ភ្នំពេញ៖ កីឡាករ​ប្រេស៊ីល THIAGO TEIXEIRA MACHADO ដែលមានឈ្មោះ​ខ្មែរ​ថា សែន ចន្ទឫទ្ធីគុន បាន​ទម្លាយអារម្មណ៍ពិត ​​តាម​​ខ្សែ​វីដេអូ​ខ្លី​មួយ​ថា ពេលនេះ​រូបគេ និងអ្នក​ស្រី រ៉ូម៉ា ម៉ារៀ ហៀនស្ក ស្តេហ្វហ្វន ជាប្រពន្ធ បាន​និងកំពុងជួប​ភាព​ទីទាល់ខ្លាំង សម្រាប់​ការមក​រស់​នៅ​កម្ពុជាចាប់តាំងពី​អ្នកទាំង​២ ទទួលបាន​សញ្ជាតិ​ខ្មែរ កាលពី​ថ្ងៃទី​​ ១១ ខែមេសា ឆ្នាំ ​២០២៣។


នៅ​ក្នុង​ខ្សែ​វីដេអូ ​មាន​រយៈពេល​ជាង​ ៣ នាទី​នេះ សែន ចន្ទឫទ្ធីគុន បាន​ឱ្យ​ដឹង​ថា ខ្លួន​​ពិតជា​មាន​មោទនភាព ដែលបានក្លាយជាពល​រដ្ឋខ្មែរពេញ​សិទ្ធិ ដើម្បី​​បាន​​រួមចំណែក​ជួយ​លើក​កម្ពស់​ដល់​វិស័យប្រដាល់ «គុនខ្មែរ» ទៅតាម​​ក្តី​សុបិន​របស់​ខ្លួន ហើយ​នេះជា​មូល​ហេតុ​ដែល​រូបគេ​បាន​សម្រេច​បោះ​បង់អ្វីៗ​គ្រប់យ៉ាង ដែល​​ធ្លាប់មាន នៅប្រទេស​ថៃ ដើម្បី​បាន​មក​រស់នៅកម្ពុជា។

ប៉ុន្តែ​ពេល​នេះ សែន ចន្ទឫទ្ធីគុន​ បានចំណាយ​អស់ពីខ្លួន​ហើយ ហើយ​ក៏​អស់លទ្ធភាព​ ក្នុងការ​រកចំណូល ដើម្បី​បន្ត​ជួយ​ដល់​គុនខ្មែរ​​ទៀតនោះ​ដែរ។ ស្ថិត​ក្នុង​ភាពទីទាល់នេះ ចន្ទឫទ្ធីគុន បាន​​សុំចិត្ត​​ឱ្យ​ប្រជាជន​កម្ពុជា និងសប្បុរសធម៌​ជួយ​ដល់​រូបគេ ដើម្បី​មាន​ឱកាស ក្នុងការ​រួម​ចំណែក​​ជួយ​គុនខ្មែរ​បន្ត​ទៀ​ត ដោយ​កីឡាករ​ប្រេស៊ីល មាន​សញ្ជាតិ​ខ្មែរ​រូប​នេះ អះអាង​ថា រូបគេ​នៅតែ​ស្រឡាញ់ និងហ៊ានជម្នះ​គ្រប់​យ៉ាង ដើម្បី​ជួយ​ដល់​គុនខ្មែរ ដែល​មិន​មែនជា​ជំនួញ​​រកស៊ី​នោះ​​ឡើយ។



