ស្ថានទូត​បារាំងប្រចាំ​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍ «រត់បណ្តាក់​ជុំវិញ​ពិភពលោក» នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក ដើម្បី​លើកកម្ពស់ និងជំរុញ​លំហាត់ប្រាណ ដែលព្រឹត្តិការណ៍​នេះ ជាផ្នែកមួយ​នៃការប្តេជ្ញាចិត្ត​របស់​ក្រសួង​អឺរ៉ុប និងការបរទេស​បារំាង​ក្នុងការចែករំលែក​គុណតម្លៃ​នៃព្រឹតិ្តការណ៍​អូឡាំពិក និងប៉ារ៉ា​ឡាំពិក ក៏ដូចជា​អបអរកីឡា​នៅជុំវិញ​ពិភពលោក។ 
  
ព្រឹត្តិការណ៍​រត់បណ្តាក់នេះ​ធ្វើឡើងនៅថ្ងៃ​ទី១៦ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមាន​អ្នកចូលរួម​ប្រមាណ ២០០ នាក់ ដោយមានគោលដៅ​តែមួយគត់​ពោលគឺបូក​បញ្ចូលចម្ងាយ​រត់បាន​ធ្វើឡើង​ដោយអ្នកចូលរួម​ម្នាក់ៗ ក្នុងរយៈពេលសរុប ៤៥ នាទី ដើម្បី​ទទួលបានចម្ងាយ​រត់បានវែង​បំផុតតាម​ដែលអាចធ្វើ​បាន ហើយស្វែងយល់ថា​តើស្មារតី​កីឡា​អូឡាំពិក និងប៉ារ៉ា​ឡាំពិក អាចជំរុញ​ឱ្យអ្នកចូលរួម​ធ្វើបានដល់​កម្រិតណា! ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូតបារាំង​ប្រចាំកម្ពុជា។ 
  
កម្មវិធីនេះ​រៀបចំឡើង ក្នុងពេលដែល​ព្រឹត្តិការណ៍​កីឡាអូឡាំពិក និងប៉ារ៉ា​ឡាំពិក​ក្រុងប៉ារីស​ឆ្នាំ២០២៤ កាន់តែជិតឈាន​ចូលមកដល់ ក្រសួង​អឺរ៉ុប និងការបរទេស​បារាំង បណ្តាញ​ការទូត និងដែនដី​បារាំង​ឯនាយ​សមុទ្រ ដែលត្រូវបានទទួល​ស្គាល់ជា «ដែនដី​កីឡា​ឆ្នាំ២០២៤» បានរួមគ្នា​អបអរ​កីឡា ដោយរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍ «រត់បណ្តាក់​ជុំវិញ​ពិភពលោក» នៅលើទ្វីប​ទាំង ៥ ក្នុងរយៈពេល ២៤ ម៉ោង។ សម្រាប់ស្ថានទូតបារំាង​នៅក​ម្ពុជា បានចូលរួមព្រឹត្តិការណ៍​ពិសេសនេះ​ជាលើកទី៣។   
 
លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា បានប្រកាស​បើក ក៏ដូចជា​ចូលរួមព្រឹត្តិការណ៍​រត់​បណ្តាក់​ខាងលើ។ 


 
លោកឯកអគ្គរដ្ឋទូត​បារាំង ហ្សាក់ ប៉ឺឡេ បានបង្ហាញ​ឱ្យអ្នកចូលរួម​បានស្គាល់​អ្នកស្ម័គ្រចិត្ត​កម្ពុជា ៧ រូប​ដែលត្រូវបាន​ជ្រើសរើសក្នុង​ក្របខ័ណ្ឌ​កម្មវិធី​អ្នកស្ម័គ្រចិត្ត​សម្រាប់ព្រឹត្តិការណ៍​កីឡាអូ​ឡាំពិក​ឆ្នាំ២០២៤ នៅទី​ក្រុងប៉ារីស។ អ្នកស្ម័គ្រចិត្ត​ទាំង ៧ នាក់​ខាងលើ​នឹងចាកចេញ​ទៅប្រទេស​បារាំង​ក្នុងអំឡុង​ត្រីមាសទី១​ឆ្នាំនេះ ដើម្បី​បំពេញ​បេសកកម្ម​ស្ម័គ្រចិត្ត​នៅប្រទេស​បារាំង។
 
ដោយមានបំណង​លើកកម្ពស់ និងជំរុញ​លំហាត់ប្រាណ ដែលជាកត្តាមួយ​នៃសុខភាព​សាធារណៈ​ដើម្បីប្រយុទ្ធប្រឆាំង​នឹងផលប៉ះពាល់​កើតចេញពី​របៀបរស់នៅ​ដែលមិនធ្វើ​លំហាត់ប្រាណ ការរត់បណ្តាក់​ខាងលើ​ទទួលបាន​ការចូលរួម​ជាពិសេស​ពីសំណាក់ លោក ឈុន ប៊ុនថន អត្តពលិក​កម្ពុជា ម្ចាស់មេដាយមាស​ ក្នុងអំឡុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣។ ការរត់បណ្តាក់នេះ​ក៏មានការចូលរួម​ផងដែរ​ពីសំណាក់សិស្សានុសិស្ស​ជាច្រើនមក​ពីសាលា​បារាំង​រឺណេដេកាត និងសាលា​បារាំង​អន្តរជាតិ។ 


 


កាលពី​ឆ្នាំកន្លងទៅ ស្ថានទូត​បារាំង​ចំនួន ១២៨ ស្ថាន​កុងស៊ុល ស្ថាន​តំណាង​អចិន្រ្តៃយ៍ និងសមូហភាព​ដែនដី​បារាំង​ឯនាយ​សមុទ្រ ដែលត្រូវបាន​ទទួលស្គាល់​ថាជា «ដែនដី​កីឡា​ឆ្នាំ២០២៤» បានចូលរួម​ក្នុងព្រឹត្តិការណ៍​រត់បណ្តាក់​ខាងលើ ដោយបានបង្ហាញ​ឱ្យឃើញ​នូវកីឡា និងអត្តពលិក​នៃប្រទេស​នីមួយៗ។ ការរត់បណ្តាក់នេះ​បានចាប់ផ្តើម​នៅប្រទេស​នូវែលសេឡង់ បន្ទាប់មក​ឆ្លងកាត់ទ្វីប​អូសេអានី អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិក មុននឹង​បញ្ចប់នៅ​តំបន់​ប៉ាស៊ីហ្វិក ពោលគឺ​នៅប៉ូលីនេស៊ី​បារាំង៕