ភ្នំពេញ៖ កីឡាករ​ជើងខ្លាំង​ជាម្ចាស់​មេដាយមាស​ស៊ីហ្គេម​ ២ ជំនាន់ជាប់ៗគ្នា​របស់​កម្ពុជា បឺត សង្ឃឹម និង​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ Yothin FA Group ដែល​ជាម្ចាស់ខ្សែ​ក្រវាត់ ​IFMA World Championships និង​ខ្សែ​ក្រវាត់ Rajadamnern World Series 126 lbs ក្នុងទម្ងន់​ ៥៧​​ គីឡូក្រាម​​​នោះ បាន​បោះពាក្យសម្តីឌឺដង​គ្នា​ខ្លាំង មុន​ពេល​អ្នកទាំង​២ ​ត្រូវ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​ពិភព​លោក WBC ទម្ងន់​ ៥៧ គីឡូក្រាម នៅលើ​ទឹក​ដី​អូស្រ្តាលី ជា​លើកដំបូង នា​ថ្ងៃទី ​១៧ ខែកុម្ភៈ​នេះ។


នៅ​ក្នុងបទសម្ភាសន៍​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ថៃ កាលពី​ពេល​ថ្មីៗ​នេះ កីឡាករ​ Yothin បានបោះពាក្យ​សម្តីបែប​ឌឺដង និងចំអក​ដាក់ បឺត សង្ឃឹម ដោយ​​និយាយ​ថា រូបគេ​មិន​​ធ្លាប់​ឮឈ្មោះ ហើយ​​ក៏មិនស្គាល់​មុខ បឺត សង្ឃឹម ជា​អ្នកណា​នោះ​ដែរ និងរឹតតែ​មិនចាប់អារម្មណ៍​ក្នុងការ​មើល​វីដេអូ​​​ប្រកួត​របស់ បឺត សង្ឃឹម ទៅ​ទៀត ព្រោះ បឺត សង្ឃឹម មិនមែន​ជា​កីឡាករ​ល្បី​ឈ្មោះ​អី​នោះ​ទេ គឺរូប​គេមិនខ្លាច​ឡើយ។

ភាសានិយាយ​បែប​ផ្លែផ្កា​របស់​​កីឡាករ Yothin ទាំង​អស់នេះ ត្រូវបាន​អ្នកគាំ​ទ្រ​គុនខ្មែរ យក​មក​​បង្ហោះបន្ត​​ពេញបណ្តាញ​សង្គម ធ្វើ​ឱ្យ បឺត សង្ឃឹម ដែល​កំពុង​ហ្វឹកហាត់ត្រៀមខ្លួននៅ​ប្រទេស​អូស្រ្តាលី ជាមួយ​លោក​គ្រូ សេន ប៊ុនថេន ក្រោម​ការ​ដឹកនាំ​របស់​លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ នោះ នៅមិន​សុខ ហើយ​ក៏​បាន​បង្ហោះសារឆ្លើយតប​ទៅវិញ​បាន​នេះថា៖​ «សូម​បង​ប្អូន​កុំគិត​​ច្រើន គេ​ស្គាល់​​មិន​ស្គាល់​ក៏​អត់ទៅ សំខាន់ពេល​វ៉ៃ​គ្នា ស្គាល់​គ្នា​ហើយ»។


តែទោះបីជា​យ៉ាង​ណា ជាមួយ​ការ​បង្ហោះ​សារ​នេះ បឺត សង្ឃឹម បានបញ្ជាក់នៅ​ក្នុង​បទ​សម្ភាសន៍​​ដាច់​ដោយឡែក​មួយ​ទៀត ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក ពីប្រទេស​បារាំង​មក​​ថា អ្វីដែលរូបគេ​បានបង្ហោះ​នោះ មិនមែនជាការ​ឌឺដង​​ដាក់ទៅ​កីឡាករ Yothin វិញនោះ​ទេ ប៉ុន្តែវាជាការ​ពិត ដែលកីឡាករ​ម្នាក់ៗនឹងចាប់​ផ្តើម​ស្គាល់​គ្នា​ច្បាស់ នៅពេល​បានប្រកួតគ្នា​រួច​ហើយ។


