ក្រុមជម្រើសជាតិនារី​កម្ពុជា បានរួមគ្នា​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត តាម​រយៈ​ការ​ដណ្តើម​​បាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​នារី​​អាស៊ាន ឆ្នាំ​២០២៤ (AFF Women’s Cup) ជា​លើកដំបូង ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការភ្ញាក់​ផ្អើល និង​​កោតសរសើរ​​ខ្លាំង ចំពោះការ​ប្រឹង​ប្រែងរបស់​ក្រុម​មួយនេះ។

ការបង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​នេះ គឺ​បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិនារី​ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​​ពហុកីឡដ្ឋាន New Laos National Stadium ប្រទេស​ឡាវ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ហើយ​គ្រាប់​បាល់​ទាំង​៣​នេះ រក​បាន​ដោយ​កីឡាការិនី សឿន វិផា និង ពឿន គន្ធា ​មកពី​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន។

តាម​រយៈការ​ប្រកួត​នោះ ខ្សែ​ប្រយុទ្ធ សឿន វិផា ជា​អ្នក​រក​បាន​គ្រាប់បាល់​ទី​១ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា តាម​រយៈ​ការ​ស៊ុតបាល់​ពិន័យ​១១ម៉ែត្រ បានសម្រេច​នៅនាទីទី​៣៦ ហើយ​ការ​ទទួល​បាន​បាល់​ពិន័យ​នេះ ដោយសារ​​ខ្សែ​ការពារ​របស់​ទីម័រ​ខាង​កើត បាន​ចាប់​ទាញ​ វិផា ​ឱ្យ​ដួល ក្នុងពេល​ដែល​កីឡាការិនី​របស់​កម្ពុជា​រូបនេះ បានព្យាយាម​អូស​បាល់​ចូលតំបន់​គ្រោះ​ថ្នាក់ពីការ​បញ្ជូន​បាល់​ខ្លី​របស់ ហេង សុវណ្ណមុនី។


បន្ថែម​លើ​គ្រាប់​បាល់​នាំ​មុខ ១-០ នេះ​ ខ្សែ​ប្រយុទ្ធ​មកពី​ក្លិប​ភ្នំពេញ​ក្រោន ពឿន គន្ធា ដែល​ដាក់​ឱ្យ​ចូល​លេង​នៅក្នុង​តង់ទី​២ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​កាន់​តែ​មានការ​ភ្ញាក់​ផ្អើល ពីការ​រក​បាន​២​គ្រាប់​តែ​ម្នាក់​ឯង​របស់​នាង ដោយ​​គ្រាប់បាល់​ដំបូង ជាការទាត់​បាល់​ធ្លាក់​មិនទាន់ដល់​ដីបញ្ចូ​ល​ទី ពីការលើក​ទម្លាក់​ចូល​ក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់​ ហុក សៅឌី នៅនាទៅទីទី​៧៣ ហើយ​១​គ្រាប់​ទៀត ជាការ​ស៊ុតបាល់​ចេញពី​ជ្រុង​គំនូសសខាង​ឆ្វេង បញ្ចូល​ទី​បាន​យ៉ាង​ល្អបំផុត នៅនាទីទី​៩០។

ការ​រក​បាន​២​គ្រាប់​បន្ថែម​របស់ ពឿន គន្ធា បាន​ផ្តល់​នូវជោគ​ជ័យ​យ៉ាង​ធំ​ធេង​បំផុត​ដល់​​ក្រុម​ជម្រើសជាតិ​នារីកម្ពុជា លើ​ក្រុមជម្រើសជាតិនារី​ទីម័រខាង​កើត ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ដំបូង ហើយ គន្ធា ក៏កំពុង​ឈរលើគន្លង​អាច​​ឈ្នះ​បានស្បែក​ជើង​មាស​ផង​ដែរ ព្រោះគិត​ត្រឹម​ពេលនេះ គន្ធា រក​បាន​៣​គ្រាប់​ច្រើនជាង​គេ ហើយតាមពី​ក្រោយ​ដោយ​កីឡាការិនី​របស់​ឥណ្ឌូនេស៊ី Claudia Scheunemann ដែល​រក​បាន​២​គ្រាប់។


