នៅទីបំផុតក្រុមជម្រើសជាតិ​កម្ពុជា បាន​រក​ឃើញ​ជ័យជម្នះ​របស់​ខ្លួន ​​នៅ​ក្នុង​ការ​ប្រកួត​​ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ពួកគេ​បាន​យក​ឈ្នះ​ក្រុមជម្រើសជាតិទីម័រ​ខាង​កើត ២-១ ទាំង​លំបាក នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក ​តែ​​គ្រូបង្គោល​លោក Koji Gyotoku ចាត់ទុក​លទ្ធផលនេះ​​ជារឿង​ល្អ ដែល​កម្ពុជា នៅសល់ឱកាស​ប្រជែង​ទៅវគ្គ​បន្ត ទោះ​មាន​ភាគ​រយ​មិនច្រើន ហើយ​កីឡាករសំខាន់ៗ​អាចបាត់បង់​កម្លាំង ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ថៃ។

សម្រាប់​ការ​ប្រកួត​កាលពី​យប់​ថ្ងៃអង្គារ ម្សិលមិញនេះ អ្នកគាំ​ទ្រ​ភាគ​ច្រើន បានដាក់​ក្តីរំពឹង​​​ថា ក្រុមម្ចាស់​ផ្ទះ​​កម្ពុជា នឹង​អាច​យក​ឈ្នះ​លើ​ក្រុម​ទីម័រ​ខាង​កើត លើសពី​៣​គ្រាប់ ដើម្បី​មាន​​ឱកាសច្រើន ក្នុងការ​ប្រជែង​​ឡើង​ទៅ​វគ្គ​បន្ត ប៉ុន្តែ​គ្រប់​យ៉ាង​មានការ​ប្រែ​ប្រួល នៅពេល​ម៉ាស៊ីន​ជំនួយការ​អាជ្ញាកណ្តាល (VAR) បាន​ច្រាន​ចោល​គ្រាប់បាល់​បើក​ឆាក​របស់ Nieto Rondon នៅនាទីទី​២ ហើយ​ខ្សែ​ប្រយុទ្ធ Joao Pedro Da Silva Freitas បែរជា​អាច​រកបានគ្រាប់​បាល់​ឱ្យ​ក្រុម​ទីម័រ នាំមុខមុន នៅត្រឹម​នាទីទី​២២​នោះ។

ការ​​​លេង​​បែបការពារ និង​វាយ​បក​លឿនៗ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ Joao Pedro Da Silva Freitas រក​បានគ្រាប់បាល់បើក​ឆាក​នេះ វា​បានបង្ហាញពី​ឆន្ទៈ​លេង​ដ៏ពិត​ប្រាកដ​របស់​ក្រុមទីម័រខាងកើត ក្នុងការ​ស្វែង​រក​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា គឺ​ខុស​គ្នា​ឆ្ងាយ​ពីពេល​ដែល​ពួកគេ បានចាញ់​ក្រុម​ជម្រើសជាតិ​ថៃ ១០-០ ក្នុងទឹក​ដី​ខ្លួនឯង សម្រាប់​ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​Aនេះ កាលពី​ថ្ងៃទី៨ ខែធ្នូ។​  


តែទោះបីជា​យ៉ាងណា ក្រុមកម្ពុជា​នៅ​តែ​ព្យាយាម​គ្រប់​គ្រង​បាល់​បាន​ល្អ ដើម្បីដាក់សម្ពាធ​ទៅលើ​ក្រុមទីម័រ ហើយ​ការ​លើក​បាល់​ជ្រុង​របស់ Yudai Ogawa បាន​ផ្តល់​ឱកាស​ឱ្យខ្សែ​ប្រយុទ្ធ​វ័យក្មេង  ស រតនា អាច​លោត​យក​ស្មាទៅ​បុកបាល់នោះ​​បញ្ចូល​ទី​ នៅនាទីទី​​៤១ ហើយ​នៅនាទីទី​៧៩ ហាវ សុខនេត្រ រកបាន​១​គ្រាប់​ទៀត បន្ទាប់​ពី ​ Nieto Rondon បាន​បញ្ជូន​បាល់​ទៅឱ្យ ស រតនា ហើយ រតនា បានបញ្ជូន​បាល់​បន្ត​មក​ឱ្យ​រូបគេ ដែល​ឈរ​ចាំស៊ុត​តែឯង នៅមុខ​ទី​នោះ។

