ភ្នំពេញ៖ ប្រមាណ​ជា ៦០ ឆ្នាំ ក្រោយ​ពីពហុកីឡ​ដ្ឋាន​ជាតិ (ស្តាត​អូឡាំពិក) ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ និង​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ​រចនាប័ទ្ម​ដើម​នៃ​ការ​គូរប្លង់​ដោយស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ ត្រូវ​បាន​កែ​សម្រួល​ទីតាំង​អង្គុយ​ទស្សនា​ពី​គ្មាន​កៅអី ត្រូវ​ដំឡើង​ឱ្យមាន​កៅអី​អង្គុយ​ទៅ​តាម​តម្រូវ​ការ​នៃ​ការ​ប្រកួត​តាម​ស្តង់ដា​របស់​ស្ថាប័ន​កីឡាអន្តរ​ជាតិ បើទោះបីមាន​ការ​បារម្ភ​បាត់​រចនាប័ទ្ម​ដើម​ខ្លះ​ក៏​ដោយ។


ការ​បំពាក់​កៅអី​ផ្អែក នៅ​ជុំវិញ​កន្លែង​អង្គុយ​នៃ​ពហុកីឡ​ដ្ឋាន​ជាតិ​នេះ បែរ​ជា​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន បង្ហាញ​ក្តី​កង្វល់​ទៅ​វិញ ដោយ​ពួក​គាត់ យល់​ឃើញ​ថា ការ​ចោះ​ទម្លុះ​ជណ្តើរ​ថ្ម​ដើម្បីបំពាក់​កៅ​អី​ផ្អែក​នេះ អាច​នឹង​ធ្វើឱ្យ​ខូច​ជណ្តើរ និង​ខូច​ទម្រង់​ដើម​របស់​អ្នក​ជំនាន់​មុន ដែល​ពួកគាត់​បាន​ប្រឹង​ប្រែង​ធ្វើ​បាន​យ៉ាង​ល្អ ដើម្បី​បន្សល់​ទុក​ជា​កេរមរតក​ដល់​អ្នក​ជំនាន់​ក្រោយ។

បុរស​វ័យ ​៥០ ​ឆ្នាំ ​ម្នាក់ ដែល​តែងតែ​ហាត់​ប្រាណ នៅ​បរិវេណ​ពហុកីឡ​ដ្ឋាន​ជាតិ​នេះ បាន​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «តាម​ពិត​ស្តាត​នេះ ចាស់​ពី​ដើម​គាត់​ធ្វើ​បាន​ស្អាតហើយ​តើ! ចំណែក​កៅអី​ថ្ម​នេះ ក៏​អាច​អង្គុយ​ទស្សនា​បាន មិន​ឃើញ​មាន​អី​ផង ហើយ​ថ្ម​នេះ​ជាប់ល្អ​ណាស់ មិន​ដែល​ឃើញ​មាន​កាន់​ស្លែ​ទេ ប៉ុន្តែ​នៅ​ពេល​គេ​ចោះ​ថ្ម​បំពាក់​កៅអី​ពី​លើ​បែប​នេះ វាអាច​ធ្វើ​ឱ្យ​កៅអី​ថ្ម​នេះ​ឆាប់​ខូចគុណ​ភាព​ទៅ​វិញ​ក៏​ថា​បាន និង​ខុស​ពី​បរិបទ​របស់​ចាស់​ជំនាន់​មុនទៀត»។ 


យ៉ាង​ណាក៏​ដោយ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ថ្លែង​ថា ចាប់​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២៤​ តទៅ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​ក្លាយ​ជា​កន្លែង សម្រាប់​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​ផ្លូវ​ការ ដែល​អាច​ដាក់​អ្នក​ទស្សនា​ផ្ទាល់​បាន​ចូល​៣​ម៉ឺន​នាក់ ចំណែក​ការ​បំពាក់​កៅអី​ផ្អែក​ថ្មីនេះ ត្រូវ​បាន​ធ្វើ​ឡើង ទៅ​តាម​ប្លង់​របស់​អ្នក​រចនា​ប្លង់​ឈ្មោះ ហោ មណីឬទ្ធ យ៉ាង​ត្រឹម​ត្រូវ ដោយមាន​រំលេច​ចេញ​ឈ្មោះ «ពហុកីឡ​ដ្ឋានជាតិ» នៅ​ចំណុច​កណ្តាល ហើយ​កៅអី​នៅ​សងខាង ក៏ផ្គុំចេញ​ជា​រូប​ជា​រូប​ផ្កាចន្ទន៍ ដែល​បង្ហាញ​ពី​រចនា​ប័ទ្ម​របស់​ខ្មែរ មាន​អត្ថន័យ​យ៉ាង​ល្អ។


