ភ្នំពេញ៖ ការ​សម្រេច​បញ្ឈប់​កីឡាកររបស់​កម្ពុជា បឺត សង្ឃឹម ហើយ​ផ្តល់​ជ័យជម្នះ​ទៅ​ឱ្យ​អ្នក​ប្រដាល់​​ថៃ Yothin FA Group ពីសំណាក់​គ្រូ​ពេទ្យ និងគណៈកម្មការ​បច្ចេក​ទេស ដែល​រៀបចំ​ការ​​​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ពិភព​លោក WBC ទម្ងន់​ ៥៧ ​គីឡូក្រាម នៅលើ​ទឹក​ដី​ប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃទី ​១៧ ខែកុម្ភៈ វា​នៅ​តែ​ជា​ប្រធានបទក្តៅ ព្រោះ​ទាំង​អ្នក​គាំ​ទ្រ និង​​អ្នក​​បច្ចេក​ទេស​មួយ​​ចំនួន បាន​មើលឃើញ​ថា ករណី​នេះ​វា​ស្ថិត​ក្នុង​ភាព​មន្ទិល ដែល​កើត​ឡើង​ដោយការ​រៀបចំ ក្នុង​ចេតនា​មិន​ល្អ​ ដើម្បី​ទម្លាក់ប្រជា​ប្រិយ «គុនខ្មែរ» ដែលកំពុង​ផ្ទុះ​ការគាំ​ទ្រ​ខ្លាំងនៅលើ​ឆាក​អន្តរ​ជាតិ។


តាម​រយៈការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ WBC ដ៏ចម្រូង​ចម្រាស​នោះ បឺត សង្ឃឹម ត្រូវ​បាន​អាជ្ញា​កណ្តាល​ចាប់​យក​ទៅ​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ស្នាម​របួស​បែក នៅលើ​ចិញ្ចើម​ខាង​ឆ្វេង ក្រោយ​បាន​ប្តូរ​​កែង​ជាមួយ​កីឡាករ Yothin នៅ​ក្នុងទឹក​ទី​១ ប៉ុន្តែ​ក្នុងពេល​ពិនិត្យ​មុខរបួស​នេះ បឺត សង្ឃឹម បាន​​​បង្ហាញ​​ឆន្ទៈ​ថា រូបគេ​អាច​ប្រកួត​បន្ត​ទៀត​បាន ចំណែក​លោក ស្រ៊ឺ ស្រេង ជា​អ្នក​ដឹកនាំ និង​លោក សេន ប៊ុនថេន ជា​គ្រូ​បង្វឹក ព្រម​ទាំង​អ្នកគាំ​ទ្រ​ជាជនជាតិ​ខ្មែរ​រស់​នៅអូស្រ្តាលី ក៏​បានស្រែក​បន្ទរពី​ក្រោម​សង្វៀនទៅ ដើម្បី​ឱ្យ បឺត សង្ឃឹម ប្រកួត​បន្ត​ដូចគ្នា។

សកម្ម​ភាព​ទាំង​អស់​នេះបាន​ធ្វើ​ឱ្យគ្រូ​ពេទ្យ និង​អាជ្ញា​កណ្តាលជា​ស្រ្តី នៅលើ​សង្វៀន ហាក់​​​​មាន​ភាព​ស្រពេចស្រពិល ក្នុង​ការសម្រេចចិត្តនិងបាន​ងាក​មើល​ទៅ​គណៈកម្មការ​វិនិច្ឆ័យ ហើយ​រំពេច​​នោះ គេ​ឃើញ​មន្រ្តី​បច្ចេក​ទេស​ម្នាក់ ដែល​អង្គុយ​​នៅតុគណៈកម្មការវិនិច្ឆ័យ បានស្ទុះ​ទៅ​ប្រាប់​គ្រូពេទ្យ និងអាជ្ញាកណ្តាល​ឱ្យ​បញ្ឈប់ បឺត សង្ឃឹម តែម្តង ដែល​​ទង្វើនេះបាន​បង្កឱ្យ​មាន​​ភាព​ក្តៅ​ក្រហាយ​​ខ្លាំង​ដល់ភាគី​កម្ពុជា និង​​​អ្នកគាំ​ទ្រ។



