ការ​ប្រកួតកីឡា​ប្រដាល់ជ្រើស​រើសជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ ដែល​បានបញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ត្រូវ​បានមន្រ្តីជំនាញ​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា អះអាង​ថា ទទួលបាន​ជោគ​ជ័យធំ ព្រោះ​មានការ​កើន​ឡើង​ទាំង​កម្រិត​សមត្ថ​ភាព និង​បរិមាណ​អ្នក​ចូលរួម ប៉ុន្តែ​ការ​​ស្វែង​ទី​ផ្សារ​ប្រកួត​នៅតាម​សង្វៀនឯក​ជន​ក្នុងស្រុក នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះ​ក្រុម​អត្តពលិក​ប្រដាល់​កសលកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡា​ប្រដាល់​សកល​កម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាប្រដាល់​សកលជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ ដែល​ធ្វើ​នៅសាលដំបូលទូក​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីថ្ងៃទី២៣ ដល់​ទី​២៦ ខែធ្នូនេះ មានកីឡាករ​កីឡាការិនីចូល​រួម​សរុប​១៤៥នាក់ មកពី​៣០សមាគម/ក្លិបរាជធានី-ខេត្ត និង៣ក្រសួងចូលរួម គឺ​មានការ​កើន​ឡើងជាង​ឆ្នាំ​មុន​៥០​ភាគ​រយ។

ទន្ទឹម​នឹងនេះ សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា ក៏​បាន​បង្កើត​​យុវជនសាស្រ្ត​ថ្មី ដោយបង្កើន​ប្រាក់​រង្វាន់ សម្រាប់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​កីឡាការិនី​​ចូល​រួម​ការ​ប្រកួត​ថ្នាក់ជាតិ​លើក​នេះ ហើយនេះក៏ជាឆ្នាំ​ដំបូង ដែល​សហព័ន្ធ បាន​បញ្ចូល​ឱ្យមាន​វិញ្ញាសា​ប្រកួត​ផ្នែក​យុវជន​ផងដែរដើម្បី​ផ្តោតទៅលើ​ការ​បង្កើត​ធនធាន​យុវជន សម្រាប់​ឆ្ពោះ​ទៅ​កាន់ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩។


លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់​ថា៖​ «ការ​ប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​នេះ យើង​ទទួល​ជោគ​ជ័យធំ ចំណែក​ការ​ដាក់​ឱ្យមាន​វិញ្ញាសា​យុវជន ជា​លើក​​ដំបូងនេះ ​យើង​ឃើញ​ថា យុវជន​មួយចំនួន ​គាត់​បាន​បង្ហាញ​សិទ្ធផល​ និង​គុណ​ភាព​​ប្រកួតល្អ អ៊ីចឹង​បើ​សិនជា​មានការ​ប្រមូល​ផ្តុំ​ក្រុម​យុវជន​ឡើង​វិញ យើងនឹង​បញ្ចូល​ពួកគាត់​ជា​យុវជន​ជម្រើសជាតិ ដើម្បី​ត្រៀមទាំងការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៥ ឆ្នាំ​២០២៧ និង​​ការ​ប្រកួតកីឡា​យុវជនអាស៊ី ឆ្នាំ​២០២៩»។

ជា​លទ្ធផល​នៃ​ការ​ប្រកួតកីឡាប្រដាល់​សកលជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤​នេះ ក្រុមអត្តពលិក​របស់ក្រសួងមហាផ្ទៃ  ដណ្តើម​បាន​មេដាយ​មាស​៥ នៅក្នុងការ​ប្រកួត​ទាំង​១២​ប្រភេទ​ទម្ងន់ ដើម្បី​ឈរ​នៅលេខ​១ រីឯ​​លេខ​២​បាន​ទៅ​ក្រសួង​ការពារ​ជាតិ ដែល​ឈ្នះ​​បាន​​មាស​៣ និង​ប្រាក់​៤ តាមពីក្រោយ​ដោយ​ក្លិប​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ​ដែល​ឈ្នះ​​មាស​២ ប្រាក់​១ សំរឹទ្ធ​៤​ ក្លិប​​ខេត្ត​កំពង់​ឆ្នាំង ឈ្នះ​​មាស១ សំរឹទ្ធ​១​ និង​ក្លិប​អន្លង់កូមមាន​ជ័យ ឈ្នះ​​មាស​១ ហើយ​ក្លិបចំនួន​១១​ផ្សេង​ទៀត ក៏​​ទទួល​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធផងដែរ។


