ភ្នំពេញ៖ កីឡាករជើង​ខ្លាំង​មានរហស្សនាម «ក្របីព្រៃ» ពេជ្រ សម្បត្តិ បានទម្លាយ​​ថា រូបគេ​មាន​បំណង​​ចង់​ឱ្យ​ការ​ប្រកួត​ជាមួយ​ម្ចាស់ខ្សែ​ក្រវាត់មកពីប្រទេស​បារាំង Florent Louis Joseph នៅ​ក្នុង​ព្រឹត្តិការណ៍ Idol Kun Khmer ​របស់​សង្វៀនបាយ័ន ស្ថិត​នៅខណ្ឌកំបូល បានបញ្ចប់​ដោយ​មាន​អ្នកសន្លប់។

សម្រាប់ការ​ប្រកួត ដែលនឹងចាប់ផ្តើម​ពីម៉ោង​៨យប់ ថ្ងៃសុក្រ​តទៅនោះ ពេជ្រ សម្បត្តិ ត្រូវ​ដាក់​ឱ្យ​ប្រកួត​មិត្ត​ភាពអន្តរជាតិជាមួយ​ Florent Louis Joseph ក្នុងទម្ងន់​៦០គីឡូក្រាម ហើយជាមួយគ្នានេះ​ក៏​មានការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ និងការ​ប្រកួតម៉ារ៉ាតុងដណ្តើមខ្សែ​ក្រវាត់​ចំនួន​​​៤​គូ​ទៀត​ផងដែរ ដោយ​អ្នកទាំង​អស់នេះ​ត្រូវបាន​អ្នករៀបចំការ​ប្រកួត​របស់សង្វៀនបាយ័ន,​​​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ និងតំណាងម្ចាស់ឧបត្ថម្ភ​ធំ​ពី Ganzberg អះអាងថា សុទ្ធតែជាជើងខ្លាំង​ប្រចាំ​ប្រទេស និង​ត្រូវ​​​ចំណាយ​លុយច្រើន ក្នុងការនាំ​យក​មក​ប្រកួត នៅ​កម្ពុជា​លើកនេះ។

នៅ​ក្នុង​​សន្និសីទកាសែត ស្តី​ពីការ​ប្រកួត​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ពេជ្រ សម្បត្តិ​​បានឱ្យ​ដឹង​ថា Florent ជា​កីឡាករ​មានស្នៀត​វ៉ៃ​ល្អ​​គ្រប់​ផ្នែក គឺ​អាច​វាយ​បាន​​ទាំង​ដៃ ​ជើង និង​ទាត់ ពិសេសមាន​​ក្បាច់​​ញាក់ល្អ។ សម្បត្តិ និយាយ​ថា៖ «មើលទម្រង់​វ៉ៃ​របស់គាត់ស្រដៀង​គ្នា​ទៅនឹងកីឡាករ​ថៃ Tum Kitti Patkam ដែលខ្ញុំ​ធ្លាប់បានចាញ់​នៅ​ប្រទេសអូស្រ្តាលី ប៉ុន្តែ​កម្លាំងស៊ុហ្វ​របស់គាត់ នៅមិន​ទាន់​ដឹងទេ ព្រោះ​មិនធ្លាប់​ជួប​គ្នា អ៊ីចឹង​មានតែ​ចាំ​មើល នៅ​ថ្ងៃ​ប្រកួត»។ 


សមាសភាព​៤គូ​ផ្សេង​ទៀត ដែល​ត្រូវ​ប្រកួត នៅក្នុងកម្ម​វិធី Idol Kun Khmer នា​យប់ថ្ងៃសុក្រ​។រូប សហការី

យ៉ាងណា​ក៏ដោយ ពេជ្រ សម្បត្តិ ចង់​ឱ្យ​ការ​ប្រកួត​នេះ បញ្ចប់​ដោយមាន​អ្នក​សន្លប់ ដោយបញ្ជាក់ថា៖ «ខ្ញុំ​មិនទាន់ច្បាស់ថា អាវុធ​​​គ្រោះថ្នាក់​របស់​គាត់ ជាក្បាច់​​អ្វី​​​ឱ្យ​ប្រាកដ​ទេ ព្រោះ​គាត់​វាយចេញ​ស្មើទាំង​ជើង ទាំង​ដៃ និងទាត់ ប៉ុន្តែ​ជំនួប​នេះ ខ្ញុំ​ចង់​បញ្ចប់​ដោយមាន​ម្នាក់​សន្លប់ តែ​នៅមិនទាន់​ដឹង​ថា ករណីនេះ​អាច​កើត​ឡើង​បានលឿន ឬយ៉ាង​​ណា​ឡើយ ព្រោះ​ពេលខ្លះ​ក៏​អត់​សន្លប់ ​តែពេល​យើង​វ៉ៃ​ឱ្យ​ដៃគូ​សន្លប់លឿន​ បងប្អូនអ្នកគាំ​ទ្រ​ស្រែក​ថា សន្លប់លឿនណាស់ មិនទាន់បាន​មើល​ជក់​ភ្នែក​ផង ដល់​អ៊ីចឹង​ខ្ញុំ​លែង​ប្រាកដដូចគ្នា គឺ​មានតែ​ពេល​​ប្រកួត​ជាក់​ស្តែង»។ ​


