អតីតកីឡាករក្រុមជម្រើសជាតិកម្ពុជា ទុំ សារ៉ាយ ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុម ISI ដង្កោសែនជ័យ ចំណែកសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មិនអាចរកបានលទ្ធផលដ៏គាប់ប្រសើរមួយ ដើម្បីជាកាដូចុងក្រោយ សម្រាប់ថ្ងៃចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់របស់ខ្សែប្រយុទ្ធចាស់វស្សា នួន បូរី នោះទេ ដោយពួកគេ បានបន្តចាញ់ក្រុមព្រះខ័នតរាជស្វាយរៀងរហូតដល់៥គ្រាប់ នៅកីឡដ្ឋាន AIA Stadium KMH Park។
សម្រាប់ការប្រកួតបង្រ្គប់សប្តាហ៍ទី១១ នៃលីគកំពូលកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ មិនអាចរកបានសូម្បី១គ្រាប់ ដោយពួកគេបានចាញ់ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ៥-០ ហើយគ្រាប់បាល់ទាំង៥នេះរកបានដោយខ្សែប្រយុទ្ធប្រេស៊ីល Pablo Augusto ចំនួន២គ្រាប់ ខណៈ ញាណ សុស៊ីដាន, ណារ៉ុង កក្កដា និងខ្សែប្រយុទ្ធជើងចាស់ ប្រាក់ មុនីឧត្តម រកបានម្នាក់១គ្រាប់។
សម្រាប់ការចាញ់ក្រុមស្វាយរៀង ៥-០ នេះ ក៏ជាពេលដែលម្ចាស់អាវលេខ៩ នួន បូរី បានប្រកាសពីការចូលនិវត្តន៍ផងដែរ បន្ទាប់ពីរូបគេបានប្រកបអាជីពជាកីឡាករបាល់ទាត់ជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ អស់រយៈពេល១៤រដូវកាលកន្លងមក។
តែទោះបីជាយ៉ាងណា នួន បូរី ត្រូវបានថ្នាក់ដឹកនាំសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ផ្តល់ឱកាសឱ្យធ្វើជាគ្រូជំនួយនៅក្នុងក្លិបនេះដដែល ហើយក៏បានអនុញ្ញាតិឱ្យ នួន បូរី ទៅសិក្សាវគ្គបន្ថែមផ្សេងៗ ដើម្បីបំពេញអាជីពជាគ្រូបង្វឹកបាល់ទាត់នេះផងដែរ។
ចំពោះការសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករនេះ នួន បូរី បាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីខ្ញុំបានឃើញថា ក្មេងៗឥឡូវនេះមានទេពកោសល្យ និងអាចលេងបាននូវកម្រិតមួយដូចខ្ញុំបាន។ ក្រោយការចូលនិវត្តន៍នេះ ខ្ញុំមិនទៅណាឆ្ងាយពីបាល់ទាត់ទេ ខ្ញុំនឹងរៀនវគ្គបាល់ទាត់បន្ថែមទៀត គឺខ្ញុំនឹងផ្លាស់ប្តូរពីកីឡាករទៅជាគ្រូបង្វឹក»។
អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា នួន បូរី បានបន្ថែមថា៖ «ខ្ញុំចង់ផ្តល់ឱកាសដល់កីឡាករក្មេងៗ ឱ្យបានបង្ហាញខ្លួន និងកែតម្រូវចំណុចខ្វះខាតរបស់ពួកគេផងដែរ។ ខ្ញុំសង្ឃឹមថា ពួកគេអាចមានភាពប្រសើរឡើង និងអភិវឌ្ឍន៍ខ្លួន ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ»។
