ភ្នំពេញ៖ ក្រុមបឹងកេត បានបាត់បង់ឱកាសប្រជែងយកតំណែងជើងឯកនៃលីគកំពូលកម្ពុជា ត្រឹមពាក់កណ្តាលផ្លូវ បន្ទាប់ពីពួកគេ មិនអាចរក្សាការនាំមុខលើក្រុមវិសាខា រហូតដល់ទីបញ្ចប់នោះ ហើយការបាត់បង់ ៣ ពិន្ទុ នៅលើទឹកដីខ្លួនឯងនេះ ធ្វើឱ្យ បឹងកេត នៅសល់ត្រឹមឱកាសប្រជែងយកតំបន់កំពូលតារាងទាំង ៤ (Top4) ដូចក្រុម ISI ដង្កោសែនជ័យ ដែរ ដោយក្រុមទាំង ២ នេះ មាន ៣១ ពិន្ទុដូចគ្នា។
តាមរយៈការប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃអាទិត្យ ខ្សែប្រយុទ្ធ ឱ ភារុន បានស៊ុតបាល់ទម្លុះសំណាញ់ទីក្រុមវិសាខា នៅនាទីទី៤៥ ដើម្បីជួយឱ្យក្រុមបឹងកេត នាំមុខ ១-០ យ៉ាងរំភើប ប៉ុន្តែឱកាសឈ្នះ ៣ ពិន្ទុរបស់បឹងកេត បានរលាយបាត់ត្រឹមរយៈពេល ២ នាទី ពីការវាយបកយ៉ាងមានប្រសិទ្ធភាពរបស់វិសាខា ដែលផ្តល់លទ្ធភាពឱ្យខ្សែប្រយុទ្ធ De Liveira Baston Jonanta រកបាន ២ គ្រាប់ជាប់ៗគ្នា នៅនាទីទី៥៨ និងទី ៦០ ដើម្បីជួយឱ្យវិសាខា ឈ្នះ ២-១ ជាផ្លូវការ។
ជាមួយជ័យជម្នះលើក្រុមបឹងកេតនេះ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមវិសាខា បាននិយាយ ក្រោយការប្រកួតថា៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្ត ដោយសារកូនក្រុមរបស់ខ្ញុំមានឆន្ទៈក្នុងការលេងបានខ្លាំង និងមានចិត្តចង់ឈ្នះ ហើយគួបផ្សំនិងការលេងរបស់ពួកគាត់បានល្អផងដែរ»។
តាមរយៈការឈ្នះបាន ៣ ពិន្ទុពីក្រុមបឹងកេត នេះ បានជួយឱ្យ វិសាខា បន្តឈរនៅលេខ៣ ដោយមាន ៣៨ ពិន្ទុ គឺមានន័យថា វិសាខា នៅមានឱកាសតិចតួច ក្នុងការប្រជែងយកតំណែងជើងឯកនៃលីគកំពូលកម្ពុជា ក្នុងរដូវកាលថ្មីនេះ ជាមួយក្រុមកំពុងឈរនៅលេខ ១ ស្រាប់ ព្រះខ័នរាជស្វាយរៀង ដែលមានដល់៥៦ពិន្ទុ និងក្រុមឈរនៅលេខ ២ ភ្នំពេញក្រោន ដែលមាន ៤៩ ពិន្ទុ។
ផ្ទុយពីនេះក្រុមបឹងកេត ដែលមានត្រឹម ៣១ ពិន្ទុដដែលនោះ បានអស់ឱកាសទាំងស្រុងហើយ ក្នុងការប្រជែងយកតំណែងជើងឯក ព្រោះពេលនេះពួកគេ មានពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង រហូតដល់ ២៥ ពិន្ទុ ខណៈការប្រកួតដំណាក់កាលទី៣នេះ នៅសល់តែ៥ប្រកួតទៀតទេ ហើយបូកទាំងវគ្គដណ្ដើមជើងឯក សម្រាប់ក្រុម Top4 ចំនួន ៣ ប្រកួតទៀត គឺមានន័យថា បើទោះបីជា បឹងកេត ឈ្នះទាំង៨ប្រកួតនេះជាប់ៗគ្នាស្មើនឹង ២៤ ពិន្ទុទៀត ក៏ពួកគេនៅតែមានពិន្ទុតិចជាងក្រុមស្វាយរៀង ដដែល។
ជាមួយគ្នានេះ ក្រុមបឹងកេត ក៏មិនទាន់ច្បាស់ថា នឹងអាចរក្សាទីតាំងលេខរៀងទី៤ ដែលពួកគេ កំពុងគ្រប់គ្រងនៅពេលនេះ ដើម្បីបានឡើងទៅលេងក្នុងការប្រកួតដំណាក់កាលទី៤ ឬវគ្គ Top4 នោះដែរ ព្រោះក្រុមចំនួន ៤ ទៀត សុទ្ធតែនៅមានឱកាសប្រជែងយកទីតាំងនេះដូចគ្នា ជាពិសេសក្រុម ISI ដែលកំពុងឈរនៅលេខ៥ ព្រោះពួកគេ ក៏មាន ៣១ ពិន្ទុស្មើ បឹងកេត ដែរ ចំណែកក្រុមកងយោធពលខេមរភូមិន្ទុ និងណាហ្គាវើលដ៍ ដែលឈរនៅលេខ ៦ និងលេខ ៧ មាន ២៤ ពិន្ទុស្មើគ្នា។
យ៉ាងណាក៏ដោយ លោក ហុង ផេង ដែលកំពុងដឹកនាំក្រុមបឹងកេត បានបង្ហាញការជឿជាក់ខ្លាំង ក្នុងការបានទៅលេងនៅវគ្គ Top4។ គ្រូបង្វឹករូបនេះ បាននិយាយថា៖ «យើងដឹងស្រាប់ហើយថា ការប្រជែងពាននៅលីគ យើងស្ថិតនៅឆ្ងាយគឺយើងមិនអាចទៅដណ្ដើមពានបានឡើយ។ អ្វីដែលសំខាន់ គឺយើងព្យាយាមទៅរក Top4 ព្រោះយើងនៅមានឱកាសច្រើនហើយខ្ញុំនៅតែជឿជាក់ថា ក្រុមរបស់ខ្ញុំអាចធ្វើបាន»៕