យ៉ាង​ណាក៏​ដោយ​ទាំង​គ្រាប់​បាល់​របស់ ស រតនា និង ហាវ សុខនេត្រ សុទ្ធតែ​ត្រូវ​បានពិនិត្យ​មើល​ឡើង​វិញ​តាម​រយៈ VAR ព្រោះមានការ​សង្ស័យ​ថា ស រតនា បាន​យក​ដៃទៅបុក​បាល់​បញ្ចូលទី ហើយ សុខនេត្រ អាចឈរ​នៅក្នុងទីតាំងអកហ្ស៊ឺ ប៉ុន្តែ​ក្រោយការពិនិត្យ គឺ VAR បាន​ច្រាន​ចោល​នូវ​ការចាប់កំហុស​នេះ ធ្វើ​ឱ្យ​ក្រុម​កម្ពុជា អាច​រក​បាន​២​គ្រាប់ ដើម្បី​យក​ឈ្នះក្រុមទីម័រ ២-១ យ៉ាងលំបាក។


សម្រាប់ការ​ដណ្តើម​បានជ័យជម្នះ​នេះ ម្ចាស់​អាវ​លេខ​២៣ ស រតនា ដែល​ត្រូវបានជ្រើសរើសជា Man of the Match សម្រាប់ការ​ប្រកួតនេះ បាន​និយាយ​ក្នុង​សន្និសីទកាសែត ក្រោយ​ការ​ប្រកួត​ថា៖ «ការលេងជាមួយទីម័រ ពិតជាពិបាកខ្លាំង ព្រោះ​ក្រុមនេះលេងការពារ និងវាយបកហើយលឿន ហើយនៅតង់ទី​២ ​ក្រោយការ​កែប្រែ ទើបយើងធ្វើបានល្អមកវិញ»។

ស រតនា បានអបអរជាមួយ​មិត្តរួម​ក្រុម នៅពេលរូបគេ​រកបានគ្រាប់បាល់ ដើម្បី​ជួយ​ឱ្យក្រុម​ម្ចាស់​ផ្ទះកម្ពុជា ឈ្នះ​ក្រុម​ទីម័រ​ខាងកើត ២-១ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក។ រូប​ថត FFC

សម្រាប់​ការ​ប្រកួត កាលពី​ថ្ងៃអង្គារ​នោះ​ដែរ ​ក្រុម​ជម្រើសជាតិ​ថៃ បាន​វាយ​បក​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​សិង្ហបុរី ដែលបាន​នាំ​មុខ ២-០ មុន ដោយ​លទ្ធផល ៤-២ ហើយ​លទ្ធផលនេះ​ជួយ​​ឱ្យ​​ក្រុមថៃ មាន​៩ពិន្ទុពេញ ដោយ​​ឈ្នះ​ទាំង​៣​ប្រកួត និង​​បាន​កក់កៅអី​ឡើង​ទៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយស្វ័យ​ប្រវត្តិ ទោះ​នៅសល់​១​ប្រកួត​ទៀត។

ចំណែក​​ក្រុម​សិង្ហបុរី ដែល​មាន​៦ពិន្ទុ នឹង​ត្រូវ​ប្រជែង​យក​កៅអី​ចុង​ក្រោយ​ប្រចាំពូល​Aនេះ ជាមួយ​​ក្រុម​កម្ពុជា និង ម៉ាឡេស៊ី ដែល​មាន​៤ពិន្ទុ​ស្មើ​គ្នា នៅ​ក្នុង​ការ​ប្រកួត​បញ្ចប់​ពូល​​នា​​ថ្ងៃទី​២០ ខែធ្នូ​នេះ ដោយ​ក្នុង​នោះ កម្ពុជា ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ថៃ ហើយ​ម៉ាឡេស៊ី ត្រូវ​ស្វាគមន៍ក្រុម​សិង្ហបុរី។