សែន ចន្ទឫទ្ធីគុន បាន​បញ្ចេញ​អារម្មណ៍​ពិតបែបនេះ​ថា៖ ​«ជម្រាបសួរអ្នកទាំងអស់គ្នា​! នេះ​​ជាវីដេអូរបស់ខ្ញុំ ដែលខ្ញុំចង់បញ្ចេញនូវអារម្មណ៍របស់ខ្ញុំ ប្រាប់អ្នកទាំងអស់គ្នា។មួយ​រយ:​កន្លង​មក ខ្ញុំបានជម្នះ​គ្រប់យ៉ាង ដើម្បី​ជួយ​គុនខ្មែរ ប៉ុន្តែ​ទន្ទឹម​នោះ​ខ្ញុំ​ក៏​បាន​ខាត​បង់​លុយ​ចំនួន ​៥០ ម៉ឺន​ដុល្លារ ជាមួយនឹងក្លិប​ អាហារដ្ឋាន ហាងរបស់ខ្ញុំ និង​អ្វី​គ្រប់​យ៉ាង​នៅ​ប្រទេស​ថៃ ហើយ​ខ្ញុំ​បាន​មក​ប្រទេស​កម្ពុជា គឺ​ខ្ញុំ​​នៅ​តែជម្នះ​​មកទីនេះ ព្រោះខ្ញុំមានមោទនភាព​ខ្លាំង​ណាស់ ចំពោះ​ប្រទេស​កម្ពុជា និងកីឡា​នៅ​ទីនេះ»។


នៅ​ក្នុងដំណាក់កាលជួបការ​ពិបាក សម្រាប់ការ​មក​ប្រកបអាជីព​ប្រដាល់ នៅប្រទេស​កម្ពុជា​នេះ សែន ចន្ទឫទ្ធីគុន បាន​ឱ្យ​ដឹង​ថា រូបគេ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​មនុស្ស​ជាង២ពាន់​​នាក់ ដែល​បាន​ផ្ញើ​លុយ​មក ដោយ​អ្នក​ខ្លះ​ផ្ញើ​ ១ ដុល្លារ ឬ​ច្រើន​ជាង​នេះហើយ​ទឹក​ប្រាក់​ដែល​ទទួល​បានទាំងអស់​មាន​​​ជាង ២ ពាន់​ដុល្លារ។ ចន្ទឫទ្ធីគុន បាន​សម្តែងការ​អរគុណ​ខ្លាំង ចំពោះ​ការ​ជួយនេះ ប៉ុន្តែ​រូបគេ​បានអះអាង​ថា ​លុយ​ទាំង​អស់នេះ វា​នៅ​​តែ​​មិន​គ្រប់​គ្រាន់​​ក្នុង​ការ​ចំណាយ​​នានា ខណៈក្តីសុបិន​ក្នុងការជួយគុនខ្មែរ វានៅមិនទាន់​ដល់​គោលដៅ ដែល​ខ្លួន​ចង់បាន។

កីឡាករ និងជា​គ្រូ​បង្វឹក​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​មើល​ឃើញថា មាន​ក្រុម​ហ៊ុន​ជា​ច្រើន ដែល​កំពុង​តែ​ចង់​លើក​ស្ទួយ​វិស័យ​គុនខ្មែរ ឱ្យ​រីកចម្រើន​ និង​ចង់​ឃើញ​គុន​ខ្មែរ មានមុខមាត់នៅ​លើឆាកអន្តរជាតិ ហើយ​នេះ​ជា​ក្តី​សុបិន​មួយ​របស់​បង​ប្អូន​ទាំង​អស់​គ្នា ក៏​ដូច​ជា​ខ្ញុំ​ផងដែរប៉ុន្តែ​ក្តី​សុបិននេះ​ ខ្ញុំ​មានអារម្មណ៍ថា ខ្ញុំ​កំពុង​សុបិន​តែ​ម្នាក់​ឯង។ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្ញុំ​​ហើយ​កន្លង​ទៅ​ពួក​យើងបាន​​ព្យាយាម​ប្រាប់​ពិភព​លោក​ពី​វប្បធម៌​របស់​យើង ហើយ​វាមិន​មែន​សម្រាប់​តែ​ខ្ញុំម្នាក់ឯង​​ទេ គឺ​សម្រាប់​បង​ប្អូន​ទាំង​អស់​គ្នា ព្រោះ​តែ​ឥឡូវ​ខ្ញុំ​ជា​ប្រជា​ជន​កម្ពជា​មួយ​រូប​ទៅ​ហើយ»។

