ភ្នំពេញ៖ ​គ្រូ​ប្រដាល់​លោក ក្រាក់ សម្ផស្ស បានបង្ហាញ​​ការមិនពេញ​ចិត្ត​ និង​បាន​បន្ទោសទៅលើ​ការបំពេញ​តួនាទី​មិន​បាន​ល្អ​របស់​​លោក​អាជ្ញាកណ្តាល ទេស សារិន ដែល​បាន​ក្លាយជា​ដើមចម​ធ្វើ​រូប​លោក​ទទួល​រង​ការ​ម៉ាត់ និង​ទាត់​ចូលដើម​ទ្រូង​​ពេញទំហឹងពី​សំណាក់កីឡាករ​អ៊ីរ៉ង់ បណ្តាល​ឱ្យ​លោក​មិនអាច​ក្រោក​ឈរ​បន្ត​ការ​ប្រកួត​ទៀត​បាន ចំណែក ឈឿង ល្វៃ បានបង្ហាញ​ការ​ប្រកួត​កាន់តែ​កាច ដើម្បី​យក​ឈ្នះ​លើ​ជើង​ខ្លាំង​របស់​ថៃ  រីឯ រិន ដេវីត ក៏​បាន​ឈ្នះថៃដូចគ្នា។


សម្រាប់ការ​ប្រកួត ក្នុងព្រឹត្តិការណ៍ CAMBODIA KUN KHMER KKIFដែល​ធ្វើឡើង​នៅភូមិ​​អរិយក្សត្រ​ សង្កាត់​អរិយក្សត្រ​ ក្រុង​អរិយក្សត្រ​ ខេត្តកណ្តាល​ កាលពី​យប់​ថ្ងៃទី​២៤ ខែកុម្ភៈកន្លង​ទៅ​ លោក​គ្រូ ក្រាក់ សម្ផស្ស ​ត្រូវបានកីឡាករអ៊ីរ៉ង់ Majid Tocayah ម៉ាត់​​ស្តាំ និង​បន្ថែម​​ដោយការ​ទាត់​ជើង​ឆ្វេង​ចូលដើម​ទ្រូង បណ្តាល​ឱ្យ​ដួល​ងើប​លេង​រួច នៅ​ត្រឹមនាទីទី​១ ក្នុង​ទឹក​ទី​១។

បើទោះបីជា​គណៈកម្មការ​រៀបចំការ​ប្រកួត គ្មាន​ប្រតិកម្ម​អ្វី​ចំពោះ​ការ​ដួល​សន្លប់​យ៉ាង​លឿន​​នេះ ប៉ុន្តែ​លោក ក្រាក់ សម្ផស្ស ផ្ទាល់ បាន​សម្តែងការ​មិនពេញ​ចិត្ត​ចំពោះ​ការ​បំពេញ​ការងារ​របស់​​លោក​អាជ្ញាកណ្តាល ទេស សារិន ដែល​មិនបានចាប់ទាញ​កីឡាករ​​ទាំង​២ឱ្យ​មក​ឈរ​នៅកណ្តាលសង្វៀន រួច​ទើប​​ស្រែក​ឱ្យបុក (ប្រកួត​បន្ត) ឡើយ គឺ​ចាប់​ឃាត់នៅ​ក្បែរ​សង្វៀន រួច​ស្រែកឱ្យបុក​នៅ​កន្លែង​ហ្នឹងតែ​ម្តង ធ្វើ​ឱ្យ​​កីឡាករ Majid Tocayah ឆ្លៀតឱកាសវ៉ៃ​ទៅលើ​លោកទាំង​មិនទាន់បានត្រៀមខ្លួន ហើយក៏មើល​មិន​ឃើញទៅទៀត។



លោក ក្រាក់ សម្ផស្ស បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ «ជា​ធម្មតា នៅពេលចាប់​​ឃាត់កីឡាករ​កំពុងប្រកួត​គ្នា គឺ​​អាជ្ញាកណ្តាល ត្រូវ​ទាញ​កីឡាករទាំង​២មក​កណ្តាល​សង្វៀន​ដើម្បី​ឱ្យ​មើល​ឃើញ​ច្បាស់ទាំង​អស់​គ្នាសិន ទើបស្រែក​​ឱ្យ​បុក ប៉ុន្តែ​ករណី​នេះ ខ្ញុំ​បាន​ឈរនៅចំហៀង​បាំង​អាជ្ញាកណ្តាលទៅ​ហើយ មាន​មើល​អី​ឃើញ អ៊ីចឹង​​គ្រាន់តែគាត់​ទម្លាក់​ដៃចុះ និង​ស្រែក​​ឱ្យ​បុក ខាងគេ​វ៉ៃមក​ដល់​មុខ​ខ្ញុំ​បាត់ មានអី​គេច​ទាន់ បើ​យើង​មិនទាន់បានត្រៀមខ្លួនស្រួលបួល​ផង​ហ្នឹង»។


