ភ្នំពេញ៖ ការសម្រេចឱ្យកីឡាករកម្ពុជា ធន់ រិទ្ធី និងតារាប្រដាល់របស់ថៃ សៃយុគ (Saiyok Pumpanmuang) ស្មើពិន្ទុគ្នា ក្នុងការប្រកួតដាក់ខ្សែក្រវាត់ នៅលើសង្វៀនប្រដាល់ទទក កាលពីរាត្រីថ្ងៃទី៤ ខែកុម្ភៈ នៅតែក្លាយជាប្រធានបទក្តៅគគុក បន្ទាប់ពីក្រុមអ្នករិះគន់មួយចំនួន បានបំប៉ោងរឿងមួយនេះឱ្យធំឡើងៗ តាមរយៈការវិភាគដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬធ្វើតែទៅតាមអារម្មណ៍នឹកឃើញរបស់ខ្លួន។
នៅក្នុងចំណោមអ្នករិះគន់ទាំងអស់នោះ បានចាត់ទុកការកាត់សេចក្តីឱ្យ ធន់ រិទ្ធី ស្មើពិន្ទុជាមួយ សៃយុគ ថា ជារឿងចម្លែក មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តប្រដាល់ ព្រោះការប្រកួតខ្សែក្រវាត់ ត្រូវតែមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែរឿងនេះ ត្រូវបានថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងតំណាងអ្នករៀបចំការប្រកួតប្រដាល់របស់ស្ថានីយទូរទស្សន៍ជាតិ (ទទក) អះអាងថា វាជាការភាន់ច្រលំ ដោយសារអ្នករិះគន់ទាំងនោះ មិនបានយល់ច្បាស់ពីការចរចារបស់អ្នករៀបចំ និងលក្ខន្តិកៈប្រកួត។
នៅក្នុងសន្និសីទកាសែត បកស្រាយពីបញ្ហានេះ កាលពីថ្ងៃទី៦ ខែកុម្ភៈ លោក នៅ លីដា ផលិតករកម្មវិធីប្រដាល់ទទក បាននិយាយថា ការប្រកួតរវាង ធន់ រិទ្ធី និង សៃយុគ គឺតាំងពីដើមឡើយជាការប្រកួតមិត្តភាព។ បើទោះបីជាភាគីកីឡាករទាំង២ បានយកខ្សែក្រវាត់រៀងៗខ្លួន មកដាក់ប្រកួតដណ្តើម ប៉ុន្តែមូលដ្ឋានគ្រឹះនៃការប្រកួតនេះ នៅតែជាការប្រកួតមិត្តភាពដដែល ហើយភាគីថៃ ក៏គេសប្បាយចិត្តទទួលយកលទ្ធផលស្មើនេះដែរ ព្រោះយើងបានចរចាគ្នាច្បាស់ហើយពីរឿងនេះ។
លោកបានបញ្ជាក់ថា៖ «មកដល់ពេលនេះ សៃយុគ សប្បាយចិត្តទទួលយកលទ្ធផលនេះ ទាំងស្រុង គេអត់មានបញ្ហាទោមនស្សអីជាមួយយើងទេ។ ដោយឡែកខ្មែរយើងមួយចំនួនទៅវិញទេ ដែលបានរិះគន់ខ្លាំងនៅលើបណ្តាញសង្គម ដែលអាចនិយាយបានថា យើងកំពុងធ្វើបាបសាច់ឯង ហើយគេកំពុងតែសើច។ យើងបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍គេយ៉ាងល្អបំផុត ហើយ សៃយុគ ក៏បានយល់ព្រម និងមកប្រកួតនៅកម្ពុជាម្តងទៀត អ៊ីចឹងសូមបញ្ឈប់ការរិះគន់បែបជន់ពន្លិចសាច់ឯងហ្នឹងទៅ»។