ចំណែក​កីឡាករ Florent Louis Joseph ដែល​អះអាងថា ធ្លាប់ឈ្នះ​ជើងឯកការ​ប្រកួត​ខ្សែ​ក្រវាត់ចំនួន​២លើក ​នៅប្រទេស​បារាំង​នោះ ​បាន​និយាយ​ថា៖ ​«ខ្ញុំបានមើល​វីដេអូការប្រកួត​ខ្លះៗរបស់ ពេជ្រ សម្បត្តិ ហើយ​ឃើញ​ថា គាត់​ជាកីឡាករ​ដ៏​ល្អម្នាក់ ដែល​ធ្វើ​ឱ្យខ្ញុំ​មាន​ចិត្ត​ចង់​ប្រកួត​ជាមួយគាត់​កាន់តែខ្លាំង គឺវា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ល្អមួយ ហើយ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ធ្វើ​ឱ្យបាន​ល្អ»។​

សម្រាប់ការ​ប្រកួត នៅយប់​ថ្ងៃសុក្រនេះ​ដែរ ​ជើងខ្លាំង លន បញ្ញា ត្រូវបានដាក់ឱ្យប្រកួត​ជាមួយ​កីឡាករបារាំង Oumar Bathily ក្នុងទម្ងន់​៦៥​គីឡូក្រាម រីឯ​​ជើង​ខ្លាំង​ទម្ងន់​៦៩គីឡូក្រាម​របស់បារាំង Omar Samb ដែលដំបូង​ឡើង​ត្រូវ​ដាក់ឱ្យ​ជួប រឿង សោភ័ណ្ឌ នោះ ត្រូវ​​ប្រកួត​ជាមួយ​កីឡាករ​តួកគី Adem Kabak វិញ ដោយសារ រឿង សោភ័ណ្ឌ មានបញ្ហាសុខភាព​ មិន​ទទួល​យកការ​ប្រកួតនេះ។ 

ចំណែក ប៊ុន សុធា, ពេជ្រ ប៊ុនសិទ្ធ, រិទ្ធី ចាន់ណា និង ណង សាវ ត្រូវ​ដាក់ឱ្យ​ប្រកួត​ម៉ារ៉ាតុងដណ្តើមខ្សែ​ក្រវាត់​ទម្ងន់​៥៧គីឡូក្រាម ហើយ​តាម​រយៈការ​ចាប់​ឆ្នោត​ក្នុងសន្និសីទ​កាសែត​​នោះ គឺ ពេជ្រ ប៊ុនសិទ្ធ ត្រូវប៉ះ រិទ្ធី ចាន់ណា ហើយ ប៊ុន សុធា ត្រូវជួប ណង សៅ ​ក្នុងការ​ប្រកួតជម្រុះ​៣ទឹក ដើម្បី​យក​ឈ្នះ​ឡើង​ទៅប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​យកខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​ចំនួន​​២០​លាន​រៀល។

ជាមួយគ្នា​នេះ លោក គង់ វិសាល តំណាង​ស្ថានីយទូរទស្សន៍បាយ័ន បាន​​ថ្លែង​​ថា៖​ «​នេះ​ជា​​ការ​​ប្រកួត​ដ៏​ធំ ដោយ​យើងបាន​នាំ​យកកីឡាករ​បារាំង​៣នាក់ និង​តួកគី​១​នាក់ ​មក​ប្រកួត​គុនខ្មែរ​របស់​យើង ដែល​សុទ្ធតែជា​ជើងខ្លាំង​ប្រចាំប្រទេស​ ជាពិសេស​កីឡាករ​​បារាំង ដែល​សុទ្ធតែ​​ម្ចាស់ខ្សែ​ក្រវាត់ ហើយ​យើង​បាន​ចំណាយ​​ច្រើន​ទៅលើ​តម្លៃ​ខ្លួន​ និង​ការ​ស្នាក់​នៅ ព្រោះពួកគាត់ បាន​មក​​ដល់​​កម្ពុជាជាង​​១០​​ថ្ងៃ​ហើយ អ៊ីចឹង​សូមពុកម៉ែ​បងប្អូនទៅគាំ​ទ្រ​ការ​​ប្រកួតនេះ​ឱ្យ​បាន​ច្រើន​កុះករ»។​​​

ចំណែកលោក ខូវ ឆាយ អនុ​ប្រធានទី​១សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ បាន​ថ្លែង​ថា៖ ​«​​តាម​រយៈ​ការ​ប្រកួត​​ដ៏ធំ​នេះ យើង​បាន​ផ្សារភ្ជាប់​​ជាមួយ​​អ្នក​រៀបចំការ​ប្រកួត​​នៅ​​តំបន់​អឺរ៉ុប ដោយ​​លោក​ក៏មាន​វត្តមាន​នៅ​ទី​នេះ ដើម្បី​ធ្វើ​ទំនាក់ទំនង ផ្លាស់​ប្តូរបច្ចេក​ទេស​គ្នា​ទៅវិញ​ទៅមក ក្នុងការ​នាំ​កីឡាករ​បារាំង និង​កីឡាករ​អឺរ៉ុប​ផ្សេង​ទៀត​មក​ប្រកួត​នៅ​កម្ពុជា ហើយ​​នឹង​មាន​ការនាំ​យក​កីឡាករកម្ពុជា​ទៅ​ប្រកួត​នៅបារាំង ​ក្នុងខែមិថុនា​ខាងមុខ​នេះផងដែរ ដោយ​​យើង​បាន​ជ្រើស​រើស​កីឡាករ​ និងកំណត់ពេល​វេលា​ប្រកួត​រួច​ហើយ»៕