សែន ចន្ទឫទ្ធីគុន បានបន្ថែម​ថា៖ «ខ្ញុំ​បាន​បើក​កន្លែង​ហាត់​ប្រាណ ​១ ដែល​នៅតែ​ត្រូវ​ការ​ការ​ឧបត្ថម្ភ​ពី​បង​ប្អូន ១ ដុល្លារ ឬ​ ២ ដុល្លារ។ ទោះថវិកានេះ វា​​មិន​អាច​គ្រប់​គ្រាន់​លើ​ការ​ចំណាយ​ថ្លៃ​ទី​តាំង​ តែ​វា​ជា​ទឹក​ចិត្ត​ និង​សេចក្តី​គោរពស្រឡាញ់​​របស់​អ្នក​ទាំង​អស់​គ្នា​ មានចំពោះ​​ខ្ញុំ ព្រោះ​ខ្ញុំ​​ពិ​ត​ជា​មិន​ដឹង​ថា នឹង​ធ្វើ​​រឿង​អ្វីបាន​​ជា​ច្រើន​ទៀត​​ទៅ​ថ្ងៃ​ខាង​មុខ តែ​ខ្ញុំ​កំពុង​ជម្នះ​វា ដោយ​​ខ្ញុំ​​បាន​ខ្ចី​លុយ​ធនាគារ ដើម្បី​បន្តដំ​ណើរ​ទៅ​មុខ ដោយ​មិន​ចុះ​ចាញ់ ឬ​រុញរា​អ្វី​ឡើយ។

នៅត្រង់​ចំណុច​នេះ អ្នកប្រដាល់ ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់កម្រិតពិភព​លោក ចន្ទឫទ្ធីគុន បានបញ្ជាក់៖ «ដូច​អ្នក​ទាំងអស់​គ្នាបាន​ឃើញហើយ​ថា ​​យើងកំពុងជម្នះ​វា ដោយ​មិនដែល​​បោះ​បង់​ឡើយ​ ហើយខ្ញុំ​សូម​ប្រាប់ទៅ​អ្នកចង់​​ជួយ​ឧបត្ថម្ភ​ អ្នក​ដែល​ស្រឡាញ់គុនខ្មែរ និងអ្នក​ដែល​ស្រឡាញ់​ខ្ញុំ គឺ​សូមជឿជាក់លើខ្ញុំ ​ខ្ញុំ​ពិតជា​អាច​​ធ្វើ​វា​បាន។ ខ្ញុំ​ស្រឡា​ញ់​គុន​ខ្មែរ ហើយ​ខ្ញុំក៏​មិន​មែន​​មក​​ធ្វើ​​ជំនួញ​​អី​​នោះ​ដែរ គឺ​មក​ដើម្បី​ជំរុញ​រឿងនេះ​ឱ្យ​វា​កាន់​តែ​ល្អ​ទៅ​មុខ​ទាំង​អស់​គ្នា»។

គួររំឭក​ថា កីឡាករ ​THIAGO កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៨៨ នៅរដ្ឋ Sao Paulo សាធារណ​រដ្ឋ​សហព័ន្ធប្រេស៊ីលហើយ​​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​របស់ THIAGO និង​ភរិយាគឺ​ធ្វើ​​ឡើង​​ក្រោយ​តែ​៣​ថ្ងៃ បន្ទាប់​ពី​អតីតនាយក​រដ្ឋ​មន្ត្រី​ លោក ហ៊ុន សែន ​បាន​ស្នើ​គាល់​ព្រះមហាក្សត្រផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់អ្នកទាំង​ ២ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ​ ២០២៣ ជាមួយ​នឹង​ការ​ផ្តល់​ប្រាក់លើកទឹក​ចិត្ត​ចំនួន​ ២ ម៉ឺនដុល្លារ បន្ថែមទៀត ក្រោយពី Thiago ត្រូវ​បាន​សហព័ន្ធ​កីឡា​មួយ​ថៃ (WMO)ប្រកាស​ដក​ខ្សែ​ក្រវាត់ដែលប្រកួតឈ្នះ​នៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ​ ២០២៣ ក្រោម​ហេតុផលថា THIAGO ប្រកួត​តំណាងឱ្យ​គុនខ្មែរ មិន​មែន​តំណាង​ឱ្យ Muaythai៕