អ្នកប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ ពេជ្រ សម្បត្តិ ត្រូវ​បាន​អ្នក​ប្រយុទ្ធ​របស់ជប៉ុន​ Taimu Hisai វាយសន្ធាប់​រហូត​តដៃលេង​បាន ហើយ​ត្រូវ​បាន​លោកអាជ្ញាកណ្តាប់​បញ្ឈប់​ក្នុងទឹកទី​៣ សម្រាប់​ការទទួល​បានឱកាស​​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ជាប្រវត្តិសាស្រ្ត លើក​ដំបូង របស់គេ នៅ​លើ​សង្វៀន Knockout របស់​ជប៉ុន ក្នុង​ព្រឹត្តិការណ៍ KO CLIMAX 2024 ប៉ុន្តែ​ ចំរើន គុនខ្មែរ បានបង្កើត​ឱ្យមានការ​ភ្ញាក់​ផ្អើល​ តាម​រយៈ​ការ​ផ្តួល​កីឡាករ​ម្ចាស់ខ្សែ​ក្រវាត់​​របស់​ជប៉ុន​ឱ្យ​សន្លប់​ នៅទឹក​ទី​១វិញ​។

បើទោះបីជា​ ពេជ្រ សម្បត្តិ ធ្លាប់​បាន​ធ្វើ​ឱ្យ​ម្ចាស់​ខ្សែ​ក្រវាត់​ Taimu Hisai ស្រក់ទឹក​ភ្នែក សម្រាប់​ការ​ជួបគ្នា នៅលើ​ទឹក​ដី​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ តាម​រយៈការ​យក​ឈ្នះ​ដោយពិន្ទុ ប៉ុន្តែ​ការជួបគ្នាជា​ថ្មី នៅលើទឹក​ដីជប៉ុន នារសៀល​ថ្ងៃ​ចន្ទនេះ Taimu Hisai ​បាន​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ប្រកួតបាន​យ៉ាង​ល្អ ដើម្បី​ផ្តួល ពេជ្រ សម្បត្តិ ឱ្យ​សន្លប់​វិញ។

តាម​រយៈការ​ប្រកួត ដែល​មាន​ត្រឹម​៣​ទឹក​នេះ ជើងខ្លាំង​របស់ជប៉ុន Taimu Hisai មិន​បាន​ប្រកាន់​ជំហរ​វាយ​ប្តូរកណ្តាប់ដៃ​ដោយ​ប្រឈម​ជាមួយ ពេជ្រ សម្បត្តិ ដូចការជួបគ្នា​នៅលើ​ទឹក​ដី​កម្ពុជាទៀត​​នោះ​ទេ គឺ​រូបគេ បាន​​ប្តូរ​មកប្រើជង្គង់​ភាគ​ច្រើន ដែល​ធ្វើ​ឱ្យ ពេជ្រ សម្បត្តិ ដែលមានកម្ពស់​ទាបជាងនោះ មានការពិបាក​ ទាំង​ការ​ចូល​ម៉ាត់កៀក​ និងការចូល​ចាប់​បុកជង្គង់​ ព្រោះ​ផ្លែ​វាយចេញ​របស់ Taimu វែងជាង។


កីឡាករ​ម្ចាស់​ផ្ទះ Taimu Hisai បាន​បង្ហាញ​ការ​មានប្រៀប​លើ ពេជ្រ សម្បត្តិ តាំងពី​ទឹក​ទី​១ ដោយ​រូបគេ​បាន​​បុកជង្គង់ និង​ម៉ាត់ចូលពេញៗ​ល្អជាង ហើយ​នៅទឹក​ទី​២ រូបគេ​បាន​ព្យាយាម​ចូលចាប់​កាច់​បន្ថយ​កម្លាំង​របស់ ពេជ្រ សម្បត្តិ មុនពេល​ប្រើជង្គង់​ឆ្វេងស្តាំ​ ដើម្បី​យក​ប្រៀប​លើ សម្បត្តិ ១ទឹកទៀត។ 

