ភ្នំពេញ៖ កីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ ព្រំ សំណាង បានបង្ហាញការតាំងចិត្ត ពង្រឹងសមត្ថភាព និងការប្រកួតរបស់ខ្លួនឱ្យបានល្អឡើងវិញ ដើម្បីទាញយកប្រជាប្រិយភាពរបស់អ្នកគាំទ្រជាថ្មី បន្ទាប់ពីភាពល្បីល្បាញរបស់គេ បានថមថយទៅវិញមួយកម្រិត ក្រោយការប្រកួតមួយរយៈនេះ ទទួលបានលទ្ធផលមិនសូវជាគាប់ប្រសើរ តាមការចង់បានរបស់អ្នកគាំទ្រនៅកម្ពុជា។
បើទោះបីជា ព្រំ សំណាង ទទួលបានលទ្ធផលស្មើតាមបែប Mas Fight ជាមួយស្តេចប្រដាល់របស់មីយ៉ាន់ម៉ា ដាវ លីឌុច ប៉ុន្តែស្ថានភាពប្រកួតរបស់ ព្រំ សំណាង កាលពីរាត្រីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នោះ ធ្វើឱ្យអ្នកគាំទ្រភាគច្រើន ចាប់ផ្តើមរិះគន់ខ្លាំងដល់ ព្រំ សំណាង ដោយបានបំភ្លេចពីការខិតខំរបស់កីឡាកររូបនេះ ដែលដណ្តើមបានខ្សែក្រវាត់ពីសង្វៀន Thai Fight តាមរយៈការបានបុកជង្គង់ឱ្យម្ចាស់ខ្សែក្រវាត់ ៣ ស្ថាប័នរបស់អង់គ្លេស Thomas Carpenter ដួលសន្លប់ក្នុងទឹកទី១ កាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣។
យ៉ាងណាក៏ដោយ ការបុកជង្គង់ និងទាត់កីឡាករជើងខ្លាំងលំដាប់លេខ១របស់មីយ៉ាន់ម៉ា Yar Man ឱ្យសន្លប់ក្នុងទឹកទី២ សម្រាប់ការប្រកួត នៅលើសង្វៀនមូលដ៏ថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ថោន ក្នុងកម្មវិធី Boostrong Kun Khmer King Of The Ring កាលពីយប់ថ្ងៃសុក្រ កន្លងមកនេះ បានធ្វើឱ្យអ្នកទស្សនាចាប់ផ្តើមសរសើរដល់ ព្រំ សំណាង ជាថ្មី ព្រោះការប្រកួតនេះមានភាពស្វិតស្វាញខ្លាំង។
តាមរយៈការប្រកួតនោះ ព្រំ សំណាង ស្ទើរតែចង់គាំងម្តងៗ ក្រោមការចូលវាយសម្រុកដោយស្នៀតជើង ជាពិសេសកណ្តាប់ដៃរបស់ Yar Man នៅទឹកទី១ ទៅហើយ ប៉ុន្តែ ព្រំ សំណាង បែរជាអាចកែខៃការប្រកួតបានល្អវិញនៅទឹកទី២ និងវ៉ៃឱ្យដៃគូស្បែកស្ពាន់ម្នាក់នេះ ខូចជើងមិនអាចបន្តការប្រកួតទៀតបាន ហើយការទទួលបានជ័យជម្នះនេះត្រូវបាន សំណាង ទម្លាយថា ដោយសាររូបគេ បានទទួលការជំរុញខ្លាំងពីថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឱ្យខំប្រឹងពង្រឹងសមត្ថភាព ហើយរូបគេផ្ទាល់ ក៏បានដាក់ចិត្តហាត់ ដើម្បីសាងភាពល្បីល្បាញឡើងវិញដូចគ្នា។
ព្រំ សំណាង បាននិយាយ ក្រោយការប្រកួតថា៖ «ដោយសារយើងរាងធ្លាក់ ហើយចេះតែអស់ប្រជាប្រិយភាព អ៊ីចឹងមេចេះតែជំរុញឱ្យខ្ញុំខំប្រឹងហ្វឹកហាត់ ពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានល្អវិញ ព្រោះគាត់ចង់ឱ្យយើងបានលទ្ធផលល្អប្រសើរ ហើយការខំប្រឹងនេះ ក៏ដើម្បីផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយដល់បងប្អូនអ្នកគាំទ្រ ចំណែកយើង ក៏ទទួលបានកេរ្តិ៍ឈ្មោះ និងកិត្តិយសជូនជាតិ»។
កីឡាករមានរហស្សនាម «ជាងកាត់សក់ដៃឯក» រូបនេះ បានបន្ថែមថា៖ «ខ្ញុំនឹងខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងវិញ គ្រាន់តែមិនទាន់ច្បាស់ថា អាចចំណាយពេលយូរ ឬឆាប់ ព្រោះមួយរយៈនេះ មានបងប្អូនយើងមួយចំនួន ចង់ឱ្យខ្ញុំចូលនិវត្តន៍ ប៉ុន្តែអ្វីដែលគាត់ថានោះ គឺដោយសារគាត់ចង់ឱ្យយើងឈឺចាប់ និងខិតខំពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ អ៊ីចឹងខ្ញុំត្រូវតែខំប្រឹងបន្តទៀត»។
ជាមួយគ្នានេះ ព្រំ សំណាង បានទទួលស្គាល់ថា ការរិះគន់ធ្ងន់ៗ និងការជេរប្រទេចរបស់អ្នកគាំទ្រមួយចំនួន ពិតជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ប៉ុន្តែ សំណាង បានអះអាងខុសប្លែកពីសព្វដងថា រូបគេមិនបានខឹងអ្នករិះគន់ទាំងអស់នោះទេ។ ផ្ទុយទៅវិញរូបគេ បានប្រើការឈឺចាប់ទាំងនោះ ជំរុញខ្លួនឯងឱ្យខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យល្អវិញ។
ព្រំ សំណាង បានបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ថា ការរិះគន់ធ្ងន់ៗរបស់អ្នកគាំទ្រមួយចំនួន បានប៉ះពាល់ដល់អារម្មណ៍របស់យើង ប៉ុន្តែយើងមិនអាចខឹងគាត់ទេ គឺមានតែតបស្នងដោយស្នាមញញឹមទៅកាន់ពួកគាត់វិញ ព្រោះគាត់ថា (រិះគន់) ចង់ឱ្យយើងល្អតែប៉ុណ្ណោះ ព្រោះបើគាត់មិនរិះគន់ សមត្ថភាពរបស់យើងក៏ចេះតែធ្លាក់ទៅៗ ដែលប៉ះពាល់ដល់ប្រជាប្រិយយើងខ្លួនឯង ហើយក៏ប៉ះពាល់ដល់មុខមាត់គុនខ្មែររបស់យើងផងដែរ»៕