ភ្នំពេញ៖ កីឡាករ​ជើងខ្លាំង ជាម្ចាស់​មេដាយមាស​ស៊ីហ្គេម​ ២ ជំនាន់ជាប់ៗគ្នា​របស់​កម្ពុជា បឺត សង្ឃឹម បាន​ធ្វើ​ដំណើរ​ចាកចេញពី​មាតុប្រទេស ​ឆ្ពោះ​ទៅកាន់​​ទឹក​ដី​ប្រទេស​អូស្រ្តាលី​ជាមួយ​លោក​គ្រូ សេន ប៊ុនថេន ​ក្រោមការ​ដឹកនាំ​របស់​លោក ស្រ៊ឺ ស្រេង ហៅ​ សំណព្វ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក WBC ជាមួយ​ជើង​ខ្លាំង​របស់ថៃ Yothin FA Group នៅ​ទី​នោះ។


តាម​គម្រោងអ្នក​លេង​ចិត្តសាស្រ្ត បឺត សង្ឃឹម និង​កីឡាករ Yothin នឹង​ត្រូវ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់ WBC ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម របស់​​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡា​ប្រដាល់មួយ​ថៃ International Federation Muaythai Associstions (IFMA) នា​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ។

បើទោះបីជា បឺត សង្ឃឹម ធ្លាប់​មានបទពិសោធន៍​ប្រកួត​អន្តរជាតិ​ច្រើន ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ប៉ុន្តែ​នេះ​ជា​លើកដំបូងហើយ ដែល​ម្ចាស់មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ រូប​នេះ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ទឹក​ដីអូស្រ្តាលី ហើយ​ក៏ជា​លើកដំបូង ដែល បឺត សង្ឃឹម ទទួល​បាន​ឱកាស​​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ WBC តំណាង​ឱ្យ​កម្ពុជា ដោយរំពឹង​ថា រូបគេ​នឹង​អាច​ស្ពាយ​ខ្សែ​ក្រវាត់នេះ​ត្រឡប់មក​ស្រុកកំណើត​វិញ។


បឺត សង្ឃឹម បាន​និយាយ​ថា៖​ «នេះជា​លើក​ទី​១ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយទៅ​ប្រកួត​នៅ​​ស្រុក​គេ ហើយ​ចំរដូវ​ត្រជាក់​​ទៀត។ តែទោះបីជា​យ៉ាង​ណា ខ្ញុំ​ត្រៀម​ខ្លួន​បានពេញ​លេញ​ហើយ ហើយ​​ការ​ចេញ​ទៅមុន​ប្រកួត​ចូល​១០​ថ្ងៃ​នេះ គឺ​ដើម្បី​យើង​​អាច​សម្រប​ខ្លួនជាមួយ​បរិយាកាសនៅ​លើ​​ទឹក​​ដី​​អូស្រ្តាលី»។



ជើង​ខ្លាំង​គ្មានគូ​ប្រៀប​ក្នុងទម្ងន់ ​៥៧​ គីឡូក្រាម ​ប្រចាំ​នៅ​កម្ពុជា បឺត សង្ឃឹម បាន​បន្ថែម​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​អស់​ពី​សមត្ថ​​ភាព ក្នុងថ្ងៃ​ប្រកួត។ បើ​សិនសំណាង​យើងមក​ដល់ ហើយការ​ប្រឹង​ប្រែង​របស់​យើងទទួល​បាន​លទ្ធផល​ល្អ គឺ​ខ្ញុំ​នឹងស្ពាយ​ខ្សែ​ក្រវាត់ WBC នេះ​ត្រឡប់​មក​កម្ពុជា​វិញ»។

ជាមួយគ្នា​នេះ លោក សំណព្វ ដែលជាអ្នក​ផ្គូផ្គង និងជា​អ្នក​ដឹកនាំ បឺត សង្ឃឹម ទៅ​ប្រកួត​នៅ​ប្រទេស​អូស្រ្តាលី​លើក​នេះ បាន​ឱ្យ​ដឹង​ថា បឺត សង្ឃឹម ជា​កីឡាករ​គុនខ្មែរ​ជំនាន់​ក្រោយ​ដំបូងគេ ដែល​ទទួលបានឱកាសដណ្តើម​ខ្សែ​ក្រវាត់ WBC បន្ទាប់ពី​អតីត​កីឡាករ​ ជ័យ កុសល ដែល​​ត្រូវដាក់​ឱ្យ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ WBC នេះ ដោយ​មិនបាន​ត្រៀម​ខ្លួន ហើយ​ក៏បានចាញ់ ក្នុង​ការ​ប្រកួត ប៉ុន្តែ បឺត សង្ឃឹម បាន​ទទួលដំណឹង​នៃ​ការ​ប្រកួត​ខ្សែ​ក្រវាត់នេះ​ចូល​​ ២​ ខែ និងបាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ពេញ​លេញ​។

