ភ្នំពេញ៖ បន្ទាប់ពី​ស្ងប់ស្ងាត់​ និងលែង​មានសកម្ម​ភាព​ប្រកួតផ្លូវការ​​​អស់​រយៈពេល​ជាង ​៤​ ខែ ​កន្លងមក​ ក្រុម​បាល់​​ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ធ្វើការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់ជាថ្មី នៅ​ខែមីនា​ខាង​មុខ​នេះ ដើម្បី​​ត្រៀម​ខ្លួន​​​ចូល​រួម​ការប្រកួតមិត្តភាពអន្តរជាតិ FIFA Series​ ដែល​រៀបចំ​ឡើង​ដោយ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ពិភពលោក (FIFA)។

បើតាម​ការ​ប្រកាស​​​របស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​មិត្តភាពអន្តរជាតិ FIFA Series នេះ​​ នឹងប្រព្រឹត្ត​ទៅពីថ្ងៃទី​ ១៨ ដល់ថ្ងៃ​ទី ២៦ ខែមីនា​ ឆ្នាំ ​​២០២៤ ហើយ​ក្នុង​នោះ​​ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ (Guinea) មកពីទ្វីបអាហ្វ្រិក នៅថ្ងៃទី​២២ រួច​​ត្រូវប៉ះ​​ក្រុមជម្រើសជាតិ​ហ្គីយ៉ាន (Guyana) មកពី​ទ្វីប​អាមេរិក​ខាងត្បូង នៅថ្ងៃទី ​២៦ ខែមីនា។

សម្រាប់ការ​ប្រកួត​ប្រចាំ​ Series A នេះ នឹងធ្វើ​​នៅទឹកដី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​​ ហើ​យ​វា​ក៏ជាពេល​ដែល​​ក្រុមជម្រើសជាតិ​កម្ពុជា ទទួលបានឱកាសជាថ្មី ក្នុងការ​បង្ហាញ​សមត្ថ​ភាព​​​ផងដែរ បន្ទាប់ពី​ក្រុម​ដ៏​កម្សត់នេះ ​បានចាញ់​ក្រុមជម្រើសជាតិប៉ាគីស្ថាន ១-០ សម្រាប់​ការ​ប្រកួតផ្លូវ​ការ​ទាំង​២ជើង នៃពាន​រង្វាន់ FIFA World Cup 2026 ​វគ្គ​​ជម្រុះ​ជុំ​ទី​១ ប្រចាំទ្វីប​អាស៊ី កាលពី​ថ្ងៃទី​ ១២ និង​ទី​ ១៧ ខែតុលា ឆ្នាំ​ ២០២៣។


សៀង ចន្ធា របស់​កម្ពុជា បានព្យាយាម​គ្រប់​គ្រង​បាល់​ពីការ​តាម​ប្រជែង​របស់​ក្រុមប៉ាគីស្ថាន នាជំនួប​ផ្លូវការ នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ កាលពី​ថ្ងៃទី​​១២ ខែតុលា ឆ្នាំ​២០២៣។ រូប FFC

ចំពោះ​គោល​បំណង នៃ​ការ​រៀបចំ​ឱ្យ​មានការ​ប្រកួតមិត្តភាពអន្តរជាតិ FIFA Series​ របស់ FIFA​​ ​ដោយ​មាន​ ២០ ប្រទេស ​​ជាសមាជិកចូលរួមប្រកួតនេះ សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា បាន​បញ្ជាក់តាម​​ការ​ប្រកាស​របស់​ខ្លួន​ថា គឺ​ជា​ការ​ផ្តល់​ឱកាស​ឱ្យក្រុមជម្រើសជាតិតំណាង​ឱ្យ​​ប្រទេស​​ទាំង​២០នេះ ដែលជាធម្មតាមិនមាឱកាស​ប្រកួតជាមួយនឹងគ្នា បាន​ប្រកួត​សាក​ល្បង​សមត្ថភាព​ជាមួយគ្នាព្រមទាំង​ជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បី​អភិវឌ្ឍ​បាល់ទាត់​ពិភពលោក៕