ភ្នំពេញ៖ ការ​ប្រើ​កណ្តាប់​ដៃ​ម៉ាត់​ឱ្យ​កីឡាករ​ថៃ Moeng A.Khom សន្លប់​ក្នុង​រយៈ​ពេល​ជាង​ ១​ នាទី​របស់​ជើងខ្លាំង ព្រំ សំណាង បាន​បង្ក​ឱ្យ​មានចម្ងល់ សម្រាប់​អ្នកគាំ​ទ្រ​មួយចំនួន ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា តើ​ថៃ​ម្នាក់​នេះ ធ្វើ​ពុត ឬ​ក៏​សន្លប់​មែន​ទែន? ខណៈ​ទម្ងន់​វាយ​ចូល មិនសូវជាធ្ងន់​ផង​នោះ ប៉ុន្តែ​ទម្ងន់​ជើង​ទាត់​ចូល​កញ្ចឹង​ក​របស់ ឃន សុម៉ាលី ពិតជា​ចូល​​​ធ្ងន់ ដែល​សមធ្វើ​ឱ្យ​កីឡាករ Katha Thep សន្លប់ពិតមែន ខណៈជំនួប​រវាង ម៉ន ព្រហ្មម៉ាញ និង Noeng Trakarn រក​មិន​ឃើញ​អ្នក​ឈ្នះ។


សម្រាប់ការ​បង្ហាញ​វត្ត​មាន​របស់ ព្រំ សំណាង នៅលើសង្វៀន​ប៉ុស្តិ៍លេខ​ ៥ កាលពី​យប់​​ថ្ងៃទី ​១៧ ខែកុម្ភៈ បាន​ធ្វើ​ឱ្យអ្នក​គាំ​ទ្រ​ផ្ទាល់​ នៅ​​ព្រែក​កំពឹស មានការ​ចាប់​អារម្មណ៍​ខ្លាំង ដោយពួក​គេ​សង្ឃឹម​ថា នឹង​បាន​​ឃើញ​ពី​សមត្ថ​ភាព​ប្រកួត​​ជាក់ភ្នែក​របស់ ព្រំ សំណាង បន្ទាប់ពី​កីឡាករមាន​​រហស្សនាម «ជាង​កាត់​សក់ដៃឯក» រូប​នេះ ទើប​ដណ្តើម​​បាន​ប្រជាប្រិយ​ភាព និងការ​ជឿជាក់​របស់​អ្នក​គាំ​ទ្រ​មក​វិញ ក្រោយ​បាន​ទាត់​ឱ្យ​កីឡាករ​លេខ​ ១ ​របស់​មីយ៉ាន់ម៉ា Yar Man ​ឱ្យ​សន្លប់​ក្នុងទឹក​ទី​២ សម្រាប់​ការ​ប្រកួត​ កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ​ ២០២៤។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួតជាក់​ស្តែង កាលពី​យប់ថ្ងៃសៅរ៍នោះ ព្រំ សំណាង បាន​ប្រើពេល​តិច​បំផុត គឺ​ត្រឹម​រយៈ​ពេល ១.០៥ ​វិនាទី ដើម្បីឱ្យ​កីឡាករ​ថៃ Moeng A.Khom ដួល​សន្លប់​ក្រោយ​លែង​រួច តាម​រយៈការ​ម៉ាត់​ឆ្វេងចូល​កណ្ដៀតក្អមខាង​ស្តាំ ប៉ុន្តែ​ការ​ដួល​សន្លប់យ៉ាង​ផុយ​ស្រួយ​​​របស់ Moeng A.Khom ក៏​បាន​ធ្វើ​ឱ្យអ្នក​គាំ​ទ្រ​​មួយចំនួន កើតជា​ចម្ងល់​ផងដែរ ព្រោះ​ពួកគេ បាន​មើល​ឃើញ​ថា ទម្ងន់ម៉ាត់​ឆ្វេង​របស់ ព្រំ សំណាង មិនជា​ធ្ងន់ រហូត​ដល់​សន្លប់​​នោះ​ទេ។



ជាមួយគ្នា​នេះ អ្នក​គាំ​ទ្រ​ខ្លះ បានបញ្ចេញ​ជាមតិ​យោបល់​ថា ការដួល​សន្លប់​របស់ Moeng A.Khom អាចជា​ការ​ធ្វើ​ពុត ដើម្បី​មិនចង់​ឈឺ​ខ្លួនជាងនេះ ព្រោះ​ដឹង​ថា ខ្លួន​មានសមត្ថ​ភាពមិនអាច​​ទៅ​រួចជាមួយ ព្រំ សំណាង ចំណែក​​អ្នក​ខ្លះ​ទៀត បានដាក់ការ​​មន្ទិល​ថា ​​កីឡាករ​ថៃម្នាក់​នេះ អាច​ត្រឹមជាអ្នក​ប្រដាល់​បែប​ដកដំឡូង​នៅប្រទេស​ថៃ ហើយមក​ប្រកួត​លំៗយក​តែ​ប្រាក់​តម្លៃ​ខ្លួន​ត្រឡប់​ទៅ​វិញ។


