ភ្នំពេញ៖ ការ​វិល​ត្រឡប់​មក​កាន់​សង្វៀនជា​ថ្មី​របស់​អតីត​កីឡាករ ​ធ្លាប់​សាងបាន​​ភាព​ល្បី​ខ្លាំង កាល​ពី​​ជាង​​២០​ឆ្នាំ​មុន ជា ស្រួច មិន​ទទួលបាន​លទ្ធផល​ល្អ​​ទេ ដោយកីឡាករ​វ័យ ​៥៣ ​ឆ្នាំ​រូបនេះ ត្រូវ​បាន​អ្នក​ប្រដាល់​ពេញ​ដោយ​កម្លាំង​របស់​អ៊ីរ៉ង់ Yousef Hematis ម៉ាត់​ឱ្យ​សន្លប់​យ៉ាង​ងាយ ហើយ​ហេតុ​ការណ៍សន្លប់​នេះ បាន​ធ្វើ​ឱ្យ​លោក អេ ភូថង ជា​មិត្ត​ភក្តិ និងជា​គ្រូ​បង្វឹក មាន​ការបារម្ភខ្លាំង និងបានសម្រេច​ថា ឈប់​ឱ្យ ជា ស្រួច ឡើង​ប្រកួត​ទៀត​ហើយ។

លោក អេ ភូថង បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖​ «​ខ្ញុំ​ភ័យចំពោះ​គាត់ (ជា ស្រួច) ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់ធំ! គាត់បានហ្វឹកហាត់ត្រៀម​ខ្លួន​​ហើយ ប៉ុន្តែ​ពេល​ឡើង​ប្រកួត​វាជារឿងផ្សេង ព្រោះ​យើង​ចាស់ ប្រព័ន្ធ​​ការពារ​មិនសូវ​ល្អ និង​វាយចេញ​​យឺត​ទៀត។ បើមើល​តាមទឹក​ដៃ គឺ​យើង​មិនទាន់​គេទេ ព្រោះ​កីឡាករក្មេងៗ​ឥឡូវ​គេ​ល្អ មិន​ដូច​ពីមុន​ឡើយ អ៊ីចឹង​ខ្ញុំ​នឹង​ឈប់​ឱ្យគាត់ឡើង​ប្រកួត​ទៀត​ហើយ»។

តាម​រយៈការ​បង្ហាញ​វត្ត​មានជា​ថ្មី នៅលើ​សង្វៀន CNC កាលពី​ថ្ងៃសៅរ៍ កន្លងមក​នេះ ជា ស្រួច ត្រូវបានស្វាគមន៍ជាមួយ​ការ​ច្រៀង​អមដោយបទ​ចម្រៀង «បេះដូងអ្នកប្រដាល់» របស់​ពិធី​ករ ព្រោះ​បទចម្រៀងដើម​​​របស់​លោក ខេមរៈ សិរីមន្ត​ នេះ​វាបង្ហាញ​ពី​ខ្សែ​ជីវិត​ពិត​របស់​លោក ជា ស្រួច តែម្តង ប៉ុន្តែសម្រាប់ការ​ឡើង​ប្រកួត​នេះ​ ជា ស្រួច មិនអាច​បង្ហាញ​សមត្ថ​ភាព​បាន​ល្អ ដូច​កាលពី​អតីតកាល​ទេ។


តាម​រយៈការ​ប្រកួត​ជាក់​ស្តែង ជា ស្រួច បានព្យាយាម​​ប្រើ​កណ្តាប់​ដៃ និងក្បាច់​កែង វាយ​ទៅ​លើ​​អ្នក​​ប្រដាល់​អ៊ីរ៉ង់ Yousef Hematis ប៉ុន្តែ​ការវាយ​ចេញរបស់​​គាត់ មិនសូវមានទម្ងន់​ឡើយ ហើយ​ល្បឿន​វាយ​ចេញ​ក៏ឆ្គាំឆ្គងមិន​ដូចពីមុនដែរ។ ផ្ទុយ​ទៅ​វិញ ការ​វាយ​សម្រុក​ដោយកណ្តាប់​ដៃ​ចូល​មុខ​ផ្ទួនៗ​ចំនួន​៦​ដៃ​របស់ Yousef​ បាន​ធ្វើ​ឱ្យ ជា ស្រួច ដួល​ក្រោយ​លែង​រួច នៅ​ត្រឹម​រយៈពេល​៤០នាទី នៅ​ក្នុងទឹក​ទី​១។


ការ​ដួល​សន្លប់​មួយ​ភាំង​របស់ ជា ស្រួច បាន​ធ្វើ​ឱ្យ​លោក អេ ភូថង ដែល​ជាអ្នក​រុំអំបោះ​ដៃ​ឱ្យ ជា ស្រួច ដោយ​ផ្ទាល់នោះ កើតក្តី​បារម្ភ​ខ្លាំង ហើយ​បាន​មើល​ឃើញ​ថា ជា ស្រួច មិនអាច​បន្ត​អាជីព​ ជា​កីឡាករ​បាន​ទៀត​ទេ គឺ​គួរ​តែ​ជា​គ្រូ​បង្វឹក​ដល់​កីឡាករ​ក្មេងៗជំនាន់​ក្រោយ វា​ប្រសើរជាង។