យ៉ាង​ណាក៏ដោយ ចំពោះ​ការ​សម្រិតសម្រាំង​យក​អត្តពលិក​ចូល​ហ្វឹក​ហាត់​ក្នុង​ក្រុមជម្រើសជាតិ ប្រចាំ​ឆ្នាំ​២០២៥​ខាងមុខ​នេះ លោក ប៊ុយ សុភ័ណ្ឌ បានបង្ហើប​ថា ផ្តោត​ខ្លាំង​ទៅលើ​កីឡាករ កីឡាករិនី ដែល​ហ្វឹក​ហាត់ប្រដាល់​សកល​ចំ ដោយមិន​ផ្តោត​លើ​កីឡាករ កីឡាការិនី​ដែល​ប្រកួត​​គុនខ្មែរ ឬ Kickbooxing នោះ​ទេ បើ​ទោះបីជា​អ្នក​ទាំង​នោះ ដណ្តើម​បានមេដាយ ក្នុងការ​ប្រកួត​ថ្នាក់ជាតិ ឆ្នាំ​២០២៤​នេះ​ក៏​ដោយ។

លោក ប៊ុយ សុភ័ណ្ឌ ពេល​ថតជាមួយ​ក្រុម​ត្រកូលអ្នកប្រដាល់​ត្រកូល «វី» ដែល​ដណ្តើម​បានមេដាយមាស​២ ពីការ​ប្រកួត​កីឡាប្រដាល់សកល​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤នេះ។ រូប​ថត សហការី

លោក សុភ័ណ្ឌ បញ្ជាក់​ថា៖​«ការ​ប្រមូល​ផ្តុំ​ឆ្នាំ​នេះ គឺ​ភាគ​ច្រើនជា​កីឡាករ​ប្រដាល់សកល​ចំ ហើយ​ជាយុទ្ធសាស្រ្ត សហព័ន្ធ ក៏បាន​បង្កើត​ធនធាន​យុវជន​ដោយ​ផ្ទាល់​ផងដែរ ដោយ​ផ្តោត​ការ​ហាត់តែ​ប្រដាល់​សកល​ទេ»។

«ចំណែក​​ការ​ប្រកួត​ថ្នាក់ជាតិនេះ ឃើញ​មានទាំង​កីឡាករ​ជម្រើសជាតិ និង​កីឡាករ​មក​ពីតាមបណ្តា​ក្លិប បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដែលនេះជាសញ្ញាល្អ ក្នុងការ​ជ្រើស​រើស​ពួកគាត់​ទៅ​ប្រកួតស៊ីហ្គេម​នៅ​ថៃ ហើយ​ជឿថា​ យើងនឹងនៅតែ​​អាច​រក្សាកំណត់​ត្រា​នៃការ​ដណ្តើម​បាន​មេដាយ ដូចសមិទ្ធផល​ជោគជ័យ សម្រាប់​ការ​ធ្វើម្ចាស់​ផ្ទះស៊ីហ្គេម កាលពី​ឆ្នាំ​២០២៣»។ លោក ប៊ុយ សុភ័ណ្ឌ បាន​បន្ថែម។

​សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ​កន្លងមក​នេះ ក្រុមប្រដាល់​សកល​កម្ពុជា​ ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​៣ និងសំរឹទ្ធ​៥ ដោយ​ឈរនៅលេខ​៤ ក្នុងចំណោម​១០ប្រទេស ចំណែក​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ថៃ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់​ថា សហព័ន្ធ នៅតែ​ត្រូវការ​កីឡាករចូល​​សញ្ជាតិ​ ដើម្បី​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ​ហើយ​សហព័ន្ធ ក៏គ្រោង​នឹង​បញ្ជូន​ក្រុមអត្តពលិក​ទៅ​ហ្វឹក​ហាត់ និង​ប្រកួត​នៅ​ក្រៅ​ប្រទេស ត្រៀម​ស៊ីហ្គេម ចុង​ឆ្នាំ​២០២៥​ផងដែរ។

ក្រុមអត្តពលិក ដែល​ដណ្តើម​បានមេដាយពីការ​ប្រកួត​កីឡា​ប្រដាល់​សកល​ថ្នាក់ជាតិ ឆ្នាំ​២០២៤ បាន​ថតជាមួយថ្នាក់ដឹកនាំ​ គ្រូ​បង្វឹក និងម្ចាស់​ឧបត្ថម្ភ នៅ​ក្នុងពិធីបិទ កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍។ រូប​ថត សហការី

តែទោះបីជា​យ៉ាង​ណា ចំពោះ​​ការ​ស្វែង​រក​ទីផ្សារ​ឱ្យ​កីឡាករ កីឡាការិនី​ប្រដាល់សកល បានឡើង​​ប្រកួត​នៅតាម​សង្វៀនឯក​ជន​ក្នុងស្រុក វា​នៅ​តែជាបញ្ហា​ប្រឈម សម្រាប់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ខណៈ​ម្ចាស់​សង្វៀន​នៅតាម​ស្ថានីយ៍នីមួយៗ មិនសូវចាប់​អារម្មណ៍​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់ គឺ​ផ្តោត​សំខាន់​តែលើ​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ និង Kickboxing នោះ។

ចំពោះ​​បញ្ហានេះ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់​ថា៖​ «សហព័ន្ធ តែងតែ​បានស្នើ​សុំ​​ឱ្យមាន​រៀបចំ​ការ​ប្រកួត​ប្រដាល់សកល នៅ​តាម​សង្វៀន​របស់​ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ប៉ុន្តែ​នៅតែ​មិនសូវ​មាន​ឱកាស ហេតុនេះ​យើងបានកៀរគរ​រកការឧបត្ថម្ភ ដើម្បី​រៀបចំឱ្យមានការ​ប្រកួត​ប្រដាល់សកល​អាជីពដោយ​ខ្លួនឯង ហើយ​ឆ្នាំ​២០២៤​នេះ យើង​រៀបចំ​បាន​៣​លើក ចំណែក​នៅឆ្នាំ​២០២៥ យើង​នឹងព្យាយាម​រៀបចំការ​ប្រកួត​ឱ្យបានកាន់តែ​ច្រើន»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​យើងនៅតែ​អំពាវនាវសុំ​​ឱ្យម្ចាស់​សង្វៀន​ប្រដាល់​នៅតាមស្ថានីយ៍​ក្នុងស្រុក ​រៀបចំ​ឱ្យមានការ​ប្រកួត​ប្រដាល់​សកល ជារៀង​រាល់ចុងសប្តាហ៍​ផង ដើម្បី​ឱ្យ​ក្រុម​អត្តពលិក​អាច​ពង្រឹង​សមត្ថ​ភាពកាន់​តែ​ល្អ ព្រោះទាំង​ប្រដាល់​​គុនខ្មែរ ដែលជា​កីឡាអត្តសញ្ញាណជាតិ និង​ប្រដាល់​សកល ក៏ដូចជា​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត គឺ​ពេល​ប្រកួតស៊ីហ្គេម សុទ្ធ​តែ​ប្រឹង​ប្រែង​​ដណ្តើម​យក​មេដាយ​ជូនជាតិ និងលើក​ទង់ជាតិ​ខ្មែរ បង្ហាញ​នៅលើ​ឆាក​អន្តរជាតិដូចគ្នា»៕