ភ្នំពេញ៖ សហព័ន្ធកីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​កំពុង​ និងចាប់​ផ្តើម​ពង្រឹង​​ធនធាន​គ្រូ​បង្វឹក នៅ​វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ​​តាម​រយៈការ​បញ្ជូន​គ្រូជំនាញ​របស់​ខ្លួនឱ្យ​ចុះទៅ​​​បង្ហាត់​បង្ហាញ​ពី​បច្ចេកទេស​នៃ​ប្រភេទ​កីឡាជាអត្តសញ្ញាណ​ជាតិ​មួយ​នេះ ដល់​លោក​គ្រូអ្នក​គ្រូ​ ស្ថិត​​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​។ ទាំង​នេះគឺដើម្បីឱ្យ​ពួកគាត់ អាច​មាន​ចំណេះជំនាញច្បាស់លាស់ក្នុងការ​​ចុះ​ទៅ​ផ្សព្វ​ផ្សាយ និងបណ្តុះបណ្តាល​ដល់សិស្សានុសិស្ស​ជាបន្ត​ទៀតតាម​គ្រឹះស្ថានអប់រំ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំពោះ​ការ​ចាប់​ផ្តើម​បណ្តុះបណ្តាល​ធន​ធាន​គ្រូ​បង្វឹក​ នៅ​​វិទ្យា​ស្ថាន​ជាតិ​អប់រំកាយនិង​កីឡា​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងអប់រំ យុវជន និង​កីឡា ដើម្បី​ជំរុញ​​សកម្ម​ភាព​ហ្វឹកហាត់ «គុនល្បុក្កតោ» នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​របស់រដ្ឋ​នៅទូទាំង​ប្រទេស​​កម្ពុជា ព្រោះ​សិស្សានុសិស្ស ជាអ្នក​បន្ត​វេនយ៉ាង​សំខាន់ ក្នុងការ​រួមចំណែក​អភិរក្ស និងអភិវឌ្ឍ​គុន​ល្បុក្កតោ។ បន្ទាប់ពីមរតក​ក្បាច់គុន​របស់​ដូនតាខ្មែរ​នេះ ​ទទួល​បានជោគ​ជ័យក្នុង​​ការ​​ចុះ​បញ្ជី​ជា​សម្បត្តិបេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​​​ជាតិ​​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាម​ការ​រូប​ភាព ដែល​សហព័ន្ធ​កីឡាគុនល្បុក្កតោ​កម្ពុជា បាន​បង្ហោះ​នៅលើ​ផេច​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន កាលពី​ថ្ងៃទី​២១ ខែកុម្ភៈគឺឃើញ​​មាន​លោក​គ្រូ អ្នក​គ្រូ​អប់រំ​ជា​ច្រើននាក់ បានចាប់​ផ្តើម​ហ្វឹកហាត់​កីឡាគុនល្បុក្កតោ មុនពេល​ពួកគាត់ នាំ​យក​​ជំនាញ​ទាំង​នេះ ទៅ​សាប​ព្រោះ​បន្ត​ដល់​សិស្សានុសិស្ស។ ហើយនេះជាជំហាន​ដ៏​ជោគ​ជ័យ​មួយ​ទៀត ក្នុងការ​អភិវឌ្ឍ​កីឡាអត្តសញ្ញាណជាតិគឺ​បន្ថែម​ទៅលើការ​ដាក់​ក្បាច់​គុនល្បុក្កតោ ​ឱ្យ​មាន​ការ​ហ្វឹកហាត់ជាផ្លូវ​ការ នៅក្នុង​កងយោធពលខេមរភូមិន្ទ។


ជុំវិញការងារ​នេះ សហព័ន្ធ​ បានបង្ហោះ​សារបែបនេះ​ថា៖ «ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនំា ក្រសួងអប់រំយុវជន និងកីឡា បាន​​​ធ្វើការ​​សហការគ្នា​ជាមួយ​សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់ និង​បញ្ជ្រាបកីឡា​គុនល្បុក្កតោ ដល់លោកគ្រូ អ្នកគ្រូ​អប់រំកាយនិងកីឡា សម្រាប់​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ និង​​បណ្តុះបណ្តាលបន្ត​ដល់​សិស្សា​នុសិស្ស ​តាម​គ្រឹះស្ថានអប់រំនានា ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា»។


សហព័ន្ធ​​កីឡាគុនល្បុក្កតោ​កម្ពុជា បានបន្ថែម​ថា៖ «តាមរយៈវិស័យអប់រំនេះផងដែរ បាន​បំផុស​នូវ​សកម្មភាព​ហ្វឹក​ហាត់​​គុនល្បុក្កតោ ក្នុង​គោល​បំណង ដើម្បីជំរុញ​ក្នុងកិច្ចការពារ ថែរក្សា និង​អភិរក្ស​ក្បាច់​គុនល្បុក្កតោខ្មែរ​ដល់​សិស្សានុសិស្ស»៕