អតីតកីឡាករ​ជើង​ខ្លាំង​ គ្មានគូ​ប្រៀបនៅកម្ពុជា លោក អេ ភូថង បាន​បញ្ជាក់ថា៖ «បើ​ជួប​អ្នក​ចាស់ៗ​​ដូចគ្នា ​អាចវាយ​​បាន ព្រោះ​យើង​អាយុ​៥៣​ឆ្នាំ​ទៅហើយ តែ​​គេម្នាក់នេះ នៅ​​ក្មេង អាយុ​ទើប​​២៥​ឆ្នាំ ប៉ុន្តែ​មិនជា​បញ្ហា​ទេ ធ្វើ​ម៉េច​យើងចង់​សាក​ខ្លួនឯង ហើយនេះ​ជា​​បទ​ពិសោធន៍។ ខ្ញុំ​នឹង​និយាយ​ជាមួយ​គាត់ ឱ្យ​គាត់ឈប់​​ឡើង​ប្រកួត​ទៀត​ហើយ ព្រោះ​នៅពេល​ឃើញ​ពួកម៉ាក​បែបនេះ ខ្ញុំ​មាន​អារម្មណ៍ភ័យ និងចង់​ស្រឺតដង្ហើម​តែម្តង»។

ចំណែក លោក ជា ស្រួច ក៏​មិនបានជំទាស់ទៅនឹងសំណើរ​បស់​លោក អេ ភូថង ក្នុងការ​ឈប់​ឱ្យ​​គាត់ឡើង​ប្រកួត​នេះ​ទៀត​​ដែរ បើទោះបីជាខ្លួន​លោក​ផ្ទាល់ នៅ​តែ​មិនទាន់អស់​ចិត្ត ក្នុង​ការ​​បង្ហាញ​ពី​បច្ចេក​ទេស ព្រោះ​ការ​បង្ហាញ​ខ្លួន​ឡើង​វិញ បន្ទាប់ពី​ខក​ខានជាង​២០​ឆ្នាំ​នេះ លោកបែរ​ជា​ត្រូវ​ដាក់​ឱ្យ​ប្រកួតជាមួយ​កីឡាករ​វ័យក្មេង មាន​កម្លាំង​រឹងមាំ និងមាន​កណ្តាប់​ដៃ​ល្អ​ទៀត គឺ​ខុសពី​កម្រិត​សមត្ថ​ភាព និងអាយុ​របស់​លោក​នៅពេលនេះ។

លោក ជា ស្រួច បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​តាម​គាត់ ព្រោះ​យើង​ចាស់​ហើយ ប៉ុន្តែការ​ឡើង​សង្វៀន​​ជាថ្មី​នេះ ដោយសារ​ខ្ញុំ​ចង់​សាក​ខ្លួនខ្ញុំ​ទេ​ ថាតើ​ខ្ញុំ​អាច​វ៉ៃ​បាន​ឬអត់? តែ​យើង​ទៅ​អត់រួច ព្រោះ​យើង​ប៉ះ​គេ​ក្មេង។ ពីដំបូង​ គេ​ថា​យក​ស៊េរី​ចាស់ៗ មានសមត្ថ​ភាព​ល្មមៗមក​ ប៉ុន្តែ​កីឡាករ​​អ៊ីរ៉ង់​ម្នាក់នេះ នៅ​ក្មេង​អាយុ​ត្រឹម​ជាង​២០​ឆ្នាំ ចំណែក​ខ្ញុំ​ជាង​​ ៥០ ​ឆ្នាំ​​ទៅ​ហើយ ហើយ​​ចំអ្នកគេ​ល្អ​ដៃ​ទៀត ចំណែក​ទម្ងន់​ដៃ​របស់គេ​ធ្ងន់​ណាស់»។ 

ជាមួយគ្នានេះ លោក ជា ស្រួច បាន​សុំ​ចិត្ត​អ្នកគាំ​ទ្រ​កុំ​ដៀល ជេរ​គាត់ សម្រាប់ការ​ចាញ់​ដោយ​សន្លប់ ចំពោះ​ការ​ប្រកួត​ឡើង​វិញ​នេះ។ លោក​បានបញ្ជាក់ថា៖ «សូម​ផ្តាំផ្ញើ​ទៅបងប្អូន​ទស្សនិក​ជន ដែល​​គាំ​ទ្រ​​ខ្ញុំ​​តាំង​ពី​ដើម​មក សូមកុំ​ដៀល កុំ​ជេរ​ខ្ញុំ​អី ព្រោះ​ខ្ញុំ​ឡើង​ប្រកួត​វិញ​នេះ គ្រាន់តែ​ចង់​សាក​​មើល​បច្ចេក​ទេស​ខ្លួនឯង​ទេ ប៉ុន្តែ​ធ្វើ​ម៉េច បើ​ជួបគេក្មេង ហើយ​ល្អ​ដៃ​ទៀត​នោះ»៕