ចំពោះ​អត្ថន័យ​គំនូរ​ប្លង់​បំពាក់​កៅ​អីផ្អែក នៅ​ពហុកីឡដ្ឋាន​ជាតិ​នេះ ម្ចាស់​ជយលាភី​ការ​រចនា​ប្លង់គំនូរ និង​ជា​និស្សិត​ឆ្នាំទី​៣ នៅ​សាកល​វិទ្យាល័យ​លី​មកុកវីង លោក ហោ មណីឬទ្ធ បាន​ពន្យល់ថា៖ «ការ​រំលេច​ឈ្មោះ «ពហុកីឡ​ដ្ឋាន​ជាតិ» ជាអក្សរពណ៌ស នៅ​ចំ​ផ្នែក​កណ្ដាល​នៃ​ពណ៌ក្រហម និង​ពណ៌​ខៀវ លាយ​បញ្ចូលគ្នា​នេះ គឺ​ជា​ពណ៌តំណាង​ឱ្យ​ទង់​ជាតិ​ប្រទេស​កម្ពុជា»។


យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ចំណែក​ពុម្ភ​អក្សរ ដែល​បាន​យក​មក​ប្រើ​ប្រាស់​សម្រាប់​រៀប​កៅអី​ចេញ​ជា​ឈ្មោះ «ពហុកីឡដ្ឋានជាតិ» នេះ ត្រូវ​បាន​លោក ហោ មណីឬទ្ធ បញ្ជាក់​ថា ជា​ពុម្ព​អក្សរ ដែល​បាន​រៀបចំ​ឡើង​តំណាងឱ្យ​អក្សរ​បាលី នៅ​ក្នុង​ភាសាខ្មែរ ដោយ​បាន​រចនា​ឡើង​ជាពិសេស សម្រាប់​បក​ប្រែ​អក្សរ​បាលី​ជាប្រព័ន្ធ​អក្សរ​ខ្មែរ ហើយ​ជា​ពុម្ព​អក្សរ​បាលី ដែល​អាច​អាន​បាន និង​ជា​ទូទៅ​មាន​នៅ​ក្នុង​សាស្ត្រាស្លឹករឹត និង​អក្សរ​សិល្ប៍​ពាក់​ព័ន្ធ។

និស្សិត​វ័យ​២០​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា៖ «ចំពោះ​លំនាំ​ក្បាច់​ផ្កាចន្ទន៍​ពណ៌ស ដែល​បាន​រចនាឡើង​ទាំង​សង​ខាង​នៃ​ពហុកីឡ​ដ្ឋាន គឺ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ហើយ​ការប្រើ​ប្រាស់​ផ្កាចន្ទន៍​នេះ មាន​ជា​ទូទៅ​ក្នុង​ទម្រង់​សិល្បៈ​ផ្សេងៗ រួម​ទាំង​ស្ថាបត្យ​កម្ម វាយនភណ្ឌ និង​សិប្បកម្ម ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនៀម​ទម្លាប់ និង​ការ​បង្ហាញ​សិល្បៈ​ដ៏​ជ្រាល​ជ្រៅ​របស់​ប្រទេសកម្ពុជា»។

ជាមួយ​ការ​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ លោក វណ្ណ ម៉ូលីវណ្ណ ពហុ​កីឡ​ដ្ឋានជាតិ (អូឡាំពិក) ត្រូវ​បាន​កសាង​ឡើង នៅ​ឆ្នាំ​១៩៦២ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ កីឡាឧបទ្វីប​អាស៊ី​អាគ្នេយ៍ ឆ្នាំ​១៩៦៣ ដែល​បច្ចុប្បន្ន ត្រូវ​បាន​គេ​ប្តូរ​ឈ្មោះ​មក​ជា​កីឡាអាស៊ីអាគ្នេយ៍ ឬ​ស៊ីហ្គេម  ប៉ុន្តែ​ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ដោយសារ​បញ្ហា​នយោបាយ​នៅ​កម្ពុជា។