បឺត សង្ឃឹម បាន​និយាយ​ថា៖ ​«​ខ្ញុំមិន​បានឌឺដង​អ្វី​ទេ គឺ​ខ្ញុំ​និយាយ​តាមការពិត​ ព្រោះ​យើង​នៅ​ក្រោម គេ​មិនស្គាល់​យើង វាជារឿង​របស់គេ ប៉ុន្តែដល់ពេល​ឡើង​វ៉ៃ​​ហើយ ​គេ​នឹងស្គាល់យើង​ថា ជា​កីឡាករ​កម្ពុជា ហើយ​បើ​យើង​ឈ្នះ​ វារឹតតែ​ធ្វើ​ឱ្យគេ​ស្គាល់​ច្បាស់​ទៀត។ ចំណែក​រឿង​ដែល​គេមិនស្គាល់​យើង វាជាការពិត ឬជា​យុទ្ធសាស្រ្ត​​នោះ វា​ជា​រឿងរបស់គេ សំខាន់ដល់​ថ្ងៃ​ប្រកួត​ យើង​ត្រូវ​ប្រកួត​ឱ្យអស់ពីសមត្ថ​ភាព ទោះបីជាចាញ់ ឬឈ្នះ​»។


បឺត សង្ឃឹម និង Yothin FA Group បាន​ថតជាមួយគ្នា ក្នុងពេលមកពិនិត្យ​សុខភាព នា​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៤។ រូប​ថត សេន ប៊ុនថេន

ជាមួយគ្នា​នេះ បឺត សង្ឃឹម ក៏នៅតែ​បង្ហាញ​ក្តី​បារម្ភ​លើការ​កាត់​សេចក្តីលម្អៀង​របស់​ចៅ​ក្រម ដោយ​គេ​អាច​នឹង​លើក​ដៃ​ឱ្យ​កីឡាករ​ថៃ​ឈ្នះ នៅពេល​ណា​ការ​ប្រកួត​បានបញ្ចប់​ដោយ​ភាព​ប្រហាក់​ប្រហែល ឬឈ្នះមិនដាច់​ស្រេច ហេតុ​នេះ សង្ឃឹម ចង់​វ៉ៃ​ឱ្យ​កីឡាករ Yothin ខូច​នៅ​ចំណុច​ណាមួយ​ បើឱកាសហុច​ឱ្យ។

សង្ឃឹម បានបញ្ជាក់ថា៖ «ការព្រួយបារម្ភ​តែងតែ​មាន​ហើយ ​តែ​ធ្វើ​ម៉េច​យើងត្រូវ​​វ៉ៃ​ឱ្យ​អស់ពី​សមត្ថភាព​ ព្រោះ​​កីឡាករ​មើលមិន​​ឃើញ​ទេ ១ដៃ ១ជើង​ម្នាក់ អ៊ីចឹង​បើមាន​ឱកាស​វ៉ៃ​បង្កូច​បាន យើង​វ៉ៃ​ឱ្យ​ខូច​​តែម្តង​ ប៉ុន្តែ​មិន​ធ្វើ​មិន​បាន យើង​ព្យាយាម​វ៉ៃ​ឱ្យ​ឈ្នះ​ទៅ ចំណែក​ការ​កាត់សេច​ក្តី​បែបនេះ វាជារឿងក្រោយ​​ទេ! សំខាន់​យើង​ខ្លួនឯង ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត សម្រាប់ការ​ប្រកួតហ្នឹង»។