ជាមួយការចាញ់​ប្រៀប​២​ទឹក​នេះ ពេជ្រ សម្បត្តិ ​បាន​ព្យាយាម​វាយសម្រុក​កាន់តែ​ខ្លាំង នៅទឹក​ទី​៣ ក្នុង​បំណងស្តាដើម​មក​វិញ ប៉ុន្តែការម៉ាត់​ឆ្វេងចូល​ផ្ទៃមុខ​ពេញ​របស់ Taimu Hisai បាន​ធ្វើ​ឱ្យ សម្បត្តិ ដួល​ទាំង​ជំហរ ហើយត្រូវបានជ្ញាកណ្តាល​រាប់​ជា​លើក​ទី​១ និង​ឈាន​ដល់​បញ្ឈប់ការ​ប្រកួត​តែ​ម្តង នៅពេល​ឃើញ​ថា ពេជ្រ សម្បត្តិ អស់​លទ្ធភាព​ក្នុងការ​ទប់ការ​វាយសម្រុក​ដោយ​​កណ្តាប់​ដៃ និង​ជង្គង់​របស់ Taimu Hisai នោះ។


ចំណែក​អ្នក​ប្រដាល់​របស់​​ថៃ Lom Leesan Tiger Reon បានចាញ់​ធ្ងន់ក​ជាង ពេជ្រ សម្បត្តិ ទៅទៀត សម្រាប់​​ការ​ប្រកួតម៉ារ៉ាតុង ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៦០គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ KO CLIMAX 2024នេះ​ ដោយ​រូបគេ ត្រូវ​បាន​កីឡាករ​ជប៉ុន Kanato Shomoji ទាត់​ស្តាំ​ចូល​កញ្ចឹងក បណ្តាល​ឱ្យ​សន្លប់​ធំ នៅចុងទឹកទី​១ បន្ទាប់​ពី​លោកអាជ្ញាកណ្តាល​រាប់ចំនួន​១លើករួច​មក ដែល​ធ្វើ​ឱ្យការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើមខ្សែ​ក្រវាត់នេះ ជា​ការឡើង​ទៅជួប​គ្នា​រវាងកីឡាករជប៉ុនដូចគ្នា គឺ Taimu Hisai និង Kanato Shomoji។

កីឡាករកម្ពុជា ចំរើន គុនខ្មែរ រួមទាំង​ប្រតិភូ និង​គ្រូ​បង្វឹក បានបង្ហាញ​ភាពសប្បាយ​រីក​រាយ ចំពោះ​ការ​ផ្តួល​ម្ចាស់​ខ្សែ​ក្រវាត់​របស់ជប៉ុន Ogasawara Eisaku ឱ្យ​សន្លប់​នៅ​ទឹក​ទី​១។ រូប​ថត សហការី

ដោយ​ឡែក សម្រាប់ការ​បង្ហាញ​វត្តមាន​ជា​លើកដំបូង នៅលើ​​សង្វៀន Knockout របស់​ជប៉ុន ក្នុង​ព្រឹត្តិការណ៍ KO CLIMAX 2024 នេះ​ដែរ អ្នក​ប្រដាល់មុខ​សេដ ចំរើន គុនខ្មែរ បាន​ទាត់ និង​ម៉ាត់​ឱ្យ​អ្នក​ប្រដាល់ជាម្ចាស់​ខ្សែ​ក្រវាត់​របស់ជប៉ុន Ogasawara Eisaku ដួល​ទាំង​វង្វេង ហើយ​ត្រូវបានអាជ្ញាកណ្តាល​រាប់​ចំនួន​២​លើក និង​​ឈាន​ដល់​ការ​បញ្ឈប់ការ​ប្រកួត​នៅ​ទឹក​ទី​១​នេះតែម្តង ខណៈ​ជប៉ុន លែងមានលទ្ធភាព​តដៃជាមួយ ចំរើន នោះ។

ការ​ផ្តួល​កីឡាករជប៉ុន Ogasawara Eisaku ​ឱ្យ​សន្លប់​​របស់ ចំរើន គុនខ្មែរ សម្រាប់​ការ​ប្រកួត​មិត្ត​ភាពនេះ បាន​ក្លាយជា​ជ័យជម្នះ​យ៉ាងសំខាន់ ដែលបាន​ស្តាមុខមាត់គុនខ្មែរ​បាន​មួយកម្រិត​វិញ ចំពោះ​ការ​បរាជ័យ​ដោយសន្លប់​របស់ជនរួមជាតិ ពេជ្រ​ សម្បត្តិ នៅលើ​​សង្វៀន Knockout ក្នុង​ព្រឹត្តិការណ៍ KO CLIMAX 2024 នៅប្រទេសជប៉ុន​នេះ៕