ភ្នំពេញ៖ ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ឃីម បូរ៉ា ​បាន​ធ្វើឱ្យ​​អ្នកគាំ​ទ្រ​​ផ្ទាល់​នៅ​សង្វៀន​ប៉ុស្តិ៍លេខ​៥ មានការ​សរសើរ​មិនដាច់​ពីមាត់​ពី​បច្ចេកទេស​វាយកែង​​យ៉ាង​ល្អរបស់​គេ ក្នុងការ​ផ្តួល​កីឡាករ​ថៃ Khum Phitlek ឱ្យ​សន្លប់​ឈរ ចំណែក រិន សារ័ត្ន ក៏​បាន​​ឈ្នះ​អ្នក​ប្រដាល់​ថៃ Kang Napha ផងដែរ ប៉ុន្តែ​អតីត​កីឡាករ​ធ្លាប់​សាង​ភាព​ល្បី​កាលពី​ជាង​១០​ឆ្នាំ​មុន វ៉ែន សុវណ្ណ បានជួប​គ្រោះ​ខូចជើង​​ក្រោម សម្រាប់​ការ​វិល​មកកាន់​សង្វៀន​ជាថ្មី​លើក​នេះ។


សម្រាប់​ការ​បង្ហាញ​ខ្លួនជា​ថ្មី នៅលើ​សង្វៀន​ប៉ុស្តិ៍លេខ​ ៥ កាលពី​យប់​ថ្ងៃ​ទី ​២៤ កុម្ភៈ​កន្លងទៅ ឃីម បូរ៉ា បាន​ប្រកាស​ថា រូបគេ​នឹង​ធ្វើ​ឱ្យបាន​ល្អ និង​មានបំណង​ចង់​ផ្តួល​កីឡាករ​ Khum Phitlek ឱ្យ​សន្លប់​ផងដែរ ដើម្បី​ជា​កាដូ​ចំពោះអ្នកគាំ​ទ្រ សម្រាប់ការ​វិល​មកកាន់​ការ​ប្រកួត​ជា​ថ្មី​នៅលើ​សង្វៀន​មួយនេះ បន្ទាប់ពី​បាន​ដំណើរ​ការ​វិញ តាំងពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣មក។

យ៉ាងណា​ក៏​ដោយ​កីឡាករ​ថៃ Khum Phitlek ក៏​បាន​តាំង​ចិត្តខ្ពស់ ចំពោះការ​ធ្វើ​ដំណើរ​មក​ជួប ឃីម បូរ៉ា ជា​លើកដំបូង​ផងដែរ។ តែទោះបីជា​យ៉ាង​ណា កីឡាករ​ថៃ ដែល​ធ្លាប់ប្រកួត​ជាមួយ ឃីម ឌីម៉ា រូប​នេះ មិន​អាចទប់​ទល់​ជាមួយ ឃីម បូរ៉ា បាន​ឡើយ គឺ​រូបគេ បានចាញ់​ដោយ​សន្លប់​ នៅត្រឹមទឹក​ទី​២។


ឃីម បូរ៉ា បានវាយ​កែង​ទៅលើ​អ្នកប្រដាល់​ថៃ Khum Phitlek បណ្តាល​ឱ្យ​សន្លប់ នៅទឹក​ទី​២។រូប សហការី


តាម​រយៈការ​ប្រកួត កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ ឃីម បូរ៉ា បាន​ព្យាយាម​វាយកែង​ចំនួន​២​លើក​​ទៅ​លើ Khum Phitlek សម្រាប់ការ​ប្រកួត​នៅ​ទឹកទី​១ ប៉ុន្តែ​ត្រូវបាន​កីឡាករ​សម្បូរ​បទពិសោធន៍​របស់​ថៃ​ម្នាក់នេះ បិទ​ជាប់​ដោយ​មិន​ពិបាក​ឡើយ ហើយ​​បាន​ធ្វើការ​វាយ​បក​សង​ទៅ​ បូរ៉ា វិញ ដោយ​ភាពជឿជាក់បំផុត។


តែទោះបីជា​យ៉ាង​ណា Khum Phitlek ចាប់​ផ្តើម​ធ្លាក់​ជំហរ បន្ទាប់ពី ឃីម បូរ៉ា បានវាយ​ចូល​២​កែង នៅ​ដើម​ទឹកទី​២។ ឃើញ​ស្ថាន​ភាព​បែបនេះ បូរ៉ា បាន​ព្យាយាម​តាម​វាយ​សម្រុក​កាន់តែ​ខ្លាំង ហើយ​នៅ​ពេល Khum Phitlek ​ប្រហែស​បិទ​លើ​នោះ បូរ៉ា បានម៉ាត់​ឆ្វេង​ចូល​ផ្ទៃ​មុខ​១​ដៃ រួច​បន្ថែម​ដោយការ​វាយ​​កែង​ស្តាំ​ចូល​ចំហៀង​​ថ្ងាសខាង​ឆ្វេង​ពេញទំហឹង បណ្តាល​ឱ្យ​ដៃគូ​ម្នាក់នេះ​ដួលទាំង​ជំហរ នាំ​ឱ្យ​លោក​អាជ្ញាកណ្តាល​​រាប់​ភ្លាមៗ។

