ភ្នំពេញ៖ ការ​ប្រកួត​កីឡាបាល់​ទះតេជោលីគ (TECHO Volleyball Cambodia League) នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជុំទី​២​ចុងក្រោយ នៅវិមានពហុកីឡដ្ឋាន​ជាតិ​ នា​រសៀល និង​ល្ងាច​​ថ្ងៃសុក្រទី​១៦ ខែកុម្ភៈ​នេះ ដើម្បី​យក​ក្រុមលេខ​១ ដល់​លេខ​៤ ឡើង​ទៅ​ប្រកួត​​ខ្វែង​​ នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​ធ្វើ​នៅ​ថ្ងៃសៅរ៍ ចំណែក​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ រក​ក្រុម​ម្ចាស់​​ជើង​ឯក នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ។

សម្រាប់​ការ​​ប្រកួតជុំ​ទី​២​ចុងក្រោយ នៅថ្ងៃសុក្រ​នេះ ​ក្រុមស្នងការដ្ឋាននគរ​បាល​រាជធានី​ភ្នំពេញ នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ នៅរសៀល​ម៉ោង​១ រីឯ​​ក្រុម​ក្រសួង​មហា​ផ្ទៃ​ ត្រូវ​វិល​ទៅជួប​ក្រុមស្នងការ​ដ្ឋាន​នគរបាលខេត្តពោធិ៍សាត់ ចាប់ពីរសៀល​ម៉ោង ៣:៣០ ហើយ​ក្រុម​វិសាខា ត្រូវ​​ប្រកួតជាមួយ​ក្រុម​បញ្ជាការដ្ឋានអង្គរក្ស នៅ​ល្ងាច​ម៉ោង​៦​តទៅ ហើយ​នេះជាការ​ប្រកួត​ដ៏សំខាន់​ ដើម្បីកំណត់​ចំណាត់​ថ្នាក់​រវាង​ក្រុមទាំង​ ៦​ ថាតើ​ ៤​ ក្រុមណាខ្លះ បាន​​​​ឡើង​ទៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។​

តែទោះបីជា​យ៉ាង​ណា តាម​រយៈ​ការ​ប្រកួត​ទាំងជុំទី​១​ (មាន ​៨​ ក្រុម) និង​ការ​​ប្រកួតជុំ​ទី​២ ​(មាន​​ ៦ ​ក្រុម) សរុបចំនួន​ ១១​ប្រកួត​កន្លង​មក​នេះ  គឺ​មាន​តែ​ក្រុម​វិសាខា មួយ​ទេ ដែលបានរក្សា​ការ​ឈ្នះ​ទាំង​ ១១ ​លើក​ជាប់ៗ​គ្នា ហើយអ្វីដែល​កាន់​តែ​អស្ចារ្យ​បំផុត​នោះ គឺ​ វិសាខា បាន​ឈ្នះ​ដោយ​លទ្ធផល​៣សិត​ដាច់ (៣-០) ទាំង​ ១១ ​ប្រកួត​តែ​ម្តង គឺ​សូម្បី​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស និងក្រសួង​មហាផ្ទៃ ដែលសុទ្ធតែ​ជា​ក្រុម​​បាននាំ​យក​កីឡាករ​បរទេស​ល្អៗ​ ពី​ក្រៅ​ប្រទេស​មក​ជួយ​ក៏បានចាញ់​វិសាខា ៣-០ ដូចគ្នា។


ជាមួយការ​ឈ្នះ​ ៣-០ ទាំង​ ១១​ លើក​នេះ បាន​ជួយ​ឱ្យ​ក្រុម​វិសាខា ​គ្រប់​គ្រង​តំបន់កំពូលនៃ​​តារាង​​តាំងពីការ​ប្រកួត​តេជោលីគ ចាប់​ផ្តើម​រហូត​ដល់​ពេល​នេះ ហើយ​​​ដោយសារ​ក្រុម​វិសាខា ប្រមូល​​ផ្តុំ​ដោយកីឡាករ​ជម្រើសជាតិ និង​បានដាក់​កីឡាករ​ប្រេស៊ីល​៣​នាក់ឱ្យ​ចូល​រួមជួយ​ទៀត​នោះ គឺ​បាន​ធ្វើ​ឱ្យក្រុម​នេះ មាន​ភាគ​រយខ្ពស់បំផុត ក្នុងការ​ឈ្នះតំណែង​ជើងឯក​នៃការ​ប្រកួត​តេជោ​លីគ ជា​លើកដំបូងនេះ។ 


