ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បាន​ឈាន​ដល់​ការបង្កើត​​ការ​ប្រកួតបាល់​ទះ​​ពាន​រង្វាន់ Special Volleyball Cup 2024 ជា​លើកដំបូង ហើយ​ព្រឹត្តិការណ៍នេះ នឹង​ក្លាយជាវេទិកា​ថ្មីមួយ ដែល​នឹងជំរុញ​ឱ្យ​មាន​ការ​ប្រកួត​បាល់​ទះ​កាន់​តែ​កក្រើក នៅទូទាំង​ប្រទេស​កម្ពុជា ចាប់​ផ្តើម​ពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​​តទៅ ដើម្បី​ជ្រើស​រើស​យក​ក្រុមខ្លាំងៗ មក​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃទី​ ២២ ដល់​ទី​ ២៨ ខែមេសា។


ជាមួយគ្នា​នេះ ​ការ​កែប្រែ​ទម្លាប់លេង​មិន​ល្អ​របស់មហាជន​នៅតាម​មូលដ្ឋាន បាន​ក្លាយ​ជា​​ផ្នែក​សំខាន់​មួយ ដែលសហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា សម្រេច​បង្កើត​ឱ្យ​ការ​ប្រកួតពាន​នេះ​ឡើង ចំណែក​​ព្រឹត្តិការណ៍ ដែល​មានការ​ប្រកួត​ជម្រុះ​នៅតាមភូមិភាគ​ធំៗ​ទាំង​ ៥ នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​នឹងបើក​ចំហ​​ឱ្យ​អត្តពលិក​ជាជនបរទេស មកពី​គ្រប់​ទ្វីប អាច​បង្កើតជា​ក្រុមបាល់​ទះ ដើម្បី​ចូលរួម​បាន​ដូចគ្នា ខណៈកាល​កំណត់​ឈប់​ទទួល​ពាក្យ​ក្រុម​ចូលរួម ​នៅ​ត្រឹម​​ថ្ងៃទី​​ ១៣​ ខែ​កុម្ភៈ ខាងមុខ​នេះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បាន​ឱ្យ​ដឹង​ថា៖​ «ការ​​បង្កើត​ឱ្យ​មានពាន​នេះ​ឡើង ក្នុង​គោល​បំណង​​ផ្ដល់​ឱកាស​​ឱ្យ​ក្រុម​អត្តពលិក​ដែល​ជា​យុវជន​​បន្ត​វេន​​មាន​ឱកាស​​បាន​​បង្ហាញ​​សមត្ថភាព និង​​ទេពកោសល្យ​របស់​ខ្លួន សម្រាប់ការ​ប្រកួត​ជាក់​ស្តែង​​​នៅ​លើ​ទីលាន​ហើយ​ដោយសារ​ព្រឹត្តិការណ៍នេះ ជាការ​ប្រកួតទម្រង់ ៤ ទល់​ ៤ នាក់ អ៊ីចឹង​វា​នឹង​ក្លាយជា​សារ​មួយ​ផ្តល់​ទៅ​ឱ្យ​អ្នកលេង​ក្រៅ​ប្រព័ន្ធ គឺ​យើង​នឹង​ខំកែ​ទៅ​ដល់​មហា​ជន ​ដែល​លេង​​បាល់​ក្រៅ​ប្រព័ន្ឋឱ្យ​​ងាក​​មក​លេង​បាល់តាម​​ស្តង់ដា​វិញ»។


បន្ថែម​លើ​នេះ Special Volleyball Cup 2024 នឹងមាន​ការ​ប្រកួត​ទៅ​ដល់​ភូមិ​ឋាន​របស់​យុវជន​នៅទូទាំង​ ២៥ រាជធានី-ខេត្ត ព្រោះ​​​ពាន​រង្វាន់​មួយ​​​នេះ នឹង​រៀបចំ​ឱ្យ​មានការ​ប្រកួត​នៅតាមភូមិភាគធំៗ​ចំនួន ​​៥ គឺ​ទី១ ​​ភូមិ​ភាគ​បាត់​ដំបង ដែល​​នឹង​​ចាប់​ផ្ដើម​ ពី​​ថ្ងៃទី ២៤-២៦ ខែ​កុម្ភៈ ដូច្នេះ​ចំពោះ​បណ្ដា​​ខេត្ត​ដូច​ជា កំពង់ឆ្នាំង បាត់​ដំបង ពោធិ៍សាត់ ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ ​អាច​​​ដាក់​ពាក្យចូល​រួម​ប្រកួត ​នៅ​ភូមិ​ភាគ​នេះបាន។