យ៉ាងណា​ក៏ដោយ ការ​កសាង​ពហុកីឡ​ដ្ឋាន​ជាតិ នៅ​តែ​បន្ត​ធ្វើ ហើយ​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ១៩៦៤ ពហុកីឡ​ដ្ឋាន​ជាតិ​ដំបូង​គេ នៅ​កម្ពុជា​មួយ​នេះ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់ ដំណាល​គ្នានឹ​ងបុរីកីឡា ហើយ​នៅថ្ងៃទី​២៥ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​១៩៦៦ ព្រះបរមកោដ្ឋ ព្រះករុណាព្រះបាទ​សម្តេច នរោត្តម សីហនុ ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​នាពេ​លនោះ បាន​យក​ទីតាំង​ដ៏​ពិសិដ្ឋ​នេះ ដើម្បី​រៀបចំ​ការ​ប្រកួត​កីឡា​កីឡាហ្គានេហ្វូ យ៉ាងឱឡារិក​បំផុត។

តាំង​តែ​ពីពេល​នោះ​មក ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ទទួល​ស្វាគមន៍ប្រមុខ​រដ្ឋ​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន ព្រម​ទាំង​ជា​កន្លែង​ប្រារព្ធ​ពិធី​ផ្សេងៗ​របស់​រដ្ឋ និងជាកន្លែង​ហ្វឹក​ហ្វឺន​របស់​ក្រុម​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា នៅ​លើ​ប្រភេទ​កីឡា​ជា​ច្រើន។ ប៉ុន្តែ​នៅ​សម័យ​ខ្មែរ​ក្រហម ពហុកីឡដ្ឋាន​ជាតិ បាន​ក្លាយ​ជា​គុក​សម្រាប់​មន្ត្រី​រដ្ឋបាល​ដែល​ចេញ​ពីសម័យ លន់ នល់។

យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ស្ថិត​ក្នុង​សភាព​ទ្រុឌ​ទ្រោម​រាប់​ទសវត្សរ៍ ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​បាន​អភិវឌ្ឍ​ជួស​ជុលឡើង​វិញ នៅ​ឆ្នាំ២០០០។ ចំណែក​នៅ​ចុង​ឆ្នាំ​២០០៧ អង្គការ​កីឡា​បាល់​ទះ​ជន​ពិការ​ពិភពលោក បាន​សម្រេច​យក​វិមាន​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ជាកន្លែង​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទះជន​ពិការ​ពិភព​លោក (World ParaVolley) ហើយ​នេះ​ជា​លើកទី១​ ហើយ​ដែល​ប្រទេសកម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ ក្នុង​រយៈ​ពេល​ជាង ៤០ ឆ្នាំ ​ចុង​ក្រោយរបស់​ខ្លួន។

ចាប់​ពី​ឆ្នាំ​២០០៧​ មក ពហុកីឡ​ដ្ឋាន​ជាតិ​បាន​ក្លាយ​ជា​ទីចាប់​អារម្មណ៍​របស់​ប្រជាពល​រដ្ឋ​នៅ​ក្រុងភ្នំពេញ ដែល​តែងតែ​មក​ហាត់​ប្រាណ ក៏​ដូច​ជា​មក​លេង​កីឡា​បាល់​ទាត់ និង​សកម្មភាព​កីឡាផ្សេងៗ​ទៀត​ជា​រៀងរាល់​ថ្ងៃ ហើយ​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ជាពិសេស​បាល់​ទាត់​ទាំង​ថ្នាក់​ជាតិ និងអន្តរ​ជាតិ ត្រូវ​យក​បាន​រៀបចំ​ឡើង​នៅទី​នេះ​ជា​បន្ត​បន្ទាប់ ធ្វើឱ្យ​អន្តរជាតិ បាន​ស្គាល់​កាន់​តែច្បាស់​ពី​ពហុកីឡដ្ឋាន​ដ៏​ចំណាស់​មួយ​នេះ។

យ៉ាងណាមិញ នៅ​ពេល​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវ​ត្តិសាស្ត្រ លើក​ដំបូង កាល​ពី​ខែ​ឧសភា ពហុកីឡ​ដ្ឋាន​ជាតិ បាន​ក្លាយ​ជា​ទីតាំង​ដ៏​សំខាន់មួយ ក្នុង​ចំណោម​ទីតាំង​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​លើ​ប្រភេទ​ជា​ច្រើន ជាពិសេស​កីឡា​បាល់​ទាត់​ផ្នែក​បុរស តាំង​ពី​វគ្គ​ជម្រុះ ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​នៅ​ពេល​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ម្តងៗ ស្តាត​មួយ​នេះ គឺ​ណែន​តាន់​តាប់​ដោយ​អ្នក​ទស្សនា ដែល​មាន​ចំនួនប្រមាណ​៣​ម៉ឺន​នាក់។

