សហព័ន្ធ​កីឡាបាល់​បោះ​កម្ពុជា បានឈាន​ដល់​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើ​ការអភិវឌ្ឍកីឡាបាល់បោះយុវជន ជាមួយ​ក្រុមហ៊ុន CSSR FUTURE NOW ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការបង្កើត​ឱ្យមាន​ស្តង់ដាលីគ​យុវជន ដើម្បី​​ពង្រឹង​ធនធាន​ថ្នាល ឱ្យ​ក្លាយ​ទៅជា​កីឡាករ​កីឡាការិនី​ពោរពេញ​ដោយសមត្ថ​ភាព ដើម្បី​​លេងតំណាង​​ឱ្យ​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ។

បើទោះបីជា​ក្រុមជម្រើសជាតិ​​បាល់​បោះ​កម្ពុជា ទើបតែ​បានបង្កើត​ប្រវត្តិសាស្រ្តថ្មី ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅលើទឹក​ដី​ខ្លួនឯង ដោយ​ដណ្តើម​បាន​មេដាយមាស​១ និង​ប្រាក់​១ ជាលើកដំបូង ប៉ុន្តែ​ការចាប់​ដៃ​ជាមួយ CSSR FUTURE NOW ដើម្បី​រៀបចំ​ឱ្យ​មានការ​ប្រកួតលីគបាល់បោះ​យុវជន​ក្នុង​រយៈពេល​វែង​នេះ វាជារឿងដ៏សំខាន់មួយ​ទៀត ដើម្បី​​បណ្តុះ​បាន​ថ្នាក់​ថ្នាលមានគុណភាព ​សម្រាប់​បន្ត​វេន​ក្នុង​ក្រុមជម្រើសជាតិ។​

លោកស្រី កែវ មនោរម្យ ជានាយិកាវិទ្យាស្ថានជាតិ​អប់រំកាយ និង​កីឡា និងជាសមាជិក​ប្រតិបត្តិសហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធីចុះ​ហត្ថលេខា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា​ថា ក្នុង​ភាពជាដៃគូនេះ ក្រុមហ៊ុន CSSR FUTURE NOW នឹង​​រៀបចំដំណើរ​ការប្រកួត High School League ក្នុងគោលបំណងបំផុសឱ្យយុវជនចូលរួមគាំទ្រ និងលេងកីឡាបាល់បោះកាន់តែ​ច្រើន។


លោក​ស្រី​បញ្ជាក់​ថា៖​ «តាម​រយៈ​កិច្ចព្រមព្រៀងគ្នានេះ យើងនឹងរួមគ្នារៀបចំផែនការប្រកួត​លីគបាល់បោះឈុត U15 និងU19 ទាំង​បុរស និង​នារីរបស់ប្រទេសកម្ពុជា ឱ្យមានដំណើរការដោយរលូន ហើយ​នេះជាឱកាសដ៏ល្អក្នុងការបោះជំហានទៅពង្រឹង​សមត្ថ​ភាព​យុវជនថ្នាលឱ្យ​មាន​ភាព​រឹងមាំ សម្រាប់​បន្ត​វេន​ក្នុង​ក្រុមជម្រើសជាតិ អ៊ីចឹង​វាជាផ្លែផ្កាដ៏ធំមួយ​សម្រាប់​វិស័យកីឡាបាល់បោះកម្ពុជាតទៅថ្ងៃអនាគត»។

តាងនាមឱ្យ លោក ស៊ាន បូរ៉ាត់ ជា​ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា លោកស្រី កែវ មនោរម្យ ក៏​បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន CSSR FUTURE NOW ដែល​មានឆន្ទៈខ្ពស់ និងឧបត្ថម្ភគាំទ្រដល់ការផលិតធនធានថ្នាលយុវជនឱ្យកាន់តែរីកចម្រើន ខណៈ​កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា។