ចំណែក​ទី​២ ​ភូមិ​ភាគ​សៀមរាប ដែល​ប្រកួត​​ពី​ថ្ងៃ​ទី ២-៣ ខែមីនា ហើយ​​បណ្ដា​​ខេត្ត ដែល​ចូល​រួម​លេង​នៅភូមិភាគ​នេះ មាន​​ដូច​ជា សៀមរាប កំពង់ធំ ឧត្តរមានជ័យ និងខេត្ត​​ព្រះវិហារ ជាដើម រីឯ​ទី​៣ ភូមិ​ភាគ​កំពង់​ចាម ដែល​នឹង​រៀបចំ​​ពី​​ថ្ងៃ​ទី ៩-១០ ខែ​មីនា ហើយ​ក្រុមដែល​នឹង​ចូលរួម​នៅ​ភូមិភាគ​នេះ​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​ ​ជា​ម្ចាស់​ផ្ទះ។

ចំពោះ​ភូមិ​ភាគទី​៤ គឺ​ព្រៃ​វែង ដែល​មាន​ខេត្ត​កណ្ដាល ព្រៃវែង និង​បណ្ដា​ខេត្ត​ដែល​​ស្ថិត​​នៅ​ជាប់​​ភូមិ​​ផង​របង​ជាមួយ​នឹង​ព្រៃវែង ហើយ​ទី​៥ ចុង​ក្រោយ​ គឺ​ភូមិភាគ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ចាប់​​ផ្ដើម​នៅ​ថ្ងៃ​ទី ២៣-២៤ ខែ​មីនាដោយ​ក្នុង​នោះ​​​មាន​ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ កែប កំពត និង​ខេត្ត​កោះកុង។

តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត Special Volleyball Cup 2024 នេះ ​គឺ​ក្រុម​​ទទួល​បាន​លេខ ​១ និងលេខ​ ២ ​នៅតាម​ភូមិ​ភាគ​ទាំង ​៥ នឹង​ទទួលបាន​ឱកាស​ឡើង​មក​ប្រកួត​ផ្តាច់​ព្រ័ត្រនៅ​រាជធានី​ភ្នំពេញ ជាមួយ​ក្រុម​លេខ​ ១ ដល់​លេខ ​៦ ដែល​កំពុង​ប្រកួត​នៅក្នុង «តេជោលីគ» ហើយ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ​គ្រោង​នឹង​រៀបចំ​​ពី​ថ្ងៃទី​ ២២ ដល់​ថ្ងៃទី​ ២៨ ខែ​មេសា។ ចំណែក​ក្រុម​កីឡាករ​បរទេស ក៏​ត្រូវ​បានអនុញ្ញាត​ឱ្យ​ចូលរួមប្រកួត​ជម្រុះ នៅតាមភូមិ​ភាគ​ ដែល​ពួក​គេ​កំពុង​រស់នៅ​ផងដែរ។

លោក អាំង សិរីពិសិដ្ឋ បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿជាក់ថា ព្រឹត្តិការណ៍​មួយ​នេះ​នឹង​ផ្តល់​ការ​ប្រកួត​ដ៏​​ទាក់​ទាញ និង​រំភើប​សម្រាប់​​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទះ​ ដែល​នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​គាំ​ទ្រ​បាល់​ទះ នៅ​ប្រទេស​កម្ពុជា កាន់តែ​មា​ន​ការ​​កើន​ឡើង ព្រោះ​ក្រៅ​ពីការ​ប្រកួត​រវាង​ក្រុមបាល់​ទះ​ជាជនជាតិ​ខ្មែរ នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​យើង​ផ្ដល់​លទ្ធភាព​ទៅ​ដល់​ក្រុម​អត្តពលិក​ជា​ជន​បរទេសផងដែរ»។