សម្រាប់​ការ​ដណ្តើម​បានឱកាស​ឡើង​ទៅ​កាន់វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា នៅក្នុង​វិស័យ​បាល់​ទាត់ និង​អ្នកគាំទ្រ មានការ​ភ្ញាក់​ផ្អើល និង​កោតសរសើរ​ខ្លាំង ពីការ​ធ្វើ​បាន​យ៉ាង​ល្អ​របស់​ក្រុមជម្រើសជាតិនារី​កម្ពុជា ហើយ​សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា បានចាត់​ទុក​ជ័យជម្នះនេះ​ថា ជា​ការ​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី សម្រាប់​ក្រុម​បាល់​ទាតិនារី​កម្ពុជា។

ខ្សែ​ប្រយុទ្ធ ពឿន គន្ធា ក្នុង​ពេល​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិនារី​ទីម័រខាង​កើត ដោយម្ចាស់​អាវ​លេខ​១៩​រូបនេះ រកបាន​២​គ្រាប់តែម្នាក់ឯង ដើម្បី​ជួយ​ឱ្យ​ក្រុម​នារី​កម្ពុជា ឈ្នះ ៣-០។ រូប FFC

សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​បង្ហោះ​សារ លើ​ផេចហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​បែបនេះ​ថា៖ «អបអរសាទរ ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា បាន​ឡើង​ទៅ​កាន់ “វគ្គផ្ដាច់ព្រ័ត្រ” ជាលើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​ក្នុងការ​ប្រកួត​ពាន​រង្វាន់ AFF Women’s Cup 2024»។

ចំណែក​អតីត​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ឃួន ឡាបូរ៉ាវី ដែល​ត្រូវ​បាន​តែង​តាំងជា​គ្រូ​បង្គោល​ក្រុមជម្រើសជាតិនារី​កម្ពុជា សម្រាប់​ការ​ប្រកួត​ពាន AFF Women’s Cup 2024នេះ បានសម្តែងការ​រីក​រាយ​ខ្លាំង ចំពោះ​ការ​ដឹកនាំ​ក្រុមនារី​កម្ពុជា ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​​ព្រ័ត្រ​នេះ។

ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រវាង​ក្រុម​ជម្រើសជាតិនារី​កម្ពុជា និង​ក្រុម​ជម្រើសជាតិនារី​ទីម័រខាងកើត នៅប្រទេស​ឡាវ កាលពី​ថ្ងៃចន្ទ។ រូប​ថត FFC

«អរគុណ​ដល់​កីឡាការិនី​ឆ្នើមទាំងអស់​របស់​ខ្ញុំ និង​បុគ្គលិកបង្វឹក​របស់​ខ្ញុំ! យើង​រួមគ្នាធ្វើ​ឱ្យ​រឿង​នេះ​កើត​ឡើង»។ នេះជាការ​បង្ហោះសារ​យ៉ាង​ខ្លី​របស់​គ្រូ​បង្វឹក​ ឃួន ឡាបូរ៉ាវី ហើយ​លោក​ក៏បាន​បង្ហាញពី​មហិច្ឆតា ក្នុងការ​ដឹកនាំ​ក្រុម​នារី​កម្ពុជា ឱ្យ​ឈ្នះពាន AFF Women’s Cup 2024 នេះ​ផងដែរ។

គួរ​បញ្ជាក់​ថា ​​ក្រុមជម្រើសជាតិ​​នារី​កម្ពុជា នឹង​​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​​ក្រុម​ជម្រើសជាតិនារី​ឥណ្ឌូនេស៊ី ដែល​បាន​យក​ឈ្នះ​ក្រុមជម្រើសជាតិនារី​សិង្ហបុរី នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​លទ្ធផល ៣-០ ដូចគ្នា ហើយជំនួប​នេះ នឹង​ធ្វើ​នៅ​ National Stadium KM16 នាម៉ោង ៧:៣០យប់​ ថ្ងៃទី​៥ ខែធ្នូ​នេះ ខណៈការជួបគ្នា នៅ​វគ្គជម្រុះ​ក្នុងពូល ក្រុមនារី​កម្ពុជា និង​ក្រុមនារីឥណ្ឌូនេស៊ី បានស្មើ​គ្នា ០-០។ រីឯ​​ក្រុម​នារី​ទីម័រ​ខាង​កើត និង​ក្រុមនារី​សិង្ហបុរី ក៏ត្រូវ​ប្រកួតគ្នា​ដណ្តើម​យក​លេខ​៣ នា​ថ្ងៃ​ព្រហស្បតិ៍​នោះ​ផងដែរ៕