ជា​ក្រុមហ៊ុនឯកជន ដែលបានចូលរួម​ឧបត្ថម្ភ​ដល់សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ តាំងពី​ឆ្នាំ​២០២០​មក​នោះ ឡារីតា បាន​បបង្ហាញ​មហិច្ឆតា​កាន់តែ​ធំ ក្នុងការ​ជួយ​អភិវឌ្ឍ​ប្រភេទ​កីឡាមួយ​នេះឱ្យកាន់តែ​រីក​ចម្រើន ដោយមានគម្រោងពង្រីកការ​ប្រកួត​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន ដើម្បីបណ្តុះបណ្តាល​​ធនធាន​កីឡាករ កីឡាការិនី​ឱ្យ​បាន​កាន់​តែ​ច្រើន សម្រាប់​ចេញ​ទៅ​ប្រកួត​ប្រជែង​នៅលើ​ឆាក​អន្តរជាតិ។

នៅ​ក្នុង​រយៈពេលប្រមាណ​៤​ឆ្នាំ​នេះ ក្រុមហ៊ុនឡានឡារីតា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែង​ដល់សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ​ធ្វើ​ឱ្យ​សហព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើងក្នុង​​ឆ្នាំ​២០០១មួយនេះ អាច​មាន​លទ្ធភាព​រៀបចំការ​ប្រកួត​ជ្រើសរើសជើងឯក​ថ្នាក់ជាតិ ជា​លើកដំបូង កាលពី​ឆ្នាំ​២០២៣ និង​​បាន​បន្ត​រៀបចំការ​ប្រកួត​ថ្នាក់ជាតិ លើក​ទី​២ ឆ្នាំ​២០២៤​ ដែល​ទើប​បានបញ្ចប់ដោយជោគ​ជ័យ កាលពី​ថ្ងៃទី​២២ ខែធ្នូ។

បន្ថែម​​លើ​នេះ ឡារីតា ក៏បាន​រួមចំណែក​ជួយ​ឱ្យក្រុម​អត្តពលិក​កីឡាហាប់គីដូកម្ពុជា ចេញ​ទៅ​​ចូលរួមការ​ប្រកួត World I.H.F Hapkido Championship 2024 នៅប្រទេស​ថៃ ជាលើក​ដំបូង​ផងដែរ ហើយតាម​រយៈ​ការ​ប្រកួត​កាលពី​ខែសីហា​នោះ ​​ក្រុមហាប់គីដូ​ បាន​បង្កើត​ប្រវត្តិ​សាស្រ្ត​​ថ្មី ដោយ​​ដណ្តើម​បានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ សម្រាប់​ការ​ទទួល​បានឱកាស​ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​លើកដំបូង​របស់ពួកគេ។


រំឭក​ទៅដល់សមិទ្ធផលទាំង​អស់​នោះ លោក មឿន សម្បត្តិ អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុម​ហ៊ុនឡាន​ឡារីតា បាន​​ថ្លែង​​ថា៖​ «​ក្រុមហ៊ុន​យើង បានចូលរួម​ឧបត្ថម្ភ​គ្រប់​សកម្ម​ភាព​របស់​កីឡា​ហាប់គីដូ​​តាំងពី​ដើម​រៀងមក ដើម្បី​លើកទឹក​ចិត្តដល់​កីឡាករ កីឡាការិនី​ទាំង​លើ​ការ​ហ្វឹកហាត់ពង្រឹង​សមត្ថ​ភាព និងការ​ប្រកួត ដើម្បី​ស្វែង​រក​ជោគ​ជ័យ​ជូនប្រទេសជាតិ​ ហើយនេះជាមោទនភាពមួយ ដែលយើង​​បានជំរុញ​ឱ្យ​វិស័យកីឡាហាប់គីដូ​យើង ​កាន់តែមានការ​រីកចម្រើន​​»។

បន្ថែមលើ​​​នេះ ឡារីតា គ្រោង​នឹងជួយ​ដល់​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ជា​បន្ត​ទៀត ដើម្បី​ឱ្យ​សហព័ន្ធ​នេះ អាច​មានលទ្ធភាព​រៀបចំការ​ប្រកួត​នៅតាម​ខេត្ត ដែលជាទិសដៅ​​ធ្វើដំណើរ​របស់​ខ្លួន ដោយ​បច្ចប្បន្ន​មានជើងបើក​បរ​​ពី​ភ្នំពេញ ទៅ​សៀម​រាប ទៅ​ខេត្តព្រះសីហនុ ហើយ ឡារីតា ​ក៏នឹង​បើក​ដំណើរការ​ទិសដៅ​ធ្វើ​ដំណើរថ្មី​​ពី​ភ្នំពេញ ទៅ​ខេត្ត​បាត់ដំបង នា​ដើម​ឆ្នាំ​២០២៥​ផងដែរ។


ការ​​បង្ហាញ​ស្នៀតពិសេសៗ​របស់​ក្រុម​អត្តពលិក​កីឡាហាប់គីដូកម្ពុជា នៅក្នុងពិធីបិទការ​ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​២២ ខែធ្នូ។ រូប​ថត ឈន ណន

