ភ្នំពេញ៖ មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់ ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ ២ ៥០០ ​នាក់ ត្រូវបាន​គេ​រំពឹង​ថា នឹង​ចូលរួម​​នៅ​ក្នុង​ទិវា​រត់ប្រណាំង​ស្រ្តីចម្ងាយ ​១០ គីឡូម៉ែត្រ នា​ថ្ងៃទិវា​សិទ្ធិនារី​អន្តរជាតិ ​៨ ​មីនា ឆ្នាំ​២០២៤​ ក្រោម​ប្រធាន​បទ «ស្រ្តីនៃជ័យជម្នះ»​ ហើយ​ព្រឹត្តិការណ៍នេះ ត្រូវបាន​រៀបចំ​ឡើង​​​​ដោយ​​​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ ក្រោម​កិច្ចសហការ​ជាមួយ​​​ក្រុម​ហ៊ុន​ធានា​​រ៉ាប់រង​អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

តាម​ខ្លឹមសារ ដែល​ត្រូវ​បាន​ប្រកាស ក្នុងសន្និសីទកាសែត នៅ​ទី​ស្នាក់ការ NOCC កាលពី​​​ថ្ងៃ ​​៦ ខែកុម្ភៈ ​បាន​ឱ្យ​ដឹង​ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រនាថ្ងៃទី ៨ ខែមីនា ឆ្នាំ​ ២០២៤​ នេះ នឹង​​ប្រព្រឹត្ត​ទៅនៅ​បរិវេណ​ខាង​មុខសួនច្បារមុខវត្តបទុមវតីចាប់ពីម៉ោង៥ព្រឹក​ត​ទៅ ដោយ​​ទិវា​នេះ មាន​ការ​រត់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ និង​ ៤ ​គីឡូ​ម៉ែត្រ ចំណែក​ចំនួន​អ្នកចុះឈ្មោះ​​​ចូលរួម​​​ពេល​​នេះ​បាន ​២ ៤០០​ នាក់​ហើយ ហើយ​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត គណៈ​កម្មការ​រៀបចំ បាន​ដាក់​​ក្តីរំពឹង​ថា ចំនួន​សរុបនឹង​កើន​ឡើង​ ២ ៥០០ នាក់ ឬ​អាច​ច្រើនជាង​នេះ។​

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​នោះ​​ថា៖​ «​ជារៀងរាល់​ឆ្នាំ យើង​តែង​រៀបចំ​ទិវា​រត់​ប្រណាំងលើក​កម្ពស់​​ការ​ចូលរួម​របស់ស្រ្តីក្នុង​វិស័យ​កីឡា ដោយ NOCC បានគោរពគោលការណ៍​ពីគណៈកម្មាធិការជាតិ​​អូឡាំពិក​អន្តរជាតិឱ្យ​រៀបចំ​ទិវា​កីឡា និងស្រ្តី​នេះ​ឱ្យ​បានច្រើន​ ជាពិសេស​ការ​លើក​ទឹក​ចិត្ត និងជំរុញ​ឱ្យស្រ្តី​​ចូល​រួម​​ការ​ដឹកនាំ ក៏​ដូចជា​ធ្វើ​សកម្ម​ភាព​កីឡា​​ឱ្យ​បាន​ពី​ ២០​ ទៅ​ ៤០​ ភាគ​រយ នៅ​ក្នុងដំណាក់កាល​ឆ្នាំ​នេះ រហូត​ដល់​ឆ្នាំ​ ២០២៨​»។


ជាមួយ​ទិសដៅនេះ លោក ចំរើន ​បាន​បន្ថែម​ថា៖​ «​​សុវណ្ណាភូមិ ឡាយហ្វ៍ និង NOCC បាន​​សហការ​គ្នា​រៀបចំ​​ទិវា​រត់ប្រណាំង​ស្រ្តី​នេះ បាន ​​៣ ​ដង​ទាំង​លើក​នេះ​​ហើយ ​ដោយ​​ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​ទំហឹង​ពី​សាលា​រាជ​ធានី​​ភ្នំពេញ ក្នុង​ការ​​​ផ្តល់​នៅ​ទី​លាន ក៏​ដូចជា​ផ្តល់​​សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព ដល់​​អ្នក​រត់ គឺ​យើងជាដៃគូ​ល្អ​ជាមួយ​គ្នា ​ធ្វើ​ឱ្យ​ទិវា​រត់​ប្រណាំង​​នេះ​ទទួល​បាន​ជោគ​ជ័យ ដោយ ២ លើក​កន្លងមក​នេះ មាន​អ្នក​ចូលរួម​ច្រើនពី​ចន្លោះ​ជាង ១ ពាន់​នាក់ ដល់​ជិត​ ២ ពាន់​នាក់ អ៊ីចឹង​​យើងនឹងខិតខំរួមគ្នា​ធ្វើ​​ឱ្យបានកាន់តែ​ល្អ»។


ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន បាន​បង្ហាញ​ភាព​រីក​រាយ ដែលទិវា​រត់ប្រណាំងស្រ្តី​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​ មាន​ចំនួន​អ្នក​ចូលរួម​កាន់តែ​ច្រើន ដែលបង្ហាញ​ថា ប្រជាពល​រដ្ឋ​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ និង​យល់កាន់តែ​ច្រើន​ពី​បញ្ហា​សុខភាព​សាធារណៈ និង​បញ្ហា​សុខភាព​​ផ្ទាល់​ខ្លួន​របស់​ពួកគាត់​ ដើម្បី​ធ្វើ​ឱ្យបំណិនជីវិត និងគុណ​ភាព​រស់នៅរបស់​ពួកគាត់ កាន់តែមាន​ភាព​ល្អប្រសើរ​ ហើយ NOCC និង​​ក្រសួង​អប់រំ យុវជន និងកីឡា ក៏​​កំពុងតែ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ​ តាម​រយៈ​សកម្មភាពកីឡា​ផងដែរ។

ចំណែក​លោក Loke Kah Meng អគ្គនាយកប្រតិបត្តិសុវណ្ណាភូមិ ឡាយហ្វ៍ បាន​​​ថ្លែង​ថា «យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ NOCC ក្នុង​ការ​រៀបចំ​ទិវា​រត់ប្រណាំង​ស្ត្រីចម្ងាយ​ ១០​ គីឡូម៉ែត្រ​ក្រោមប្រធានបទ ស្ត្រី​នៃ​ជ័យជម្នះ​នេះ ដោយ​​យើង​ជឿជាក់​យ៉ាង​​មុត​មំាថា ឆ្នាំនេះ​នឹង​មាន​អ្នក​ចូល​រួម​ច្រើន​កុះករ ​ដើម្បី​គាំទ្រ​ និង​​លើកកម្ពស់​ឱកាស​ស្មើគ្នានៅក្នុងសង្គមកម្ពុជា ដែលស្រ្តី និង​បុរស​ ក៏​អាច​ទទួល​បាន​ជោគជ័យ​ស្មើៗគ្នា​ក្នុង​អាជីព​របស់​ពួកគេ»។

លោកបានបន្ថែមទៀតថា៖ «សុវណ្ណាភូមិ ឡាយហ្វ៍ គឺ​មាន​មោទន​ភាព​ក្នុង​ការ​គាំទ្រ​ទិវា​រត់​ប្រណាំង​ស្រ្តី​ចម្ងាយ​ ១០ គីឡូម៉ែត្រ​នេះ ហើយ​យើង​ក៏​បាន​ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​ចូល​រួម​រត់​កម្សាន្ត​សប្បាយ​ជា​លក្ខណៈ​គ្រួសារ​ឬ​ក៏​រត់​ជាមួយ​មិត្តភក្តិសម្រាប់ចម្ងាយ ៤ គីឡូម៉ែត្របានផងដែរ ហើយ​សុវណ្ណាភូមិ ឡាយហ្វ៍ នឹងចូលរួមវិភាគទានចំនួន​ ៤ ពាន់រៀល សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រួម​រត់ ​​១ នាក់ ដើម្បី​ផ្តល់​មូល​និធិ​ដល់​សកម្មភាព​សង្គម​របស់​យើង ​តាម​រយៈ​​អង្គការ​សមា​គម​សហ​គ្រិន​​ស្រ្តី​​កម្ពុជា»។ 

