ភ្នំពេញ៖ ក្រុម​ព្រះខ័នរាជស្វាយរៀង នៅតែ​អាច​រក្សាគុណ​ភាព​លេង​បាន​យ៉ាង​ល្អ​ ដើម្បី​​បំផ្លាញ​ចោលនូវ​មហិច្ឆតា​ដណ្តើម​យក​តំបន់កំពូល​តារាង​នៃ​លីគកំពូល​កម្ពុជា ពីសំណាក់​ក្រុម​ភ្នំពេញ​ក្រោន បាន​យ៉ាង​ជោគ​ជ័យ តាម​រយៈការ​វាយ​បក​យក​ឈ្នះ​យ៉ាងរំភើប​បំផុត ប៉ុន្តែ​ការ​ទប់អារម្មណ៍​មិន​បាន​របស់​អ្នក​គាំ​ទ្រ​ទាំង ​២ ​ក្រុម បែរជា​បន្សល់​ទុកនូវ​​​ភាព​សោក​ស្តាយ និង​រូប​ភាព​មិន​ល្អ​ ចំពោះ​​ក្រុម​ម្ចាស់​ផ្ទះមួយនេះទៅ​វិញ។

តាម​រយៈការ​ប្រកួត​នៅកីឡដ្ឋានខេត្តស្វាយរៀង ដែល​មានអ្នក​គាំ​ទ្រ​ផ្ទាល់​ចំនួន ៤ ០៦៨​ នាក់ កាលពី​ព្រលប់​ថ្ងៃ​អាទិត្យម្សិលមិញ​ ខ្សែ​ប្រយុទ្ធ​ជប៉ុន Shimizu Shintaro បានស៊ុត​បាល់​ទម្លុះសំណាញ់​ទី​ក្រុមព្រះខ័នរាជ​ស្វាយរៀង បាន​សម្រេច​នៅនាទីទី​២២ ដើម្បី​ជួយ​ឱ្យក្រុម​ភ្នំពេញ​ក្រោន នាំ​មុខ ១-០មុន ប៉ុន្តែ សារ៉េត គ្រីយ៉ា បានស៊ុត​តាមស្មើ​ឱ្យ ក្រុមស្វាយរៀង វិញ នៅនាទីទី​ ៤៥+៣។

ឈាន​ចូល​តង់​ទី​២ Shimizu Shintaro   ដដែល​បានរកឃើញ​គ្រាប់​បាល់​នាំមុខ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ជាថ្មី​ម្តង​ទៀត នាទីទី​​៥៧ ប៉ុន្តែ​​ខ្សែ​បម្រើ​របស់ជប៉ុន Ryo Fujii បានជួយ​ឱ្យក្រុម​ស្វាយរៀង តាម​ស្មើ​ម្តង​ទៀត ​នៅនាទីទី​៦៨ ហើយបន្ថែម​លើ​គ្រាប់បាល់​នេះ ខ្សែ​ប្រយុទ្ធ​របស់​ឡាវ Bounkong Bounphacahn ដែល​ដាក់​ឱ្យ​ចូល​លេង នៅនាទីទី​៧២ បានរក​ឃើញ​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យក្រុម​ម្ចាស់​ផ្ទះ ស្វាយរៀង នៅនាទីទី​​៨៥ យ៉ាងរំភើប​បំផុត។


ការ​ដណ្តើម​បាន​ជ័យជម្នះ ៣-២ លើ​ក្រុម​ភ្នំពេញ​ក្រោន ក្នុង​ទឹក​ដីនេះ បាន​ផ្តល់​ភាព​រីក​រាយ​​ខ្លាំង​ដល់​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ព្រោះ​ការ​ឈ្នះ​បាន ​៣ពិន្ទុ​បន្ថែម​នេះ បានជួយ​ឱ្យ​ពួកគេ បន្ត​ឈរ​នៅលើកំពូល​តារាង ដោយមាន​ ៥០ ​ពិន្ទុ គឺ​នាំ​មុខ​​ក្រុម​ភ្នំពេញ​ក្រោន ចំនួន ​៥ ពិន្ទុ​ជាថ្មី​ម្តង​ទៀត ព្រោះការ​ចាញ់ នៅក្នុងជំនួប​ដ៏​សំខាន់នេះ បាន​ធ្វើ​ឱ្យ ភ្នំពេញ​ក្រោន ​មាន​​​ ៤៥ ពិន្ទុដដែល និង​បន្ត​ឈរ​នៅលេខ​ ២ តាមពី​ក្រោយ​ដោយក្រុម​វិសាខា ដែល​មាន​ ៣៥ពិន្ទុ និង​បឹងកេត មាន ​២៨ ពិន្ទុ។  


