ភ្នំពេញ៖ កីឡាករកូនខ្មែរ-អាមេរិក សំ សុវណ្ណកេសា (Sovankesa Som) ដែល​កំពុង​​សាង​បាន​ភាព​ល្បីល្បាញ សម្រាប់​ការ​ប្រកួត​ប្រដាល់​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅអាមេរិក ដោយ​ដណ្តើមបានខ្សែ​ក្រវាត់​ចំនួន ​២​នោះ បានបង្ហាញឆន្ទៈ​កាន់តែ​ខ្ពស់ក្នុងការ​ប្រកួតតំណាង​ឱ្យ​កម្ពុជា ហើយ​រូបគេ​ក៏​មាន​បំណង​ធ្វើ​ដំណើរ​មក​បង្ហាញ​ខ្លួន​ដោយ​ផ្ទាល់​នៅចំពោះ​មុខ​អ្នកគាំ​ទ្រ​កម្ពុជា នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។​


បើទោះបីជា សំ សុវណ្ណកេសា មិន​ធ្លាប់បាន​ប្រកួតតំណាង​ឱ្យ​កម្ពុជា​ជា​ផ្លូវ​ការ ក្នុងនាមជា​កីឡាករជម្រើសជាតិ​កម្ពុជា ក្រោមការទទួលស្គាល់​ដោយក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ប៉ុន្តែ​កីឡាករ​​មាន​ឈាមជ័រជា​ខ្មែរ​ ​កើត​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក ដែល​មានជំនាញ​ទាំង​ប្រដាល់​​គុន​ខ្មែរ, ​ឃីកបុកស៊ីងនិងគុនចម្រុះ MMA រូប​នេះ តែង​​តែ​បាន​​បង្ហាញ​ទង់​ជាតិ​​កម្ពុជា នៅ​រាល់​ការ​ប្រកួត​របស់​គេ ហើយគេ​ក៏បាន​សាក់ពាក្យ «គុនខ្មែរ» នៅ​ជាប់​​ដើម​ទ្រូង​របស់​ខ្លួនឯងទៀតផង។​

ជាមួយ​ការ​លះបង់​ប្រកបដោយ​ភាព​ប្រាកដ​ប្រជា​របស់ សំ សុវណ្ណកេសា បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា មាន​ការ​កោតសរសើរ​ខ្លាំង ហើយបានចាត់ទុក​កីឡាករ​ខ្មែរ-អាមេរិក​រូប​នេះ ទៅនឹង​កីឡាករ​ប្រដាល់​គុនខ្មែរ​ល្បីៗ​របស់​កម្ពុជានាពេលបច្ចុប្បន្ន ដូចជា​​ ធឿន ធារ៉ា និង ព្រំ សំណាង ជាដើម​ ព្រោះ សុវណ្ណកេសា ក៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំងនៅអាមេរិក និងមានសមត្ថភាព​ប្រកួត​ខ្លាំង​ ដោយធ្លាប់ឈ្នះបាន​ខ្សែ​ក្រវាត់ចំនួន​២ទៀត​ផង។



ឆ្លើយ​តប​នឹងក្តីស្រឡាញ់ និង​ទឹក​ចិត្ត​របស់​​អ្នកគាំ​ទ្រ​កម្ពុជា ដែលមានចំពោះ​ខ្លួន​នេះ កីឡាករ សំ សុវណ្ណកេសា បានបង្ហោះ​សារ​បែបនេះ​ថា៖ «ខ្ញុំចង់អរគុណអ្នកទាំងអស់គ្នា ដែល​តែងតែ​គាំទ្រខ្ញុំពេញមួយអាជីពរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងមកលេង(កម្ពុជា)​ឆាប់ៗនេះហើយ​បង្ហាញ​មុខ និងណែនាំខ្លួន។ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​យើងវប្បធម៌​របស់​ព្រះរាជាណាចក្រ​យើង»។


ទន្ទឹមនឹងនេះ សំ សុវណ្ណកេសា  បានបង្ហាញ​ឆន្ទៈ​កាន់តែខ្ពស់ ក្នុងការ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ដោយ​រូបគេ​បានបញ្ជាក់ថា៖ «ក្នុងនាម​ជា​កូន​ខ្មែរ ​ដែល​កើត​នៅ​​អាមេរិកខ្ញុំ​​នឹង​​តំណាង​ប្រទេស​កម្ពុជា​របស់​យើង​ឱ្យ​​បាន​ពេញលេញ​ជា​និច្ច។ ឈ្នះឬចាញ់ ​អរគុណ​អ្នក​ទាំង​អស់​គ្នា​​សម្រាប់​​ការ​​គាំទ្រ»។

ជាមួយ​គ្នានេះ សុវណ្ណកេសា  ក៏បាន​បង្ហើបពី​គម្រោងប្រកួតជាបន្តទៀត​តំណាង​ឱ្យ​កម្ពុជា​ផងដែរ ដោយ​រូប​គេ​បានបង្ហោះ​សារ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ថា៖​ «ការប្រកួត MMA លើក​ក្រោយ​​​របស់​ខ្ញុំនឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃទី​៦ ខែមេសា ជា​​ខែ​​ចូល​ឆ្នាំ​ខ្មែរហើយ​​ខ្ញុំ​ចង់​​ឱ្យ​មាន​អ្នក​គាំទ្រ​កម្ពុជា​​​នៅ​ទីនោះច្រើន ដើម្បី​​យើងទៅ​មុខ​​ជាមួយ​គ្នា។ ខ្ញុំជា​អ្នក​តំណាង​គុន​​ខ្មែរ​​ម្នាក់របស់កម្ពុជា សម្រាប់​ដូន​តា​ និងវប្បធម៌​របស់យើង»៕