ដោយឡែកក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសតែងតាំងលោក ទុំ សារ៉ាយ ឱ្យធ្វើជាគ្រូបង្គោលថ្មី ជំនួសលោក Botioba Bouyaloua Jean ដែលត្រូវប្តូរទៅធ្វើជានាយកបច្ចេកទេសនៅក្នុងក្លិបនេះវិញ ហើយការសម្រេចនេះ ដោយសារ ទុំ សារ៉ាយ បានបង្កើតស្នាដៃជូនក្លិប តាមរយៈការដឹកនាំក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្រុម ISI ដង្កោសែនជ័យ ឱ្យឈ្នះពានខេមបូឌានលីគយុវជន ឆ្នាំ២០២៤ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។
ទុំ សារ៉ាយ ដែលធ្លាប់ដឹកនាំក្រុមអគ្គិសនីកម្ពុជា ឱ្យឈ្នះពានខេមបូឌានលីគ២ ឆ្នាំ២០២២ បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលថ្នាក់ដឹកនាំក្លិបមានទំនុកចិត្ត និងផ្តល់ឱកាសឱ្យខ្ញុំក្លាយជាគ្រូបង្វឹករបស់ក្លិបISI ដង្កោសែនជ័យ ហើយសម្រាប់ការដឹកនាំរបស់ខ្ញុំ គឺខ្ញុំចូលចិត្តកីឡាករ ដែលមានការប្រកួតប្រជែងខ្លាំង។ មិនគិតថាក្មេង ឬចាស់ទេ ឱ្យតែគាត់ប្រឹងប្រែងអស់ពីសមត្ថភាព គឺនឹងមាននាទីលេង នៅគ្រប់ហ្គេម»។
ជាមួយការកាន់តួនាទីជាគ្រូបង្គោលថ្មីនេះ លោក ទុំ សារ៉ាយ មានបំណងចង់អភិវឌ្ឍកីឡាករវ័យក្មេងនៅក្នុងក្លិប ISI ដង្កោសែនជ័យ ឱ្យក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួច ដើម្បីជាធនធានសម្រាប់ទ្រទ្រង់ដល់ក្រុមជម្រើសជាតិ ព្រោះលោកមើលឃើញថា ការប្រកួតប្រជែងនៅក្នុងលីគកម្ពុជា គឺកីឡាករបរទេស បានដណ្តើមទីតាំងតំបន់ប្រយុទ្ធស្ទើរអស់ទៅហើយ ដែលធ្វើឱ្យកម្ពុជា ខ្វះខ្សែប្រយុទ្ធមានគុណភាពល្អ។
អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ទុំ សារ៉ាយ បញ្ជាក់ថា៖ «សម្រាប់ការដឹកនាំរបស់ខ្ញុំ គឺខ្ញុំនឹងព្យាយាមអភិវឌ្ឍកូនខ្មែរយើងឱ្យខ្លាំងនៅតំបន់ប្រយុទ្ធហ្នឹង។ ខ្ញុំ និងក្រុមគ្រូបង្វឹក ព្រមទាំងកីឡាករទាំងអស់ ប្តេជ្ញាចិត្តថា នឹងរួមគ្នាធ្វើឱ្យក្លិប ISI ដង្កោសែនជ័យ មានសកម្មភាពល្អ ដោយបានលទ្ធផលល្អជូនថ្នាក់ដឹកនាំ និងអ្នកគាំទ្រឡើងវិញ»។
តាមរយៈការប្រកួតប្រជែង នៅលីគកំពូលកម្ពុជា នារដូវកាលថ្មីនេះ ក្រុម ISI ដង្កោសែនជ័យ កំពុងឈរនៅលេខ៧ ដោយមាន១៨ពិន្ទុ សម្រាប់ការប្រកួតទាំង១៣លើករបស់ខ្លួន ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបដណ្តើមបាន៣ពិន្ទុពីក្រុមក្រសួងមហាផ្ទៃ ឡើងទៅឈរនៅលេខ២ ដោយមាន៣១ពិន្ទុ តិចជាងក្រុមឈរនៅកំពូលតារាង ភ្នំពេញក្រោន ដែលមាន៣៧ពិន្ទុ ខណៈក្រុមវិសាខា ដែលមាន២៩ពិន្ទុ បានធ្លាក់មកឈរនៅលេខ៣ រីឯក្រុមក្រសួងមហាផ្ទៃ បន្តឈរនៅលេខ១០ដដែល ដោយមានត្រឹម៥ពិន្ទុ៕