ភ្នំពេញ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ពីសហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា ​​ក្រុម Burn X Flash នឹងត្រូវ​​ធ្វើ​ដំណើរ​ទៅកាន់ទីក្រុងកាហ្សានប្រទេសរុស្ស៊ីនា​ថ្ងៃទី​២២ ខែកុម្ភៈ ​ខាង​មុខ​នេះ ដើម្បី​ចូល​រួម​ការ​ប្រកួត​កីឡាអេឡិច​ត្រូនិក (E-Sports) ដ៏​ធំ​មួយ​ឈ្មោះ​ថា Games of The Future 2024 នៅ​ទី​នោះហើយក្រុមតំណាង​ឱ្យ​កម្ពុជា​មួយ​​នេះ ​មាន​ក្ដីរំពឹងយ៉ាងមុតមាំ​ថានឹង​​ប្រជែង​ដណ្តើម​​បាន​​​លទ្ធផល​ល្អ​ជូន​ជាតិ​មាតុ​ភូមិ។


នៅ​ក្នុងជំនួបជាមួយអ្នកគាំទ្រនៅរោងកុន Prime Cineplex កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈកន្លងមក​​ លោក Lee Xin​ ប្រធាន​ក្រុម Burn X Flash ​​បាន​និយាយ​ថា៖ «ពួក​យើង​បាន​ត្រៀម​ខ្លួន​ ១០០​ ភាគ​រយ ​ហើយដោយ​​យើងបាន​ហ្វឹកហាត់ ​​និងសិក្សា​ពី​​​ការ​ប្រកួត​នេះ​បាន​ច្រើនហើយ​តាម​រយៈ​​សមត្ថ​ភាពនិងការ​សិក្សា​ពី​ក្រុមផ្សេងៗ​ទៀតដែល​​បានចូល​រួម​ក្នុង​ព្រឹត្តិការណ៍នេះយើងសង្ឃឹម​ថា យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អគឺ​អាច​នឹង​ឈាន​ទៅដល់​​ការប្រកួត ​៤ ​ក្រុម​ចុងក្រោយ (Top4)»។

សម្រាប់​ការចូល​រួមការប្រកួត Games of The Future 2024 ជា​លើក​ដំបូង​នៅ​ប្រទេសរុស្ស៊ី​នេះ​ក្រុម Burn X Flash  ​នឹង​​ត្រូវ​ប្រកួតប្រជែង​លើវិញ្ញាសា Mobile Legend: Bang Bang ដែលជា​វិញ្ញាសា​មួយក្នុងចំណោម​វិញ្ញាសា​ប្រកួត​ទាំង​១៦ ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រកួតដោយ​មាន​ប្រាក់​រង្វាន់សរុប​រហូតដល់ ​២៥ លានដុល្លារអាមេរិក ហើយ​ព្រឹត្តិការណ៍​នេះនឹង​ចាប់​​ផ្តើម​​ពី​ថ្ងៃទី​២១ ខែកុម្ភៈ រហូត​ដល់​ថ្ងៃទី​៣ ខែមីនា។


លោក Lee Xin​ (ឆ្វេង) និង​លោក សេង សុភ័ក្រ ក្នុងពេលចុះ MoU កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ។រូប សហការី


បន្ថែម​ពីលើការ​ប្រកួត​ប្រជែងដណ្តើម​យក​លទ្ធផល​ល្អ​ជូន​ប្រទេស​ជាតិក្រុម Burn X Flash  ​ក៏​ត្រៀមនឹងនាំ​យករូប​ភាព​ល្អៗពី​កម្ពុជាដើម្បី​បង្ហាញ​ទៅ​ប្រទេស​ផ្សេងៗដែល​ចូលរួ​ម​ការ​ប្រកួត ​Games of The Future 2024 នេះ​ផងដែរដើម្បី​អាច​ទាញ​បានមកវិញនូវចំនួន​អ្នកទេសចរ​មកដើរកម្សាន្តនៅ​កម្ពុជា។