តែទោះបីជា​យ៉ាង​ណា តាមប្រវត្តិ​ប្រកួត​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​បាន​ឱ្យដឹង​ថា កីឡាករ​ថៃ Moeng A.Khom ធ្លាប់មាន​បទពិសោធន៍​ប្រកួត​រហូត​ដល់​ ១០៤ ​ដង ឈ្នះ​ ៧៧ ចាញ់​ ២៤ ស្មើ​ ៣​ ដង គឺ​មានន័យ​ថា គេ​ម្នាក់នេះជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ផងដែរ ប៉ុន្តែ​ការ​ដួល​សន្លប់​នេះ ដោយសារ Moeng A.Khom បាន​បង្ហាញអាការៈចុក​​ឆ្អល់​តាំងពីពេល ព្រំ សំណាង ម៉ាត់ស្តាំ​ចូលពោះមួយ​ដៃ​ នៅ​នាទីទី​១ ដើមទឹក​ទី​១ មកម្ល៉េះ។

ឃើញ​ស្ថាន​ភាព​បែប​នោះ​​ហើយ ទើប ព្រំ សំណាង ចូលវាយសម្រុក​ដោយ​ម៉ាត់​ចូល​ផ្ទៃ​មុខ​ ២ ដៃ និង​ចូលពោះ ១ ​ដៃ​ទៀត មុនពេលរូប​គេ​​ម៉ាត់​ឆ្វេង​ចូលកណ្ដៀតក្អមខាង​ស្តាំ​ ១ ដៃ​ចុង​ក្រោយ នាំ​ឱ្យ​កីឡាករ Moeng A.Khom ដួល​សន្លប់​តែម្តង ខណៈ​ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់ មានការ​អបអរ​សាទរខ្លាំង​ដល់ សំណាង ព្រោះ​វាជា​លើក​ទី​១ ​ហើយ ដែល​អ្នកគាំ​ទ្រ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ បាន​ទស្សនា​ការ​ប្រកួត​របស់ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​ ២០២៣ ​រូប​នេះ ដោយ​ផ្ទាល់ បន្ទាប់ពី​សង្វៀន​មួយនេះ បាន​បើក​ឱ្យ​មាន​ការប្រកួត​ជាថ្មី កាលពី​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២៣។

ដោយ​ឡែក​កីឡាករ​វ័យ​ក្មេង ឃន សុម៉ាលី ពិតជា​ធ្វើបាន​យ៉ាង​ល្អ ក្នុង​ការ​វ៉ៃ​ប្តូរជាមួយ​អ្នក​ប្រដាល់​ថៃ Katha Thep ជាមួយ​ការ​ម៉ាត់ និង​ទាត់​ចេញ​ច្បាស់ៗ​របស់​គេ ហើយនៅពាក់​កណ្តាល​ទឹក​ទី​២ សុម៉ាលី បាន​​ទាត់​ឆ្វេងចូលកញ្ចឹងក​របស់​ថៃម្នាក់នេះពេញ​ទំហឹង រួចឆ្លៀតម៉ាត់​ថែម​មួយ​ដៃ​ទៀត បណ្តាលឱ្យ Katha Thep ដួល​ដេក​សន្លប់​ក្រោយ​លែង​រួច  គឺ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​បាន​​ជួយ​​​សម្រួលចលនាជិត​ ១ នាទី ទើប​ដឹង​ខ្លួនវិញ។

ចំណែក​ការ​ការជួបគ្នា​រវាង​កីឡាករ​កម្ពុជា ម៉ន ព្រហ្មម៉ាញ និង​ជើង​ខ្លាំង​ចាស់​វស្សា​របស់​ថៃ Noeng Trakarn ពិតជា​មានស្នៀត​វាយបក​សង​គ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត ប៉ុន្តែ​ការ​ព្យាយាម​អស់ពី​សមត្ថ​ភាព​របស់​អ្នកទាំង​ ២ នេះ នៅតែ​រក​មិនឃើញ​អ្នកឈ្នះ​ ព្រោះ​ពួកគេ ត្រូវ​បាន​លើក​ដៃ​ឱ្យ​ស្មើ​គ្នា ក្រោយ​ការ​ប្រកួត​៥​ទឹក​ពេញ​បានបញ្ចប់៕