ភ្នំពេញ៖ គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ លោក Pep Munoz ដែល​កំពុង​ទទួលបានជោគ​ជ័យ​ខ្លាំង លើ​​​ការ​ដឹកនាំ​ក្រុមព្រះខ័នរាជស្វាយរៀង​នោះ បាន​ស្នើ​ឱ្យ​ប្រព័ន្ធ​សារព័ត៌មាន​ផ្លូវការ ផ្តល់ការ​គោរព​ដល់​​​​​កូន​ក្រុម​របស់​លោក​ឱ្យ​បានច្រើនជាង​នេះ តាម​រយៈការ​ជួយចុះផ្សាយ​ពីការ​ខិតខំ​ប្រឹង​ប្រែង​​របស់​​​កីឡាករ ដែលបានព្យាយាម​ខ្លាំង​ទាំង​ទៅលើការ​ហ្វឹក​ហាត់ និងការ​ប្រកួត ធ្វើ​ឱ្យ​ពួកគេ ដណ្តើម​​​បាន​​ជ័យជម្នះជា​បន្ត​បន្ទាប់ ដើម្បីបន្ត​ឈរ​នៅលើកំពូល​តារាង​នៃ​លីគកំពូល​កម្ពុជា រដូវ​កាល​ថ្មី​នេះ។​


ការ​លើក​ឡើងបែបនេះ​របស់​លោក Pep Munoz ត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះ ISI ដង្កោសែនជ័យ ៤-២ សម្រាប់​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​២២​ កាលពី​យបើថ្ងៃទី​​២៤ ខែកុម្ភៈ។ ការ​ដណ្តើម​បាន ​៣ ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ឱ្យពួកគេ បន្ត​ឈរ​នៅកំពូល​តារាង​​នៃ​លីគកំពូល​កម្ពុជា ដោយ​មាន ៥៦ ពិន្ទុ និងតាម​ពី​ក្រោយ​ដោយក្រុម​ភ្នំពេញក្រោន ដែលមាន ​៤៩ ពិន្ទុ បន្ទាប់ពីពួកគេ បានត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ណាហ្គាវើលដ៍ កាលពីយប់​ថ្ងៃសៅរ៍​នោះ​ដែរ។​

​តាម​រយៈការ​ប្រកួតជាមួយក្រុម​ម្ចាស់​ផ្ទះ ISI នោះ លោក Pep Munoz ​បានអះ​អាង​ថា វាជា​ការ​ងារ​ដ៏ពិបាក ព្រោះ​ក្រុម​ម្ចាស់​ផ្ទះ​មានទម្រង់លេង​ល្អ និងមានឆន្ទៈ​ខ្ពស់ ក្នុងការ​ប្រជែង​រក​គ្រាប់បាល់ ប៉ុន្តែ​កូន​ក្រុម​របស់លោក ពិតជា​ធ្វើបាន​ល្អ ក្នុងការ​រក​បានគ្រាប់បាល់​នាំ​មុខ ១-០ នៅ​តង់ទី​១ និងបន្ត​ព្យាយាម​រកបាន​៣​គ្រាប់​ទៀត ក្នុងពេល​ក្រុម ISI ក៏​អាច​រក​បាន​២​គ្រាប់ ជាមួយ​ការ​​បញ្ចប់​ទី​យ៉ាង​ល្អ​​ផងដែរ នៅតង់ទី​២។



លោក​បាន​និយាយ​ថា៖ «​បើទោះបីជា​គូ​ប្រកួត បាន​បង្កើតឱកាស ក្នុងការ​រក​បាន​គ្រាប់​បាល់ តែ​យើង​នៅតែ​ព្យាយាម គឺ​ស្មារតី​របស់យើង ត្រូវតែ​ប្រយុទ្ធ​ទាត់បាល់បញ្ចូល​ទី​បន្ថែម​ទៀត ព្រោះ​​យើង​ដឹង​ថា បើ​យើង​មិនអាច​រកបានគ្រាប់​បាល់​នាំ​មុខ​ឆ្ងាយ​ទេ គឺ​ក្រុម ISI នឹង​អាច​រក​បានគ្រាប់​បាល់​តាម​យើង​ទៀត អ៊ីចឹង​មានន័យ​ថា ​កីឡាករ​របស់​យើង បាន​ប្រឹង​ប្រែង​ខ្លាំង​មែន​ទែន​​ទាំង​​ការ​ហ្វឹកហាត់ និងការ​ប្រកួត​ ដោយ​យើងតែងតែ​បង្ហាញ​បាន​ល្អ នៅរាល់ការ​ប្រកួត ហេតុនេះ​​យើង​​គួរណាស់​​ទទួល​បាន​ការ​គោរព​​ច្រើន​​ជាងហ្នឹង ជាពិសេសពី​សារព័ត៌​មានផ្លូវការ ទំព័រ​ផ្លូវការ ឬ​បណ្តាញសង្គម​ផ្លូវការជាដើម»។


គ្រូ​បង្គោល​ក្រុម​ស្វាយរៀង​រូបនេះ បានបន្ថែម​ថា៖ «សារព័ត៌​ផ្សេង គេ​ចុះ​ផ្សាយ​យ៉ាង​ម៉េច​ជា​​រឿង​របស់គេ ក៏ប៉ុន្តែ​​ចំពោះសារព័ត៌មាន​ផ្លូវការ គួរ​តែ​ផ្តល់ការគោរព​ដល់​កីឡាករ​របស់​យើង និងក្រុម​របស់​យើងឱ្យ​បាន​ច្រើន ដោយសារ​តែ​ពួក​យើង​បង្ហាញ​បាន​ល្អ។ ​សារព័ត៌​មាន​មួយ​ចំនួន គេចាំ​ចុះ​ផ្សាយ​តែពេល​​យើង​ចាញ់​ការ​ប្រកួត​ទេ​ ហេតុនេះ​ទើបយើងខំ​ប្រឹង​ប្រែង​​គ្រប់​​ការ​ប្រកួត​​​អស់​ពី​លទ្ធភាព ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ»។​  

តា​ម​រយៈការ​ប្រកួត នៅ AIA Stadium, KMH Park កាលពី​ព្រលប់​ថ្ងៃសៅរ៍​នោះ ​ខ្សែ​ប្រយុទ្ធ​កាណាដា​ Marcus Haber រកបាន​​២គ្រាប់ នៅនាទីទី​១៦ ជាការ​ស៊ុតបាល់ពិន័យ​១១ម៉ែត្រ និង​១​គ្រាប់ទៀត​នៅនាទីទី​៥៥ ហើយវា​ក៏ជា​គ្រាប់​បាល់​ទី​២៦​របស់​គេ​ផងដែរ ដែល​​រក​បាន​​ឱ្យ​ក្រុម​ស្វាយរៀង ក្នុង​រដូវកាលនេះ ខណៈ​២គ្រាប់ទៀត ជា​គ្រាប់បាល់​របស់​​ខ្សែ​ប្រយុទ្ធប្រេស៊ីល Gabriel Silva Costa នៅនាទីទី​៤៧ និង សារ៉េត គ្រីយ៉ា នៅនាទីទី​៨៤ ចំណែក​២​គ្រាប់របស់ក្រុម ISI រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Ndongo Louis Willy នៅនាទីទី​៦៣ និង Chern Jinryeong នៅនាទីទី​៨១៕

គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ លោក Pep Munoz ដែលជា​គ្រូ​បង្គោល​របស់​ក្រុម​ស្វាយរៀង។ រូប​ថត CPL