ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ទីម័រ​ខាង​កើត សុទ្ធតែ​បាន​ដាក់គោលដៅ​ដណ្តើម​យក​ជ័យជម្នះ សម្រាប់ជួប​គ្នាជា​ថ្មី ក្នុង​​ការ​​ប្រកួតជម្រុះ​សន្សំពិន្ទុ​តាម​ពូល​នៃ​ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក នា​ល្ងាច​ម៉ោង​ ៥:៤៥ ថ្ងៃអង្គារ​នេះ។

ការ​ដណ្តើម​យក​៣ពិន្ទុ ពី​ក្រុមទីម័រ​ខាងកើត នៅ​ថ្ងៃ​នេះ វាពិតជាសំខាន់​បំផុត សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ​ក្នុងការ​បន្ត​ទៅ​ជួប​ក្រុមជម្រើសជាតិ​ថៃ ក្នុងការ​ប្រកួត​បញ្ចប់ពូល​Aនេះ នា​ថ្ងៃទី២០ ខែធ្នូ  ​ដើម្បី​ប្រជែង​យកឱកាស​ឡើង​ទៅ​​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ព្រោះ២​ប្រកួត​កន្លងមក​នេះ កម្ពុជា ទើប​មាន​១ពិន្ទុ​ទេ បន្ទាប់ពី​ប្រកួត​​​ស្មើ​ ២-២ ជាមួយក្រុម​ម៉ាឡេស៊ី និង​ចាញ់​ក្រុមម្ចាស់​ផ្ទះ​សិង្ហបុរី ២-១ នោះ។

លោក Koji Gyotoku ជា​គ្រូ​បង្គោល​ក្រុមជម្រើសជាតិកម្ពុជា បាន​ថ្លែង ក្នុ​ងសន្និសីទកាសែត កាលពី​ថ្ងៃចន្ទ​​ថា៖ ​«​សម្រាប់​លទ្ធផលការ​ប្រកួត​២​លើក​កន្លង​មក វាមិនអាក្រក់​ពេក​ទេ ចំណែក​ការ​ប្រកួត​លើក​ទី​៣​ជាមួយ​ក្រុម​ទីម័រ លើក​នេះ យើងនឹង​ខិតខំ​ឱ្យ​អស់ពីសមត្ថភាព​ ដើម្បី​ទទួល​បានជ័យ​ជម្នះ»​។


ជាមួយ​គ្នា​នេះ គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​លោក Koji Gyotoku ក៏​បាន​លើក​ឡើង​ពី​បញ្ហា​​របួស​កីឡាករ​សំខាន់ៗមួយចំនួន​ផងដែរ ជាពិសេស​​ខ្សែការពារជា​ប្រធាន​ក្រុម កាន់ ម៉ូ ដែល​មានរបួស​ក្បាលធ្ងន់​ធ្ងរ ដេរអសើ១០​ថ្នេរ ហើយកំពុងព្យាបាល​នៅ​ប្រទេស​សិង្ហបុរី និងខ្សែបម្រើ គឹម សុខយុទ្ធ ដែល​​រងរបួសសសៃពួរជើង ហើយ​ត្រូវសម្រាក​ព្យាបាល​ប្រមាណ​៣ខែ។

តែទោះបីជា​យ៉ាងណា តាម​រយៈការ​បង្ហោះ​សារជាវីដេអូ​ខ្លី គឺ​ទាំង កាន់ ម៉ូ និង គឹម សុខយុទ្ធ សុទ្ធតែ​​មានការជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹង​ដណ្តើម​បានជ័យជម្នះ សម្រាប់​ការ​ប្រកួត​ជាមួយក្រុមទីម័រ​នៅ​ថ្ងៃ​អង្គារ​នេះ។ ជាមួយ​គ្នានេះ ខ្សែបម្រើ នេតូ រ៉ុនដុន ក៏​ត្រូវបាន​គេ​រំពឹង​ថា នឹងអាច​បង្ហាញ​វត្ត​មាន​ជា​លើកដំបូងក្នុងការ​ប្រកួត​នេះ​​ផងដែរ ក្រោយ​មិន​បាន​លេង​២​ប្រកួត ដោយ​សារ​មាន​របួស ក្នុងពេល​ហ្វឹក​ហាត់។


លោក Koji បាន​បញ្ជាក់​ថា៖ «ថ្វីដ្បិត​តែ​កីឡាករ​របស់​យើងមួយចំនួនបាន​របួស និងមិនអាច​បន្តក្នុង​ព្រឹត្តិការណ៍​នេះក៏ពិតមែន​ ប៉ុន្តែ​យើង​នៅតែ​មាន​កីឡាករ​ផ្សេងៗ ដែល​អាចជំនួស​ពួក​គាត់បាន ហើយ​យើងនៅតែ​មានជំនឿលើ​ក្រុមជម្រើសជាតិ​​កម្ពុជាថា នឹង​អាច​យក​លទ្ធផល​ល្អជូនដល់​អ្នកគាំ​ទ្រ»។

