ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង ឡុង សំណាង និង ធន់ អៀងឡេង សុទ្ធតែ​បានប្រើ​ស្នៀត​ជើង​ផ្តួល​​អ្នក​ប្រដាល់​របស់​ថៃ Chao Boy និង Nok Krakchiep ឱ្យ​សន្លប់ សម្រាប់​ការ​បង្ហាញ​វត្តមាន​រួមគ្នា នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ប៉ុន្តែ​ ធន់ មករា បែរជាជួប​គ្រោះ​ភ្លាត់​ជង្គង់​ស្តាំ ក្រោម​ទម្ងន់​ជើង​របស់​ថៃ Chhuok Mongkhun ដ៏គួរ​ឱ្យ​សោក​ស្តាយ និង​ធ្វើ​ឱ្យ​អ្នក​ទស្សនា មិនអស់​ចិត្តចំពោះ​ការ​ចាញ់​ដ៏ផុយ​ស្រួយ​នេះឡើយ។


សម្រាប់ការ​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​កម្ពុជា-ថៃ របស់​​សង្វៀនប៉ុស្តិ៍​លេខ​៥ កាលពី​ព្រលប់​ថ្ងៃសៅរ៍​កន្លង​មក​ កីឡាករ​កំពុង​សាង​បាន​ភាព​ល្បី ធន់ អៀងឡេង ដែល​ប្រកួត​គូ​អន្តរជាតិ​​មុនគេ​​នោះ បាន​​ទាញ​យក​ការ​ចាប់​អារម្មណ៍​របស់​អ្នក​គាំ​ទ្រផ្ទាល់​បាន​យ៉ាង​លឿន ​តាម​រយៈ​​​ការ​​​ទាត់ឱ្យ​កីឡាករ​ថៃ Nok Krakchiep ខូចជើង​ និងត្រូវបានអាជ្ញាកណ្តាល​បញ្ឈប់​នៅ​ក្នុងទឹកទី​១។

បើទោះបីជា Nok Krakchiep បាន​បង្ហាញ​សមត្ថ​ភាពល្អ ទាំង​ការ​បញ្ចេញ​ស្នៀត​ប្រយុទ្ធ និង​ចលនា​​នៃការចូល​វ៉ៃ និង​ដកថយក៏ដោយ ប៉ុន្តែ អៀងឡេង បែរជា​អាច​​​ប្រើទម្ងន់​ជើងឆ្វេង​ទាត់​ស្កាត់​​ចំ​ជើង​ស្តាំ​ បណ្តាល​ឱ្យ Nok Krakchiep ដួលចំនួន​៣​លើក និង​​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​​ជា​លើក​ទី​១​នៅដើមទឹកទី​១ ហើយ​ក្រោយការ​រាប់នេះ អៀងឡេង បាន​ទាត់​បន្ថែម​ទៅ​លើ​របួស​ចាស់​​នេះ​​៣ជើង​ទៀត ធ្វើ​ឱ្យថៃ​ម្នាក់​នេះ ដួលទាំង​ឈឺចាប់ និងត្រូវបាន​អាជ្ញា​កណ្តាល​រាប់ជា​លើក​ទី​២។


លោក​អាជ្ញាកណ្តាល បានរាប់ទៅលើ ធន់ មករា ដែលមាន​របួស​ភ្លាត់​ជង្គង់​ស្តាំ ក្រោមការ​ទាត់របស់​កីឡាករ​ថៃ Chhuok Mongkhun នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥។រូប សហការី


ស្ថិត​​​ក្នុងស្ថាន​ភាព​ដ៏​​អំណោយផល​​នេះ ធន់ អៀងឡេង បាន​ប្រើ​ល្បិច​ទាត់​សំដៅ​ទៅ​កញ្ចឹង​ក​របស់ Nok Krakchiep វិញ​ម្តង ហើយ​នៅពេល​ថៃ​ម្នាក់​នេះ ភ្លេច​ខ្លួន​បិទ​ជើង​ក្រោម​ដែល​មាន​​​របួស​​ គឺអៀងឡេង បាន​ទាត់​សន្ធាប់​ផ្ទួនៗ​ចំនួន​៧​ជើង បណ្តាល​ឱ្យ Nok Krakchiep ដួល​ក្រោក​លែងរួច ហើយត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​ចុងទឹក​ទី​១​នេះ និង​​​ផ្តល់​ជ័យជម្នះ​ទៅ​​ឱ្យ ធន់ អៀងឡេង យ៉ាងរំភើប​បំផុត។


យ៉ាង​ណា​មិញ សម្រាប់​ការ​បង្ហាញ​ខ្លួនជា​លើកដំបូង​របស់ ធន់ មករា នៅ​លើ​សង្វៀន​ប៉ុស្តិ៍លេខ​៥ កាលពី​ព្រលប់​ថ្ងៃសៅរ៍​នោះ​ដែរ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនាភាគ​ច្រើន ​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​​ថា មករា ​នឹង​ប្រើ​សមត្ថ​ភាព​ប្រកួត​ដ៏​ល្អ​របស់​គេ យក​ឈ្នះ​លើ​កីឡាករ​វ័យ​ក្មេង​របស់ថៃ Chhuok Mongkhun ជា​មិន​ខាន​ឡើយ។ ផ្ទុយ​ទៅវិញ ធន់ មករា មិនទាន់​ទាំង​បាន​បញ្ចេញ​​​ស្នៀត​​អ្វី​គួរ​ឱ្យចាប់​អារម្មណ៍​ផង បែរជា​ជួបគ្រោះ​ភ្លាត់​ជង្គង់​ស្តាំ និង​​បាន​បោះ​​បង់ការ​ប្រកួត​ត្រឹម​រយៈពេល ​៤០ វិនាទី។