អគ្គនាយកប្រតិបត្តិ​រូបនេះ បាន​ឱ្យ​ដឹង​ទៀត​ថា សុវណ្ណាភូមិ ឡាយហ្វ៍ ​នឹងសហការ​ជាមួយ​​ «សមាគម​សហ​គ្រិន​ស្រ្តីកម្ពុជា» លើ​វិធី​សាស្រ្ត​មួយ​ប្រកប​ដោយ​និរន្តរភាព ដល់​សកម្មភាព​សង្គម​ដោយ​ប្រើប្រាស់​​មូលនិធិដែល​ទទួល​បាន​ពី​ទិវា​រត់​ប្រណាំង​ស្ត្រី ហើយ​​ភាគ​ច្រើន​នៃ​មូល​និធិនេះ​នឹង​​ត្រូវ​ផ្តល់​ជូន​ដល់​សមាគម​សហគ្រិនស្រ្តី​កម្ពុជាក្នុង​គោល​ដៅគាំទ្រ​កម្ម​វិធី​បណ្តុះ​បណ្តាល​ផ្សេងៗ​​​ដូចជា ភាពជាអ្នកដឹកនាំរបស់សហគ្រិន ការ​រៀបចំ​ផែន​ការ​ហិរញ្ញវត្ថុ ឬ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កម្ម​វិធី​ផ្សេងៗ​ទៀតដែល​ស្រប​នឹង​គោលដៅ​របស់​ក្រុមហ៊ុន។

បន្ថែមលើសពីនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដោយ​​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៨,៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ​ដំណែល​តាំង​​ពី​ឆ្នាំ​ ១៩៩១ ​នោះ ក៏​មាន​គ្រូ​បណ្តុះ​បណ្តាល​ពិសេសដើម្បី​គាំទ្រ​ក្នុង​​ការ​បណ្តុះបណ្តាល​អំពី​វិស័យ​ហិរញ្ញ​វត្ថុ​ផងដែរ។ រីឯ​គោល​បំណង​នៃ​យុទ្ធនា​ការនេះគឺ​ដើម្បី​ចូលរួម និងគាំទ្រ​ដល់​សហគ្រិនស្ត្រីវ័យក្មេង ព្រោះ​វា​នឹង​ជួយ​ពង្រីកអាជីវកម្មខ្នាតតូចរបស់ពួកគេ ព្រម​​ទាំង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ពួកគេ​នៅ​ក្នុង​សហ​គមន៍។

ទាក់ទង​ទៅនឹង​ចំនួន​អ្នកចុះ​ឈ្មោះ ក្នុង​ទិវារត់ប្រណាំង​ស្រ្តីចម្ងាយ ​១០ ​គីឡូម៉ែត្រ​​លើក​នេះ​វិញ​ ​លោក សែម ផល្លា នាយក​ប្រតិបត្តិរៀបចំ​ព្រឹត្តិការណ៍ម៉ារ៉ាតុង​នៅ​កម្ពុជា បាន​ថ្លែង​ថា៖ «ចំនួន​​អ្នក​រត់របស់​យើងបាន ​២ ៤០០​ នាក់​ហើយ ខណៈ​គោលដៅ​របស់​យើងគឺ​ ២ ៥០០ នាក់ សម្រាប់​ថ្ងៃ​រត់​តែម្តង ហើយខ្ញុំ​ជឿ​ថា យើង​នឹង​អាច​សម្រេច​គោលដៅនេះ​បាន ដោយសារយើង​នៅ​សល់​អ្នក​រត់ ​១០០​ នាក់​ទៀត កំពុង​ត្រៀម​សម្រាប់​ចូលរួម​ដែរ ​ហេតុ​នេះ​យើង​បានត្រៀម​អាវ និង​មេដាយ​ចំនួន​ ២ ៥៥០ ដូចគ្នា»។

លោក​បានបន្ថែម​ថា៖ «សម្រាប់​ចំនួន​អ្នកបានចុះ​ឈ្មោះ​ចូលរួម​រត់​នេះ គឺ​មាន​ស្រ្តី​ច្រើន​ជាង​​​បុរស​តិចតួច ព្រោះ​ទិវា​នេះ យើង​ផ្តោតសំខាន់​ទៅលើចំនួន​ស្រ្តី ហើយ​ឃើញ​ថា ឆ្នាំ​នេះ​ចំនួន​ស្រ្តី​ចូល​រួម​មាន​ការ​​លេច​​ធ្លោជាង​បុរស។ នៅ​ក្នុងចំនួន​នេះ ក៏​​មានបរទស​ចូលរួម​ជាង​ ២០០​ នាក់​ដែរ ដោយ​ក្នុង​នោះ​ជនជាតិ​ចិន មានច្រើនជាង​គេ​ឈរនៅលេខ​ ១ លេខ ​២ អាមេរិក លេខ​ ៣ បារាំង លេខ ​៤ ហ្វីលីពីន និងលេខ​ ៥ ថៃ»៕​