ភ្នំពេញ៖ កីឡាករ សូត្រ វាសនា ហាក់កាក់កប​​ខ្លាំង សម្រាប់ការ​បង្ហាញ​ខ្លួន នៅ​សង្វៀន​ប៉ុស្តិ៍​​លេខ​៥ ដោយ​រូបគេ បាន​ទទួល​ជ័យជម្នះជា​ថ្មី​ម្តង​ទៀត លើ​កីឡាករ​ធ្លាប់បានសាង​ភាព​ល្បី​របស់ថៃ Noeng Trakarn ដោយ​មិន​បាន​ត្រៀម​ខ្លួន ប៉ុន្តែ​ការ​តស៊ូ​វាយប្តូរ​យ៉ាង​ល្អ​របស់ វីវ៉ា សាវ៉េត ជាមួយ​អ្នក​​ប្រដាល់​ឡាវ Sing Yai បែរ​ជា​មិន​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ទៅវិញ ចំណែក ធី វ៉ារិទ្ធ ក៏​បានត្រឹមស្មើជាមួយ​ថៃដែរ។

តាម​ពិត​សម្រាប់​ការ​ប្រកួត នៅលើ​សង្វៀនប៉ុស្តិ៍លេខ​៥ កាលពី​ព្រលប់​ថ្ងៃសៅរ៍​កន្លង​មក​នេះ អ្នក​លេង​ស្នៀត​ជើង មឿន សុខហ៊ុច ទៅវិញ​ទេ ដែល​ត្រូវ​បានផ្គូ​ផ្គង​ឱ្យ​ជួប​ជើង​ខ្លាំង​របស់​ថៃ Noeng Trakarn ប៉ុន្តែ​ដោយសារ សុខហ៊ុច មាន​របួស ក្នុងអំឡុង​ការ​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ជើង​ឯក​ថ្នាក់ជាតិ​នោះ ទើប​អ្នក​គ្រប់​គ្រង​ការ​ប្រកួត សម្រេច​ដាក់ សូត្រ វាស​នា ឱ្យ​ឡើង​ប្រកួតជំនួស។

បើទោះបីជាមួយ​រយៈ​ចុង​ក្រោយ​នេះ សូត្រ វាសនា បាន​ឡើង​ប្រកួត​ញឹកញាប់​វិញ ហើយ​ភាគ​ច្រើន ទទួលបាន​លទ្ធផល​ល្អ ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​ភ្លាមៗ ដោយ​មិនបានត្រៀម​ខ្លួន​នេះ ត្រូវ​បាន​គេ​​គិត​ថា វាសនា អាច​នឹង​ពិបាក​ទប់ Noeng Trakarn ព្រោះ​កីឡា​ករ​ថៃម្នាក់នេះ មានសមត្ថ​​ភាព​​ល្អ ហើយ​​ក៏​ធ្លាប់បានសាង​ភាព​ល្បី សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ ជា​ច្រើន​ឆ្នាំ​​ហើយ​​ដែរ។


យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួតជាក់ស្តែង កាលពីព្រលប់​ថ្ងៃទី៣ ខែកុម្ភៈ កន្លង​មក​នេះ សូត្រ វាសនា ធ្វើបាន​យ៉ាង​ល្អ។  ថ្វី​បើ Noeng Trakarn បាន​ព្យាយាម​វាយ​សង​បាន​ល្អ ប៉ុន្តែ​ការ​បុកជង្គង់ ម៉ាត់ ទាត់ និង​វាយកែង​​​របស់ វាសនា ត្រូវបាន​គេ​មើល​ឃើញ​ថា វាយ​ចំគោលដៅ​ធ្ងន់​ៗ​ជាង។