បញ្ហា​របួស​របស់ មករា ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​ការ​ភ្លាត់​ស្នៀត ព្រោះ​ Chhuok Mongkhun បាន​ទាត់ចូលគន្លាក់​ជើង​ស្តាំ​​របស់គេ​ស្រាល​ដែរ​ទេ ប៉ុន្តែ មករា បែរជា​បង្ហាញ​ការ​ឈឺ​ចាប់ នៅពេលបាត​ជើង​របស់​គេ​បានជាន់​​ដល់​កម្រាល​សង្វៀន ហើយពេល​ឃើញ មករា បម្រុង​​នឹង​​ដួល​នោះ Chhuok Mongkhun បានស្ទុះ​ទៅ​ទាត់​​ចំរបួសចាស់​នេះ១ជើង​ទៀត​ពេញ​​ទំហឹង បណ្តាល​ឱ្យ ធន់ មករា ភ្លាត់​ជង្គង់​ស្តាំឈឺចុកចាប់យ៉ាង​ខ្លាំង មិនអាច​ក្រោក​ឈរ​​បន្ត​​ការ​ប្រកួត​​បាន​ទៀត​​ឡើយ។ 

ធន់ អៀងឡេង បានទាត់​ជើង​ក្រោម​របស់​កីឡាករ​ថៃ Nok Krakchiep ដោយជំនួប​នេះ អៀងឡេង បាន​ឈ្នះ​នៅ​ក្នុង​ទឹក​ទី​១។រូប សហការី

ការ​ចាញ់​សន្លប់យ៉ាង​ផុយស្រួយ​​របស់ ធន់ មករា ​បាន​បន្សល់ការ​សោក​ស្តាយ​ខ្លាំង​ចំពោះ​​អ្នកគាំ​ទ្រ ប៉ុន្តែពិធីករ​ទាំង​២​នាក់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ជាពិសេស ឡុង សុវណ្ណឌឿន ដែល​ជា​អ្នក​ប្រដាល់ដែរ​នោះ បាន​ប្រកាស​ថា បញ្ហា​របួស​របស់ ធន់ មករា វាជាគ្រោះ​ថ្នាក់​ដោយ​ចៃដន្យ ព្រោះ​គន្លាក់​ជើង​ត្រង់​​ក្បាល​ជង្គង់នេះ វាងាយនឹង​មាន​បញ្ហា​ ដែល​គ្មាន​អ្នកណានឹក​ស្មាន​ដល់​ឡើយ។

ដោយ​ឡែក ឡុង សំណាង ដែល​ធ្លាប់បាន​ចាញ់​កីឡាករ​ថៃ សូរិយា វង្សកាម៉ាត ក្នុងទឹក​ទី​១ ដោយសារ​ទាត់​គេ តែ​បែរ​ជា​ភ្លាត់​​ជង្គង់​ខ្លួនឯង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤​នោះ ​គឺ​គេ​ធ្វើ​បាន​យ៉ាង​ល្អបំផុត សម្រាប់ការ​បង្ហាញ​ខ្លួនជាថ្មី នៅ​សង្វៀន​ប៉ុស្តិ៍លេខ​៥​នេះ ដោយ​រូបគេ បាន​​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ​Chao Boy ឱ្យ​សន្លប់ នៅ​ក្នុងទឹកទី​៣។

សម្រាប់ការ​ប្រកួតនេះ ឡុង សំណាង បានទាត់​ស្តាំ បណ្តាល​ឱ្យ Chao Boy មាន​​របួស​ជើង​ឆ្វេង ហើយ​ត្រូវបានអាជ្ញាកណ្តាល​រាប់​ចំនួន​២​លើក តាំង​ពី​ទឹក​ទី​២ ប៉ុន្តែ​ចូលទឹកទី​៣​ ថៃ​ម្នាក់​នេះ បាន​ប្តូរយុទ្ធ​សាស្រ្ត​ចូល​ចាប់​បុកជង្គង់​វិញ ដែល​ធ្វើ​ឱ្យ សំណាង រាង​យ៉ាប់​បន្តិច​ដែរ។ តែទោះបីជា​យ៉ាងណា នៅពាក់កណ្តាល​ទឹក​នេះ ឡុង សំណាង បាន​ប្រើ​ជង្គង់​ឆ្វេង​បុកចូលឆ្អឹងជំនីរ​ពេញ បណ្តាល​ឱ្យ Chao Boy ដួល​សន្លប់​ធំ​តែម្តង ដើម្បី​ទទួល​បានជ័យជម្នះ​យ៉ាងរំភើប​បំផុត៕