នៅ​ក្នុងអំឡុងពេល​រាប់នោះ Khum Phitlek បាន​ព្យាយាម​ក្រោម​ឈរ​ឡើង​ទាំង​វង្វេង​ហើយក៏មាន​ឈាម​ហូរចេញពី​ថ្ងាស​ខាង​ឆ្វេង​ផងដែរ ប៉ុន្តែ​ដោយមើល​ឃើញ​ថា Khum Phitlek នៅ​តែបាត់​បង់​ស្មារតី ដែល​ពាក្យ​បច្ចេក​ទេស​ហៅ​ថា សន្លប់​ឈរ​នោះ លោក​អាជ្ញាកណ្តាល សម្រេច​បញ្ឈប់ការ​ប្រកួត​របស់គេ​តែម្តង ហើយ​បាន​ផ្តល់ជ័យជម្នះ​ទៅ​ឱ្យ ឃីម បូរ៉ា ក្រោម​សំឡេង​គាំ​ទ្រ​យ៉ាងកងរំពង​ពី​អ្នក​គាំ​ទ្រ ខណៈ​ការ​វាយកែងស្តាំនេះ ត្រូវបានគេមើល​ឃើញ​​ថា ពិតជា​ធ្ងន់ និងមានគ្រោះ​ថ្នាក់​ដូច​ផ្លែ​កែង​បងប្រុស​របស់​គេ ឃីម ឌីម៉ា ផង​ដែរ។

ផ្ទុយ​ពី​នេះ​កីឡាករ​ចាស់វស្សា វ៉ែន សុវណ្ណ ដែល​បាត់​មុខពី​សង្វៀនប្រដាល់ច្រើនឆ្នាំ​មក​ហើយ​នោះ ស្រាប់តែ​លេច​មុខ​ជា​ថ្មី ដោយត្រូវបានដាក់​ឱ្យ​ប្រកួតជាមួយកីឡាករ​ថៃ  Nam Khamuon កាលពីយប់​ថ្ងៃសៅរ៍នោះ​ដែរ ប៉ុន្តែ​ការ​វិលវិញ​របស់ខ្លាចាស់ខ្សោយថាម​ពលរូបនេះ មិន​ទទួល​បានលទ្ធផល​​គាប់​​ប្រសើរឡើយ ដោយរូបគេ​បានបង្ហាញ​ការ​ឈឺជើង​ក្រោម តាំងពី​Nam Khamuon ទាត់​ត្រូវ​ជើង​ឆ្វេង​ នៅដើមទឹកទី​១។

ជាមួយ​​គ្នា​នេះ វ៉ែន សុវណ្ណ បាន​ព្យាយាម​ម៉ាត់ និងទាត់​សង​ផងដែរ ដើម្បី​បង្វែរស្ថាន​ភាព​កុំឱ្យ Nam Khamuon ដឹង​ថាខ្លួន​​មាន​បញ្ហា​ជើង​ឆ្វេង ប៉ុន្តែ​នៅពេល សុវណ្ណ បាន​ទាត់​ស្តាំទៅ​លើ​​ចន្ទល់​ក្រោម​របស់ Nam Khamuon នោះ បែរ​ជាធ្វើ​ឱ្យមាន​រំញោច​ឈឺ​ទៅដល់​​ជង្គង់​ឆ្វេង​របស់​ខ្លួន​ទៅវិញ នាំ​ឱ្យអាជ្ញាកណ្តាល​រាប់ជា​លើកដំបូង និង​ឈាន​​ដល់​បញ្ឈប់ការ​ប្រកួត​តែម្តង នៅពេល Nam Khamuon បាន​​តាមទាត់​ថែម​ទៅលើ​របួសចាស់នេះ ចំនួន​៤​ជើង បណ្តាល​ឱ្យ វ៉ែន សុវណ្ណ ដួល និងទ្រាំ​ការឈឺចុកចាប់​លែងបាន​តែម្ដង។

ចំណែក​ការជួបគ្នា​រវាង​កីឡាករ​កម្ពុជា រិន សារ័ត្ន និងអ្នកប្រដាល់​ថៃ Kang Napha ពិតជា​មាន​ភាពស្វិតស្វាញ​ខ្លាំង ដោយ​អ្នកទាំង​២នេះ បាន​ព្យាយាម​វាយ​ប្តូរគ្នា​៥​ទឹក​ពេញ។ តែទោះបីជា​យ៉ាង​ណា រិន សារ័ត្ន វាយ​ចំគោល​ដៅបាន​ល្អ​ជាង ជាពិសេស​ការទាត់ បុកជង្គង់ និង​ធាក់​​ទប់​យ៉ាង​ល្អ​របស់​គេ ជា​ហេតុ​នាំឱ្យ​ សារ័ត្ន អាច​យក​ឈ្នះ​Kang Napha ដោយពិន្ទុទាំង​​លំបាក៕