ជា​លទ្ធផល​នៃ​ការ​ប្រកួត​ចំនួន​៥​ទឹក​ពេញ​នេះ ចៅ​ក្រម បានសម្រេច​ផ្តល់​ពិន្ទុ​ឱ្យ សូត្រ វាសនា ឈ្នះ​ពិន្ទុ​លើ Noeng Trakarn យ៉ាងស័ក្តិសម ចំណែក​ Noeng Trakarn ក៏​​បាន​បង្ហាញ​ការឯក​ភាព​ទៅនឹងការសម្រេច​នេះ​ដែរ។ តាម​រយៈ​ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យការ​បង្ហាញ​ខ្លួន​នៅលើ​សង្វៀន​ប៉ុស្តិ៍លេខ​៥​​របស់ សូត្រ វាសនា គឺ​ឈ្នះ​រហូត ព្រោះ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ ក៏ វាសនា បាន​យក​ឈ្នះ​កីឡាករ​ថៃ Sing Thang ដោយពិន្ទុ នៅ​​សង្វៀន​នេះដូច​គ្នា។

ជាមួយគ្នា​នេះ កីឡាករ វីវ៉ា សាវ៉េត បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ ដើម្បីវ៉ៃ​ប្តូរជាមួយ​អ្នក​ប្រដាល់​ឡាវ Sing Yai។

បើទោះបីជា​កីឡាករ​ឡាវ ដែល​ធ្លាប់​ស្មើពិន្ទុជាមួយ ថុល មករា ម្នាក់នេះ មាន​ភាព​រឹ​ង​មាំ ហើយមានជំនាញ​ក្នុងការ​ប្រើក្បាច់​ជង្គង់បាន​ល្អ​ ប៉ុន្តែ​ សាវ៉េត ក៏​មានក្បាច់ជង្គង់​ល្អ ចំណែកកណ្តាប់ដៃ​របស់​គេ គឺ​វាយចំគោល​ដៅ​បានពេញៗ ដែល​ធ្វើ​ឱ្យ Sing Yai មាន​ឈាម​ហូរ​តាមរន្ធច្រមុះ​ផងដែរ។

តែទោះបីជាយ៉ាង​ណា ភាព​ជឿជាក់​ក្នុងការ​ទទួល​បានជ័យជម្នះ​របស់ វីវ៉ា សាវ៉េត ត្រូវបាន​រលាយ​បាត់ នៅពេល​ពិធីករ បានប្រកាស​លទ្ធផល​ពីការ​ដាក់​ពិន្ទុ​របស់​ចៅ​ក្រមទាំង​ ៥​នាក់ ដោយ​ផ្តល់​ជ័យជម្នះ​ទៅ​ឱ្យ​​អ្នកប្រដាល់​ឡាវ Sing Yai។ ប៉ុន្តែ​ វីវ៉ា សាវ៉េត មិនបានបង្ហាញ​ប្រតិកម្មណាមួយ ទៅលើ​ការ​សម្រេច​សេចក្តី​នេះ​ទេ។

ផ្ទុយ​ទៅវិញ​កីឡាករ​ឡាវ Sing Yai ទៅ​វិញ​ទេ ដែលបានចាប់​ដៃ វ៉វ៉ា សាវ៉េត លើក​ឡើងលើ ដែលរូបគេ​ចង់​បង្ហាញ​ថា សាវ៉េត ពិតជា​ធ្វើ​បាន​ល្អ ហើយសម​នឹង​ទទួលបានជ័យជម្នះ នៅ​ក្នុងការ​ប្រកួតនេះដូចគ្នា ហេតុ​នេះការ​សម្រេចឱ្យ​​អ្នកទាំង​ ២ នេះស្មើ​ពិន្ទុគ្នា អាចជាជម្រើស​ល្អជាង​​ការ​សម្រេច​ឱ្យ Sing Yai ជាអ្នក​ឈ្នះ។ 

ចំណែក​កីឡាករ​កម្ពុជា ធី វ៉ារិទ្ធ បានត្រឹមស្មើពិន្ទុ​ជាមួយ​ Niev Vangchan ដែល​កីឡាករ​ថៃ​ម្នាក់​នេះ ធ្លាប់​បានចាញ់ ម៉ន ព្រហ្មម៉ាញ ​នៅលើ​សង្វៀន​ប៉ុស្តិ៍លេខ​៥នេះ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៤៕