ភ្នំពេញ៖ អ្នក​ប្រយុទ្ធ​វាយ​មិន​ដក​ថយ អេលីត សាន់ ដែល​បានប្តូរឈ្មោះ​ថ្មី​ថា សាន់ គុនខ្មែរ នោះ ហាក់​លែង​មានមហិច្ឆតា ក្នុងការ​សងសឹក​ជាមួយម្ចាស់​មេដាយមាស​ស៊ីហ្គេម ឈុត សេរីវ៉ាន់ថង ទៀត​ហើយ បន្ទាប់ពី​រូបគេ​បានចាញ់ វ៉ាន់ថង ជា​លើក​ទី​៣ ទាំង​ទ្រម​ខ្លួន ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​សង្វៀន PNN ចំណែក ឡៅ ចិត្រា បាន​ចំណាយ​កម្លាំង​ត្រឹម​ ៥០ ​ភាគ​រយ ក្នុងការ​ផ្តួល​អ្នក​ប្រដាល់​លំដាប់​ខ្លាំង​របស់​ថៃ ឱ្យ​បោះ​បង់ការ​ប្រកួត នៅលើ​សង្វៀន​នេះ​ដូច​គ្នា។


នៅមុន​ការ​ជួបគ្នា ដោយមិន​បាន​ព្រាងទុក នៅ​លើ​សង្វៀន PNN កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ កន្លង​​មក​​នេះ ឈុត សេរីវ៉ាន់ថង និង សាន់ ​គុនខ្មែរ បានជួប​គ្នា ៣ ​ដង​មក​ហើយ ដោយ​ក្នុង​នោះ វ៉ាន់ថង បានឈ្នះ ២ ​លើក​ និងចាញ់ ១​ លើក ប៉ុន្តែ សាន់ មិនអស់​ចិត្ត​នោះ​ទេ ដោយ​រូបគេបានអះអាង​ថា ជ័យជម្នះ​របស់ វ៉ាន់ថង បាន​កើតមាន​ឡើង​ដោយសារ​ម្ចាស់​មេដាយមាស​ម្នាក់នេះ ​វ៉ៃ​ដក​ថយ​ច្រើន​ពេក ពោល​គឺ​មិន​មានភាព​សឿង ក្នុងការ​វ៉ៃ​ប្តូរដោយ​ប្រឈម​ជាមួយ​រូបគេ។

តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​ប្រកួតដណ្តើមខ្សែ​ក្រវាត់ ទម្ងន់​ ៦០​ គីឡូក្រាម កាលពី​ថ្ងៃអាទិត្យ កន្លងមក​នេះ ឈុត សេរីវ៉ាន់ថង បានឈរ​វ៉ៃ​ប្តូរជាមួយ សាន់ គុនខ្មែរ ស្ទើរ​ ៥ ទឹក​ពេញ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់នោះ គឺ​ វ៉ាន់ថង បានវាយកែងឱ្យ សាន់ ដួល​ទាំងជំហរ និងត្រូវបានអាជ្ញាកណ្តាល​រាប់​​ជា​លើក​ទី​១ នៅ​ក្នុងទឹក​ទី​២ និង​ម៉ាត់​ឱ្យ​រាប់​ម្តង​ទៀត នៅ​ក្នុង​​ទឹក​ទី​៤។


តាម​រយៈការ​ប្រកួតនេះ សាន់ គុនខ្មែរ ត្រូវបាន ឈុត សេរីវ៉ាន់ដង វ៉ៃចូល​ពេញៗ​ឡើង​ចង់​ទក់សាច់​ទៅ​ហើយ តែ វ៉ាន់ថង ក៏​ចង់​វង្វេង​ម្តងៗ ក្រោមកណ្តាប់​ដៃ និងការ​វាយកែង​របស់ សាន់ ផងដែរ។ តែទោះបីជា​យ៉ាង​ណា ឆ្លង​កាត់ការ​ប្រកួត​ ៥ ទឹក​ពេញ ចៅ​ក្រម​ទាំង​ ៥ នាក់ បាន​សម្រេច​ផ្តល់​ពិន្ទុ​ឱ្យ វ៉ាន់ថង ឈ្នះ សាន់ គុនខ្មែរ ដោយពិន្ទុជា​ឯកច្ឆន្ទ​តែម្តង ដើម្បី​ទទួលបានខ្សែ​ក្រវាត់​មួយ​ទៀត និងទឹក​ប្រាក់​ ១២​ លាន​រៀល។



សម្រាប់​ការ​ចាញ់​ទាំងទ្រម​ខ្លួនក្រោម​ស្នាដៃ ឈុត សេរីវ៉ាន់ថង លើក​នេះ សាន់ គុនខ្មែរ បាន​​និយាយ​សារភាពជា​សាធារណៈ​ថា៖ ​«ការ​ប្រកួត​លើកនេះ ខ្ញុំ​ទទួលស្គាល់​ការពិត​ហើយ ព្រោះ​យើង​ចាញ់ ហើយត្រូវ​គាត់វ៉ៃ​រាប់ដល់​ទៅ ​២​ ដង​ទៀតគឺ​ វ៉ាន់ថង វ៉ៃ​ត្រូវចំណុច​ខ្សោយ ធ្វើឱ្យ​យើង​គាំង និងឆ្អល់​​តាំងពី​ទឹក​ទី​១ ​មក»។