លោក មឿន សម្បត្តិ បាន​បញ្ជាក់​ថា៖ «បើ​មានការគាំ​ទ្រ​ពី​អ្នក​ធ្វើដំណើរ​កាន់តែ​ច្រើន យើងនឹង​ជំរុញលើក​ទឹក​ចិត្ត​ឱ្យមានការ​ប្រកួត​សម្រាប់​កីឡាករ កីឡាការិនី​យើង នៅតាម​បណ្តា​ខេត្តផ្សេងៗ ដែលជាទិសដៅ​ធ្វើ​ដំណើរ​របស់​ឡាន​ឡារីតា​ ព្រោះជាក់​ស្តែង​កីឡាហាប់គីដូ​ មានការ​ប្រកួត​តែនៅ​ភ្នំពេញ​ទេ អ៊ីចឹង​តាម​រយៈ​សកម្មភាព​កីឡា និង​​សកម្មភាព​របស់​ក្រុម​ហ៊ុន​ យើងនឹង​ចូល​រួម​ឱ្យ​កាន់សកម្មទាំងអស់​គ្នា​​ថែម​ទៀត ​ដោយសង្ឃឹមថា យើង​នឹងអាច​ពង្រីក​សក្តានុពល​កីឡាហាប់គីដូ​ ទៅតាម​គោលដៅ​សំខាន់ៗ​ ដើម្បី​បើក​ឱ្យមា​នការ​ចូលរួមហាត់ និង​ប្រកួត​ទាំង​អស់​គ្នា»។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡាហាប់គីដូ បាន​បង្ហាញ​ការគាំទ្រ​ពេញ​ទំហឹង ចំពោះ​គម្រោង​​រៀបចំ​ឱ្យមាន​ការ​ប្រកួត​កីឡាហាប់គីដូ នៅតាម​ខេត្ត​នេះ ព្រោះ​វានឹង​ជួយ​ឱ្យ​ប្រភេទកីឡា​នេះ មាន​ភាពផុសផុលនៅទូទាំ​ងប្រទេស ដើម្បី​ឈាន​ទៅ​បង្កើតឱ្យមាន​ក្លិប​ហាប់គីដូ នៅតាម​ខេត្តបន្ថែម​ទៀត ជាពិសេស​ផ្តល់​ឱកាស​ឱ្យ​ក្រុមអត្តពលិក​ មានការ​ប្រកួត​កាន់​តែច្រើន ដើម្បី​ពង្រឹងសមត្ថ​ភាពឱ្យ​បាន​ល្អ។

ក្រុម​អត្តពលិក ដែល​ដណ្តើម​បានមេដាយ​ពីការ​ប្រកួត​កីឡាហាប់គីដូ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ បាន​ថត​ជាមួយ​ថ្នាក់​ដឹកនាំ ម្ចាស់ឧបត្ថម្ភ និង​គ្រូ​បង្វឹក នៅ​ក្នុង​ពិធី​បិទ កាលពី​ថ្ងៃទី​២២ ខែធ្នូ។ រូប​ថត ឈន ណន

លោក​បាន​បញ្ជាក់​ថា៖ ​«តាម​រយៈការ​ជួយ​ឧបត្ថម្ភ​របស់ក្រុម​ហ៊ុនឡានឡារីតា រយៈពេល​៤​ឆ្នាំ​នេះ បាន​ធ្វើ​ឱ្យ​វិស័យ​កីឡា​របស់​យើង មានការ​រីកចម្រើន​ច្រើន ដោយអាច​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​បាន​២ដងហើយ ក្រោមការ​អនុញ្ញាត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ក៏បាន​ជួយ​ក្រុម​ហាប់គីដូយើង ឱ្យ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​លើកដំបូង ដោយ​ដណ្តើម​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់ ជា​ប្រវត្តិ​សាស្រ្ត»។

បុរស​ដែល​បានលះបង់​ច្រើនជាងគេ ដើម្បីជួយ​ឱ្យ​​​​ប្រភេទ​​កីឡាហាប់គីដូ បន្ត​មាន​វត្តមាននៅ​កម្ពុជា​​ដល់សព្វ​ថ្ងៃ លោក គង់ ចាន់ធីណា បន្ថែម​ថា៖​ «ចំណែក​គម្រោងរៀបចំ​ឱ្យ​មាន​ការ​ប្រកួត​កីឡាហាប់គីដូ​នៅតាម​ខេត្ត​​របស់ឡារីតា ​គឺ​ល្អបំផុត ព្រោះជា​ការ​លើកស្ទួយ​ឱ្យ​កីឡាករ កីឡាការិនី​របស់​យើង​មាន​ការ​ប្រកួតកាន់តែ​ច្រើន ដើម្បី​ពង្រឹង​សមត្ថ​ភាព និង​បង្កើន​នូវ​បច្ចេក​ទេស​របស់ពួកគេឱ្យ​កាន់តែល្អ​ប្រសើរ ដោយសារហាប់គីដូ មិន​សូវ​មានការ​ប្រកួត​ ដូច​ប្រភេទ​កីឡា​ផ្សេងៗ​នោះ​ទេ»៕