ភ្នំពេញ៖ កីឡាករជើង​ខ្លាំងរបស់​កម្ពុជា ពេជ្រ សម្បត្តិ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​យ៉ាងច្រើន​លើស​លប់​នៅ​ភូមិ​ទួលដំណាក់​ ឃុំចុងដូង​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ មានការ​ភ្លឺ​ភ្នែក​ជាមួយ​ការជម្នះ​ចូល​វ៉ៃ​លុក​យ៉ាងអំណត់របស់គេ រហូត​ធ្វើ​ឱ្យ​កីឡាករ​ជាម្ចាស់ខ្សែ​​​របស់ថៃ Nueng Dubunlek Tded99 អស់ខ្យល់ និង​ដួល​ផ្ងារ​ជើងសន្លប់​ធំ​តែម្តង ចំណែក​មិត្ត​រួមក្លិប​របស់​គេ ធន់ ផានិត ក៏បាន​យក​ឈ្នះ​ថៃ RatchasakTded99 ផងដែរ។

សម្រាប់ការ​​ប្រកួត​ក្នុងព្រឹត្តិការណ៍ Krud Kun Khmer របស់សង្វៀន​ប្រដាល់​ទទក កាល​ពីយប់​ថ្ងៃសៅរ៍ម្សិលមិញ​នេះ ពេជ្រ សម្បត្តិ បាន​បង្ហាញ​ក្តីកង្វល់ច្រើន ដោយ​ខ្លាច​​កីឡាករ Nueng Dubunlek ប្រកាន់​យក​ការ​វ៉ៃ​តាមបែប​រត់គេច និងថយទាត់កាត់ ដូចពេល​កីឡាករ​ថៃ​ម្នាក់​នេះ យក​ឈ្នះ​លើកីឡាករកម្ពុជា រិន ដេវីត សម្រាប់ការ​ប្រកួតដណ្តើមខ្សែក្រវាត់ នៅ​ប្រទេស​ថៃ កន្លងមកដែរ។

តែទោះបីជា​យ៉ាង​ណា តាម​រយៈការប្រកួត​គ្នា​យ៉ាងស្វិតស្វាញ​ចំនួន​៣ទឹក​ពេញ ពេជ្រ សម្បត្តិ បាន​និយាយសរសើរ​ទៅ​ដល់​កីឡាករ​ជា​ម្ចាស់ខ្សែ​ក្រវាត់ Nueng Dubunlek វិញ​ថា ពិតជា​បាន​ប្តូរ​ឥរិយាបថ​ការ​ប្រកួត ពីការ​ថយវ៉ៃ មក​ជាការវ៉ៃ​ប្តូរយ៉ាងស្វិតស្វាញ រហូត​ដួល​សន្លប់ នៅក្នុង​ទឹកទី​៣។


ពេជ្រ សម្បត្តិ បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា​៖ ​«​ខ្ញុំត្រូវបាន​កីឡាករ Nueng Dubunlek ទាត់​ចូល​ច្រើន​ដែរ និងមានទម្ងន់ធ្ងន់ទៀត ហើយ​គាត់ជាកីឡាករ​ស្វិត និងស៊ូ​ខ្លាំង ដែល​អាច​ចាត់ទុកថា ជា​ដៃគូ​ដ៏​​ស្វិតស្វាញកម្រ​បានជួប​ម្នាក់។ ការ​ជួប​កីឡាករ​​បែបនេះ អាច​នឹង​ជួយ​ឱ្យ​យើង​កាន់តែ​មានសម្ទុះការ​គាំ​ទ្រ​ខ្លាំង ចំណែក​សមត្ថភាព​របស់​យើង ក៏កាន់តែ​រីក​ចម្រើន​ទៅ​មុខ​​ទៀតដែរ»។


តាម​រយៈការ​ប្រកួតជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​៩ ខែមីនា នៅលើ​ទឹកដី​ខេត្តកំពង់ធំ​នោះ កីឡាករ Nueng Dubunlek បាន​រក្សាជំហរ ក្នុងការ​ទាត់ស្កាត់​ទៅ​ លើពេជ្រ សម្បត្តិ ធ្ងន់ៗ ប៉ុន្តែ សម្បត្តិ មិនបាន​អើពើចំពោះ​ទម្ងន់វាយ​នេះទេ ដោយ​រូបគេ បាន​រុលចូល ដើម្បី​វាយកណ្តាប់​ដៃ​ទៅ​លើ​កីឡាករ​ដៃ​ម្នាក់នេះយ៉ាងអំណត់បំផុត។ 

