ភ្នំពេញ៖ អនុ​ប្រធានទី​១ ​របស់សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា លោក ខូវ ឆាយ បាន​អះអាង​ថា ការ​បង្កើត​ឱ្យ​មាន​ស្តេច​ប្រដាល់ តំណាង​ឱ្យប្រទេសកម្ពុជា វា​មិន​មែន​ជា​រឿងចាំ​បាច់​ថា ត្រូវតែ​ធ្វើ​ឱ្យ​បាន​​នោះ​ទេ ប៉ុន្តែ​ការ​បង្កើត​ឱ្យ​មាន​កីឡាករជានិមិត្ត​រូប (Idol) ដែល​មាន​សមត្ថ​ភាព​ខ្លាំងៗ ឱ្យ​បាន​ច្រើន​ទើបជា​រឿង​​ដ៏សំខាន់ ក្នុង​ការ​​លើកកម្ពស់​វិស័យ​គុន​ខ្មែរ​របស់​យើងឱ្យកាន់​តែ​ល្បី​ល្បាញ។


ការ​លើក​ឡើង​បែប​នេះ​របស់​លោក ខូវ ឆាយ ដោយសារ​មាន​អ្នកកាសែត បានចោទសួរ​លោក  ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ ជុំវិញ​ការ​បង្កើត​ឱ្យមានស្តេច​ប្រដាល់​តំណាង​ឱ្យ​ប្រទេស​​នេះ ដើម្បី​ឱ្យ​ដូច​ទៅនឹង​ប្រទេសមួយ​ចំនួន ជាពិសេស​ប្រទេស​ថៃ ​​ដែល​គេ​មាន​ បួខាវ ជាស្តេច​ប្រដាល់ ចំណែក​ហ្វីលីពីន ក៏​មាន Manny Pacquiao ជា​ស្តេច​ប្រដាល់ រីឯ​មីយ៉ាន់ម៉ា ក៏​បានចាត់​ទុក​កីឡាករ ដាវ លីឌុច ជាស្តេច​ប្រដាល់​ផងដែរ។  

ទាក់ទង​ទៅនឹង​ការ​ចោទសួរ​នេះ លោក​ ខូវ ឆាយ ​បាន​ទទួល​ស្គាល់ថា វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ គិត​មក​ដល់ពេលនេះ ពិតជា​មិនទាន់មាន​កីឡាករ ដែលមាន​ងារជាស្តេច​ប្រដាល់​ប្រចាំ​ប្រទេស​មែន ដោយ​លោក​បាន​លើក​ឡើង​ថា ដោយសារ​សមត្ថភាព​ប្រកួត​របស់​កីឡាករ​កម្ពុជា ​មាន​ឡើង​មានចុះ ចំណែក​កីឡាករ​មួយ​ចំនួន ដែល​កំពុងតែ​ល្បី​ល្បាញ ក៏​ទើប​នឹង​ឡើង​មក​​​ផងដែរ។ 


លោក​បាន​បន្ថែម​ថា៖ «បើ​និយាយ​នៅប្រទេស​ថៃ​គេ​មាន បួខាវ ដោយសារ បួខាវ ជាង​១០​ឆ្នាំ​ហើយ ដែល​គាត់បាន​ឈរ​ជើង​នៅ​ក្នុង​វិស័យកីឡា Muaythai ដោយគាត់​បាន​ឈាន​ដល់​កម្រិត​ពិភព​លោក និងបានឈ្នះ​ក្នុង​កម្មវិធីពិភពលោកជា​ច្រើន ទើបគេ​អាច​​ប្រកាស​ថា បួខាវ ជា​ស្តេច​ប្រដាល់​របស់ថៃ ចំណែក​គុនខ្មែរ​របស់​យើង ទើបតែ​មាន​ឈ្មោះ​ល្បី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ អ៊ីចឹង​មក​ដល់​ពេលនេះ យើង​មិនទាន់ហ៊ាន​ថា អ្នកណាជា​ស្តេច​ប្រដាល់​ឡើយ»។



ជាមួយគ្នា​នេះ លោក ខូវ ឆាយ បាន​ធ្វើការ​ព្យាករ​ និង​ដាក់​ក្តីរំពឹង​ថា ២ទៅ​៣​ឆ្នាំ​ទៀត​ វិស័យ​កីឡាប្រដាល់​គុនខ្មែរ នឹង​អាចមាន​កីឡាករ ដែល​អាច​​ក្លាយជា​ស្តេច​ប្រដាល់លេច​រូប​រាង​ឡើង ប៉ុន្តែ​បុរសទើប​ទទួល​បានតួនាទីជា​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​រូប​នេះ បាន​​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ការ​បង្កើត​ឱ្យមានស្តេច​ប្រដាល់​តំណាង​ឱ្យ​កម្ពុជា វាមិនមែនជា​រឿងចាំបាច់​ទេ។​

​លោក ខូវ ឆាយ បានបញ្ជាក់ថា៖ «​ខ្ញុំ​គិត​ថា ការ​បង្កើត​ឱ្យ​មានស្តេច​ប្រដាល់​នេះ​ មិន​មែន​ជា​រឿងសំខាន់​ចាំបាច់​ ដែល​យើង​ត្រូវ​ធ្វើ​ទេ។ យើងចង់​ឱ្យគុនខ្មែរ​យើង មាន​ Idol ច្រើន​ហើយ​​អ្នក​ណាក៏​ជា​អ្នក​ខ្លាំង ដែល​បរទេស​កោត​ខ្លាច គឺ​មិន​មែន​មាន​ស្តេច​ប្រដាល់​ម្នាក់ ឯ​​អ្នក​ផ្សេងៗ​ទៀត សុទ្ធតែ​អត់ខ្លាំង​នោះ​ទេ។ ​​ ផ្ទុយ​ទៅ​វិញបើ​​យើង​មាន​ស្តេច​ប្រដាល់​រហូត​ដល់​២០​នាក់ ហើយ​​២០​នាក់​​ហ្នឹង ទៅដល់​ណា​ក៏​គេ​ខ្លាច អាហ្នឹងទើបយើង​អស្ចារ្យ»។

​គួររំឭក​ថា នៅក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ​នេះ ក្រុម​អ្នកគាំ​ទ្រ​​ បាន​ចាប់​អារម្មណ៍​ខ្លាំង ទៅលើ​ការ​បង្កើត​ឱ្យ​មានស្តេច​ប្រដាល់​​តំណាង​ឱ្យ​កម្ពុជា ដោយ​ពួកគេ បានចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ ព្រំ សំណាង ​ប៉ុន្តែ​បន្ទាប់ពី ព្រំ សំណាង ចាប់​ផ្តើម​ធ្លាក់​គុណភាព ក្រោយ​​ប្រកួត​​ស្មើ​ជាមួយ ដាវ លីឌុច តាម​បែប Mas Fight កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣មក ក៏ត្រូវ​បានអ្នកគាំ​ទ្រ ដក​ទំនុក​ចិត្ត​វិញ ហើយ​ងាក​មកចាប់អារម្មណ៍​លើ ធឿន ធារ៉ា ម្តង តែ​គេនៅ​មិនទាន់​​ដឹង​​ថា ធារ៉ា អាច​រក្សា​កម្រិត​ខ្លាំង​របស់​ខ្លួន បានប៉ុន្មាន​ឆ្នាំ​ទៀត​​ទេ៕