ចំណែកលោក ខូវ ឆាយ អនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា នៅក្នុងលក្ខន្តិកៈរបស់សហព័ន្ធ បានកំណត់ច្បាស់ហើយថា ការប្រកួតមិត្តភាព មានលទ្ធផល៣ គឺឈ្នះ ចាញ់ និងស្មើ ចំណែកការប្រកួតដណ្តើមខ្សែក្រវាត់ មានតែលទ្ធផលឈ្នះ និងចាញ់ទេ អត់មានស្មើឡើយ ខណៈការផ្តល់ពិន្ទុនៃការប្រកួតរវាង ធន់ រិទ្ធី និង សៃយុគ គឺចៅក្រម២នាក់ឱ្យ រិទ្ធី ឈ្នះ និង២នាក់ឱ្យ សៃយុគ ឈ្នះ រីឯចៅក្រមម្នាក់ទៀតឱ្យអ្នកទាំង២នេះស្មើគ្នា ព្រោះវាជាការប្រកួតមិត្តភាព។
តែទោះបីជាយ៉ាងណា លោក ខូវ ឆាយ ដែលបានចូលរួមទស្សនាការប្រកួត The Battle of Kings របស់សង្វៀនប្រដាល់ទទក ដោយផ្ទាល់ កាលពីយប់ថ្ងៃអាទិត្យនោះ បានអះអាងថា លោកពិតជាបានឃើញច្បាស់ថា ទាំងថ្នាក់ដឹកនាំ និងកីឡាកររបស់ថៃ ដែលបានមកប្រកួត គឺពួកគាត់សប្បាយរីករាយ និងកោតសរសើរពីព្រឹត្តិការណ៍នេះ ដែលរៀបចំបានល្អ និងមានអ្នកគាំទ្រច្រើន។
លោកបានបញ្ជាក់ថា៖ «ក្រោយការប្រកួត សៃយុគ បានយល់ព្រមប្តូរខ្សែក្រវាត់ជាមួយ ធន់ រិទ្ធី ព្រោះគាត់សប្បាយចិត្ត ទទួលយកលទ្ធផលស្មើនេះ ហើយថែមទាំងសន្យាទៀតថា គាត់នឹងមកប្រកួតម្តងទៀត ប៉ុន្តែអ្នកគាំទ្រមួយចំនួនតូច បែរជាចង់ឱ្យកីឡាករខ្មែរខ្លួនឯងចាញ់ ទាំងកីឡាករបរទេសគេអត់តវ៉ាអ្វីផង។ កាត់សេចក្តីឱ្យស្មើក៏មិនព្រម ប្រហែលជាគាត់ចង់ឃើញកីឡាករកម្ពុជាអាប់ឱនឬយ៉ាងម៉េច?»។
យ៉ាងណាក៏ដោយ ចំពោះការផ្ទុះឡើងនៃការរិះគន់ ឬជេរប្រមាថនេះ លោក ខូវ ឆាយ បានដឹងច្បាស់ថា វានៅតែកើតមានឡើង បើទោះបីជា ចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចឱ្យ ធន់ រិទ្ធី ឈ្នះ ឬ សៃយុគ ឈ្នះក៏ដោយ ព្រោះសូម្បីចៅក្រម៥នាក់ មានការផ្តល់ពិន្ទុខុសគ្នាទៅហើយ ចុះទម្រាំតែទស្សនិកជនរាប់សិបម៉ឺននាក់ ប៉ុន្តែលោកបានប្រាប់ឱ្យក្រុមអ្នករិះគន់ ជេរតែសហព័ន្ធបានហើយ កុំជេរកីឡាករអី។
លោកបានសង្កត់ធ្ងន់ថា៖ «ការប្រកួតនេះ ទោះកាត់ក្តីឱ្យអ្នកណាឈ្នះ អ្នកណាចាញ់ ឬស្មើ ក៏នៅតែមានគេជេរ តែជេរចុះបងប្អូន ជេរសហព័ន្ធចុះ គឺពួកខ្ញុំទទួលស្គាល់ និងទទួលរាប់រង ព្រោះធ្វើម៉េចអ្នកធ្វើ គេជេរអ៊ីចឹងហើយ ប៉ុន្តែកុំជេរបំបាក់កីឡាករ ព្រោះកីឡាករឡើងវ៉ៃដោយទឹកចិត្ត ហើយការឈ្នះចាញ់ ពេលខ្លះត្រឹម១ វិនាទីទេ។ ជាក់ស្តែងដូច ធន់ រិទ្ធី បើគាត់គេច ១ ជើង ចុងក្រោយរបស់ សៃយុគ បាន គឺឈ្នះហើយ អ៊ីចឹងសូមចូលរួមលើកទឹកចិត្តដល់កីឡាករយើងឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបន្តយកឈ្នះកីឡាករបរទេស ជាជាងបន្ទោសបង្អាប់ជាតិសាសន៍ខ្លួនឯង វាគ្មានប្រយោជន៍ទេ»៕