ជាមួយការ​រួម​គ្នា​បញ្ឈប់ បឺត សង្ឃឹម​ នេះ​ត្រូវបាន​អ្នកគាំ​ទ្រ​រិះគន់​ថា ជាទង្វើមិនសមទំនង ដែល​បង្ហាញពី​ចេតនាមិន​ល្អណាមួយ ក្នុងការ​ធ្វើ​បាបក្រុម​ភាគី​កម្ពុជា​ ដោយ​មានការ​លម្អៀង​ខ្លាំង​ទៅ​លើ​ភាគីកីឡាករ​​ថៃ ក្នុង​គោល​បំណងទម្លាក់​ប្រជាប្រិយ​ភាព «គុនខ្មែរ» ដែល​កំពុងមាន​​ការ​​រីកសាយ​ខ្លាំង នៅលើ​ឆាក​អន្តរជាតិ ខណៈ​ការស​ម្រេច​បែបនេះ ក៏​​មិនសម​ទៅនឹង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោកនោះ​ដែរ។


ទន្ទឹម​នឹង​នេះ បឺត សង្ឃឹម ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ខ្លាំង និង​បានចាត់​ទុក​ការ​សម្រេច​ឱ្យ​ចាញ់​ក្នុងទឹក​ទី​១ ដោយបញ្ហា​របួស​បែក​នេះ​ថា ជា​​ការ​បាត់បង់ឱកាស​ដ៏​សំខាន់ ក្នុងការ​ដណ្តើម​​ខ្សែ​ក្រវាត់ WBC ជា​លើកដំបូង​របស់​ខ្លួន ហើយ​តាម​រយៈការ​ប្រកួត​បានប្រមាណ ​២ នាទី​នេះ សង្ឃឹម បាន​ទម្លាយ​​ថា Yothin មិនមានក្បាច់​អ្វី​លើខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅវិញ​កីឡាករ​ថៃ​ម្នាក់នេះ ក៏​ប៊ិះ​តែមាន​បញ្ហា ក្រោម​ទម្ងន់​ជើង​ទាត់​ចូល​​ផ្ទៃ​មុខ​ពេញ​ទំហឹង នៅដើមទឹក​ផងដែរ។

បឺត សង្ឃឹម បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖ «ខ្ញុំបានត្រៀម​ចិត្ត​ថា មក​វ៉ៃ​ដើម្បី​យក​ខ្សែ​ក្រវាត់​ទៅ​ខ្មែរ​វិញ ចំណែក​​រឿង​ភ័យ​ខ្លាច ខ្ញុំ​គ្មាន​ក្នុងចិត្តខ្ញុំសូម្បី​បន្តិច ប៉ុន្តែ​ខ្ញុំពិតជា​សោក​ស្តាយ​ឱកាស​ ដែលបងប្អូនទន្ទឹង​រង់ចាំ​មើល ហើយ​ទាំង​ដែល​ខ្ញុំ​មិនទាន់​បានបញ្ចេញ​សមត្ថ​ភាព​របស់​ខ្លួន​អស់​ផង គឺ​ទើប​និង​វ៉ៃ​​មិនទាន់បាន​២នាទី​ផង ក៏​ត្រូវបានគេ​បញ្ឈប់»។