អគ្គលេខាធិការ​សហព័ន្ធ​រូប​នេះ បាន​បញ្ជាក់​ថា៖ «​ចំពោះ​បណ្ដា​ក្រុម​ដែល​ជា​ជន​ជាតិ​បរទេស គឺ​​គាត់​​អាច​បង្កើត​ក្រុម​មាន​គ្នា​ ៦ ​អ្នក ដើម្បី​ចូលរួម​ការ​ប្រកួត​នេះ​បានដូចគ្នាអ៊ីចឹង​ខ្ញុំ​ជឿ​ជាក់​​ថាទោះ​ជា​បណ្ដាជន​បរទេស​មក​ពី​ទ្វីប​ណា​ក៏​ដោយ​គឺ​យើងនឹង​​ទទួល​ស្វាគមន៍​ទាំង​អស់​ឱ្យ​តែ​គាត់​​ចូល​រួម​ជាមួយ​នឹង​ព្រឹត្តិការណ៍​​របស់​យើង»។

ទន្ទឹម​នឹង​នេះ កីឡាករ​របស់​ក្លិប​ធំៗ​ទាំង ​៦ ដែល​កំពុង​លេង​នៅ​តេជោលីគ ដូចជា វិសាខា បញ្ជាការ​ដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ស្នង​ការរាជធានី​ភ្នំពេញ ស្នងការដ្ឋាននគរបាលពោធិ៍សាត់ និង​​ក្រុម​​កងពល​ធំ​អន្តរាគមន៍​លេខ​ ៣ ក៏​អាចចុះ​ឈ្មោះ​លេងឱ្យក្រុម​នៅតាមភូមិ​ភាគ​បាន​ដូចគ្នា ប៉ុន្តែ​អ្នក​ទាំង​នោះ មិនអាច​មាន​ឈ្មោះ​លេងឱ្យ​សាមី​ក្លិប​ទាំង​៦​នេះ​បាន​ទេ សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ។​

ជាមួយ​គ្នានេះដែរ ការ​ប្រកួតSpecial Volleyball Cup 2024​ គឺ​​មានការ​ប្រគល់ពាន​ និងប្រាក់​រង្វាន់ នៅតាម​ភូមិភាគទាំង​៥មួយដំណាក់កាល មុនពេល​​ក្រុម​ជើងឯក និង​ជើងឯក​រង នៅតាមភូមិភាគ​ទាំង​នោះ ឡើង​មក​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដណ្តើម​យក​ពាន​ធំ អម​ជាមួយ​ប្រាក់រង្វាន់​កាន់​តែច្រើន ​គឺ​ក្រុម​ជើង​ឯក នឹង​ទទួលបាន ​៥០ ​​លាន​រៀល ក្រុម​លេខ​​ ២ បាន​ ២០​​ លាន ក្រុម​លេខ ៣ បាន​ ១២​ លាន​រៀល រួមជាមួយ​ពាន​រង្វាន់​ឯកត្ត​ជន​ចំនួន​ ៦ ​ទៀតដោយ​ក្នុង​នោះ ពាន​ ១ ទទួល​បាន​១​លាន​រៀល។

ជាមួយ​របត់​ថ្មី​នៃ​ការ​ប្រកួតពាននេះ លោក អាំង សិរីពិសិដ្ឋ បាន​​សង្កត់​ធ្ងន់ថា៖ «គ្រប់​បណ្ដា​ពាន​ទាំង​អស់​គឺ​យើង​តែងតែ​លេង​នៅ​រាជធានី​ភ្នំពេញ​ហើយភាគ​ច្រើន​ក្រុម​មាន​មូល​ដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ​ជាអ្នក​ឈ្នះ​ពាន​ចំណែក​​ឱកាស​របស់​តាម​បណ្ដា​ខេត្ត​​​ គឺ​មាន​តិច​តួច​ស្ដួច​ស្ដើងប៉ុន្តែ​លើកនេះយើង​បើក​ឱកាស​ឱ្យ​តាម​បណ្ដា​ខេត្ត​យើង​ឈ្នះ​ពាន​មួយ​សិន ហើយ​ខ្ញុំជឿ​ជាក់​ថា ២ ​ក្រុម​នៅ​តាម​ភូមិ​ភាគ​ទាំង ​៥ នេះ គាត់​នឹង​ធ្វើអ្វី​ដែល​អស្ចារ្យ​ក្នុង​ការ​​​មក​ដណ្ដើម​ពាន ដែល​មាន​ទឹក​ប្រាក់​ ៥០​ លាន​រៀល ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រនៅ​រាជធានី​ភ្នំពេញ គឺ​ខ្លាំង​ក្នុង​ចំណោម​ខ្លាំង »៕