នៅត្រង់ចំណុច​នេះលោក Lee Xin ​បានបញ្ជាក់ថា៖ «​សម្រាប់ការ​ចូលរួម​​ប្រកួត​នៅប្រទេស​រុស្ស៊ីជា​លើក​ដំបូងនេះយើង​មាន​បំណង​ចង់​បង្ហាញ​ឱ្យ​​គេ​បាន​ដឹង​ថាកម្ពុជា​យើងក៏​មាន​ធនធាន​កីឡាអេឡិច​ត្រូនិក​ល្អៗដែរ ហើយ​​មួយ​ទៀតយើង​ចង់​នាំ​យក​ព័ត៌​មាននិង​អ្វី​ដែល​ល្អៗ​ទាក់​ទង​នឹង​ប្រទេស​យើងទៅ​បង្ហាញ​ឱ្យ​ប្រទេស​ផ្សេងៗបាន​ដឹងនិងបាន​ស្គាល់ដើម្បី​អាច​អូស​ទាញ​​ពួកគាត់​ឱ្យ​ធ្វើ​ដំណើរ​មក​​ទេសចរណ៍​នៅ​កម្ពុជា»។

សម្រាប់ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម ​Games of The Future 2024 នៅ​ប្រទេស​រុស្ស៊ី​នេះក្រុម Burn X Flash ​​ក៏​បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុង​ភាព​​ជា​ដៃ​គូ​ផ្លូវ​ការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ PEAK Sports ផងដែរដើម្បី​ផ្សព្វ​ផ្សាយ​ការ​ប្រកួត​នេះមក​កាន់​កម្ពុជា​វិញ។

លោក Lee Xin បាន​និយាយ​ថា៖​ «​យើងពិតជា​មានកិត្តិយស ដែល​បាន​សហការ​ជាមួយ​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​លើកដំបូងដើម្បី​ផ្សព្វ​ផ្សាយ​ពីការ​​ប្រកួត​របស់​យើងឱ្យ​បាន​កាន់តែ​ទូលំ​​ទូលាយហើយ​​តាម​រយៈការ​ផ្សព្វ​ផ្សាយនេះវា​នឹង​ជួយ​ពង្រីក​ការ​យល់​ដឹងឱ្យ​បាន​​កាន់តែច្រើន​ពី​ប្រភេទ​កីឡា​អេឡិច​ត្រូនិក​របស់​យើង។ជាមួយគ្នានេះយើងនឹង​ព្យាយាម​ដណ្តើមឱ្យ​បាន​លទ្ធផល​​ល្អនិង​នាំ​យក​អ្វីដែល​ថ្មីមក​ជូន​​អ្នកគាំ​ទ្រនិងដៃ​គូសហការដែលបាន​ផ្តល់ការ​ទុក​ចិត្ត​លើ​​ពួក​យើង»។

ជាមួយ​កិច្ចសហប្រតិបត្តិការ​នេះ​ដែរ ​លោកសេងសុភ័ក្រនាយកប្រតិបត្តិ​ក្រុមហ៊ុន PEAK Digital បាន​​ថ្លែង​​ថា៖ «យើង​ពិតជា​រីក​រាយមែនទែនដែលបានរួមចំណែក​​ផ្សព្វ​ផ្សាយ​ការ​ប្រកួត​របស់​ក្រុមតំណាង​ឱ្យ​កម្ពុជា Burn X Flash ដែល​ត្រូវ​ចូល​រួមការ​ប្រកួតជាមួយ​ក្រុម​អន្តរជាតិ​ផ្សេងៗ​ទៀត ​ក្នុង​ព្រឹត្តិការណ៍ Games of The Future 2024 នៅប្រទេសរុស្ស៊ីអ៊ីចឹងនេះជាឱកាស​របស់ PEAK ដែល​បានជួយ​រុញ​ក្រុមកីឡាករ​របស់​យើងឱ្យ​ឈាន​ទៅ​សម្រេច​​ក្តីស្រមៃ»។

លោក​បាន​បន្ថែម​ថា៖ «​តាម​រយៈការ​សហការ​ក្នុងការ​ផ្សព្វ​ផ្សាយ​​ក្នុង​ព្រឹត្តិការណ៍ ​Games of The Future 2024 នេះ​យើង​សង្ឃឹម​ថានឹង​ជួយ​ជំរុញក៏ដូចជា​​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗដែល​និយម​លើ​ប្រភេទ​កីឡា E-Sports ​ឱ្យ​ចូល​រួម​កាន់តែ​ច្រើនកុះករដើម្បី​កសាង​​ក្តី​ស្រមៃ​សម្រាប់​ខ្លួន​លើ​ជំនាញ​មួយនេះព្រមទាំង​ចូលរួម​គាំ​ទ្រ​ដល់​ក្រុម​ ​Burn X Flash ​របស់កម្ពុជា​យើង​ឆ្ពោះ​ទៅ​ទទួល​​បានជោគ​ជ័យ​ត្រឡប់ម​ក​វិញ​»​៕