សកម្មភាព​ហ្វឹក​ហាត់​របស់​ក្រុមម្ចាស់​ផ្ទះ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួតជាមួយ​ក្រុម​ជម្រើសជាតិ​ទីម័រ​ខាង​កើត នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ។ រូប​ថត FFC

ផ្ទុយពីនេះ​ក្រុមជម្រើសជាតិ​ទីម័រខាង​កើត ដែល​បានចាញ់​ក្រុម​ថៃ ១០-០ ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-២ និងចាញ់​ក្រុមសិង្ហបុរី ៣-០ នោះ បាន​ធ្លាក់ចេញពីការ​ប្រកួត​​ពាន​រង្វាន់ ASEAN Mitsubishi Electric Cup 2024 ដោយ​ស្វ័យប្រវត្តិ​ហើយ ប៉ុន្តែ​ក្រុម​នេះ បាន​ផ្តោត​ខ្លាំង​ទៅលើ​ការ​ដណ្តើម​យក​៣ពិន្ទុ សម្រាប់ការ​បង្រ្គប់​កិច្ច​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា នៅ​ថ្ងៃ​នេះ បើទោះ​ដឹង​ថា កម្ពុជា មាន​ទម្រង់​លេង​បាន​ល្អ​ជាង​មុន​ក៏​ដោយ។

លោក Simon Elisettche គ្រូបង្វឹក​ក្រុមជម្រើសជាតិ​ទីម័រខាង​កើត បាន​និយាយក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃចន្ទថា៖​ «​ជា​រឿយៗ យើងតែង​ទស្សនា​ការ​ប្រកួត​លីគ​កម្ពុជា ព្រោះ​កីឡាករ​របស់​យើង​មួយចំនួន កំពុង​លេង​នៅ​ទីនេះ។ ​ខ្ញុំមើល​ឃើញ​ថា បាល់ទាត់នៅកម្ពុជាកំពុងតែរីកចម្រើន ហើយ​មានកីឡាករល្អៗមួយចំនួន និង​មានកីឡាករចូលសញ្ជាតិផងដែរ ដោយ​ពួកគេលេងបានយ៉ាងល្អ ពេល​ប្រកួត​ជាមួយ​ក្រុម​សិង្ហបុរី និងម៉ាឡេស៊ី»។

ការ​ហ្វឹក​ហាត់​របស់​ក្រុម​ទីម័រ​ខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាទីលាន​ដែលពួកគេ ត្រូវ​ប្រកួតជាមួយក្រុមម្ចាស់​ផ្ទះ​កម្ពុជា នៅ​ថ្ងៃនេះ។ រូប​ថត FFC

លោក​បាន​បន្ថែម​ថា៖ «យើងដឹងថា យើងនឹងត្រូវលេងជាមួយក្រុមល្អមួយ (កម្ពុជា) ប៉ុន្តែយើងក៏​កំពុងតែផ្លាស់ប្តូរ និងរីកចម្រើនផងដែរ។ យើងសង្ឃឹមថា យើងអាចបង្ហាញទម្រង់លេងល្អពេញ​៩០នាទី និងទទួលបានលទ្ធផលល្អ ដើម្បី​ទទួល​បាន​៣ពិន្ទុ សម្រាប់​ការ​ប្រកួត​ចុងក្រោយ​របស់​យើង»។

តាម​ប្រវត្តិជួបគ្នា​ចំនួន​៤​លើក​ចុងក្រោយ តាំង​ពី​ឆ្នាំ​២០១០ រហូត​មកដល់ពេល​នេះ ក្រុមធំជម្រើសជាតិ​ទីម័រខាង​កើត បានចាញ់​ក្រុម​ធំជម្រើសជាតិ​កម្ពុជា ចំនួន​៣​លើក និងឈ្នះ​១​លើក គឺ​ពួកគេ​បាន​​ចាញ់កម្ពុជា ៤-២ កាលពី​ឆ្នាំ​២០១០ មុនពេល​ឈ្នះ ៥-១ វិញ ក្នុង​ឆ្នាំ​២០១២ រីឯ​ការជួបគ្នា​២​លើក​ទៀត ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ គឺ​ក្រុមទ័ម័រ បានចាញ់​កម្ពុជា ដោយ​លទ្ធផល ៣-២ ដូចគ្នា ខណៈការ​ជួបគ្នាជា​ថ្មី​នេះ ក្រុមទាំង​២ សុទ្ធតែ​បាន​អះអាង​ក្នុង​ការ​ដណ្តើម​យកជ័យជម្នះដូចគ្នា៕