ម្ចាស់មេដាយមាស​ស៊ីហ្គេម​ ២ ជំនាន់​រូបនេះបាន​បន្ថែម​ថា៖ «ក្បាច់របស់គេ (Yothin) មិនមានអ្វីស៊ី​ខ្ញុំទេ គឺ​ឆ្វេងស្តាំខ្ញុំ​ចេះ​ប្តូរ​វ៉ៃ​បានទាំង​អស់ រីឯ​ការ​ចូលចាប់​ឡាំ ​ក៏មិនលើ​យើង​នោះ​ដែរ តែសំខាន់ យើងមិនទាន់​ទាំង​បានវ៉ៃ​​​ប្តូរ​គ្នា​ឱ្យ​បានខ្លាំង​អ្វី​សោះ។ បើវ៉ៃ​បាន ​២ ទៅ​ ៣ ​ទឹក​ឱ្យ​អស់​ចិត្ត​មើល ប៉ុន្តែ​នេះ​​ត្រូវ​របស់គេ​តែ១កែង​ហ្នឹងបញ្ឈប់​តែម្តង គឺខ្ញុំ​មិនទាន់អស់​ចិត្តទេ​ ហេតុ​នេះ​​ខ្ញុំ​ចង់​មាន​​ឱកាស​​ប្រកួតខ្សែ​ក្រវាត់​​នេះ​ម្តង​ទៀត»។

ជាមួយគ្នានេះ លោក ImSta ស្ថាបនិក​សង្វៀន BOB (Best of the Best) មាន​មូល​ដ្ឋាន​នៅប្រទេស​អូស្រ្តាលី ដែល​ធ្លាប់​ដឹកនាំ​អតីត​កីឡាករ​កម្ពុជា ជ័យ កុសល ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ WBC នេះ​ដែរ ក៏បាន​បង្ហាញ​ការមិនពេញ​ចិត្តចំពោះ​ការ​បញ្ឈប់ បឺត សង្ឃឹម ដូចគ្នា ហើយ​លោក​​បាន​ចាត់​ទុក​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នេះ​ថា ជា​ក្រុមមិនកែ​ចរិត ដែល​នៅតែ​បង្ក​​ឱ្យ​​មាន​បញ្ហា ព្រោះ​តែ​មាន​ទំនោរ​ខ្លាំង​ទៅលើ​​ក្រុម​កីឡា Muaythai របស់​ប្រទេស​ថៃ។

លោក​បានប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​នេះ​ថា៖​ «យើងមើល​ឃើញ​ថា ក្រុមមួយនេះ នៅតែ​មាន​អត្តចរិត​ដដែលៗ គឺ​មានភាពលម្អៀង​ ដោយកាន់​ជើង​ប្រទេសជិត​ខាង​មួយ​ហ្នឹង គឺ​​ខ្ញុំ​ឆ្អិន​ហើយ​លើ​​រឿង​នេះ។ កាលជំនាន់មុន ជ័យ កុសល បាន​វ៉ៃ​ឱ្យ​កីឡាករ​ថៃ​បែក​ ៤ ថ្នេរ ហើយ​ពេលប្រកួត​ចប់​ខាង​ជនជាតិ​ស្បែក​ស បានមក​ចាប់​ដៃយើង​​ដោយ​​និយាយ​ថា ជ័យ កុសល នឹង​ឈ្នះ​​ហើយ តែ​ចុង​ក្រោយ​​គេនៅតែឱ្យ​ចាញ់។ ចំណែកករណី បឺត សង្ឃឹម នេះ​​មិន​ទាន់​ឃើញ​ឈាម​បាញ់​ចេញអី​មក​ផងហើយ​ក៏​មិន​បានបង្ហាញ​ពីមុខ​របួស​ហ្នឹង​ទៀត ស្រាប់​តែ​បញ្ឈប់​គ្នា​តែ​ម្តង ខ្ញុំ​ទទួល​យក​មិន​បានទេ គឺ​ខ្ញុំ​អាណិត បឺត សង្ឃឹម ឡើងស្រក់ទឹក​ភ្នែក»។​