យ៉ាង​ណាក៏ដោយ ​ការ​ស្រែក​ចំអកឡកឡាយឱ្យ​គ្នា ហួស​ពី​ស្មារតីកីឡា​របស់​អ្នកគាំ​ទ្រ​ ១ ក្រុម​តូច​ បែរជា​បង្ក​ឱ្យ​មានការប៉ះទង្គិចគ្នា រហូត​មាន​​ការ​ប្រវាយប្រតប់​គ្នា ១​ ប្រាវ ដែល​បង្ក​ឱ្យ​មាន​របួស​​ស្នាម​ខ្លះៗផងដែរ ហើយ​ក្នុងនាមជា​ម្ចាស់​ផ្ទះ គឺ​ថ្នាក់​ដឹកនាំ​ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​បង្ហាញការ​សោក​ស្តាយ​ខ្លាំង ចំពោះ​ហេតុការណ៍នេះ។

តាម​សេចក្តី​ប្រកាសព័ត៌មាន នៅ​រសៀល​ថ្ងៃ​ចន្ទ​ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឱ្យ​ដឹង​​ថា៖ «​យើង​សូម​សម្តែង​​ការ​សោក​ស្តាយ ចំពោះ​ហេតុការណ៍​ ដែល​បាន​កើត​ឡើង កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ក្រោយពី​ការ​ប្រកួត​របស់​យើង​ទល់​នឹង​ភ្នំពេញក្រោន បាន​បញ្ចប់ គឺ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​ភ្នំពេញ​ក្រោន និង​អ្នក​គាំទ្រ​ព្រះខ័ន​រាជស្វាយរៀង។ ក្នុង​នាម​យើង​ម្ចាស់​ផ្ទះ ពិតជា​មាន​សេចក្តី​សោកស្តាយ​ជា​ខ្លាំង ​ចំពោះ​ហេតុ​ការណ៍​​​បែបនេះ​កើត​ឡើង ​នៅ​ក្នុង​កីឡ​ដ្ឋាន​​របស់​យើង»។

ជាមួយគ្នា​នេះ ក្លិប​​ព្រះខ័នរាជស្វាយរៀង បាន​អំពាវនាវ​ដល់សមត្ថកិច្ច​ ​ស្រាវ​ជ្រាវស្វែង​រក​ជន​បង្ក​​ហេតុ​ក្នុង​រឿងនេះ​ឱ្យ​ឃើញ ដោយ​ក្លិប​​នេះ បានបញ្ជាក់​ក្នុងសេចក្តី​ប្រកាស​របស់​ខ្លួន​ថា៖ «យើង​ខ្ញុំ​សូម​ធ្វើការ​​អំពាវនាវ ដល់​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវ និង​ពង្រឹង​បន្ថែម​ទៀត​ក្នុង​ការ​គ្រប់​គ្រង​សុខ​សុវត្ថិភាព​ដល់​អ្នក​ចូលទស្សនា ដើម្បី​ធានា​ឱ្យ​បាន​​បរិយាកាស​សប្បាយ​រីករាយ និង​ភាព​ជឿជាក់​​ជូន​បង​ប្អូន​អ្នកគាំទ្រ​វិស័យ​កីឡា​បាល់​ទាត់​ក្នុង​ប្រទេស ជាពិសេស​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ហេតុការណ៍​បែបនេះ​កើត​ឡើង​នាពេ​ល​ក្រោយ​ទៀត»៕