ជាមួយគ្នានេះ លោក អូស្ទីន កូលេដយ (Austin Koledoye) អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់បោះកម្ពុជា បានអះអាង​ថា កិច្ច​សហការជាមួយដៃគូអភិវឌ្ឍលើកមុនៗ គឺ​ផ្តោតតែលើការអភិវឌ្ឍក្រុម​ឈុតធំប៉ុណ្ណោះ ប៉ុន្តែការចាប់ដៃជាមួយក្រុមហ៊ុន CSSR FUTURE NOW ពេលនេះ​ខុសពីមុន ដោយ​​​ផ្តោតសំខាន់ទៅ​លើការអភិវឌ្ឍថ្នាលយុវជន ដែល​យក​លំនាំ​តាមសហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា។

សន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិវឌ្ឍកីឡាបាល់បោះយុវជន រវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា ជាមួយក្រុមហ៊ុន CSSR FUTURE NOW។ រូបថត ឈន ណន

លោកបញ្ជាក់​ថា៖ «កិច្ចសហការថ្មី ដោយ​ផ្តោតសំខាន់​​ទៅលើ​​ការរៀបចំការប្រកួតលីគយុវជន​នេះ នឹងជួយ​ជំរុញឱ្យសហព័ន្ធរបស់​យើង រៀបចំផែនការកាន់តែច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​យុវជន​ថ្នាល​ក្នុងរយៈពេល៤ឆ្នាំ ក្នុង​ការ​ជ្រើស​រើស​បាន​ធនធានល្អៗ​ចូល​ជម្រើសជាតិ ដើម្បី​​ឱ្យ​ក្រុមបាល់បោះ​កម្ពុជា មាន​លទ្ធភាព​​ប្រកួត​ប្រជែង​ពានរង្វាន់នៅ​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិបន្ថែមទៀត»។

ចំណែក​លោក គួច វរ្ម័ន ជា​ CEO របស់​ក្រុមហ៊ុន CSSR FUTURE NOW បាន​ឱ្យ​ដឹង​ថា ការចុះ​កិច្ចព្រម​ព្រៀង​ជាមួយសហព័ន្ធ​កីឡាបាល់​បោះ​កម្ពុជា​នេះ ដោយ​សារ​​ប្អូន​ប្រុស​ទាំង​២នាក់របស់លោក ដែលកំពុង​ប្រកប​អាជីព​បាល់​បោះ​នៅ​ក្រៅ​ប្រទេស ចង់​នាំយក​បទពិសោធន៍ពី​ក្រៅ​ប្រទេស មកចែក​រំលែក​នៅ​កម្ពុជា​ ហើយ​លោកផ្ទាល់ ក៏​​ចង់ផ្តល់ឱកាសដល់យុវជន យុវនារី ដែលជាសិស្សានុសិស្សចូលរួមលេងកីឡាបាល់បោះឱ្យ​បាន​កាន់តែច្រើន ព្រម​ទាំងលើក​ទឹកចិត្តដល់​អត្តពលិក​វ័យក្មេង ខំហ្វឹកហាត់ថែម​ទៀត ដើម្បីឈានឆ្ពោះទៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃអនាគត។

លោក​បញ្ជាក់​ថា៖ «ខ្ញុំបានខិតខំរយៈពេល២ឆ្នាំជាមួយលោក Austin ដើម្បីរៀបចំដំណើរការឱ្យមានស្តង់ដាលីគយុវជនបាល់បោះកម្ពុជា ឱ្យមានភាពយូរអង្វែង។ ​ភាពយូរអង្វែងនេះ នឹងផលិតបាន​នូវ​ធនធាន​អត្តពលិកមានគុណភាព ដើម្បី​ចូល​ប្រកួត​តំណាង​ឱ្យ​ជាតិ ​ហើយ​វាពិតជា​មាន​មោទនភាព ក្នុងនាមយើង​ជាកូន​ខ្មែរ នៅពេលឃើញ​​ក្រុម​កម្ពុជា ទទួល​បានជោគជ័យ សម្រាប់​ការ​ប្រកួតនៅ​​លើ​ឆាក​អន្តរជាតិ»៕