ចំពោះ​ភាពមិន​ប្រក្រតី ដែល​កើត​មាន​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ក្រុម​ប្រដាល់​គុនខ្មែរ​នេះ លោក ImSta បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​ធ្លាប់​បាន​និយាយជាមួយ​​​ប្រធាន WBC ដែរ​ថា ត្រូវ​ធ្វើអ្វី​ឱ្យ​​ច្បាស់​លាស់ បើ​មិនដូច្នេះ​ទេ ខ្មែរ​លែង​គាំទ្រ​ហើយ ប៉ុន្តែ​​វាហាក់មិន​​មានអ្វីកែ​ប្រែ​។ តែខ្ញុំ​នឹង​និយាយ​ជាមួយ​​ខាង​​អ្នក​រៀបចំ WBC ម្តង​ទៀត ដើម្បី​ឱ្យមាន​ការ​ប្រកួត​សងសឹក ហើយ​បើ​អាច​ធ្វើ​នៅ​ក្នុង​កម្ម​វិធី​របស់​ខ្ញុំតែម្តង ហេតុនេះសូមក្មួយ បឺត សង្ឃឹម កុំអស់​​ទឹក​ចិត្ត គឺ​ត្រូវ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត និងត្រូវចងចាំ​ការ​ឈឺចាប់​មួយ​នេះ ព្រោះ​កូន​ប្រុស​សង​សឹក​ពេលណាក៏​បានដែរ»។

ជាមួយគ្នា​នេះ លោក ថៃ នរៈសត្យា ជាអតីត​គ្រូ​បង្វឹក​កីឡាម្នាក់ នា​ឆ្នាំ ​១៩៧៩ ដែល​​បាន​បញ្ចប់​វគ្គសិក្សា​ជំនាន់ទី១ ចំណាត់ថ្នាក់លេខ១ក្នុង​រដ្ឋធានីភ្នំពេញ បាន​មើល​ឃើញ​ថា ការ​សម្រេច​​ឱ្យ បឺត សង្ឃឹម ចាញ់​នៅ​ក្នុងទឹកទី​១​ ដោយ​សំអាងលើ​មុខ​របួស​មិន​ធ្ងន់នេះ ជា​ការ​ឆ្លៀត​ឱកាស​មិន​​ល្អ​មួយ គឺ​​ខុសពីការ​ប្រកួត​អន្តរ​ជាតិ​ធំៗ ដែលគេ​នៅ​តែបន្តឱ្យ​ប្រកួតដល់​ចប់ ទោះ​ភាគីកីឡាករ​ម្ខាងមាន​របួស​បែក​ឈាម​ខ្លាំងជាងនេះក៏​ដោយ។

លោក​បានបង្ហោះសារ​បែបនេះ​ថា៖ «ក្នុងការប្រកួតកីឡាប្រដាល់អន្តរជាតិ​ជាច្រើន ខ្ញុំ​ធ្លាប់​ឃើញ​កីឡាករបែកធំជាងនេះ របួសបែក មានឈាមរហាមហូរស្រោចលើដងខ្លួនទៀតផង ក៏​អាជ្ញា​កណ្តាល​នៅ​ឱ្យ​ប្រយុទ្ធបន្ត បន្ទាប់ពីសួរបញ្ជាក់ពីទឹកចិត្តរបស់កីឡាករនោះផ្ទាល់ ប៉ុន្តែនេះ បឺត សង្ឃឹម របស់កម្ពុជា ដែលបែករបួសមិនជាធំដុំគួរព្រួយបារម្ភសោះ តែ​បែរ​ជា​ត្រូវ​បាន​បញ្ឈប់​យ៉ាង​​ដាច់​ខាត បើទោះបីជាកីឡាករបានបញ្ជាក់ឆន្ទ:ថាអាចប្រយុទ្ធបន្តបានក៏ដោយ»។ 