តែទោះបីជា​យ៉ាងណា សម្រាប់ការ​ប្រកួត​បាល់​ទាត់ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សហព័ន្ធបាល់​ទាត់​ទ្វីប​អាស៊ី (AFC) និង​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) នាសម័យ​ទំនើបនេះ គឺ​ពហុកីឡ​ដ្ឋាន​ជាតិ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អ្នក​គាំទ្រ ចូល​ទៅ​អង្គុយ​ទស្សនា នៅ​កន្លែងកៅអីថ្ម ដែល​ជា​បរិបទ​ដើម​របស់​ស្ថាបត្យករ​ល្បី​ឈ្មោះ លោក វណ្ណ ម៉ូលីវណ្ណ នោះទេ។

ជាក់​ស្តែង សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីប​អាស៊ី​ឬ AFC Cup របស់ក្លិបភ្នំពេញ​ក្រោន កាល​ពីចុង​ឆ្នាំ​២០២៣ AFC បាន​កំណត់​ឱ្យ​មាន​ការ​លក់​សំបុត្រ​តែ​កន្លែង​មានកៅអី​ផ្អែក នៅ​ខាង​មុខ​វេទិកា​នៃ​ពហុកីឡ​ដ្ឋានជាតិ​ទេ ដោយ​មាន​ចំនួន​៥​ពាន់កៅអី ចំណែក​នៅបរិវេណ​កៅ​អីថ្មី​ជុំវិញ​ស្តាត គេ​មិន​អនុញ្ញាត​ឱ្យមា​នអ្នក​ទស្សនា​ឡើយ បើទោះបីជា​កន្លែង​ទាំង​អស់នោះ បាន​បំពាក់​កៅអី (កៅអីអត់​មាន​បង្អែក) កាល​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣​ក៏ដោយ។

យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជាមួយ​បញ្ហា ដែល​បាន​អូសបន្លាយ​ជា​ច្រើន​ទសវត្សរ៍នេះ ពហុកីឡដ្ឋាន​អូឡាំពិក បាន​និង​កំពុងប្រែមុខ​មាត់​ថ្មី ជាមួយ​ការ​បំពាក់​កៅអី​ផ្អែក​ថ្មី នៅ​តាម​កៅអី​ថ្ម​ទាំង​អស់ ដែល​រំលេចចេញ​រូបរាងយ៉ាង​ស្រស់​ស្អាត តាម​រចនា​ប័ទ្ម​របស់​ខ្មែរ។ ការ​បំពាក់​កៅអី​ផ្អែក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោមជំនួយ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ីអាគ្នេយ៍ (AFF) និង​ការកៀរគរ​រក​ចំណូល​បន្ថែមរបស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ហើយ​ក្រសួងអប់រំ យុវជន និង​កីឡា ក៏​បានអនុញ្ញាត​លើរឿង​នេះផង​ដែរ ដើម្បីកែ​ប្រែ​សោភណ​ភាព​ស្តាត​ដ៏ចំណាស់​មួយ​នេះ ឱ្យ​ស្របតាម​ស្តង​ដារ​បស់ AFC និង FIFA។

ចំពោះ​ចំនួន​កៅអី ដែល​ត្រូវ​បាន​បំពាក់​នៅ​បរិវេណពហុ​កីឡ​ដ្ឋាន​ជាតិ​នេះ ត្រូវ​បាន​លោក កែវ សារ៉េត ប្រាប់ថា មាន​ចំនួន​សរុប​ ២៥ ០០០ ​កៅអី គឺបន្ថែម​ទៅ​លើ​កៅអី​ចំនួន​ ៥ ​ពាន់ ដែល​បាន​បំពាក់​រួច​ហើយ​នៅ​ខាង​មុខ​វេទិកា ហើយ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ  Camfield Trading ជាអ្នករ៉ាប់​រង​គ្រប់​បែប​យ៉ាង ទៅ​លើ​ការ​បំពាក់​កៅអី​ផ្អែក​ថ្មី​នេះ ដោយ​មាន​ទឹក​ប្រាក់​ដេញ​ថ្លៃ​សរុប​ចំនួន ​៤៩៨ ៧៥០ ​ដុល្លារ។

