ភ្នំពេញ៖ កីឡាការិនីជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ និងប៊ីយ៉ារបស់​កម្ពុជា ស្រួង ភាវី បាន​លះបង់​ទាំង​កម្លាំង​ចិត្ត និងស្មារតី ក្នុងការ​ជម្នះ​នូវរាល់​ឧបសគ្គ​ចំពោះ​មុខ រហូត​អាច​ដណ្តើម​បាន​ជ័យជម្នះ​​ដ៏​​ធំ​មួយ​ទៀត​ជូនដល់​ប្រទេសជាតិ និងប្រជាជន​កម្ពុជា គឺ​ការ​ឈ្នះ​ពាន​រង្វាន់ការ​ប្រកួត​​​​ប៊ី​​យ៉ាការ៉ុម​​៣​​​បាំង (3 Cushion) ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក LPBA Championship នៅ​ប្រទេស​​​កូរ៉េខាងត្បូង។


សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ LPBA Championship 2024 ដែល​ប្រមូល​ផ្តុំ​ដោយ​​កីឡា​ការិនី​អន្តរ​ជាតិ​ឆ្នើមៗ​ចំនួន​៣២​នាក់នេះ ស្រួង ភាវី ដែល​លេងតំណាង​ឱ្យកម្ពុជា ​បានទទួល​ជ័យ​ជម្នះ​​​​ចំនួន​៦​ប្រកួតជាប់ៗ​គ្នា តា​ម​រយៈការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ឡើងកាន់វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី​៧​​ យ៉ាង​រំភើបបំផុត។

យ៉ាង​ណា​មិញ សម្រាប់ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាការិនី​ជើង​ខ្លាំង​របស់​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​​ត្បូង Jung-suk LIM ដែលត្រូវបាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លង​មកនេះ ស្រួង ភាវី ​បានចាញ់​បង់​គូ​ប្រកួតម្នាក់នេះ​​ជាមួយ​ពិន្ទុ ៥-០ សម្រាប់ការចាប់​ផ្តើម ប៉ុន្តែ ភាវី បាន​ព្យាយាម​តាំង​ស្មារតី​​​​បុក​ស្នូកឃ័រ​ដោយអំណត់ និង​អាច​រក​បានពិន្ទុ​តាមពី​ក្រោយ​រហូត​នាំមុខ ៩-៥ វិញ ហើយ​នៅពេល ​Jung-suk LIM រក​បាន​បន្ថែម​១ពិន្ទុ​ទៀត ស្រួង ភាវី អាច​រក​បាន​២​ពិន្ទុ​ចុង​ក្រោយ ដើម្បី​យក​ឈ្នះដោយពិន្ទុ ១១-៦។


កីឡាការិនីជម្រើសជាតិ​កម្ពុជា និងជា​ម្ចាស់​​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ស្រួង ភាវី បាន​បង្ហាញ​ការ​រីក​រាយ និង​រំភើប​ខ្លាំង​បំផុត ចំពោះការ​ឈ្នះ​បាន​ពានដ៏​មាន​ន័យនេះ ព្រោះ​វា​ជា​ពាន​​ទី​៧​ហើយ ដែល​នាង​ដណ្តើម​បានជា​បន្តបន្ទាប់​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍ស្នូកឃ័រ LPBA Championship ដ៏ធំ​ប្រចាំ​នៅប្រទេស​កូរ៉េ​នេះ។



យ៉ាង​ណា​ក៏​ដោយ​ទម្រាំ​ដណ្តើម​ពាន​លើក​ទី​៧នេះ ស្រួង ភាវី បាន​​ប្រឹង​ប្រែង​ឡើង​ឈឺ​ទៅ​ហើយ ដោយអ្នក​ស្រី​បាន​និយាយ​​តាម​រយៈវីដេអូ​ខ្លី​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ថា៖​«ពេល​ក្រោកពីគេងមក​និយាយ​ពីភាពទ្រុឌទ្រោមឈឺ​ចុកចាប់​ដូច​គេ​ដាក់​ប៉ុន្មាន​ដំបងអ៊ីចឹង បើក្បាលវិញ ប្រើការគិតខ្លាំងពេកឡើងឈឺម៉កៗ។ និយាយ​ទៅ​ការ​ប្រកួត​​លើក​នេះ ខ្ញុំ​ប្រើកម្លាំងថាមពល​អស់​ពី​ខ្លួន​តែម្តង ចំណែក​ការគិត​វាលះ​ខ្លាំងមែន​ទែន អ៊ីចឹង​ពេល​នេះ ខ្ញុំ​ទប់លែង​ឈ្នះហើយ ប៉ុន្តែ​ខ្ញុំ​សម្រាក​​​ពី២ទៅ​៣​ថ្ងៃអីទៀត ខ្ញុំនឹងជាវិញ​ហើយ»។

តែទោះបីជា​យ៉ាង​ណា ស្រួង ភាវី បាន​បង្ហាញ​មោទនភាព​ខ្លាំង ហើយបាន​ទទួល​ស្គាល់​ថា ការ​តស៊ូ​លះបង់​របស់​នាង នៅលើ​វិស័យ​កីឡា​ស្នូកឃ័រ និងប៊ីយ៉ា នៅលើទឹក​ដី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​​រហូត​មក​ដល់ពេលនេះ ពិតជា​មាន​តម្លៃមិនអាច​កាត់​ថ្លៃ​បាន ព្រោះ​​អ្ន​ក​ស្រី​បានប្រើជំនាញ​នេះ ដើម្បី​លើក​មុខ​មាត់ប្រទេសជាតិ តាម​រយៈការ​ដណ្តើម​បានពាន និង​ឈ្នះមេដាយ នៅលើ​ឆាក​អន្តរជាតិ ជា​បន្ត​បន្ទាប់។

ស្រួង ភាវី បានបញ្ជាក់​ថា៖ «​​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ដើម្បី​បាន​លើក​​កិត្យានុភាព​ មោទនភាព​ និង​​​​ភាព​​ក្លាហាន​​ខ្លាំង​ក្លា​របស់​ជន​ជាតិ​ខ្មែរ​ ខ្ញុំ​​ស៊ូ​ខ្សោះ​អស់​ពី​ក្នុង​ខ្លួន​ បូជា​ទាំង​កម្លាំង​​កាយ​ ចិត្ត​ គឺ​ធ្វើ​​យ៉ាងណា​​ពុះ​​ពារ​​តស៊ូ​រហូត​បាន​ទទួល​នូវ​អ្វីដែល​ពុក​ម៉ែ​បងប្អូន​ ចង់​ឃើញ​​ចង់​បាន​​​ពី​​កូន​ស្រី​កម្ពុជា​​​ម្នាក់​នេះ​។ព្រោះ​​តែ​ជំពាក់​គុណ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ ទើប​រូប​ខ្ញុំ​ខំប្រឹង​ ដើម្បី​តប​ស្នង​នូវ​គុណូបការៈ​​មហា​បុព្វ​​បុរស​​​ខ្មែរ​គ្រប់​ជំនាន់»​៕