យោងតាម​លទ្ធផល​ជាបណ្តោះ​អាសន្ន និង​ការ​ប្រកួត​ចុង​ក្រោយ​នៅថ្ងៃសុក្រ​ខាងមុខ​នេះ គឺ​ក្រុម​កម្ពុជា មាន​ភាគ​រយតិច​ជាង​គេ ព្រោះ​ការ​ដណ្តើម​បានឱកាស​ឡើង​ទៅ​វគ្គបន្ត​របស់​ក្រុម​នេះ ​លុះ​ត្រា​តែ​ពួកគេ អាច​យក​ឈ្នះក្រុម​ខ្លាំង​របស់​ថៃ ស្របពេល​ម៉ាឡេស៊ី ​ឈ្នះក្រុមសិង្ហបុរី នៅក្នុង​កម្រិត​គ្រាប់ស្មើ​គ្នា ប៉ុន្តែ​បើក្នុង​ករណី សិង្ហបុរី ឈ្នះ ឬស្មើជាមួយ​ម៉ាឡេស៊ី គឺ​សិង្ហបុរី នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គបន្ត​ប្រចាំពូល​Aនេះ ជាមួយ​ក្រុម​ថៃ​ហើយ។

តែទោះបីជា​យ៉ាង​ណា គ្រូ​បង្គោល​ក្រុមជម្រើសជាតិ​កម្ពុជា លោក Koji Gyotoku បាន​បង្ហាញ​ស្នាមញញឹម ចំពោះការ​ដណ្តើម​បាន៣ពិន្ទុ​ពី​ក្រុមជម្រើសជាតិ​ទីម័រខាង​កើត លើកនេះ។ បើទោះបីជា ​ក្រុមកម្ពុជា មិនអាច​រក​បានគ្រាប់​បាល់​ច្រើន ទៅតាមការ​ចង់បានរបស់អ្នកគាំ​ទ្រ ប៉ុន្តែ​លោក Koji ចាត់​ទុកជ័យជម្នះនេះជា​រឿង​ល្អ​ សម្រាប់​កម្ពុជា ដើម្បីសល់ឱកាស​ក្នុងការ​ប្រជែង​នៅ​ក្នុង​ជំនួប​បញ្ចប់ពូល។

គ្រូ​បង្វឹកជនជាតិជប៉ុន​រូបនេះ បាននិយាយ​ក្នុង​សន្និសីទ​កាសែតថា៖ «នេះជាការប្រកួតមួយ​ដ៏​តានតឹង​ ហើយ​យើងឈ្នះការប្រកួតនេះ គឺជារឿងល្អ ព្រោះ​ទីម័រជាក្រុមមួយសម្បូរ​កីឡាករមាន​ល្បឿនលឿនក្នុងការ​វាយបក និងលេងការពារ។ យើង​មាន​បញ្ហា​នៅក្នុងតង់ទី​១ ប៉ុន្តែ​កីឡាករ​យើង គាត់​យល់​ពីអ្វី​ដែល​ខ្ញុំបានប្រាប់ ហើយ​ព្យាយាម​កែ​តម្រូវ​ចំណុច​ខ្វះ​ខាត និង​ព្យាយាម​លេង​រហូត​ដល់​ទីបញ្ចប់»។

យ៉ាង​ណា​ក៏​ដោយ លោក Koji Gyotoku បានបង្ហាញការ​បារម្ភ​សម្រាប់​ការ​ធ្វើដំណើរ​ទៅជួបក្រុម​ថៃ។ លោកបញ្ជាក់​ថា៖​«​អ្វីដែល​ខ្ញុំ​បារម្ភ​សម្រាប់ការ​ប្រកួត​បន្ទាប់ គឺ​ការ​បាត់បង់​កម្លាំង ព្រោះ​ការ​ប្រកួត​កន្លង​មក​ ខ្ញុំ​មិនសូវ​ដូរ​កីឡាករ​ទេ ដោយ​ដាក់កីឡាករ​ដដែលៗ អ៊ីចឹងបើ​សិន​កម្លាំង​របស់​ពួកគេ​មិន​គ្រប់​គ្រាន់ ប្រហែលនឹង​អាច​មានការ​ផ្លាស់​ប្តូរ»៕