នៅពេលសួរ​ថា តើ​មានការ​តាំងចិត្តបែបណា ក្នុងការ​​ប្រកួតសងសឹក​ជាមួយ ឈុត សេរីវ៉ាន់ថង ម្តងទៀត? សាន់ គុនខ្មែរ បាន​ឆ្លើយ​តប​ដោយមិន​​លាក់បាំង​​ថា៖​ «ខ្ញុំពិបាក​នឹង​ប្រកួតសងសឹក​ជាមួយគាត់​ទៀតណាស់ ព្រោះ​ជួបគ្នា ​៤ ដង យើងចាញ់​គាត់​ ៣ ដងទៅ​​ហើយ។ តែទោះបីជា​យ៉ាងណា បើ​ត្រូវ​ជួបគ្នានៅ​ក្នុង​កម្មវិធីធំៗ​ក្រោយៗ​ទៀត គឺខ្ញុំ​​នៅតែ​ប្រឹង​ប្រែង​ប្រកួត ទោះបី​​ឈ្នះ ​ឬ​ចាញ់​​ក៏​ដោយ»។

ចំណែក វ៉ាន់ថង វិញ បាន​និយាយថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង ដែលបានជួប​ដៃគូ​ចាស់ អេលីត សាន់ ព្រោះ​ការជួបគ្នា​៣​ដង​កន្លងមក មិនមានអ្វីជា​ដាច់​ស្រេច ប៉ុន្តែ​​លើក​នេះ ឃើញ​ថា​ ដាច់​​ស្រេច​ហើយ។ ទោះ​យ៉ាង​ណា​ខ្ញុំ​ឃើញ​ថា ​អាវុធ​របស់​គាត់ នៅ​តែធ្ងន់ និងចេញច្បាស់ៗ ហេតុ​នេះ​​ទោះបីជា​ខ្ញុំ​បាន​យក​ឈ្នះ​លើ​គាត់ ប៉ុន្តែ​​ខ្ញុំ​សូម​ផ្តល់កម្លាំង​ចិត្តដល់​គាត់ ឱ្យ​ខិតខំ​នៅ​វគ្គ​ក្រោយៗ​ទៀត ព្រោះ​អ្នក​មានសមត្ថ​ភាព តែង​តែ​មានឱកាស​រហូត»។

កីឡាករ​លំដាប់​ខ្លាំង​របស់ថៃ សោក្រាវ ត្រូវបានអាជ្ញាកណ្តាលរាប់ ក្រោយទទួល​រងការ​ទាត់​របស់ ឡៅ ចិត្រា។រូប សហការី

ជាមួយគ្នា​នេះ កីឡាករជើង​ខ្លាំងជា​ម្ចាស់​មេដាយមាសស៊ីហ្គេម ឡៅ ចិត្រា ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រកួតជាមួយ​អ្នក​ប្រដាល់​លំដាប់​ខ្លាំង​របស់​ថៃ សោក្រាវ ផេតយិនឌីអាខាឌីមី នា​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​​បាន​ប្រើ​​ពេលមិនដល់​​​ ២ ​ទឹកពេញ​ផង ក្នុងការ​ទាត់​ឱ្យ​អ្នក​មានឈ្មោះ​បោះសំឡេង នៅ ONE រូប​នេះ បោះ​បង់​ការ​ប្រកួត។

បើទោះបីជា សោក្រាវ បានបង្ហាញ​ភាពឌឺទៅនឹង​ទម្ងន់ជើង​​របស់ ឡៅ ចិត្រា ដែលទាត់​ទៅលើ​ជើង​ក្រោម​របស់គេ ប៉ុន្តែ​​ការ​ទាត់​ឆ្វេងផ្ទួន​ៗ​របស់ ចិត្រា បែរជា​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ម្នាក់នេះ ដួល​ទាំងជំហរ និង​បង្ហាញ​ការ​ឈឺចាប់​ខ្លាំង នៅ​គន្លាក់ជង្គង់ខាង​ស្តាំ នាំ​ឱ្យ​លោកអាជ្ញាកណ្តាល​រាប់ នៅចុង​ទឹក​ទី​១ ហើយ​នៅ​ទឹក​ទី​២ ចិត្រា បាន​ទាត់​ចំរបួសចាស់នេះ ធ្វើ​ឱ្យ​អាជ្ញា​កណ្តាលរាប់​ទៅ​លើ សោក្រាវ ចំនួន​ ២ ​ដង​ទៀត រួច​ធ្វើការ​បញ្ឈប់​នៅពាក់កណ្តាល​ទឹកនេះ​តែម្តង ពេល​ឃើញ​ថា របួសជង្គង់​​ស្តាំ​របស់ សោក្រាវ កាន់តែ​មានសភាពធ្ងន់ធ្ងរ​នោះ។

ជាមួយការ​ផ្តួល​កីឡាករ​លំដាប់​ខ្លាំង សោក្រាវ ឱ្យសន្លប់​ត្រឹមទី​២​ នេះ ឡៅ ចិត្រា បាន​និយាយ​ថា៖​ «ខ្ញុំ​ទើប​បញ្ចេញ​សមត្ថ​ភាព​បាន​ ៥០ ភាគ​រយ​ ហើយក៏នៅមិនទាន់​ដឹងសមត្ថ​ភាព​ពិត​របស់​គាត់​នោះ​ដែរ ដោយសារ​​គាត់អត់រាប់​ការទាត់របស់​ខ្ញុំ ​ធ្វើ​ឱ្យគាត់​ខូចជើង។ បញ្ហា​ខូច​ជើង​​របស់​គាត់​នេះអាចថា ជាសំណាង​ខ្លះ​ដែរ តែ​ខ្ញុំ​បានហាត់​ទាត់​ច្រើន​ សម្រាប់ការ​ប្រកួត​លើក​នេះ»៕