លោក សំណព្វ បាន​និយាយ​ថា៖ «បង ជ័យ កុសល ធ្លាប់​ទៅប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ​WBC នេះ​មុនគេ តែ​អត់​ឈ្នះ​ទេ ដោយសារ​ពេលចេញ​ទៅ​​នោះ គាត់​អត់​ដឹង​ថា គាត់ត្រូវ​ប្រកួតខ្សែ​ក្រវាត់​ផង ប៉ុន្តែ​លើក​នេះ​យើង​ចេញ​ទៅ​​ច្បាស់តែម្តង ហើយជា​លើក​ទី​១ ដែល​អ្នក​រៀបចំ​ការ​ប្រកួត WBC នៅ​ក្រៅប្រទេស បានទាក់​ទង​មក​ខ្ញុំ​ផ្ទាល់ ដើម្បី​បញ្ជូន​​កីឡាករ​យើងទៅ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ»។

នៅពេលសួរ​ថា តើលោក​សង្ឃឹម​បែប​ណា ចំពោះការ​ដឹកនាំ​ បឺត សង្ឃឹម ចេញ​ទៅ​ប្រកួត​នេះ? លោក ស្រ៊ឺ ស្រេង បាន​ឆ្លើយ​តប​ថា៖​«យើងទៅ​ដើម្បី​យក​ជោគ​ជ័យ! យើង​ក៏សិក្សាពីគេ ឯ​គេ​ក៏​សិក្សា​​ពី​យើង​ដូច​គ្នា គឺ​អាច​វាយ​បាន ហើយ​យើងមាន​លទ្ធភាពឈ្នះ​ទៀត។បើ បឺត សង្ឃឹម វ៉ៃ​បាន​​ល្អ ធ្វើ​ឱ្យគេ​ចាប់​អារម្មណ៍ គេ​នឹង​ផ្តល់​ឱកាស​ឱ្យកីឡាករ​យើង​ផ្សេងៗ​ទៀត បាន​ទៅ​ប្រកួត​ដណ្តើម​​ខ្សែ​​ក្រវាត់​នេះ​ជាបន្ត​បន្ទាប់​ទៀត»។ 

ចំណែក លោក ហេង សុខឃន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ​បានចាត់​ទុក ការ​បញ្ជូន បឺត សង្ឃឹម ចេញ​ទៅ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក​នេះ​ថា ជាផែនការ​យុទ្ធសាស្រ្ត​របស់​សហព័ន្ធ ក្នុងការ​បញ្ជូនកីឡាករ​ទៅ​ប្រទេសធំៗ ដើម្បី​បង្ហាញ​ពី​ក្បាច់​គុន​ខ្មែរ​របស់​យើង ដែល​កំពុងមាន​ការ​រីក​ចម្រើន​ ខណៈជំនួបនេះ ជាការ​ជួបគ្នា​រវាង​កីឡាករលំដាប់ខ្លាំងដូចគ្នា ព្រោះ Yothin ជា​កីឡាករជើង​ខ្លាំង ​ធ្លាប់​ឈ្នះបាន​​ខ្សែ​ក្រវាត់​ច្រើន​មក​ហើយ ជាពិសេស​​ខ្សែ​ក្រវាត់ ​IFMA World Championships និងខ្សែ​ក្រវាត់ Rajadamnern World Series 126 lbs ក្នុងទម្ងន់ ​៥៧​ គីឡូក្រាម​ ដូចគ្នា កាលពី​ឆ្នាំ​២០២២។

លោក​បាន​ថ្លែង​ថា៖ «នេះជាជំហាន​ទី​១ ដែល​កីឡាករ​លំដាប់ប្រទេស​របស់​យើង បានទៅ​ប្រកួត​ជាមួយ​កីឡាករ​លំដាប់​របស់​គេ​ដូចគ្នា ចំណែក​ការ​ឈ្នះ ចាញ់ ជា​រឿង​កីឡា ប៉ុន្តែ​សំខាន់ យើង​ត្រូវតែ​ចេញ​ទៅ​ប្រកួត ដើម្បីបង្ហាញ​ពីអត្តសញ្ញាណ​ក្បាច់​គុនខ្មែរ​​របស់​យើង អ៊ីចឹង​​​វា​​ក៏ជា​មោទនភាព​​ចំពោះសហព័ន្ធ ដែល​បានបញ្ជូន​កីឡាករ​របស់​ខ្លួន​ចេញ​ទៅ​ប្រកួត​លំដាប់​​ពិភព​​លោក»៕