យ៉ាង​ណា​ក៏​ដោយ លោកសំណព្វ ដែល​ជាអ្នក​ដឹកនាំ បឺត សង្ឃឹម ទៅ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់ WBC នេះ បាន​ទម្លាយ​​ថា លោក​បាន​ប្រាប់​​អ្នក​រៀបចំ​ការ​ប្រកួត​​ អំពី​ភាព​​មន្ទិលនៃ​ការ​កាត់​សេចក្តី​នេះហើយព្រោះ​កន្លងមក​យើងបានជួប​បញ្ហា​នេះ​​មួយចំនួន​ដែរ អ៊ីចឹង​យើង​បានសុំ​ខាង​អូស្រ្តាលី ​កាត់សេចក្តី​ដោយ​​យុត្តិធម៌ ដោយ​សារ​ខាងអូស្រ្តាលី ជា​អ្នក​រៀបចំ​ការ​ប្រកួតនេះ​ដោយ​ផ្ទាល់ មិនមែន​ខាង​​ថៃជាអ្នក​រៀបចំ​​នោះ​ទេចំណែក​ការ​ដាក់ពិន្ទុ ​ដូច​ការ​​ប្រកួតគុនខ្មែរ​យើង​ដែរ។

ចំពោះ​​​គោលដៅសំខាន់ សម្រាប់​ការ​ទៅ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​ WBC នៅ​​អូស្រ្តាលី​ជាលើកដំបូង​​នេះ លោក សំណព្វ បញ្ជាក់​​ថា៖ «ទាំង​ខ្ញុំ ទាំង​លោក​គ្រូ សេន ប៊ុនថេន និង បឺត ​សង្ឃឹម មិនមែន​មក​ដើម្បីតែលុយ ឬផលចំណេញ​អ្វី​នោះ​ទេ! សំខាន់យើង​ចង់​ចារ​ឈ្មោះ​របស់​ខ្លួនឯង​ជាមួយ​នឹងគុនខ្មែរ​ ហើយ​ការ​មក​លើក​នេះជាស្ពាន​សម្រាប់​អ្នកជំនាន់​ក្រោយ ព្រោះ​បើ បឺត សង្ឃឹម ធ្វើ​បាន​ល្អ គេនឹងហៅ​​យើង​មក​ទៀត ជាមួយ​កីឡាករ​កម្ពុជា​ផ្សេងៗ​ទៀត»។​

ទន្ទឹ​ម​នឹងនេះ លោក សេន ប៊ុនថេន ជា​គ្រូ​បង្វឹក បាន​ទទួលស្គាល់ថា កីឡាករ​ថៃ Yothin មានសមត្ថ​ភាព​ល្អ និងមានចង្វាក់​វាយចេញ​ចូល​បានលឿន ប៉ុន្តែ​បច្ចេក​ទេស និង​កល​ល្បិច​ប្រកួត ជាពិសេស​ការញាក់បញ្ឆោតក្នុងពេលប្រកួត អាច​នឹង​ចាញ់​កីឡាករ បឺត សង្ឃឹមរបស់​កម្ពុជា។

លោក​និយាយ​ថា៖​ «ខ្ញុំ​មិនដែល​ស្គាល់ Yothinពីមុនមក​ទេ គឺ​ទើបតែ​ស្គាល់ពេលនេះ ហើយ​តាម​ការ​សិក្សា និង​មើល​វីដេអូនៃ​ការ​ប្រកួត​ឃើញ​ថា ចង្វាក់ប្រកួត​របស់​គេ​ធម្មតា​​ល្មមៗដែរ​ទេ មិនជាអស្ចារ្យ​ជាង​យើងប៉ុន្មាន​ឡើយ គឺ​ហេងស៊យចាញ់​ញាក់ ​បឺត សង្ឃឹម ផង ហើយបើ​ចាញ់​ញាក់​​ ដឹងតែ​ប្រហោងពោះ​​របស់​យើង​ហើយ ហេតុនេះ​បើទោះបីជា​ខ្ញុំ​មិនហ៊ាន​រំពឹង​​ដល់ ​១០០ ​ភា​គ​រយ ប៉ុន្តែ​ខ្ញុំ​មានជំនឿចិត្ត​ច្រើន​ថា សង្ឃឹម នឹង​ធ្វើបាន​ល្អ ដើម្បី​អាច​ស្ពាយ​​ខ្សែ​​ក្រវាត់​ត្រឡប់​​ទៅ​កម្ពុជា​វិញ​»៕