយគ្នានេះ លោក ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏​បាន​លើក​ទឹកចិត្ត​ដល់​សិក្ខាកាមជាគ្រូបង្វឹកកម្រិត​១​ទាំង​២៥នាក់ ឱ្យ​នាំ​យកចំណេះដឹងទាំងអស់ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីនៅតាមអង្គភាព និងក្លិបនានាឱ្យ​មានការរីកចម្រើនទាំងបរិមាណ និងគុណភាព នាថ្ងៃអនាគត។

លោក ផាណា បញ្ជាក់​ថា៖​ «សូម​សិក្ខាកាម​ជា​គ្រូបង្វឹកទាំងអស់​យកបទពិសោធន៍ ចំណេះជំនាញពិត និងគុណតម្លៃ​នៃវគ្គ​​នេះ ទៅ​អនុវត្តតាម​ក្រម​វិជ្ជាជីវៈ​ច្បាស់​លាស់ គឺ​ការបង្ហាត់​បង្រៀន​ដល់​កីឡាករកីឡាការិនី​ឱ្យ​មានសក្តានុពល ព្រម​ទាំងពង្រឹងសាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឱ្យ​បានកាន់តែ​ល្អ ក្នុងការ​ចែក​រំលែក​ចំណេះ​ដឹង ដើម្បីអភិវឌ្ឍសមត្ថភាព​ខ្លួនឯង​ផង និង​បណ្តុះធនធានថ្នាលយុវជនហែលទឹកឱ្យ​កាន់តែសម្បូរបែប និងប្រកបដោយគុណភាព នាថ្ងៃអនាគតផងដែរ៕