ភ្នំពេញ៖ ការប្រកួតសងសឹករបស់អ្នកប្រដាល់មានរហស្សនាម «អធិរាជលេងអំបោះឆៅ» ធន់ រិទ្ធី និងតារាថៃហ្វៃ សៃយុគ (Saiyok Pumpanmuang) ក្នុងព្រឹត្តិការណ៍ The Battle of Kings របស់សង្វៀនប្រដាល់ទទក នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នាយប់ថ្ងៃអាទិត្យនេះ កាន់តែឡើងកម្តៅខ្លាំង រីឯការប្រកួតដណ្តើមខ្សែក្រវាត់រវាង ឡៅ ចន្ទ្រា និងអ្នកប្រដាល់ចាស់វស្សារបស់ថៃ សុដសុខន (Sudsakorn Sor Klinmee) ក៏កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងដូចគ្នា។
សម្រាប់ជួបគ្នារវាង ធន់ រិទ្ធី និង សៃយុគ នៅលើទឹកដីកម្ពុជា ជាលើកដំបូងនេះ គឺដំបូងឡើយ វាគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិធម្មតាប៉ុណ្ណោះ ប៉ុន្តែ ធន់ រិទ្ធី ដែលធ្លាប់សន្លប់ក្រោមទម្ងន់ជើងឆ្វេងរបស់ សៃយុគ ក្នុងការប្រកួតនៅសង្វៀន Thai Fight កាលពីខែតុលា ឆ្នាំ២០២២នោះ បានបញ្ឆេះការប្រកួតនេះកាន់តែមានកម្តៅឡើង ដោយរូបគេសម្រេចដាក់ខ្សែក្រវាត់ Krud Kun Khmer របស់ខ្លួនឱ្យ សៃយុគ វ៉ៃដណ្តើមយក ដោយគ្មានសំណើអ្វីទាំងអស់។
ចំណែក សៃយុគ ពេលទទួលដំណឹងនេះហើយ ក៏នៅមិនសុខនោះដែរ ដោយរូបគេបានស្ពាយខ្សែក្រវាត់របស់ខ្លួន មកពីប្រទេសថៃ ដើម្បីដាក់ឱ្យ ធន់ រិទ្ធី វ៉ៃដណ្តើមយកដូចគ្នា គឺមានន័យថា អ្នកឈ្នះ នៅរាត្រីថ្ងៃអាទិត្យនេះ នឹងទទួលបានខ្សែក្រវាត់ ២ តែម្តង ហើយទាំង ធន់ រិទ្ធី និង សៃយុគ សុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់ និងឌឺដងគ្នាខ្លាំង ក្នុងការវ៉ៃដណ្តើមយកខ្សែក្រវាត់ទាំង២ខ្សែនេះ។
កីឡាករ សៃយុគ បាននិយាយពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជាថា៖ «ខ្សែក្រវាត់ របស់ខ្ញុំនេះ ជាខ្សែក្រវាត់កម្រិតពិភពលោក ដែលខ្ញុំដណ្តើមបានកាលពី២ឆ្នាំមុន ហើយខ្ញុំជឿជាក់ថា តាមរយៈការប្រកួតនេះ ខ្ញុំនឹងស្ពាយខ្សែក្រវាត់ចំនួន២ត្រឡប់ទៅថៃវិញ។ ខ្ញុំមិនបានមើលស្រាល ធន់ រិទ្ធី នោះទេ ព្រោះពេលនេះ គាត់ឡើងជើងជាងមុន ប៉ុន្តែខ្ញុំមានភាពប្រាកដក្នុងចិត្តលើសពី១០០ភាគរយថា ការប្រកួតនេះនឹងមិនដល់៣ទឹកពេញនោះឡើយ»។