យ៉ាង​ណាក៏​ដោយ កីឡាករ​ គួន មុំ និង ពិន សារុន ដែលសុទ្ធតែ​ជាអ្នក​មានបច្ចេក​ទេស​ខ្ពស់ ក្នុងការ​លោត​គប់​បាល់​​របស់ក្រុម​វិសាខា​ មិនបានបង្ហាញ​ទំនុក​ចិត្តខ្ពស់រហូត​ដល់ ​១០០ ​​​ភាគ​រយ​ថា ពួកគេ​នឹង​​អាច​ឈ្នះ​តំណែង​ជើងឯក​តេជោលីគ ដោយមិនបារម្ភ​នោះ​ទេ គឺ​អ្នក​ទាំង​២​នេះ បាន​ផ្តល់​ក្តីសង្ឃឹម​ទៅលើ​ក្រុម​របស់ខ្លួន​ពី៧០ទៅ​៨០​ភាគ​រយ ព្រោះ​​ពួកគេ​​ ​នៅតែចាត់ទុក​ក្រុម​បញ្ជាការដ្ឋានអង្គរក្ស និង​ក្រសួង​មហាផ្ទៃ ជាដៃគូ​ប្រជែង​ដ៏​ស្វិតស្វាញ មិនអាច​មើល​រំលង​បានដដែល។

ងាកមកចាប់អារម្មណ៍​ការ​ប្រកួតចុង​ក្រោយ​ជុំ​ទី​២ នៅ​ថ្ងៃសុក្រ​នេះ​វិញ ​ប្រៀប​ដូចជា​ការ​ប្រកួត​បង្រ្គប់កិច្ច​ដែរ ព្រោះ​តាម​រយៈ​លទ្ធផលការ​ប្រកួត​កន្លងមក​នេះ គឺ​បាន​កំណត់​ចំណាត់​ថ្នាក់​ពីលេខ​១ ដល់​លេខ​៦​ច្បាស់លាស់​ហើយ។ មាន​ន័យ​ថា បើទោះបីជា​លទ្ធផល​ការ​ប្រកួត​លើក​នេះ មានការ​ប្រែ​ប្រួល​បែប​ណា​ក៏ វិសាខា នៅតែ​ឈរ​នៅលេខ​១ រីឯ​ក្រុមបញ្ជាការដ្ឋានអង្គរក្ស ឈរនៅលេខ​២ ក្រសួង​មហាផ្ទៃ ឈរ​នៅលេខ​៣ និងក្រុមស្នងការរាជធានី​ភ្នំពេញ ឈរ​នៅលេខ​៤។

 ចំណែក​ក្រុម​ស្នងការដ្ឋាននគរ​បាលខេត្ត​​ពោធិ៍សាត់ ​ឈរ​នៅលេខ​៥ និង​ក្រុមកងពល​ធំ​អន្តរា​គមន៍​លេខ​៣ ឈរ​នៅ លេខ​៦​ ក្រោយគេ ដោយ​ក្រុមទាំង​២នេះ បាន​ធ្លាក់ចេញពីការ​ប្រកួត​​ដោយស្វ័យប្រវត្តិ​ហើយ ចំណែក​ការ​ប្រកួត​​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃសៅរ៍ ក្រុម​​វិសាខា ត្រូវ​ជួបក្រុម​ស្នងការរាជធានី​ភ្នំពេញ ហើយ​បញ្ជាការដ្ឋានអង្គរក្ស ត្រូវប៉ះ​ក្រសួង​មហាផ្ទៃ ដើម្បី​យក​ក្រុមឈ្នះ​ទាំង​២ ឡើង​ទៅ​ប្រកួតផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​តំណែង​ជើង​ឯក​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ខណៈ​ក្រុម​ចាញ់ ត្រូវ​ប្រកួត​គ្នាដណ្តើម​យក​លេខ​៣ នៅ​ថ្ងៃអាទិត្យ​នោះ​ដូចគ្នា៕