បើតាម​តួលេខ​នេះ គឺ​មាន​ន័យ​ថា ពហុកីឡដ្ឋាន​ជាតិ បន្ទាប់ពី​ការ​បំពាក់​កៅអី​ថ្មី​រួច​ហើយ នឹងអាច​ផ្ទុក​អ្នកគាំទ្រ​បាន​៣ម៉ឺន​នាក់ ដែល​ទទួល​ស្គាល់​ដោយ AFC និង FIFA ហើយ​លោក កែវ សារ៉េត បាន​ឱ្យដឹង​ទៀត​ថា ដំណើរ​ការ​បំពាក់​កៅអីផ្នែក​ថ្មី​ទាំង ​២៥ ០០០ ​កៅអី​នេះ ត្រូវ​ធ្វើឱ្យ​រួច​រាល់ នៅ​ក្នុង​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខណៈពេល​នេះ ក្រុម​ជាង និង​វិស្វករ កំពុង​ពន្លឿនការងារ​នេះ ដើម្បី​ធ្វើ​ឱ្យ​រួច​រាល់ តាម​កាល​កំណត់។

ជាមួយ​គ្នា​នេះ លោក កែវ សារ៉េត បាន​ឱ្យដឹង​ថា កៅអី​ផ្អែក ដែល​ក្រុម​ហ៊ុន Camfield Trading បាន​យក​មក​បំពាក់​នៅ​តាម​កៅអី​ថ្ម​នៃ​ពហុកីឡ​ដ្ឋាន​ជាតិ​នេះ បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​រួចហើយ​ពី​អ្នក​ឯកទេស ហើយ​ខាង AFC និង FIFA ក៏បាន​ទទួល​ស្គាល់​ពី​គុណភាព​កៅអី​នេះផ​ងដែរ។ លោក​បាន​បញ្ជាក់​ថា៖ «បើខាង​គេ មិន​ទាន់​ទទួល​ស្គាល់​កៅអី​ផ្អែក​ទាំង​អស់​នេះ ក៏​យើងមិន​អាច​យក​មក​បំពាក់ នៅពហុកីឡដ្ឋាន​ជាតិ​របស់​យើង​បាន​ដែរ»។

យ៉ាង​ណាមិញ លោក កែវ សារ៉េត ក៏​បាន​ទទួល​ស្គាល់ដែរ​ថា ការបំពាក់​កៅអី​ថ្មី​នេះ វា​អាច​នឹង​ធ្វើឱ្យ​បាត់​បង់​បរិបទ​​ដើម​របស់​អ្នក​ជំនាន់​មុន​មែន ព្រោះការកសាងស្តាតនេះ​តាំងពី​ដំបូង​មក អត់​មាន​ដាក់កៅអី​អ្វី​ទេ ប៉ុន្តែ​នៅ​តែ​អាច​រៀបចំ​ការ​ប្រកួត​ក្នុង​ស្រុក ឬ​ការប្រកួត​កម្រិតអាស៊ីអាគ្នេយ៍​បាន ដោយ​អ្នក​ទស្សនា​របស់​យើង អាច​ទៅ​អង្គុយ​ប្រជ្រៀត​គ្នា នៅតាម​ជណ្តើរ​ថ្ម​បាន​រាប់​ម៉ឺន​នាក់ ឱ្យ​តែ​ពួកគាត់​មាន​សំបុត្រ។

តែទោះបីជា​យ៉ាងណាលោក​បាន​បញ្ជាក់​ថា៖ «បើនិយាយ​ដល់​រឿង​នេះ វា​អាច​ប៉ះ​ពាល់​ដល់​បរិបទ​ទៅ​តាម​សម័យ​កាល​មួយៗ ហើយ​បើ​យើង​មិន​ដាក់​កៅអី​ផ្អែក​នេះ ក៏​យើង​នៅ​តែ​អាច​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​ក្នុង​ស្រុក​បាន ប៉ុន្តែ​ដោយសារ​តែ​យើង​ចេះ​តែ​ទទួល​បាន​ការ​ព្រមាន​ពី AFC និង FIFA ព្រោះ​រាល់​ការ​ប្រកួត​អន្តរជាតិ​ផ្លូវ​ការ គេ​តែងតែ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​ពិនិត្យ​មើល ហើយ​ដល់​ពេល​ឃើញ​ស្តាត​របស់​យើង មិន​មាន​បំពាក់​កៅអី​ផ្អែក​តាម​បែប​ស្តង់ដា គឺ​គេមិ​ន​អនុញ្ញាត​ឱ្យយើង​ដាក់​អ្នក​គាំទ្រ នៅ​កន្លែង​កៅអី​ថ្ម​នោះ​ទេ»។