គ្រូ​ប្រដាល់ ដែលទើប​វិល​ត្រឡប់មកប្រកួត​ជា​ថ្មី នៅលើ​សង្វៀន​ លោក ក្រាក់ សម្ផស្ស បានបញ្ជាក់​​បន្ថែម ដោយអស់​សង្ឃឹម​​ថា៖​ «​ខ្ញុំ​មិន​ធ្លាប់​ជួប​ហេតុការណ៍បែបនេះ​ពីមុនមក​ទេ! និយាយ​រួមទៅ​វាខុសលក្ខន្តិកៈ​ គឺលោក​​អាជាកណ្តាល មិនត្រូវ​ធ្វើ​បែបហ្នឹង​ឡើយ ហើយខ្ញុំ​ក៏មិនដឹង​និយាយ​​យ៉ាង​ម៉េចឱ្យ​ត្រូវទំហំចិត្តខ្លួនឯងដែរ នៅពេល​នេះ»។

យ៉ាង​ណាក៏​ដោយ លោក ក្រាក់ សម្ផស្ស ​បាន​ធ្វើ​ការសុំទោសទៅ​ដល់​អ្នកគាំទ្រ ចំពោះ​ការ​ចាញ់​សន្លប់​យ៉ាង​លឿន​នេះ ហើយ​លោក​មានបំណង​ចង់​ជួប​ Majid Tocayah ម្តង​ទៀត ព្រោះ​លោក​បាន​មើល​ឃើញ​ថា កីឡាករអ៊ីរ៉ង់​ម្នាក់នេះ ល្អ​បានតែ​ដៃទេ ចំណែក​ជើង​ក្រោម មិន​ជា​​​រឹង​​ប៉ុន្មាន​ឡើយ។ «គេ​ល្អដៃ​មែន តែ​ស្ទក់​ជើង​ក្រោម គឺ​ខ្ញុំទាត់​ចូល២ជើង ឃើញ​ថា​គេ​រាង​ស្រុត​ទៅ​​ហើយហេតុនេះខ្ញុំ​ចង់ជួបគេ​ម្តងទៀត»។

កីឡាករ រិន ដេវីត បាន​ទាត់​ទៅលើ​អ្នកប្រដាល់​ថៃ Jakkapong Krumram។ រូប​ថត KKIF

ផ្ទុយពីនេះ ការជួបគ្នា​រវាង​​ជើង​ខ្លាំង ឈឿង ល្វៃ និង​អ្នកប្រដាល់​របស់ថៃ Detrit Krasiraphop ដែលបាន​បង្ហាញ​ភាពឌឺដង​គ្នា​ខ្លាំង​តាំង​ពី​ពេល​ថ្លឹងទម្ងន់​នោះ គឺ​អ្នកទាំង​២​នេះ បាន​ប្រកួត​គ្នា​យ៉ាងស្វិតស្វាញ ហើយ​អ្វីដែលជក់ចិត្ត​នោះ គេ​ឃើញ​ថា ម្ចាស់មេដាយ​មាស​ស៊ីហ្គេម ឈឿង ល្វៃ កាន់តែ​មាន​របៀប​វ៉ៃ​កាចជាងមុន ​ទាំងកម្លាំង​ទាត់ បុកជង្គង់ ជាពិសេសគឺ​ការ​​វាយ​កែង​តែម្តង។

បើទោះបីជា​ទម្ងន់វាយចេញ​ធ្ងន់ៗនេះ មិនអាច​ផ្តួលកីឡាករ​ថៃ Detrit ឱ្យ​សន្លប់បាន ព្រោះ​ដៃគូ​ម្នាក់​នេះ ក៏មានអាវុធវាយចេញ​ធ្ងន់ៗ ប៉ុន្តែ​តាម​រយៈការ​ប្រកួត​៣​ទឹក​ពេញ ឈឿង ល្វៃ ត្រូវបានប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ​យ៉ាងស័ក្តិសម។ ចំណែក​ម្ចាស់មេដាយមាស​ស៊ីហ្គេម រិន ដេវីត ក៏​បាន​ឈ្នះ​កីឡាករ​ថៃ Jakkapong Krumram ដោយពិន្ទុ​ដែរ ហើយ​ថែម​ទាំង​បានទាត់ឆ្វេង​ចូល​​ថ្គាម​បណ្តាល​ឱ្យ​ថៃម្នាក់នេះ​វង្វេង និង​ត្រូវបានអាជ្ញាកណ្តាល​រាប់ ១​លើក នៅ​ក្នុងទឹកទី​២ ទៀត​ផង៕

លោក​គ្រូ ក្រាក់ សម្ផស្ស ចង់​ជួប​ប្រកួត​ជាមួយ​កីឡាករ​អ៊ីរ៉ង់ Majid Tocayah ក្រោយ​ចាញ់​ដោយ​សន្លប់​ទាំង​មិនអស់​ចិត្ត។ រូប​ថត KKIF