កីឡាករជើងខ្លាំង និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ព្រំ សំណាង បានទម្លាយថា រូបគេហាក់មានអារម្មណ៍ព្រឺរោម នៅពេលមើលឃើញការប្រកួតរបស់អ្នកប្រយុទ្ធមីយ៉ាន់ម៉ា Yar Man ដែលរូបគេត្រូវជួបនៅលើសង្វៀនថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ថោន ក្នុងកម្មវិធី Boostrong Kun Khmer King Of The Ring នាព្រលប់ថ្ងៃសុក្រនេះ ចំណែកកីឡាករលំដាប់ខ្លាំងរបស់កម្ពុជា ៤ នាក់ទៀត ក៏ត្រូវដាក់ឱ្យវ៉ៃបោះអំឆៅ ក្នុងពេលជាមួយគ្នានេះដូចគ្នា។
កីឡាករ ព្រំ សំណាង បាននិយាយដោយមិនលាក់បាំងថា៖ «ខ្ញុំរាងព្រឺៗរោមដែរ ពេលឃើញការប្រកួតរបស់គាត់ (Yar Man) ព្រោះគាត់ជាកីឡាករវ៉ៃបុក និងចេញចូលបានលឿន ហើយខ្ញុំឮថា គាត់ជាកីឡាករស្បែកស្ពាន់ និងតាន់ ចំណែកប្រតិភូខាងប្រទេសមីយ៉ាន់ម៉ា ក៏បានមកមើលការប្រកួតនេះច្រើន»។
សម្រាប់ការជួបគ្នាក្នុងលំដាប់គូឯករវាង ព្រំ សំណាង និងកីឡាករ Yar Man ជាការប្រកួតពាក់ហ្គង់ចេញម្រាម ហើយនេះក៏ជាលើកទី២ដែរដែល ព្រំ សំណាង ប្រកួតពាក់ហ្គង់បែបនេះ។ តែទោះបីជាយ៉ាងណា ព្រំ សំណាង បានតាំងចិត្តប្រកួតខ្លាំង បើទោះបីជារូបគេនៅមានការបារម្ភខ្លះៗ ចំពោះការវិលមកកាន់សង្វៀនថោនជាថ្មី បន្ទាប់ពីបានផ្អាកអស់រយៈពេលចូល១ខែ។
សំណាង បានបញ្ជាក់ថា៖ «ខ្ញុំជឿថា ការប្រកួតនេះ គាត់នឹងវ៉ៃបុក៥ ទឹកពេញ អ៊ីចឹងខ្ញុំរាងបារម្ភដែរ ព្រោះខ្ញុំបានផ្អាកការប្រកួតចូល ១ ខែហើយ ប៉ុន្តែដោយសារខ្ញុំជាទូតសុច្ឆន្ទៈរបស់ Boostrong អ៊ីចឹងខ្ញុំតាំងចិត្តថា នឹងខំប្រឹងវាយបុក ធ្វើឱ្យបានល្អ។ បើទោះបីជាខាងគេជាកីឡាករស្បែកស្ពាន់ និងស្វិតយ៉ាងណាក៏ដោយ គឺលុះត្រាតែគេដាក់ខ្ញុំដេកស្តូកតែម្តង ទើបខ្ញុំឈប់ តែបើមិនដូច្នោះទេ ខ្ញុំនៅតែខំប្រឹងទៅមុខទៀត»។
ជាមួយគ្នានេះកីឡាករលំដាប់ខ្លាំងៗ និងកំពុងមានឈ្មោះបោះសំឡេងរបស់កម្ពុជាចំនួន៤នាក់ទៀត ក៏ត្រូវបានដាក់ឱ្យប្រកួតអំបោះឆៅជាមួយអ្នកប្រយុទ្ធមកពី៤ប្រទេសផ្សេងគ្នា ក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយក្នុងនោះ ពេជ្រ សម្បត្តិ ត្រូវជួបកីឡាករថៃ Makralek Sit Pa Rang ក្នុងទម្ងន់ ៦០ គីឡូក្រាម។
ចំណែកមិត្តរួមក្លិបរបស់គេ ពេជ្រ ប៊ុនសិដ្ឋ ត្រូវប្រកួតជាមួយអ្នកប្រដាល់របស់ហ្វីលីពីន Romed Ja. Tendrid ក្នុងទម្ងន់ ៥៧ គីឡូក្រាម រីឯ ភក្តី គុនខ្មែរ ត្រូវប្រឈមជាមួយអ្នកប្រដាល់រុស្ស៊ី Happy Serg ក្នុងទម្ងន់ ៦៥ គីឡូក្រាម និង ស៊ន រ៉ាគីម ត្រូវតទល់ជាមួយកីឡាករឥណ្ឌូនេស៊ី Arsy Ahmad ក្នុង ទម្ងន់ ៦០ គីឡូក្រាម ហើយកីឡាករចម្រុះជាតិសាសន៍ទាំង ១០ នាក់នេះ ត្រូវបានយកបង្ហាញខ្លួនរួមគ្នា នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ។
ជាមួយការបង្កើតសង្វៀនថ្មី ដែលមានរាងមូល មិនធ្លាប់មាននៅកម្ពុជានេះ លោក Tommy Kim ទីប្រឹក្សារបស់ស្ថានីយទូរទស្សន៍ថោន និងជាតំណាង IPPC ប្រចាំនៅកម្ពុជា បានឱ្យដឹងនៅក្នុងសន្និ សីទកាសែតថា គឺដើម្បីធ្វើឱ្យការប្រកួតគុនខ្មែរ កាន់តែមានភាពសម្បូរបែប និងឈានទៅដល់កម្រិតពិភពលោក។
លោកបាននិយាយថា៖ «ការឌីហ្សាញរេញ (សង្វៀន) មូលនេះ វាបានបង្កប់អត្តន័យច្រើន ព្រោះកន្លងមក យើងមានតែរេញ ៤ ជ្រុងទេ ដែលវ៉ៃតាមច្បាប់គុនខ្មែរ។ បន្ទាប់មកយើងបានឌីហ្សាញចេញជារេញ ៨ ជ្រុង ដែលយកតាមក្បួនយន្ត ៨ ទិសនៃបុព្វបុរសខ្មែរយើងមករៀប ហើយយើងក៏ទទួលបានជោគជ័យ នៅលើរេញរបស់យើង។ ឥឡូវយើងបានចេញរេញមូលមួយទៀត ឬហៅថា រេញកង ចក្រគឺយើង នឹងមានមេកានិចនៃការប្រកួតថ្មី ដោយមានការរួមបញ្ចូលគ្នា»។
លោកបានបន្ថែមថា៖ «យើងត្រូវធ្វើសមាហរណកម្មកីឡាករខ្មែរ និងក្បាច់គុនខ្មែរទៅពិភពលោកឱ្យបានកាន់តែជ្រៅ អ៊ីចឹងរេញមូលនេះ នឹងបម្រើការប្រកួតទៅតាមស្តង់ដារបស់ពិភពលោក គឺយើងនឹងមានការប្រកួតទាំង MMA ឃីកបុកស៊ីង និងគុនខ្មែរ នៅលើរេញនេះតែមួយ។ យើងចង់បង្ហាញថា ប្រទេសខ្មែរ ដើរទាន់សម័យ ហើយក្បាច់គុនខ្មែរ អាចវ៉ៃបានគ្រប់ទម្រង់ទាំងអស់ គឺចង់វ៉ៃរេញ ៤ ជ្រុងក៏បាន ៨ ជ្រុងក៏បាន និងរេញមូលក៏បាន»៕