លោក​​បន្ថែម​ថា៖​​«ទោះ​ក្រុមអាជ្ញាកណ្តាល ជាស្តេចនៃទីលានប្រកួត ​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ដែល​អាច​ឱ្យ​សាធារណ​ជន​មើល​ឃើ​ញ​ខ្នង​លើគោកពេកនោះ គ្មានកិត្តិយសទេ ហើយ​​​នឹង​​នាំ​​ដល់​​ការ​​ជេរ​​ប្រទេច​មិន​ខាន។ ឈ្នះ​​ចាញ់​ក៏គួរឱ្យ​ល្អមើលបន្តិចដែរ អ្នក​ដែល​ប្រកប​ដោយ​សុទិដ្ឋិនិយម ទោះបីជា​ជា​ជន​ជាតិ​​​​ប្រទេស​ណា ឬ​ក៏​ជា​មនុស្ស​នៃ​ប្រទេស​នោះ​ក៏ដោយ ខ្ញុំ​យល់​ថាគេ​ក៏​មិន​ជា​ពេញ​​ចិត្ត​ទៅ​នឹង​ជ័យ​ជម្នះ​ដ៏​កញ្ឆក់កណ្តៀតនេះដែរ។ សុ​ភាសិត​បារាំង​មួយ​បាន​និយាយថា ជ័យ​ជម្នះ​​របៀប​នេះធ្វើឱ្យ​អ្នក​ឈ្នះ​មិន​ល្បី​អ្វី​សោះ រីឯ​អ្នក​ដែល​គេឱ្យ​ចាញ់​ក៏​មិន​ជា​អាម៉ាស់​អ្វីដែរ ហើយ​​អាច​ត្រូវ​បាន​គេ​នាំ​គ្នា​សោក​ស្តាយ និង​អាណិតថែមទៀតផង។

បន្ថែម​ទៅលើ​នេះ ក្រុម​កីឡាករ កីឡាការិនី​​កម្ពុជា ដែលធ្លាប់ឆ្លងកាត់ការ​​ប្រកួតផ្លូវ​ការ នៅលើ​ឆាក​អន្តរជាតិ ​​ក៏​បាន​សម្តែងការ​មិនពេញ​ចិត្ត និង​បានរិះគន់​​​ទៅលើករណី​ការ​បញ្ឈប់ បឺត សង្ឃឹម នេះ។កីឡាករ​​ជើង​ខ្លាំង​គុនខ្មែរ ម៉ឺន មេឃា ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​ស៊ីហ្គេម​២​សម័យ​​កាលផ្នែក​កីឡា​វ៉ូវីណាម​នោះ បានបញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​បែបនេះ​ថា៖ «ជំនាន់ អេ អាំម៉ារីន វ៉ៃជាមួយ​​កីឡាករ​​អូស្ត្រាលី​ខាង​គេ​បែកហូរឈាមពេញខ្លួនតែ​មិនបញ្ឃប់ផង​ ចុះ​បឺត សង្ឃឹម ម្ដេច​​ពួកឯងធ្វើ​ស៊ី​ខ្មែរទៅវិញ​! យល់យ៉ាងណាបងប្អូនខ្មែរយើង»។

ជាមួយ​គ្នា​នេះ កីឡាការិនី​ជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ និងប៊ីយ៉ារបស់​កម្ពុជា ស្រួង ភាវី បានបង្ហោះ​​រូប​ភាព​អាជ្ញាកណ្តាលជា​ស្រ្តី ដែលពិនិត្យ​របួស បឺត សង្ឃឹម រួច​បានសរសេរ​បែប​នេះ​ថា៖ «អាជ្ញាកណ្ដាល​កម្រិត​ពិភពលោក​មាន​ពិសោធន៍​​ច្បាស់​​ក្នុង​​ការ​មើ​ល​​មុខ​របួស​ ប៉ុន្តែ​គាត់​ក៏​សម្ដែង​​អាការ​​ហួស​ចិត្ត​ណាស់​ដែរ​ ក្នុង​ការ​សម្រេច​របស់​វេជ្ជបណ្ឌិត​។ អ្វី​ៗ​ហួស​ហើយ ​ប៉ុន្តែ​យើង​វិភាគ​​ពី​​ទិដ្ឋភាព​»៕