អគ្គលេខាធិការ FFC រូបនេះ បានថ្លែងថា ការ​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ បាន​ចូល​ទៅ​អង្គុយ​កន្លែងកៅអីថ្ម សម្រាប់​ការ​ប្រកួត​អន្តរជាតិ​មួយ​ចំនួន​ទៀត នា​បណ្តាឆ្នាំ​កន្លង​មក ដោយសារ​តែ FFC  បាន​សុំ​ទៅ​ខាង AFC និង FIFA ឱ្យមាន​ការ​បន្ធូរ​បន្ថយ ខណៈវិស័យ​បាល់​ទាត់​នៅ​កម្ពុជា​យើង នា​ពេល​នោះ ក៏​ទើប​តែ​ចាប់​ផ្តើម​ផុស​ផុល និងមា​ន​អ្នក​គាំទ្រ​ចូល​រួម​ច្រើន​ផង​ដែរ។

លោក កែវ សារ៉េត បាន​លើក​យក​ទិដ្ឋភាពការ​ប្រកួត​បាល់​ទាត់ នៅ​មុន​ការ​ផ្ទុះជំងឺ​កូវីដ១៩ មកបញ្ជាក់ ដោយ​កាល​នោះ មាន​អ្នក​ទស្សនា​ជាង​៣​ម៉ឺន​នាក់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ទស្សនា ប៉ុន្តែ​នៅតែ​មាន​អ្នក​ទស្សនា​ខ្លះ បាន​នាំគ្នា​លោត​ផ្លោះរបង​ដែក ដើម្បី​បាន​ចូល​ទស្សនា​ក្នុង​ស្តាតដែរ បើទោះបីជា​ពេល​នោះ FFC បាន​ដាក់​កម្លាំង​សន្តិសុខ​ការពារ និង​ហាម​ឃាត់​ក៏​ដោយ អ៊ីចឹង​ហើយ​ការ​បំពាក់​កៅអី​ផ្អែក​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​រួម និង​មាន​ការ​ទទួលស្គាល់​ជា​អន្តរ​ជាតិ។

លោកបាន​សង្ងត់​ធ្ងន់​ថា៖ «ការបំពាក់កៅ​អី​ផ្អែក​ថ្មី​នេះ វា​អាច​នឹង​ធ្វើ​ឱ្យ​បាត់​ទម្រង់​ដើម ប៉ុន្តែ​ខ្ញុំ​គិតថា ស្ថាបនិក​ជំនាន់​ដើម​របស់​យើង លោក​មិន​ប្រកាន់​នឹង​ការ​កែប្រែនេះ​ទេ ព្រោះ​ស្តាត​នៅ​ស្រុក​គេ ក៏បាន​កែ​ពី​ចាស់​ទៅ​ជា​ថ្មី ដើម្បី​មាន​កៅអី​អង្គុយ ដែល​ស្រប​តាម​ស្តងដា​របស់ AFC និង FIFA ចំណែក​កីឡដ្ឋាន​របស់​ក្លិប​នីមួយៗ ក៏គេបាន​ធ្វើ​ទៅ​តាម​តម្រូវ​ការ​បច្ចេក​ទេសដែរ ដោយមាន​បំពាក់​កៅអី​ផ្អែក​ទាំង​អស់»។

លោក​ថ្លែង​ថា៖ «ការកែប្រែ​ពហុកីឡដ្ឋាន​ជាតិ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍រួម និង​ដើម្បី​មុខ​មាត់ប្រទេស​ជាតិ​យើង ព្រោះ​កន្លងមក សូម្បី​តែ​ការ​ប្រកួត​មិត្តភាព ក៏ខាង AFC និង FIFA សួរដេញដោល​យើង​ថា ធ្វើនៅ​ពហុកីឡដ្ឋាន ឬកីឡដ្ឋាន​ណា មាន​បំពាក់​កៅអី​ផ្អែក​អត់? ប៉ុន្តែ​នៅ​ពេលយើង​បំពាក់​កៅអី​បាន​ស្អាត​រួច​ហើយ គេ​នឹង​លែង​សួរ​យើង​ពី​បញ្ហា​នេះ​ទៀត​ហើយ អ៊ីចឹង​នេះ​ជាភាព​ជោគ​ជ័យ​មួយ សម្រាប់​បាល់​ទាត់​របស់​យើង នៅ​លើ​ឆាក​អន្តរជាតិ»៕