ភ្នំពេញ៖ ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​ AFC Cup រវាង​ក្រុម​ភ្នំពេញ​ក្រោន​របស់​កម្ពុជា និងក្រុម​ Central Coast Mariners របស់​ម្ចាស់​ផ្ទះ​អូស្រ្តាលី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រសៀល​​ម៉ោង​ ៤ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​អង្គារ​នេះ ចំណែក​ក្រុម Sabah របស់ម៉ាឡេស៊ី ក៏ត្រូវ​ប្រឈម​​​ជាមួយ​ក្រុម Macarthur FC  របស់អូស្រ្តាលី នារសៀល​ថ្ងៃនេះ​ដូចគ្នា ដើម្បី​រក​ក្រុមឈ្នះ​ឡើង​ទៅជួប​គ្នា នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ។


នៅ​ក្នុងការ​​ប្រកួតដ៏​សំខាន់នេះ ក្រុម​ភ្នំពេញ​ក្រោន ត្រូវបានគេ​មើល​ឃើញ​ថា អាច​មាន​ការ​លំបាក​​ច្រើន ក្នុងការ​ប្រជែង​ជាមួយ​ក្រុម ​Central Coast Mariners ព្រោះ​ពួកគេ បាន​ធ្វើ​ដំណើរ​​​វែង​​ឆ្ងាយ​ទៅកាន់​ទឹក​ដី​អូស្រ្តាលី ដែល​មាន​អាកាសធាតុ​​ខុស​ប្លែកពីកម្ពុជា ហើយ​ពួកគេ មាន​ពេលត្រឹម​ ២​ថ្ងៃគត់ ដើម្បី​ហ្វឹកសម​នៅលើទឹក​ដី​អ្នកមានមួយ​នេះ បន្ទាប់ពី​ភ្នំពេញ​ក្រោន បានធ្វើ​ដំណើរ​ទៅ​ដល់​កាលពី​ថ្ងៃសៅរ៍។ 

លោក Oleg Starynskyi គ្រូ​បង្គោលក្រុម​ភ្នំពេញ​ក្រោន បាន​និយាយ​ក្នុងសន្និសីទ​កាសែត នៅ​​អូស្រ្តាលី កាលពី​ថ្ងៃ​ចន្ទ​ថា៖​ «យើង​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​ច្រើន​ដែរសម្រាប់​ការ​មក​ដល់​ទី​នេះ ប៉ុន្តែ​យើង​ក៏​មាន​ភាព​រំភើប​ដូច​គ្នា។ ការ​ប៉ះ​គ្នា​ជា​មួយ Central Coast Mariners ​នឹង​មាន​ភាព​តាន​តឹង​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ខ្ពស់ ព្រោះ​​​ប្រកួត​​តែ​ ១​ជើង ក្នុង​ការ​​យក​ក្រុម​​ឈ្នះ​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​ក្រុម​អូស្រ្តាលីនេះជា​ក្រុម​មួយ​ដែល​លេចធ្លោបើ​​យើង​​ប្រៀប​ធៀប​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត»។



យ៉ាង​ណា​ក៏​ដោយ លោក Oleg Starynskyi នៅតែ​មានទំនុក​ចិត្តទៅលើ​កូន​ក្រុម​របស់​ខ្លួន​ថា នឹងអាច​​ធ្វើបាន​ល្អ ព្រោះ​នៅ​ក្នុង​​ការ​ប្រកួត​បាល់​ទាត់ ឈ្នះ​ចាញ់ ​មើលមិន​ឃើញ​ទេ គឺ​លុះត្រា​តែ​ចប់៩០នាទី​ទើប​ដឹង​ច្បាស់។ លោក Oleg បាន​បញ្ជាក់​ថា៖​ «នៅ​​ក្នុង​បាល់​ទាត់​អ្វីៗ​​ក៏​​អាច​កើត​​ឡើងបាន​​ដែរហើយ​យើង​សង្ឃឹម​ថាយើង​នឹង​អាច​ធ្វើ​វា​បាន ព្រោះ​​គ្រប់​គ្នា​​ដែល​​មក​ទី​នេះ ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចដើម្បី​ការ​ប្រកួត»។


ជាមួយគ្នា​នោះដែរ ​ខ្សែ​បម្រើ​ជាប្រធានក្រុម អ៊នចាន់ប៉ូលីន បាន​និយាយ​ថា៖«ខ្ញុំ​រីករាយ​ណាស់សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក (ថ្ងៃអង្គារ​នេះ)ដោយ​យើងនឹងប្រឹងប្រែង​ឱ្យ​អស់ពីសមត្ថភាព។ យើង​មក​ទីនេះជាមួយ​ក្តី​រំពឹង​ទុកហើយ​យើង​ក៏​សង្ឃឹមថា​ នឹង​ឈ្នះ​ការ​ប្រកួត​​នេះ​ដូច​គ្នា»។

តែទោះបីជា​យ៉ាង​ណា ការ​រំលេចចេញនូវ​ក្តី​សង្ឃឹមស្តួច​ស្តើង​​​របស់​ក្រុម​ភ្នំពេញ​ក្រោន វា​កំពុង​ត្រូវ​បាន​កាត់​ផ្តាច់ ដោយមហិច្ឆតា​របស់​គ្រូ​បង្វឹក​ក្រុម Central Coast Mariners លោកMark Jackson ដោយ​បុរស​ម្នាក់​នេះ បាន​បង្ហាញ​ភាពជឿជាក់ខ្លាំងក្នុងការ​យក​ឈ្នះ​​ក្រុម​ភ្នំពេញ​ក្រោន ដោយ​បានអះអាងថា ក្រុម​របស់​​លោក ​​បានត្រៀម​ខ្លួនរួច​ហើយ ក្នុងការ​​ទប់​ស្កាត់​​ការ​រក​គ្រាប់បាល់​របស់​ភ្នំពេញ​ក្រោន។

លោក Mark Jackson បាននិយាយ​​ថា៖ «​យើង​រំភើប​ក្នុង​ការ​​ប្រកួត! យើង​មាន​ការ​ប្រកួត​នៅ​វគ្គ​ចែក​ពូល ​ដែល​វា​មិន​ងាយ​ស្រួល​មួយ​ចំនួន ប៉ុន្តែ​យើង​នៅ​តែ​អាច​ធ្វើ​វា​បាន​មក​ដល់​វគ្គ​នេះ។ ចំពោះ​ជំនួប​លើក​នេះ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិបាក ព្រោះ​ក្រុម​ដែល​មក​ដល់​វគ្គ​នេះគឺ​​សុទ្ធ​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ហើយ​ភ្នំពេញក្រោន មាន​កីឡាករ​គ្រោះ​ថ្នាក់​មួយ​ចំនួន គឺ​ខ្សែ​ប្រយុទ្ធ​ល្អ ​ដែល​អាច​រក​គ្រាប់​បាល់​បាន។ យើង​ដឹ​ងពី​ភាព​គ្រោះ​ថ្នាក់​ដែល​ក្រុម​នេះ​អាច​នាំ​មក ប៉ុន្តែ​យើង​ត្រៀមរួច​រាល់ ​ដើម្បី​ទប់​ទល់​រឿង​នេះហើយ»៕