ឈានចូលទឹក​ទី​២ អ្នក​ទាំង​២នេះ ​បាន​វាយប្តូរ​គ្នា​កាន់តែ​ខ្លាំង។ Nueng Dubunlek បាន​ព្យាយាមវ៉ៃតបត​ដោយកណ្តាប់​ដៃ កែង និងបុក​ជង្គង់​ពីការចូល​វាយ​សន្ធប់​​របស់ ពេជ្រ សម្បត្តិ ប៉ុន្តែ​កណ្តាប់ដៃ​វាយ​ស្រោច​ទៅលើ​ផ្ទៃ​មុខ​របស់ សម្បត្តិ បាន​ធ្វើ​ឱ្យម្ចាស់ខ្សែ​ក្រវាត់​របស់ថៃ​ម្នាក់នេះ មានការ​ថមថយ​កម្លាំង​ខ្លាំង ហើយពាក់កណ្តាល​ទឹកទី​៣  Nueng Dubunlek បានគាំង​ក្រោមការ​វាយ​សម្រុក​ដោយកណ្តាប់ដៃ និងការ​បុកកែងរបស់ សម្បត្តិ នាំ​ឱ្យ​លោក​អាជ្ញា​កណ្តាល​ចាប់រាប់ជា​លើកទី​១។

បន្ទាប់ពីការរាប់នេះ ពេជ្រ សម្បត្តិ បានស្ទុះ​ចូល​តាម​ម៉ាត់ផ្ទៃ​មុខ និងពោះ ហើយបន្ថែម​ដោយ​ការ​បុកកែង​ផ្ទួនៗ រហូត​ធ្វើ​ឱ្យ Nueng Dubunlek អស់ខ្យល់​ងើប​មុខ​លែង​រួច និងបាន​​ដួលផ្ងារជើង​​សន្លប់ធំ​ ដោយមាន​ឈាម​ហូរ​ចេញពី​ផ្ទៃ​មុខផងដែរ ហើយសកម្ម​ភាពនេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រទាំង​នៅសង្វៀន​ផ្ទាល់ និង​ទស្សនាតាមការ​ផ្សាយ​ផ្ទាល់ ពិតជា​មាន​ការភ្ញាក់ផ្អើល និង​សរសើរ​ពី​សមត្ថភាព និងទឹក​ចិត្ត​ប្រកួត​ដ៏​អង់​អាច​​របស់ ពេជ្រ សម្បត្តិ ដែល​មានភាព​ធន់ ស្វិត និង​រឹងមាំ​​បំផុត។ 

ជុំវិញ​សកម្មភាព​ចូលវាយសម្រុកទៅលើ​កីឡាករ​ថៃ​យ៉ាងខ្លាំងក្លានេះ ពេជ្រ សម្បត្តិ បាន​បញ្ជាក់ថា៖ «យើងត្រូវតែ​តាមដេញវ៉ៃបែបនេះ ព្រោះនេះជា​ការ​ប្រកួត​​៣​ទឹក ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មានថា គាត់ហ៊ាន​ឈរវ៉ៃ​ប្តូរជាមួយ​ខ្ញុំ​បែប​ហ្នឹងដែរ គឺ​ខុស​ពី​ពេល​​ប្រកួតជាមួយ រិន ដេវីត ដែល​គាត់​បាន​​ថយ​វ៉ៃ និង​ថយ​ទាត់កាត់​ភាគច្រើន។ ​មានន័យ​ថា គាត់បាន​ធ្វើ​ដូចអ្វី​ដែល​គាត់បាន​និយាយ​មុន​ការ​ប្រកួត គឺ​មិន​ថយ ឬ​រត់គេចទៀត​​ទេ»។

ចំណែក​កីឡាករ ធន់ ផានិត ក៏ធ្វើ​បាន​ល្អដែរ​សម្រាប់​ការ​ប្រកួត​ជាមួយ​សិស្ស​រួម​ក្លិប​របស់ Nueng Dubunlek គឺកីឡាករ Ratchasak Tded99 ដោយ​អ្នកទាំង ​២ នេះ បានប្រកួត​គ្នា​ ៥ ​ទឹកពេញ​យ៉ាងស្វិតស្វាញ ប៉ុន្តែ​តាម​រយៈការ​ប្រកួត​គ្នាសរុប ​១៥ នាទីនេះ ផានិត វាយ​ចំគោលដៅ​បានច្រើន​ជាង ជាពិសេស​ការចូលចាប់បុកជង្គង់ និង​ទាត់ជា​ប្រយោល ជាហេតុនាំ​ឱ្យរូបគេ ទទួល​បានជ័យជម្នះ​ដោយពិន្ទុ៕