អ្នកប្រដាល់ជើងខ្លាំងប្រចាំនៅសង្វៀន Thai Fight រូបនេះ បានបន្ថែមថា៖ «ខ្ញុំមិនមានការបារម្ភអ្វីទេ ព្រោះខ្ញុំបានត្រៀម និងកែប្រែចំណុច ដែលត្រូវប្រកួតជាមួយ ធន់ រិទ្ធី រួចអស់ហើយ ហេតុនេះសូមឱ្យ ធន់ រិទ្ធី បញ្ចេញអស់ពីលទ្ធភាពមក ព្រោះខ្ញុំត្រូវបង្ហាញឱ្យអស់ដូចគ្នា។ ខ្ញុំមកលើកនេះ ដើម្បីដណ្តើមយកខ្សែក្រវាត់ត្រឡប់ទៅវិញ មិនមែនវ៉ៃលំៗ បែបសប្បាយៗនោះឡើយ»។
ភាសាឌឺដងរបស់ សៃយុគ បានធ្វើឱ្យ ធន់ រិទ្ធី កាន់តែមានភាពពុះកញ្ជ្រោលខ្លាំង ហើយរូបគេបានឆ្លើយតបទៅកាន់ សៃយុគ បែបនេះថា៖«វានៅមិនទាន់ដឹងថា គាត់ (សៃយុគ) យកខ្សែក្រវាត់ទៅវិញទាំង២ ឬក៏គាត់ត្រូវទុកខ្សែក្រវាត់របស់គាត់ នៅទីនេះនោះទេ។ ចំពោះខ្ញុំផ្ទាល់ គឺមិនឱ្យគាត់យកខ្សែក្រវាត់នេះទៅវិញបានឡើយ ហើយខ្ញុំសង្ឃឹម២០០ភាគរយ មិនឱ្យក្រោមគាត់ឡើយ»។
ចំពោះអ្វីដែល សៃយុគ បាននិយាយថា ការប្រកួតនេះ នឹងមិនអាចដល់៣ទឹកពេញ គែ ធន់ រិទ្ធី បានបញ្ជាក់តបថា៖ «អ្នកដែលមិនដល់៣ទឹក មានតែគាត់ គឺខ្ញុំមិនអាចនោះទេ ព្រោះ ធន់ រិទ្ធី ពេលនេះ ស្វិតណាស់ មិនងាយស្រួលដូចមុនឡើយ ហើយប្រាកដណាស់ បើបងមិនវ៉ៃខ្ញុំ គឺខ្ញុំនឹងវ៉ៃបងហើយ»។
ជាមួយគ្នានេះ ការប្រកួតដណ្តើមខ្សែក្រវាត់រវាងអតីតជើងខ្លាំងនៅសង្វៀន Thai Fight សុដសុខន និង នាយ សង្ហា ឡៅ ចន្ទ្រា ក៏កំពុងទទួលបានការចាប់អារម្មណ៍ដូចគ្នា ព្រោះ សុដសុខន ដែលធ្លាប់ចាញ់ពិន្ទុ ព្រំ សំណាង និងស្មើពិន្ទុជាមួយ អ៊ុង វិរៈ នោះ បានអះអាងថា ការធ្វើដំណើរមកប្រកួតនៅកម្ពុជា ជាលើកទី៣នេះ គឺរូបរាងកាយ និងសមត្ថភាពរបស់គេមានភាពប្រសើរជាងមុនឆ្ងាយ។
សុដសាខន បាននិយាយថា៖ «សម្រាប់ការមកប្រកួត២លើកកន្លងមក មិនមែនខ្ញុំមកវ៉ៃលំៗយកតែតម្លៃខ្លួនទៅវិញនោះទេ តែដោយសារកាលនោះរាងកាយរបស់ខ្ញុំ មិនទាន់មានភាពប្រសើរ ដោយរាងកាយខ្ញុំ នៅធាត់បន្តិច ប៉ុន្តែមកលើកនេះ រាងកាយខ្ញុំបានល្អប្រសើរ១០០ភាគរយហើយ ហើយខ្ញុំក៏បានសមទៅនឹងការប្រកួតនៅកម្ពុជាផងដែរ អ៊ីចឹងលើកនេះ ខ្ញុំនឹងធ្វើឱ្យអ្នកគាំទ្រពេញចិត្ត»។
ចំណែក ឡៅ ចន្ទ្រា ក៏បានអះអាងពីការត្រៀមខ្លួនបានល្អដូចគ្នា ហើយម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣រូបនេះ បានបញ្ជាក់ថា រូបគេមិនមានចិត្តខ្លាចរអា សុដសុខន នោះឡើយ។ ជាមួយគ្នានេះ អ៊ុង វិរៈ ដែលជាសិស្សច្បងរបស់គេបានផ្តល់ក្តីសង្ឃឹមលើ ឡៅ ចន្ទ្រា ៧០ភាគរយថា នឹងទទួលបានជ័យជម្នះ នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ នៅយប់ថ្ងៃអាទិត្យនេះ៕