ភ្នំពេញ៖ កីឡាករនីហ្សេរីយ៉ា សញ្ជាតិ​កម្ពុជា ម៉ានូ សិល្បៈ បាន​បង្ហាញ​ការ​មិនអស់​ចិត្ត​​ចំពោះ​​លោក​អាជ្ញា​កណ្តាល ឡៅ ស៊ីណាត ដែល​បាន​សម្រេចឱ្យ​រូបគេ​ចាញ់​កីឡាករមីយ៉ាន់ម៉ា ទុយមីនឡាត នៅ​ត្រឹមទឹក​ទី​២ ចំណែក​ លី រិទ្ធី ក៏​ទទួល​បាន​លទ្ធផល​មិនគាប់ប្រសើរ​ដូចគ្នា ចំពោះការ​ជួប​អ្នកប្រដាល់​តួកគី។


សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍ The Battle of Kings របស់​សង្វៀន​ប្រដាល់​ទទក នៅ​សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ ​កាលពី​យប់​ថ្ងៃសៅរ៍​ ម្សិលមិញ​នេះ កីឡាករ ម៉ានូ សិល្បៈ ត្រូវ​បាន​លោកអាជ្ញាកណ្តាល ឡៅ ស៊ីណាត សម្រេច​បញ្ឈប់ នៅត្រឹមទឹក​ទី​២ បន្ទាប់ពី​រូប​គេ​ត្រូវ​បាន​​អ្នក​ប្រដាល់ ទុយ មីនឡាត ម៉ាត់​ស្តាំ និង​បន្ថែម​ដោយកណ្តាប់​ដៃ​ឆ្វេង ចូលថ្គាម​ពេញ បណ្តាល​ឱ្យ ដួល​ទាំង​វង្វេងវង្វាន់នោះ។

ចំពោះ​ស្ថាន​ភាព​របស់ ម៉ានូ សិល្បៈ នៅពេល​នោះ ត្រូវបាន​គេ​មើល​ឃើញ​ថា ពិតជា​បាន​វង្វេង និងមានស្មារតីមិនទាន់​រឹង​មាំ​មែន ព្រោះ​នៅពេល​លោក ឡៅ ស៊ីណាត ស្រែក​ឱ្យ​វ៉ៃ​បន្ត​នោះ គឺរូបគេមិន​បានចាប់​អារម្មណ៍ និង​មើល​ទៅលើ​កីឡាករ ទុយ មីនឡាត ​ដែល​បាន​​ស្ទុះ​មក​​បម្រុង​ចូល​​វ៉ៃ​​នោះ​ឡើយ ហេតុ​នេះហើយ​ទើប ឡៅ ស៊ីណាត សម្រេច​បញ្ឈប់ ម៉ានូ តែម្តង​ទៅ ចៀស​វាង​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាងនេះ។



តែទោះបីជា​យ៉ាង​ណា ម៉ានូ បែរជាបានបង្ហាញការ​មិនអស់​ចិត្ត តាំង​ពី​នៅលើ​សង្វៀន រហូត​​​ចុះ​មក​ដល់​ក្រោមសង្វៀន និង​បានចាត់​ទុក​ការ​បញ្ឈប់​របស់​លោកអាជ្ញាកណ្តាល ឡៅ ស៊ីណាត ជារឿងខុស​ទំនង​ទៅវិញ។ ម៉ានូ បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​ «លោក​អាជ្ញា​កណ្តាល បានសួរខ្ញុំ​ថា ខ្ញុំ​វ៉ៃ​បាន​ទៀត​អត់ ហើយខ្ញុំ​ថា វ៉ៃ​បាន ប៉ុន្តែ​នៅពេល​គាត់បញ្ឈប់​ខ្ញុំ គឺ​ខ្ញុំ​អត់​យល់​តែម្តង!»។


នៅពេលសួរ​ពី​ស្ថាន​ភាព​របស់​ខ្លួន ពេល​​ត្រូវកណ្តាប់ដៃ​របស់ ទុយ មីនឡាត ហើយ​ដួល​នោះ ក៏ ម៉ានូ បាន​និយាយ​ខុសពី​ស្ថាន​ភាព​ជាក់​ស្តែងដែរ ដោយ​កីឡា​ករ​ទម្ងន់​៨៥​គីឡូក្រាម​រូប​នេះ បញ្ជាក់​ថា៖​ «ខ្ញុំ​អត់មាន​សន្លប់ អត់​មាន​​វិល​មុខ​អ្វី​ទេ ខ្ញុំ​រអិល​ដួល នៅពេល​គាត់​វ៉ៃ​ត្រូវ​មុខ​របស់​​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏ងើប​ឡើង​វិញ​ភ្លាម អ៊ីចឹង​ហើយ​ខ្ញុំ​នៅតែ​អត់​យល់ នៅពេលលោក​​អាជ្ញា​កណ្តាល​បញ្ឈប់​ខ្ញុំ»។

ជាមួយការ​លើក​ឡើង​របស់ ម៉ានូ សិល្បៈ នេះ បាន​ធ្វើ​ឱ្យអ្នកគាំ​ទ្រភាគ​ច្រើន សម្តែងការ​រិះ​គន់​ទៅលើ​រូប​គេ ដែល​មិន​ព្រម​ទទួល​យក​ការពិត​ថា ខ្លួនឯងពិតជា​ចាញ់ និង​បាត់បង់ស្មារតី នៅ​ក្នុងពេល​លោកអាជ្ញាកណ្តាល ចាប់​រាប់ និងបញ្ឈប់នោះ។

អ្នកគាំ​ទ្រ បានបញ្ចេញ​ជាយោបល់​បែបដាស់តឿនដល់ ម៉ានូ សិល្បៈ ដូច្នេះ​ថា៖ «​ចាញ់​គេ​ហើយ​​ទទួលស្គាល់​ទៅហើយងាក​មក​ប្រឹង​ហាត់​បន្ថែម ព្រោះ​អ្នក​មើល​គេ​ឃើញ​ច្បាស់​ណាស់​។ពលរដ្ឋ​ខ្មែរ​មិន​ចូល​ចិត្ត​ទេអ្នក​ដែល​ព្យាយាម​ប្រកែក​មិន​ទទួល​យក​ការ​ពិត​របស់​ខ្លួន»។

ដោយឡែកកីឡាករ​កម្ពុជា លី រិទ្ធី ក៏​ទទួល​បាន​លទ្ធផល​មិនល្អ សម្រាប់ការ​ប្រកួត កាល​ពី​យប់​ថ្ងៃសៅរ៍​នោះ​ផងដែរ ដោយ​រូបគេត្រូវបានប្រកាស​ឱ្យ​ចាញ់ពិន្ទុ​​អ្នក​ប្រដាល់តួកគី យូណាម៉ូរ៉ាត់ ប៉ុន្តែ លី រិទ្ធី មិន​បាន​បង្ហាញ​អាការឡាំប៉ា​ដូច ម៉ានូ សិល្បៈ នោះ​ទេ​ ព្រោះ​តាម​រយៈ​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញចំនួន​៣​ទឹក បានបញ្ចប់ គឺ រិទ្ធី​ ពិតជា​ចាញ់​ប្រៀប និង​ថម​ថយ​កម្លាំង​ជាង យូណាម៉ូរ៉ាត់ ពិតមែន៕