ភ្នំពេញ៖ កីឡាករវ័យក្មេងកំពុងសាងបានភាពល្បី អេលីត សេងទ្រី ដែលទើបប្តូរឈ្មោះថ្មីថា ស្រេងទ្រី គុនខ្មែរ ហាក់មិនបានបង្ហាញក្តីបារម្ភនោះទេ សម្រាប់ការដាក់ឱ្យប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ ៤ មកពីប្រទេសប្រេស៊ីល Israel Dos Santos ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម នៅលើសង្វៀនថោន នាព្រឹកម៉ោង ១១ ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
នៅមុនការប្រឈមមុខដាក់គ្នា នៅលើសង្វៀនជាលើកដំបូងនេះ សេងទ្រី គុនខ្មែរ បានសិក្សា និងមើលពីការប្រកួតរបស់កីឡាករ Israel Dos Santos ខ្លះៗហើយ ដោយកីឡាករប្រេស៊ីលម្នាក់នេះមានសមត្ថភាពល្អ ហើយមានចលនាចេញចូលវាយបានលឿន និងមានកម្លាំងស៊ុហ្វរឹងមាំផងដែរ។
តែទោះបីជាយ៉ាងណា នៅពេលឃើញចំណុចល្អរបស់ Israel Dos Santos បែបនេះ ហើយថែមទាំងមានខ្សែក្រវាត់ ៤ កាន់នៅនឹងដៃទៀតនោះបានធ្វើឱ្យ សេងទ្រី គុនខ្មែរ កាន់តែមានចិត្តអន្ទះសាចង់ជួបដៃគូម្នាក់នេះព្រោះរូបគេពិតជាចង់ស្គាល់ និងចង់ល្បងសមត្ថភាពជាមួយអ្នកខ្លាំងបែបនេះ ខណៈ សេងទ្រី ក៏មានធ្លាប់មានបទពិសោធន៍ប្រកួតជាមួយកីឡាករបរទេសបានច្រើនហើយដែរ។
សេងទ្រី បាននិយាយថា៖ «មើលតាមរូបភាព ឃើញគាត់មានខ្សែក្រវាត់ច្រើន គឺមើលទៅល្អ មានចលនាវាយបានលឿន និងមានស្ទុះល្អទៀត ប៉ុន្តែខ្ញុំអត់បារម្ភឡើយ។ ផ្ទុយទៅវិញនៅពេលឃើញគេល្អបែបនេះ ខ្ញុំរឹតតែចង់ជួប ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា សមត្ថភាពរបស់យើង បានឈានដល់់កម្រិតណាឱ្យប្រាកដហើយ!»។
យ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រមួយចំនួន បានបង្ហាញក្តីបារម្ភចំពោះ សេងទ្រី នៅពេលត្រូវបានដាក់ឱ្យប្រកួតជាមួយម្ចាស់ខ្សែក្រវាត់៤ Israel Dos Santos បែបនេះ។ ប៉ុន្តែ សេងទ្រី បានបញ្ជាក់ប្រាប់ទៅវិញថា៖ «សូមបងប្អូនមិនចាំបាច់បារម្ភនោះទេ ព្រោះខ្ញុំហ្វឹកហាត់ត្រៀមពេញបានល្អ២សប្តាហ៍ហើយ ដើម្បីត្រៀមការប្រកួតនេះ អ៊ីចឹងសុំតែការគាំទ្រ និងលើកទឹកចិត្តខ្ញុំបានហើយ ដើម្បីខ្ញុំមានកម្លាំងចិត្តវ៉ៃជាមួយម្ចាស់ខ្សែក្រវាត់៤រូបនេះ»។
នៅក្នុងការប្រកួត ដែលចាប់ផ្តើមពីម៉ោង ១១ ព្រឹកតទៅ នាថ្ងៃទី ២៤ ខែកុម្ភៈនោះដែរ អ្នកប្រដាល់ជើងខ្លាំង ម៉ឺន មេឃា ត្រូវបានដាក់ឱ្យប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកប្រយុទ្ធរបស់ប្រេស៊ីល Guilherme Rodriues ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ចំណែក៣គូផ្សេងទៀត ជាការប្រកួតមិត្តភាពរវាងកីឡាករក្នុងស្រុក៕