ភ្នំពេញ៖ កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់​កម្ពុជា ព្រំ សំណាង បានអះអាង​ថា ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​អ្នកប្រដាល់មីយ៉ាន់ម៉ា Tun Tun Min ដែល​ធ្លាប់​ចាញ់រូបគេ​ក្នុងការ​ប្រកួត​នៅ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នោះ អាច​នឹង​ដាច់ស្រឡះ ហើយ​ក៏​អាច​នឹង​មាន​អ្នក​​សន្លប់​ទៀតផង ខណៈ​​អ្នក​ទាំង ​ ២ នេះ ត្រូវបា​នដាក់​ឱ្យ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ Ultimate ASIAN Kun Khmer World Championship នៅលើ​សង្វៀនថោន នាយប់​ម៉ោង ៨ ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សម្រាប់ការ​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​កម្ពុជា​ជា​​ថ្មី​​របស់ Tun Tun Min លើក​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ ព្រោះកីឡាករ​លំដាប់​ខ្លាំង​របស់​មីយ៉ាន់ម៉ា​​រូបនេះ បាន​ទន្ទឹង​រង់ចាំជំនួប​មួយនេះជិត​ ១ ​ឆ្នាំមក​ហើយ ពោលគឺ​ចាប់តាំង​ពីថ្ងៃទី​ ១១ ខែឧសភា ឆ្នាំ​ ២០២៣ ជាពេលដែល​រូបគេ​​​បានចាញ់ពិន្ទុ ព្រំ សំណាង ទាំង​មិនអស់​ចិត្ត ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយមាស ក្នុងទម្ងន់​ ៨១ គីឡូក្រាម នៅ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣។

រំឭក​ទៅ​ដល់​ការ​ប្រកួត នៅស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែល​ខ្លួន​បាន​ឈ្នះមេដាយមាសជូនជាតិ ជា​លើកដំបូង​នោះ ​ព្រំ សំណាង បាន​និយាយ​ថា៖ «ខ្ញុំ​ធ្លាប់ជួប​កីឡាករ Tun TunMin ​នៅស៊ីហ្គេម ឆ្នាំ​ ២០២៣ ហើយ​លទ្ធផល​យើង​ធ្វើបាន​ល្អ ដោយបាន​មេដាយមាស ប៉ុន្តែ​គាត់ថា គាត់​មិន​អស់​ចិត្ត ​តែ​​ក្រោយ​ពេល​គាត់​បានមើល​​​វីដេអូ​នៃ​ការ​ប្រកួត​នោះឡើង​វិញ​ហើយ គាត់​ក៏បាន​លុប​ការបង្ហោះសារ​គាត់​​​ចេញ​វិញ»។ 


ព្រំ សំណាង បាន​ទាត់ទៅលើកីឡាករ Tun TunMin ពេលប្រកួត​ដណ្តើម​យកមេដាយមាស នៅស៊ីហ្គេម ឆ្នាំ​២០២៣។រូប សហការី

កីឡាករ​មានរហស្សនាម «ជើងកាត់សក់​ដៃឯក» ព្រំ សំណាង ​បាន​បន្ថែម​ថា៖ «សមត្ថ​ភាព​គាត់នៅតែ​ល្អ ស្ទុះ​គាត់​ខ្លាំង ហើយ​គាត់​ដឹង​តែ​វ៉ៃ​ ដោយ​ល្អទៅលើ​ការ​ប្រើ​កណ្តាប់ដៃ និងទាត់ ដែល​ខ្ញុំ​គិតថា ជំនួប​លើក​នេះ​ប្រហែលជា​តឹង ព្រោះ​គាត់សុំមក​សង​សឹក​ជាមួយ​យើង អ៊ីចឹង​គាត់​ពិតជា​​ត្រៀម​ខ្លួនបាន​ល្អ​ហើយ ដ្បិតអីខាង​គាត់ បានដឹង​ពីការ​ប្រកួតនេះ​មុន​យើង»។


ជាមួយ​ជំនួបសងសឹក ដោយ​មានការ​ដាក់ខ្សែ​ក្រវាត់​ឱ្យ​វ៉ៃដណ្តើម​គ្នា​ទៀត​បែបនេះ ព្រំ សំណាង បាន​គិត​ទុក​ជាមុនថា រវាង​រូប​គេ និង Tun Tun Min អាច​នឹង​មាន​ម្នាក់​សន្លប់ ព្រោះ​នេះ​ជា​​ការ​លក្ខណៈ​គុនខ្មែរ​៣​ទឹក ពាក់​ត្រឹម​ហ្គង់​ដៃ គឺ​មិនមែនជា​ការ​ប្រកួត ដែល​មាន​​ពាក់​ប្រដាប់​ការពារ​ស្នង ការពារ​ដង​ខ្លួន និងពាក់មួកការពារដូច​ការ​ប្រកួតនៅ​ស៊ីហ្គេម​​ឡើយ អ៊ីចឹងការ​ប្រកួតអាចលះខ្លាំងៗរៀងៗ​ខ្លួន។

ព្រំ សំណាង បានបញ្ជាក់ថា៖​ «ការជួបគ្នា​លើកនេះ ​អាច​បុក​ទៅបុក​មក ហើយ​អាច​សន្លប់​រៀងៗ​ខ្លួន ព្រោះជា​ការ​ប្រកួត​វ៉ៃលាតពាក់​ត្រឹមហ្គង់​ដៃ មិនដូច​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ទេ។ តែទោះបីជា​យ៉ាង​ណា ខ្ញុំប្តេជ្ញា​ខំធ្វើ​ឱ្យ​បាន​ល្អបំផុត និងអស់ពី​លទ្ធផល ដើម្បីយកខ្សែ​ក្រវាត់​ទី​៥នេះ មកពាក់នៅចង្កេះ​ឱ្យបាន​ ព្រោះ​ពេលនេះ ខ្ញុំ​មានខ្សែ​ក្រវាត់ចំនួន ​៤ ​​ខ្សែ​ហើយ»៕